Friday, 1 December 2023

សហគមន៍​ព្រៃឈើ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​គ្មាន​ឆន្ទៈ​ការពារ​ព្រៃ​ព្រះរការ​ដូច​ការសន្យា


ដោយ ទីន ហ្សាការីយ៉ា
2023.11.30

សហគមន៍​ព្រៃឈើ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​គ្មាន​ឆន្ទៈ​ការពារ​ព្រៃ​ព្រះរការ​ដូច​ការសន្យា 

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា ក្នុង​ឃុំ​ពោធិ ស្រុក​ត្បែងមានន័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៩។
រូប៖ សហគមន៍



បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ នៅតែ​កើត​មាន​ដែល​ប្រជា​សហគមន៍​អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​មិន​បាន​អនុវត្ត តាម​ការ​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​បទល្មើស​ដូចដែល​គណបក្ស​កាន់អំណាច​តែងតែ​សន្យា​នៅ​មុន​ពេល​បោះឆ្នោត​ឡើយ។

ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរកា រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ សង្កេត​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា​នៅតែ​កើតមាន​ច្រើន​ដដែល ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក ហែត ណៃ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៩ វិច្ឆិកា​ថា ក្រុម​ជនល្មើស​នៅតែ​មានឱកាស​កាប់​បំផ្លាញ​ព្រៃឈើ ស្ទើរ​គ្រប់​តំបន់​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ហើយ​ប្រើប្រាស់​គោយន្ត​ដឹកជញ្ជូន​ចេញ​ក្រៅ តាមផ្លូវ​ច្រក​មួយចំនួន ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប។



លោក​ថា រដ្ឋាភិបាល​នៅតែ​គ្មាន​ចំណាត់ការ​តឹងរ៉ឹង ចំពោះ​ជនល្មើស ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ទេ ក៏ប៉ុន្តែ​បែរជា​បន្ត​រឹត​បន្តឹង ជាមួយ​ប្រជា​សហគមន៍​តម្រូវ​ឱ្យ​សុំច្បាប់​អនុញ្ញាត​ជាមុន​សិន ទើប​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃ។

    លោក ហែត ណៃ៖ «សូម​សំណូមពរ​ឱ្យ​រដ្ឋាភិបាល កុំ​តាមដាន និង​គាបសង្កត់​ផ្លូវចិត្ត​សហគមន៍ សូម​បើក​សិទ្ធិ​សេរីភាព ហើយ​លោក​ជួយ​បន្តឹង​ការងារ​ព្រៃឈើ​ឱ្យ​រឹងមាំ កុំឱ្យ​ធូររលុង​។ សូម​លោក​ជួយ មើល​អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ យក​លុយ​យក​កាក់​បទល្មើស សូម​ឱ្យ​លោក កុំ​ធ្វើ​អ៊ីចឹង​។ សូម​ឱ្យ​លោក កុំ​ធ្វើ​អ៊ីចឹង សូម​ឱ្យ​រដ្ឋាភិបាល​ការពារ​ព្រៃឈើ សម្រាប់​កូនចៅ»។

កាលពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែវិច្ឆិកា ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា រស់នៅ​ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជា​ក្សាន្ត​ជាង ២០​នាក់ បាន​លប​ឆ្មក់​ចុះ​ល្បាត​ព្រៃ​រួមគ្នា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ព្រៃឈើ និង​បទល្មើស​ព្រៃឈើ ក្នុង​ដែន​អភិរក្ស​នេះ ក្នុង​ពេល​រដ្ឋាភិបាល​កំ​ពុង​មមាញឹក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ។

អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ផ្តាច់​ទូរស័ព្ទ នៅពេល​វិទ្យុ​អាស៊ីសេរី​ហៅ​ទូរស័ព្ទ​ចូល នៅ​ថ្ងៃទី២៩ វិច្ឆិកា។ រីឯ​ប្រធាន​ដែនជម្រកសត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៉ុណ្ណារ៍ សង្កេត​ឃើញ​ថា អំពើពុករលួយ គឺជា​មូលហេតុ​ដែល​ក្រុម​ជនល្មើស​មិន​ខ្លាច​ច្បាប់ និង​មិន​ខ្លាច​សមត្ថកិច្ច ហើយ​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែលៗ ស្ទើរ​ក្លាយជា​ទម្លាប់ បង្កើត​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស។

    លោក គីម រិទ្ធី៖ «ប្តេជ្ញា​យ៉ាងម៉េច​ក៏ដោយ វា​មានន័យ​តែ​ខាងលើ​ទេ ខាងក្រោម​គ្រប់​ប្រព័ន្ធ​ទៅ​ហើយ ត្រូវតែ​ផ្លាស់ប្ដូរ​មន្ត្រី និង​ធ្វើការ​ផ្ដន្ទាទោស ព្រោះ​បទល្មើស​កើតឡើង ដោយសារ​អំពើពុករលួយ​ដែរ»។

ប្រជា​សហគមន៍​បន្ថែម​ថា ចាប់តាំងពី​ឆ្នាំ ២០២១ មក​ទល់​ពេល​នេះ ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ប្រភព​សេដ្ឋកិច្ច​អ្នកភូមិ ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ជាច្រើន​ម៉ឺន​ដើម ត្រូវ​គេ​បំផ្លាញ ធ្វើ​អាជីវកម្ម​។ រីឯ​ការទិញ​លក់​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ដោយមាន​ការព្រមព្រៀង​គ្នា រវាង​អ្នក​អាស្រ័យ​ផល និង​ក្រុម​ជនល្មើស នៅតែ​បន្ត​កើតមាន​ច្រើន បើ​ទោះបី​ជា​ទង្វើ​នេះ ខុសច្បាប់​យ៉ាង​ណា​ក្តី។

ដែនជម្រកសត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួងបរិស្ថាន​ដាក់បញ្ចូល​ជា​ព្រៃ​អភិរក្ស​កាលពី​ឆ្នាំ ២០១៦ មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ (៩៦.០០០)​នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខេត្តព្រះវិហារ៕

1 comment:

Anonymous said...

Cambodia's under Ah Hun family, everything will be destroyed.