Khmer Circle:
Lets plant the seeds of genocide first [Pol Pot] so that we could walk in later and harvest the trees or anything else of value to us...
^^^
2023.12.16

សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃអភិរក្ស និងព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់ អស់ជាច្រើនរាប់ពាន់ហិកតារឋិតក្នុងខេត្តមណ្ឌលគិរី និងខេត្តផ្សេងទៀតបានក្លាយបញ្ហារ៉ាំរ៉ៃមិនទាន់ទាន់ដោះស្រាយនៅឡើយទេ។
ក្រុមយុវជន និងសហគមន៍ជនជាតិដើមភាគតិចសង្ឃឹមថា ឆ្នាំថ្មី ២០២៤ នេះរដ្ឋាភិបាលអាណត្តិថ្មី នឹងដោះស្រាយវិបត្តិសង្គមទាំងនេះឱ្យជ្រះស្រឡះ។
ក្រុមយុវជន និងសហគមន៍ជនជាតិដើមភាគតិចអះអាងថា ប្រសិនបើរដ្ឋាភិបាលអាណត្តិថ្មី នៅតែមិនអើពើ ដោះស្រាយបញ្ហានេះឱ្យទាន់ពេលទេ ទ្រព្យសាធារណៈរបស់រដ្ឋ ភ្នំអារក្ស និងព្រៃស្រោង បន្សល់ចុងក្រោយ នឹងបន្តបាត់បង់កាន់តែធ្ងន់ធ្ងរ។
យុវតីរស់នៅរាជធានីភ្នំពេញ កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយបញ្ហានេះ គឺមិនពិបាកទេ ត្រូវលុបបំបាត់អំពើពុករលួយ និងអនុវត្តច្បាប់ឱ្យមានតម្លាភាព។
កញ្ញាបន្ថែមថា រដ្ឋាភិបាលត្រូវលើកទឹកចិត្តឱ្យក្រុមយុវជន និងពលរដ្ឋចូលរួមផ្តល់ព័ត៌មាន ពីបទល្មើសធនធានធម្មជាតិ ឱ្យបានទូលំទូលាយ ទើបការដោះស្រាយបញ្ហានេះមានប្រសិទ្ធភាព។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «ការទន្ទ្រានដីព្រៃខុសច្បាប់ និងកាត់ឱ្យឧកញ៉ាមួយចំនួន ខ្ញុំចង់ឱ្យរដ្ឋាភិបាលគិតកន្លែងហ្នឹង។ នៅពេលផ្តល់កម្មសិទ្ធិឯកជនដល់ឧកញ៉ា និងអ្នកធំផ្សេង បាត់បង់ធនធានធម្មជាតិ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលគិតគូរបើបញ្ឈប់ យើងចង់ឱ្យអត់មានរឿងហ្នឹងកើតឡើង»។
របាយការណ៍ស្រាវជ្រាវរបស់ជនជាតិដើមភាគតិចព្នងរកឃើញថា ដីព្រៃសាធារណៈរបស់រដ្ឋទំហំចន្លោះ ពី ១ពាន់ហិកតារ ឡើងទៅត្រូវបានកាប់បំផ្លាញក្លាយជាវាលឋិតនៅចំណុចស្រែឈូក ក្នុងស្រុកកែវសីមា តំបន់វារយោង ក្នុងស្រុកពេជ្រាដា និងចំណុចឃុំរយ៉ ស្រុកកោះញែក។
រីឯដីព្រៃអភិរក្សឋិតក្នុងភូមិពុលុ ឃុំប៊ូស្រា យ៉ាងហោចណាស់ជាង ២ពាន់ហិកតារបានក្លាយជាវាលរហោឋាន ដែរ។ ចំណែកដីព្រៃស្រោង និងពាក់កណ្តាលស្រោង ឋិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា និងដីព្រៃជាច្រើនហិកតារទៀត ឋិតក្នុងតំបន់ភ្នំរ៉ាដាង ត្រូវគេហ៊ុមព័ទ្ធ និងឈូសឆាយព្រៃ ជាទ្រព្យបុគ្គល។
ការទន្ទ្រានព្រៃទ្រង់ទ្រាយធំនៅរយៈពេលជាង ៦ ឆ្នាំកន្លងទៅនេះ បង្កប៉ះពាល់ព្រៃអាស្រ័យផលរបស់ជនជាតិដើមភាគតិច ជម្រកសត្វព្រៃ និងកន្លែងគោរពជំនឿប្រពៃណីរបស់ពួកគាត់។
ប្រជាសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ប៊ូរ៉េត កាំពី សង្កេតឃើញថា ព្រៃស្រោង និងព្រៃដែលជនជាតិដើមភាគតិចអាស្រ័យផល ស្ទើរគ្រប់តំបន់ត្រូវក្រុមអ្នកមានលុយមានអំណាច និងមន្ត្រីខិលខូច ធ្វើរបងហ៊ុមព័ទ្ធ និងឈូសឆាយឱ្យក្លាយជាវាលរហោឋាន បង្កើតឱ្យមានជម្លោះដីធ្លីជាមួយជនជាតិដើមភាគតិច។
