2023.12.01
![ក្មេងៗនៅខេត្តស្វាយរៀងបោះបង់ការសិក្សាកាន់តែច្រើនដោយសារគ្រួសារជំពាក់បំណុលធនាគារ ក្មេងៗនៅខេត្តស្វាយរៀងបោះបង់ការសិក្សាកាន់តែច្រើនដោយសារគ្រួសារជំពាក់បំណុលធនាគារ](https://www.rfa.org/khmer/news/social-economy/school-dropouts-on-the-rise-due-to-family-debt-12012023001823.html/@@images/fd219f38-ebe9-4148-9667-0bc6bab8109a.jpeg)
ក្មេងៗនៅក្នុងសហគមន៍ដីធ្លី ខេត្តស្វាយរៀងប្រមាណ៨០ភាគរយបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ ដើម្បីជួយរកលុយដោះបំណុលនិងផ្គត់ផ្គង់ជីវភាពគ្រួសារ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកបញ្ហានេះថា ជារឿងគ្រោះថ្នាក់ដល់សង្គមជាតិនៅថ្ងៃអនាគត ប្រសិនបើរដ្ឋាភិបាលមិនមានដំណោះស្រាយដល់ពលរដ្ឋដែលជំពាក់បំណុលធនាគារទេនោះ។
សហគមន៍សាមគ្គីរមាសហែក ស្ថិតនៅឃុំអំពិល និងឃុំគរគី ស្រុករមាសហែក ខេត្តស្វាយរៀង ព្រួយបារម្ភពីអនាគតកុមារនៅក្នុងសហគមន៍ ដែលបាននាំគ្នាឈប់រៀនជាបន្តបន្ទាប់ ដើម្បីធ្វើការរកប្រាក់ជួយគ្រួសារ ដែលកំពុងជំពាក់បំណុលធនាគារ ។ សហគមន៍ថា មានសិស្សសាលាប្រមាណ៨០ភាគរយ បានបង្ខំចិត្តបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ ព្រោះគ្រួសាររបស់ពួកគេ ជំពាក់បំណុលកាន់តែច្រើន ខណៈជីវភាពគ្រួសារក៏កំពុងជួបទុកលំបាកខ្លាំង។
តំណាងសហគមន៍សាមគ្គីរមាសហែក លោកស្រី ខៀវ សារុន ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៤រយគ្រួសារ ក្នុងនោះ៩៥ភាគរយហើយដែលជាប់ជំពាក់បំណុលធនាគារ និងឯកជន។ លោកស្រីថា កត្តាទាំងនេះបានរុញច្រានឲ្យក្មេងៗនៅក្នុងសហគមន៍នាំគ្នាឈប់រៀន ដើម្បីស្វែងរកការងារធ្វើជួយដោះបំណុលក្នុងគ្រួសារ។
លោកស្រី ខៀវ សារុន៖ «ប្រហែលជាខ្ទង់៧០ទៅ៨០ភាគរយហើយ ជាទូទៅក្មេងរៀនចប់តែត្រឹមថ្នាក់ទី៩ទេ អត់អាចបន្តទៅទៀតបាន ភាគច្រើនក៏គាត់បោះបង់ចោលនៅពេលហ្នឹងហ្មង ការបោះបង់នៅតែមាន និយាយទៅឱ្យតែកូនធំ ខ្លះគ្រួសារគាត់ដែលគាត់ខ្សោយ ហើយជំពាក់បំណុលនៅពេលដែលកូនធំនិយាយទៅឱ្យតែកូនធំគាត់អត់គិតពីអាយុកូនប៉ុណ្ណាៗ អាយុប៉ុណ្ណាទេ»។
លោកស្រី ខៀវ សារុន បានឲ្យដឹងថា ប្រជាសហគមន៍ជំពាក់បំណុលធនាគារ ចាប់ពី២ពាន់ទៅ២ម៉ឺនដុល្លារ ក្នុងនោះពលរដ្ឋខ្លះខ្ចីយកមកធ្វើកសិកម្ម ព្យាបាលជំងឺ បង្កើតមុខរបរ និងមួយចំនួនទៀតយកទៅសាងសង់ផ្ទះ។ ក្នុងស្ថានភាពបាត់បង់ប្រាក់ចំណូល និងរងសម្ពាធពីធនាគារនេះ ប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួន បានធ្លាក់ខ្លួនទៅខ្ចីបំណុលឯកជនដែលមានការប្រាក់ខ្ពស់ដើម្បីយកទៅសងធនាគារ ធ្វើឱ្យពួកគេធ្លាក់ខ្លួនកាន់តែជ្រៅក្នុងវិបត្តិបំណុល។
សមាជិកសហគមន៍សាមគ្គីរមាសហែក លោកស្រី យឹម សារ៉ាន ឱ្យដឹងថា កូនរបស់លោកស្រីចំនួន២នាក់ ត្រូវបង្ខំចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៩ ដោយសារលោកស្រីមិនអាចរកប្រាក់បានគ្រប់គ្រាន់ផ្គត់ផ្គង់ឱ្យកូនរៀនបន្ត និងមួយវិញទៀត ពួកគាត់ចង់ជួយរកប្រាក់ដើម្បីដោះស្រាយបំណុលកំពុងមាននៅក្នុងគ្រួសារសព្វថ្ងៃ។ លោកស្រីបន្ថែមថា បច្ចុប្បន្នកូនរបស់លោកស្រីទាំង២នាក់កំពុងធ្វើការងាររោងចក្រមួយកន្លែង នៅក្រុងបាវិត។
