Saturday, 25 November 2023

សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​បក្ស​កាន់អំណាច​ដើរ​អូសទាញ​សកម្មជន​ផ្សេងទៀត


ដោយ ទីន ហ្សាការីយ៉ា
2023.11.24
sharethis sharing button
សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​បក្ស​កាន់អំណាច​ដើរ​អូសទាញ​សកម្មជន​ផ្សេងទៀត  
អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ចូលជួបអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្រោយពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
រូប៖ ហ្វេសប៊ុកលោក ម៉ៃ ហុងស្រៀង

សកម្មជន​បក្ស​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើរ​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម។

អ្នកវិភាគ​នយោបាយ និង​សកម្មជន​បក្ស​ប្រឆាំង​លើកឡើង​ថា កា​រដើរ​អូសទាញ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច ទំនងជា​ការងារ​ស្នួល​របស់​ក្រុម​អ្នក​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ត្រូវតែ​ធ្វើ​ក្រោយ​ពេល​អ្នក​ទាំងនោះ​លក់​ឧត្តមគតិ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អនុប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ គណបក្ស​ភ្លើងទៀន កញ្ញា គាត កញ្ញា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​២៣ វិច្ឆិកា​ថា សកម្មជន​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច តែងតែ​ទាក់ទង និង​បញ្ចុះបញ្ចូល កញ្ញា​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ កញ្ញា​បន្ត​ថា អ្នក​ទាំងនោះ​តែងតែ​លើកឡើង​ថា ឃើញ​តស៊ូ​ជាមួយ​គណបក្ស​ប្រឆាំង​អស់​លុយ​ខ្លួនឯង តែ​មិនបាន​ទទួល​បាន​ប្រយោជន៍​។ លោក​យល់​ថា ប្រឹង​អូសទាញ​កញ្ញា គឺជា​ការ​បំពេញ​ភារកិច្ច របស់​អ្នក​ចុះចូល​ដើម្បី​ជា​ការ​បង្ហាញ​ស្នាដៃ ដែល​បាន​អូសទាញ​សកម្មជន​គណបក្សប្រឆាំង​។ លោក​ឱ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​កញ្ញា បាន​ភៀសខ្លួន​មកដល់​ប្រទេស​ថៃ​ក្ដី ក៏​ក្រុម​អ្នក​ចុះចូល​ជាមួយ

កញ្ញា គាត កញ្ញា៖ «និយាយ​ដូច​សរសើរ​ថា យើង​ធ្វើការ​អត់​មានបាន​អី​សោះ​អ៊ីចឹង​អស់​តែ​ថវិកា ខ្លួនឯង​អ៊ីចឹង​ណា​មានតែ​គេ​និយាយ​របៀប​ចង់​បញ្ចុះបញ្ចូល​យើង​លក្ខណៈ​អ៊ីចឹង​ណា តែ​ខ្ញុំ​ព្យាយាម​អត់​ជួប​អ្នកណា​ទាំងអស់​និយាយ​ទៅ​ខ្ញុំ​គេច​ហ្មង ខ្ញុំ​ដឹង»

 

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ហង្ស ស៊ីសុវត្ថិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ទំ ប៊ុនថន ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន បាន​ទាក់ទង​តាម​មក​បណ្ដាញ​ហ្វេសប៊ុក ទៅ​នៅ​ផ្ទះ​ថ្មី ល្អ​ជាង ហើយ​អាច​ទៅ​រស់នៅ​សុខ​សប្បាយ​នៅ​ប្រទេស​កម្ពុជា​វិញ មិន​ចាំបាច់​រស់នៅ​ពិបាក​វេទនា​នៅ​ប្រទេស​ថៃ​ទៀត​។ ទោះ​យ៉ាងណា លោក​បាន​ប្រាប់​ទៅ​អ្នក​ដែល​អូសទាញ​លោក​ថា លោក​មិន​លក់​ឧត្តមគតិ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក ហង្ស ស៊ីសុវត្ថិ៖ «យើង​ទៅ​មាន​លាភសក្ការៈ​អ៊ីចឹង មិន​អត់​ទេ ប៉ុន្តែ យើង​មិន​ទៅ​។ គេ​ហៅ​ទៅ​គេ​បាន​ចំនួន​ប្រជាប្រិយ​ខ្លួន​គេ​ដើម្បី​គេ​យក​ទៅ​អួត​មេ​គេ​ហ្នឹង​ថា គេ​ហ្នឹង​បាន​ប្រមូល​ពួក​ខាង​គណបក្ស​ប្រឆាំង​បាន​ច្រើន​អ៊ីចឹង​ទៅ គេ​បាន​តំណែង​បាន​តួនាទី»