លោកថា នៅពេលដែលព្រៃស្រោងត្រូវហ៊ុមព័ទ្ធ គេហាមពលរដ្ឋមិនឱ្យចេញចូល ហើយក្រោយមកគេឃុបឃិតធ្វើប្លង់រឹង ឬប្លង់កម្មសិទ្ធិ។
លោក ប៊ូរ៉េត កាំពី៖ «មន្ត្រីទាំងអស់ហ្នឹង ធ្វើជាគំរូសម្រាប់ពលរដ្ឋស្លូតត្រង់ គួរតែបញ្ឈប់រំលោភយកដីរដ្ឋ និងហ៊ុមព័ទ្ធយកដីរដ្ឋ។ ខ្ញុំឃើញឧកញ៉ាមួយចំនួន ព្រៃឈើក្រាស់ខ្ជឹបហ៊ុមព័ទ្ធយករាប់រយហិកតារ»។
លោក ប៊ូ រ៉េតកាំពី លោកស្នើឱ្យរដ្ឋាភិបាលពិនិត្យរឿងនេះ និងដកហូតដីព្រៃ ដែលមន្ត្រីខិលខូចទន្ទ្រានខុសច្បាប់ មកជាសម្បត្តិរដ្ឋវិញ។
លោក ប៊ូរ៉េត កាំពី៖ «ផ្លូវទៅឃុំប៊ូស្រា ឃើញគេដាក់ខ្សែលួស យើងមើលពីក្រៅទៅអាក្រក់មើលមែនទែន តំបន់ព្រៃឈើ ជាទ្រព្យរបស់រដ្ឋ អ្នកធំធ្វើបានតាមចិត្ត។ ស្នើសុំរដ្ឋាភិបាលថ្មី គួរអនុវត្តច្បាប់តឹងរ៉ឹង កុំឱ្យរំលោភយកដី រដ្ឋម្នាក់ៗ រាប់រយ និងរាប់ពាន់ហិកតារ។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ បាននៅឡើយទេ នៅថ្ងៃទី ១៥ ធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
រីឯអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏មិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ការពារធនធានធម្មជាតិ និងដីសាធារណៈរបស់រដ្ឋ ប្រសិនបើមន្ត្រីធំៗណាក្តី ឱ្យតែប្រព្រឹត្តល្មើសច្បាប់ នឹងត្រូវអនុវត្តច្បាប់។
លោកថា កន្លងទៅ មន្ត្រីធំៗមួយចំនួន ដែលរំលោភយកដីព្រៃខុសច្បាប់ ត្រូវដកពីដំណែង និងចាប់ដាក់គុក។
លោក សុខ ឥសាន៖ «មិនមែនពលរដ្ឋសាមញ្ញទេ ដែលមានវិធានការហ្នឹង។ ពលរដ្ឋក៏យើងទប់ស្កាត់ ហើយមន្ត្រីរាជការ ក៏យើងទប់ស្កាត់។ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ យកដីព្រៃហ្នឹង ដកពីតំណែង និងចាប់ដាក់គុកទៀត។ ប្អូនមើលសេចក្តីហ្នឹងទៅ មិនមែនរដ្ឋាភិបាលលោក ព្រងើយកន្តើយទេ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី សង្កេតឃើញថា អំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុង គឺជាមូលហេតុធ្វើឱ្យការទន្ទ្រានព្រៃនៅតែបន្តកើតមានដដែល គ្មានច្រកចេញ។
លោកថា ជនជាតិដើមភាគតិចមានទម្លាប់រស់នៅតំបន់ព្រៃភ្នំដែលពួកគាត់ចាត់ទុកថា ព្រៃឈើជាអាយុជីវិត ប្រភពសេដ្ឋចកិច្ច និងជម្រកវប្បធម៌ប្រពៃណីរបស់អ្នកភូមិ។
លោក ប៊ី វ៉ាន់នី៖ «អ្នកមានលុយដើររកស៊ីតាមរបៀបហ្នឹង មុនគាត់ធ្វើអ៊ីចឹងបាន ពាក់ព័ន្ធអាជ្ញាធរខេត្ត និងមន្ត្រីថ្នាក់ជាតិ ទើបរំលោភយកដីរដ្ឋ និងតំបន់ការពារហ្នឹងបាន។ ឆ្នាំថ្មី ២០២៤ ខ្ញុំស្នើឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់តឹងរ៉ឹង និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះអង្កេតតាមខេត្តនីមួយៗ»។
ក្រុមយុវជនបន្ថែមថា សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃអភិរក្ស និងព្រៃសាធារណៈរបស់រដ្ឋមិនត្រឹមតែកើតមាននៅខេត្តមណ្ឌលនោះទេ ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ និងខេត្តកោះកុង ជាដើម កើតឡើងបែបអនាធិបតេយ្យ៕
1 comment:
The tourists are willing to pay $1.00 just to see this one giant tree alone.
Everything is destroyed under Ah Chker Chkuot Hun Sen.
Post a Comment