លោកស្រី យឹម សារ៉ាន៖ «ជួបច្រើន ដល់អត់មានទាំងដីអត់មានទាំងអ្វី ជំពាក់គេក៏ជំពាក់កូនរៀនអត់មានចប់ទេ ឈប់អស់ដំឡើងអាយុទៅធ្វើការរោងចក្រអស់ហើយ យើងខ្វះខាតច្រើនយើងអត់លុយឱ្យកូនរៀនយើងគ្មានលទ្ធភាពឱ្យវារៀន ហើយអ៊ីចឹងមានតែឱ្យវាឈប់ដំឡើងអាយុ កូនរកលុយមកជួយដោះ[សងបំណុល] នៅពេលដែលយើងជំពាក់គេច្រើនដែរ»។
ទាក់ទិននឹងបញ្ហាបំណុលធនាគារនេះដែរ ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ និងសកម្មជនគណបក្សប្រឆាំង ធ្លាប់បានប្រមូលផ្តុំគ្នាសម្ដែងមតិ និងបង្ហោះសារនៅលើបណ្ដាញសង្គម ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យជួយពន្យារពេលសងប្រាក់ត្រឡប់វិញ រយៈពេល១ឆ្នាំ ដោយសារពលរដ្ឋមិនអាចរកប្រាក់បានគ្រប់គ្រាន់សងធនាគារ។
សហគមន៍សាមគ្គីរមាសហែក បានធ្លាក់ខ្លួនជំពាក់បំណុលធនាគារកាន់តែច្រើនឡើង ទើបធ្វើឲ្យពួកគេនាំគ្នាកាត់បន្ថយម្ហូបអាហារប្រចាំថ្ងៃ ព្រោះពួកគេសន្សំប្រាក់ទាំងនោះទុកសងទៅសងធនាគារវិញ បើទោះបីពួកគេប្រឈមមុខនឹងមានជំងឺយ៉ាងណាក្ដី។
ទាក់ទងនឹងក្មេងបោះបង់ការសិក្សាវិញ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា និងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣០ វិច្ឆិកា។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា បញ្ហាសិស្សបោះបង់ការសិក្សានេះ មិនមែនមានតែសហគមន៍សាមគ្គីរមាសហែកនេះនោះទេ ពោលគឺកំពុងកើតមានច្រើននៅទូទាំងប្រទេស។ លោកស្រីបន្ថែមថា បញ្ហាចម្បងគឺបំណុលនៅក្នុងគ្រួសារមានការកើនឡើងធ្វើឲ្យសិស្សានុសិស្សបង្ខំចិត្តឈប់រៀន និងធ្វើឲ្យសង្គមជួបបញ្ហាប្រព័ន្ធអប់រំ នឹងមិនអាចឲ្យសង្គមមួយនេះរីកចម្រើនបានឡើយ បើទោះបីរដ្ឋាភិបាលមានគោលនយោបាយយ៉ាងណាក្ដី ប្រសិនបើមិនដោះស្រាយវិបត្តិសេដ្ឋកិច្ចឲ្យល្អប្រសើរនោះ។
លោកស្រី អ៊ុក ឆាយ៉ាវី៖ «ជាធម្មតាប្រទេសមួយដែលមានការអប់រំរីកចម្រើនអ្នកចេះដឹងឡើងខ្ពស់ប្រទេសហ្នឹងគឺប្រទេសដែលអភិវឌ្ឍហើយ ប្រទេសជឿនលឿនហើយ ប៉ុន្តែប្រទេសមួយដែលមានអត្រាបោះបង់ការសិក្សាអ្នកចេះដឹងអត់មានបានន័យថា គឺជាប្រទេសមួយដែលធ្លាក់ចុះយ៉ាងគំហុក»។
មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលមិនរកដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋឲ្យបានឆាប់នោះទេ សិស្សសាលាជាច្រើនទៀត នឹងបន្តបោះបង់ការសិក្សាដើម្បីជួយរកប្រាក់សងបំណុលធនាគារនៅក្នុងគ្រួសារ។
ប្រជាសហគមន៍ដីធ្លីសាមគ្គីរមាសហែក មានចំនួន២ឃុំ គឺឃុំអំពិល និងឃុំគគីរ ស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មានពលរដ្ឋចំនួន៤៤០គ្រួសារ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អិន ខេ វី (NKV) ចាប់តាំងពីឆ្នាំ២០១០ ប៉ុន្តែ រហូតមកដល់ពេលនេះទំនាស់ដីធ្លីនៅមិនទាន់ មានដំណោះស្រាយនៅឡើយ៕
1 comment:
Is this guy really named Men Vibol or Nguyen Van Kouk ?
Post a Comment