2023.11.18
ប្រជាពលរដ្ឋមួយចំនួននាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យពន្យារពេលសងបំណុលរយៈពេលមួយឆ្នាំ។ ពួកគាត់ធ្វើយុទ្ធនាការដូច្នេះ ព្រោះអស់លទ្ធភាពក្នុងការសងបំណុល ដោយសារតែវិបត្តិសេដ្ឋកិច្ច។
ប្រជាពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការស្នើឱ្យរដ្ឋាភិបាលជួយជំរុញឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារផ្អាកយកការប្រាក់ពីពួកគាត់រយៈពេលមួយឆ្នាំដើម្បីអាចឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិត។
ពលរដ្ឋទាំងនោះនាំគ្នាបង្ហោះសារជាវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយលើកឡើងថា ពួកគាត់អស់លទ្ធភាពសងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយដូច្នេះសូមរដ្ឋាភិបាលពន្យារពេលសងមួយឆ្នាំ និងអ្នកខ្លះទៀតប្ដូររូបភាពនៅគណនីហ្វេសប៊ុករបស់ខ្លួនដើម្បីចូលរួមជំរុញឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគាត់។
ពលករខ្មែរនៅប្រទេសថៃ លោកស្រី រ៉េន បញ្ញា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ វិច្ឆិកា ថា យុទ្ធនាការស្នើឱ្យរដ្ឋាភិបាលជួយពន្យារពេលសងបំណុលធនាគាររយៈពេលមួយឆ្នាំពិតជាមានសារៈសំខាន់ចំពោះលោកស្រី ពីព្រោះលោកស្រីអស់លទ្ធភាពក្នុងការសងត្រឡប់ទៅធនាគារវិញហើយ។ លោកស្រីបន្តថា ក្នុងមួយខែលោកស្រីបង់ធនាគារចំនួន២៥០ដុល្លារ និងត្រូវរ៉ាប់រងការចំណាយកូនរៀន និងម្ដាយចាស់ជរានៅស្រុកកំណើតទៀតផង។
លោកស្រី រ៉េន បញ្ញា៖ «ប្រសិនបើគាត់ជួយបានពួកខ្ញុំជាពលករនៅទីនេះវាបានធូរស្បើយនៅក្នុងការសន្សំប្រាក់ទុកបង់ទៅថ្ងៃក្រោយផង ដើម្បីព្យាបាលជំងឺម្ដាយនៅឯផ្ទះផងគាត់ជួយបានច្រើនប្រសិនបើរដ្ឋាភិបាលគាត់យកចិត្តទុកដាក់ស្រាយបំណុលធនាគារនេះ ខ្ញុំជឿថា គាត់អាចធ្វើបានអ៊ីចឹងបានជាសំណូមពរឱ្យគាត់ជួយគឺជួយដល់ពលរដ្ឋ»។
ដោយឡែកកម្មករសំណង់រស់នៅខេត្តកំពង់ឆ្នាំង លោក អ៊ំ សុភី គាំទ្រការធ្វើយុទ្ធនាការ ពីព្រោះលោកក៏អស់លទ្ធភាពសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ។ លោកថា បច្ចុប្បន្នការងារជាកម្មករសំណង់ទទួលបានប្រាក់កម្រៃទាប និងពេលខ្លះថៅកែកាត់បន្ថយប្រាក់ឈ្នួល គឺ៤ម៉ឺនរៀល មកនៅសល់ត្រឹមតែ ៣ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។ លោក អ៊ំ សុភី គ្រោងនឹងឱ្យកូនឈប់រៀន និងធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីរកការងារធ្វើជួយដោះស្រាយជីវភាពគ្រួសារ។
លោក អ៊ំ សុភី៖ «ខ្ញុំគិតថាឱ្យពន្យារពេលទៅឱ្យប្រជាពលរដ្ឋបានធូរបន្តិចបានដកដង្ហើមបន្តិច បើមិនអ៊ីចឹងទេ មិនត្រឹមតែគាត់ តែខ្ញុំក៏ខ្ញុំគិតថារាល់ថ្ងៃហ្នឹងលុយសងគេរហូតទី១ វាអត់មានប្រាក់ខែចំណូលចូលអ៊ីចឹងវាពិបាកអ៊ីចឹងហា៎ចង់សុំឱ្យរដ្ឋាភិបាលមេត្តាពន្យារពេលនៃការអនុគ្រោះពន្ធបង់ពន្ធឱ្យគាត់ពន្យារពេលទៅមួយឆ្នាំទៅ យើងមើលឃើញថា ប្រទេសគេក៏ជួយអ៊ីចឹងដែលរដ្ឋាភិបាលក៏គួរតែយកតម្រាបតាមអនុគ្រោះឱ្យប្រជាពលរដ្ឋគេដែលក្រីក្រ»។
ក្រៅពីកម្មករសំណង់ និងពលករផុងខ្លួនក្នុងបំណុលវ័ណ្ឌកហើយនោះ នៅមានកម្មករកាត់ដេរ អាជីវករ និងអតិថិជនបង់រំលស់បុរីជាដើមកំពុងក្លាយជាជនរងគ្រោះដោយសារគ្មានលទ្ធភាពរកប្រាក់បំណុលសងធនាគារ និងបង់រំលោះផ្ទះជាដើម ពីព្រោះតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។ ជាងនេះទៅទៀត ម្ចាស់អចលវត្ថុធំៗ ដូចជាក្រុមហ៊ុនលក់បុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ជាដើម បានប្រកាសថានឹងក្ស័យធន ប្រសិនបើអតិថិជនទាមទារឱ្យលោកទទួលទិញផ្ទះត្រឡប់មកវិញ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាល និងធនាគារជាតិ ទើបតែបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដើម្បីជួយកាត់បន្ថយសម្ពាធដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនក្នុងវិស័យមួយចំនួនរួមទាំងវិស័យអចលនទ្រព្យជាដើម។ ដូច្នេះលោក អំពាវនាវឱ្យប្រតិបត្តិករវិស័យទាំងនេះ ជួយសម្រួលការលំបាករបស់អតិថិជនដែលកំពុងរងគ្រោះក្នុងវិបត្តិសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះ បើពុំនោះទេ ទាំងក្រុមហ៊ុន និងរដ្ឋាភិបាល នឹងជួបបញ្ហាធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះនាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី យល់ឃើញថា រដ្ឋាភិបាលគួរតែជជែកពិភាក្សាជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ លោកបន្តថា រដ្ឋាភិបាលត្រូវធានាថា ការពន្យារពេលសងត្រឡប់របស់ពលរដ្ឋគឺមិនមែនគិតការប្រាក់បន្ថែមលើប្រាក់ជំពាក់នៅពេលពួកគាត់មិនបានបង់នោះទេ។
លោក អៀង វុទ្ធី៖ «ប៉ុន្តែអ្វីដែលយើងចង់ឃើញទី១គឺបញ្ឈប់នូវការគំរាមកំហែងពីសំណាក់មីក្រូហិរញ្ញវត្ថុហ្នឹងឱ្យពលរដ្ឋលក់ដីលក់ផ្ទះគ្រប់ទម្រង់នៃការរំលោភបំពាន ឬក៏បំភិតបំភ័យហើយអ្វីដែលយើងចង់ឃើញគឺឱ្យមានការផ្ដល់ជាការអនុគ្រោះបង់ ឬក៏ការពន្យារពេលសងត្រឡប់ទៅវិញនៅក្នុងទំហំមួយដែលពលរដ្ឋអាចធ្វើបានអានេះវាទាមទារឱ្យមានដាក់ចេញនូវគោលនយោបាយជាក់លាក់»។
កាលពីខែសីហា កន្លងទៅ អង្គការលីកាដូ (Licadho) និងអង្គការសមធម៌កម្ពុជាចេញរបាយការណ៍សិក្សារួមគ្នាមួយរកឃើញថា ពលរដ្ឋរាប់ម៉ឺនគ្រួសារនៅខេត្តកំពង់ស្ពឺរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយបំណុល ក្នុងនោះរួមមានការលក់ដីទាំងបង្ខំ ការកាត់បន្ថយម្ហូបអាហារ និងកុមាររាប់ពាន់នាក់បានបោះបង់ការសិក្សា ។ របាយការណ៍ដដែលបញ្ជាក់ថា ពលរដ្ឋលើសពី៨០ភាគរយ ជំពាក់បំណុលធនាគារយ៉ាងតិច ១ស្ថាប័ន ក្នុងនោះមានពលរដ្ឋ២ ភាគ៣ អះអាងថា ពួកគេជាប់បំណុល ធ្ងន់ធ្ងរលើសពីលទ្ធភាពនៃការសងត្រឡប់។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហាបំណុលនេះនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលយឺតយ៉ាវក្នុងការដោះស្រាយ៕
No comments:
Post a Comment