2023.12.25

អ្នកឃ្លាំមើលកម្ពុជាថា លោក ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពរបស់ព្រះសង្ឃ សុន ចាន់វីរៈ ហៅ ចន្ទមុនី នៅមុនដំណាច់ឆ្នាំ២០២៣ ដោយសារសាធារណជនរិះគន់កាន់តែខ្លាំងនៅលើបណ្ដាញសង្គម ចំពោះការរៀបចំដំណើររបស់ព្រះសង្ឃអង្គនេះ ដោយអាជ្ញាធរតាមបណ្ដាខេត្តនានាកន្លងទៅ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា មូលហេតុដែលលោក ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពរបស់ព្រះសង្ឃ សុន ចាន់វីរៈ គឺដោយសារមានប្រតិកម្មរបស់ប្រជាពលរដ្ឋ និងបញ្ញវន្តជាច្រើន រិះគន់សកម្មភាពព្រះសង្ឃអង្គនេះ ថាបានផ្សព្វផ្សាយជំនឿផ្ដេសផ្ដាស ដែលប្រាសចាកទៅនឹងការអប់រំរបស់សាសនាព្រះពុទ្ធ។ លោកអះអាងថា បើទោះបីជាអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនបញ្ឈប់សកម្មភាពព្រះសង្ឃ សុន ចាន់វីរៈ ក្ដី ប៉ុន្តែការថ្លែងសាររបស់នាយករដ្ឋមន្ត្រីរូបនេះ កាលពីថ្ងៃទី២១ ខែធ្នូ បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ពិនិត្យទៅលើព្រះសង្ឃ សុន ចាន់វីរៈ និងបុគ្គលដែលអះអាងថា ខ្លួនមានបារមីពូកែសក្ដិសិទ្ធិ។
លោក ម៉ែន ណាត៖ «ក្រុមមន្ត្រីរដ្ឋាភិបាលហ្នឹង កុំធ្វើអីងងីងងើពេក ហ៊ុន ម៉ាណែត ក៏ដោយ ពួកនរណាផ្សេងៗក៏ដោយ កុំយកចំណេះចេះដឹងពីការរៀនសូត្រ ទទួលពីការអប់រំពីក្នុងស្រុកក៏ដោយ ក្រៅស្រុកក៏ដោយ ឱ្យទទួលបានការអប់រំ ក្នុងសាលាគេមិនដែលបង្រៀនមនុស្សឱ្យប្រព្រឹត្តិអំពើទុច្ចរិតទេ អ៊ីចឹងយកអំពើល្អដែលទទួលបានពីការអប់រំទៅប្រើប្រាស់នៅក្នុងសង្គមទៅ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែធ្នូ ដោយបានបដិសេធចំពោះការលើកឡើងថា ការណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីបំពុលសង្គម កាលពីថ្ងៃទី២១ ខែធ្នូ គឺមិនបានសំដៅដល់ព្រះសង្ឃ សុន ចាន់វីរៈ ហៅ ចន្ទមុនី នោះឡើយ។
លោក ម៉ែន ណាត លើកឡើងថា ដើម្បីទទួលបានការគោរពស្រលាញ់ពិតប្រាកដពីប្រជាពលរដ្ឋ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរបើកលំហប្រជាធិបតេយ្យ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋឡើងវិញក្នុងឆ្នាំ២០២៤ ខាងមុខ និងមិនគួរបន្តបោកប្រាស់ថា មានបុគ្គលមានបុណ្យបារមី ឱ្យប្រជាពលរដ្ឋជឿងប់ងុល ដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ កុំឱ្យខ្វាយខ្វល់ពីបញ្ហាសង្គម និងវិបត្តិសេដ្ឋកិច្ចនោះឡើយ៕
No comments:
Post a Comment