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្បាម​ចាប់​យក​សកម្មជន​គណបក្សប្រឆាំង​ឱ្យមក​ចុះចូល​ជាមួយ​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​អ្នក​ខ្លះ​ថវិកា និង​តួនាទី​នៅ​តាម​ស្ថាប័ន​របស់​ជាតិ។ ដោយឡែក​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ណា ដែល​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច បន្ត​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ឬក៏​ត្រូវ​បង្ខំចិត្ត​រត់ចោលស្រុក ភៀសខ្លួន​រស់នៅ​ក្រៅប្រទេស។

ទាក់ទង​ករណី​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ សុំ​មិន​បកស្រាយ​ទេ ដោយ​លោក​ចាត់ទុក​ការ​លើកឡើង​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

លោក ឈឹម ផលវរុណ៖ «យើង​មិនអាច​ដឹង​ថា គេ​យ៉ាងម៉េច ក៏ប៉ុន្តែ ជា​ពាក្យ​ចចាមអារ៉ាម ព្រោះ​ការ​លើកឡើង​របស់​វិទ្យុ​អាស៊ីសេរី គាត់​សំអាង​ទៅ​លើ​អ្នកនេះ​ថា អ្នក​នោះ​ថា»

ទោះ​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា នេះ​ជា​យុទ្ធសាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើ​អ្នក​ចុះចូល​ឱ្យទៅ​អូសទាញ​សកម្មជន​ផ្សេងទៀត​។ លោក​បន្ត​ទៀត​ថា ការ​ប្រឹងប្រែង​អូសទាញ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ធ្វើ​សកម្មភាព ដើម្បី​កាត់​បន្ថយ​សកម្មភាព​របស់​គណបក្សប្រឆាំង។

លោក គឹម សុខ៖ «ពីព្រោះ​សកម្មភាព​តវ៉ា​តស៊ូ​សកម្ម​ដើម្បី​ប្រជាធិបតេយ្យ​គឺជា​សត្រូវ​នៃ​អំណាច។ យុទ្ធសាស្ត្រ​ហ្នឹង​មិន​ជោគជ័យ​ទេ គ្រាន់តែ​ថា បន្ធូរបន្ថយ​ស្ថានការណ៍​តឹងតែង​របស់​ពួកគេ ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​ហ្នឹង​បាន​ខ្លះ​ដែរ»

ចាប់តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា ផាត់​មិន​ឱ្យ​គណបក្ស ចូលរួម​ការបោះឆ្នោត​នៅ​កម្ពុជា​ជាង​១០​ឆ្នាំ​មក​នេះ គណបក្ស​កាន់អំណាច​តែង​ប្រើ​ល្បិច​ស្ទើរ​គ្រប់​រូបភាព ដូចជា ការ​លួងលោម ការទិញ​ទឹកចិត្ត ការ​គំរាមកំហែង ការ​ចាប់ខ្លួន ដើម្បី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​មក​ចូលរួម​ជាមួយ​ខ្លួន។ ករណី​ខ្លះ​ប្រសិនបើ​សកម្មជន​ប្រឆាំង​យល់ព្រម​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច បើ​ទោះ​ជា​ពួកគេ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក្ដី​ឱ្យ​តែ​អ្នក​ទាំងនោះ​ធ្វើ​លិខិត​បង្ហោះ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អាច​មាន​សេរីភាព​ឡើងវិញ ឬក៏​ទទួល​បាន​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ​ក្រោយ​ចេញពី​ពន្ធនាគារ​ក៏​មាន៕

No comments: