Tuesday, 26 December 2023

មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​បុក​មនុស្ស​ស្លាប់​ដោយ​ពុំ​ចាំបាច់​មាន​បញ្ជា​ពី​ថ្នាក់លើ


ដោយ ខាន់ លក្ខិណា
2023.12.25
sharethis sharing button
មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​បុក​មនុស្ស​ស្លាប់​ដោយ​ពុំ​ចាំបាច់​មាន​បញ្ជា​ពី​ថ្នាក់លើ  
ជនសង្ស័យ​ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា (រូបឆ្វេងទី៣ អាវខ្មៅ) ដែលបើករថយន្តបុកលោក សៀង គីមហុង នៅ​សង្កាត់​បឹងកក់​២ បណ្ដាល​ឱ្យ​ស្លាប់ និង​រត់គេច បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ ២០២៣។
រូប៖ អគ្គស្នងការនគរបាលជាតិ
 

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​និង​តុលាការ​អនុវត្ត​ច្បាប់​លើ ជន​បង្ក​ដែល​បើកឡាន​បុក​មនុស្ស​ស្លាប់ ដោយ​មិន​ចាំបាច់​មាន​បញ្ជា​ពី​ថ្នាក់លើ ដើម្បី​បង្ហាញ​ថា ការអនុវត្ត​ច្បាប់​គ្មាន​ស្តង់ដារ​ពីរ និង​បញ្ចៀស​ការ​រិះគន់ ពី​សាធារណជន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​ឃុំខ្លួន​ឈ្មោះ​ព្រហ្ម វិចិត្រសុសក្ដា បើក​រថយន្ត​បុក​បុរស​ម្នាក់​ស្លាប់ កាល​ពី​ថ្ងៃទី​១៤ ធ្នូ។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៤ ធ្នូ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន អ្នក​បើកបរ​រថយន្ត Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែល​បើករថយន្ត បុក​ជនរងគ្រោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន។

ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ និង​ស្ថាប័ន​ក្រសួង​យុត្តិធម៌។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រពន្ធ​ជនរងគ្រោះ គឺ​លោកស្រី គ្រុយ ឈិញលាំង ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ធ្នូ។

 

កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ដោយ​កូនប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា ដែល​បាន​បើកឡាន​ទំនើប (Jeep) ប្រណាំង​ជាមួយ​ឡាន​ទំនើប​មួយ​ផ្សេងទៀត រួច​ក៏ ជ្រុល​ទៅ​បុក​លោក សៀង គីមហុង នៅ​សង្កាត់​បឹងកក់២ បណ្ដាល​ឱ្យ​ស្លាប់។

លោក សៀង គីមហុង គឺជា​កីឡាករ​វាយ​សី ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង កាលពី​ខែឧសភា ឆ្នាំ​២០២៣ ។ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច ឪពុក​ជនបង្ក​បាន​គំរាមកំហែង និង​ព្យាយាម​ផ្ដល់​លុយ​១​ពាន់​ដុល្លារ ឱ្យ​គ្រួសារ​ជនរងគ្រោះ​ក្នុង​ពិធី​បុណ្យសព ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្ដឹង​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី ថ្ងៃទី ២៥ ធ្នូ ថា កន្លងមក​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ ជន​បង្ក​ជា​អ្នកមាន​ប្រាក់ បុណ្យស័ក្ដិ និង​គ្មាន អន្តរាគមន៍ ពី​នាយករដ្ឋមន្ត្រី គឺ​បុគ្គល​នោះ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ។

ប៉ុន្តែ​ករណីនេះ ជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា តុលាការ​បាន​អនុវត្ត​ច្បាប់​ដោយ​សម្រេច​ឱ្យ​ជន​បង្ក​ទទួលខុស​ចំពោះ​មុខ​ច្បាប់។

លោក​កត់​សម្គាល់​ថា ករណីនេះ បើ​គ្មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ទេ​ប្រហែលជា​ជន​បង្ក ក៏​មិនទាន់​ត្រូវ​បាន​ចាប់ ឬ​ឃុំខ្លួន​ឡើយ ដែល​នេះ​បង្ហាញ​ថា មិន​ទាន់​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​រង់ចាំ តែ​មាន​បទ​បញ្ជា​ពី​ថ្នាក់លើ​ទើប​អនុវត្ត។

លោក នី សុខា៖ «ការអនុវត្ត​ច្បាប់​ចំពោះ​ជន​បង្ក​មាន​កម្រិត​ប៉ុណ្ណា តើ​ស្រប​នឹង​នីតិវិធី​ច្បាប់​ដែរ​ឬ​អត់​? ឬ​គ្រាន់តែ​ជា​ការ​អនុវត្ត​មួយ​ម្ដង​ម្ដា​ល​ឬ គេ​ហៅ​វា​មិន​អចិន្ត្រៃយ៍ ឬ​គ្រាន់តែ​ការអនុវត្ត​មួយ​ដើម្បី​បន្ធូរបន្ថយ​ឬ​បង្ហាញ​សាធារណជន​ដោយសារតែ​មាន​មតិ​រិះគន់​ច្រើន ហើយ​ចាប់​ហើយ​ឃុំខ្លួន​មិនទាន់​បាន​ប៉ុន្មាន​ដោះលែង​ទៅវិញ​ទៅ។ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​កំពុង​រង់ចាំ​មើល​ថា តើ​តុលាការ​ពិត​ជា​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ដូច​សមាសភាព​ចំពោះមុខ​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ដែរ​ឬក៏​អត់​?»

លោក នី សុខា ថា បើសិនជា​មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ គឺ​មិន​ចាំបាច់ មាន​បញ្ជា​ពី​ថ្នាក់លើ​ទេ ពីព្រោះ​ស្ថាប័ន​នីមួយៗ​មាន​យុត្តាធិការ ទទួលខុស ត្រូវ​តួនាទី ឬ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ។

លោក នី សុខា៖ «យើង​នៅ​រង់​ចាំ​មើល​ករណី​ផ្សេង​ទៀត ករណី​បទល្មើស​ប្រហាក់ប្រហែល​សមត្ថកិច្ច​នឹង​មាន​វិធានការ ដោយ​មិន​ចាំបាច់​រង់ចាំ​បញ្ជា​ដែល​មិន​ចាំ​បាច់​មាន​បញ្ជា​ដែរ​ឬ​អត់​? អានេះ ជា​រឿង​មួយ​ដែល​យើង​កំពុង​រង់ចាំ​ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ​ទៅ​ថ្ងៃ​អនាគត»

ប្រធាន​អង្គការ​សម្ព័ន្ធភាព ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើ​ការអនុវត្ត​ច្បាប់​នៅ​តែ​មាន​ស្តង់ដារ​ពីរ ដោយ​កូន​អ្នកមាន​ប្រាក់ និង​មាន​អំណាច​បង្ក​គ្រោះថ្នាក់​ហើយ​រួចខ្លួន​នោះ នឹង​បង្កើត​ឱ្យ​មាន​ភាព​ទំនើង​នៅក្នុង​សង្គម ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ក្នុង ត្រកូល​អ្នកមាន លុយ​មានអំណាច គ្មាន​ការប្រុងប្រយ័ត្ន ហើយ​ប្រជាពលរដ្ឋ​ស្លូត ត្រង់​ចេះតែ បន្ត​រងគ្រោះ និង​មិន​ទទួល​បាន​យុត្តិធម៌។

លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ ថា ជា​រឿង​ត្រឹមត្រូវ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដោយ​គ្មាន​ស្តង់ដារ​ពីរ ខណៈ​ប្រសិនបើ​ជា​នាយករដ្ឋមន្ត្រី​មិន​អន្តរាគមន៍​ទេ អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មិន​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដែរ។

លោក រស់ សុដ្ឋា៖ «ចំពោះ​បញ្ហា​នេះ​កើតឡើង​ដដែលៗ​ជាច្រើន​ដង​ហើយ ដែល​ជា​រឿង​អយុត្តិធម៌ ពាក់ ព័ន្ធ​នឹង​សិទ្ធិ​ពាក់ព័ន្ធ​មនុស្សធម៌​ជា​មនុស្ស​គ្មាន​សេចក្ដី​មេត្តា គ្មាន​អាសូរ​ដល់​ជីវិត​គេ​ជីវិត​ឯង​។ យើង​គិតតែ​ការពារ​អំណាច​ខ្លួនឯង​ភ្លេច​ជីវិត​អ្នកដទៃ ត្រូវ​គិតថា អ្នកដទៃ​ក៏​គេ​ស្រឡាញ់​ជីវិត​គេ ស្រឡាញ់​សាច់ញាតិ​របស់​គេ​ផង​ដែរ​។ យើង​ស្រឡាញ់​ជីវិត​យើង​ប៉ុណ្ណា​ឬ​កូនចៅ​សាច់ញាតិ​ប៉ុណ្ណា គេ​ក៏​ស្រឡាញ់​ប៉ុណ្ណឹង​ដូចគ្នា​ហេតុអ្វី​មនុស្ស​មិន​គិត​ឃើញ មិន​យល់​ក្នុងនាម​ជា​មនុស្ស​ដែល​មាន​បញ្ញា​ដែរ ហើយ​មក​លេងសើច​អ៊ីចឹង»

ទាក់ទង​នឹង​រឿង​នេះ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ នៅ​ថ្ងៃទី២៥ ធ្នូ បាន​បញ្ជា​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ស្វែង​រក​ចាប់ខ្លួន អ្នក​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ហាំម័រ (Hummer) ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ និង​កុមារ​តូច ម្នាក់​ស្លាប់ ហើយ​បុរស ដែល​ជា​អ្នក​បើក​ម៉ូតូ រង​របួស​ធ្ងន់ កាលពី​ថ្ងៃទី​២៤ ឈាន​ចូល​ថ្ងៃទី​២៥ ធ្នូ។

វិធានការ​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មានការ​ដាក់​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ស្ថាប័ន ក្រសួង​យុត្តិធម៌ ក្រោយពី​មានការ​រិះគន់​ពី ប្រជា​ពលរដ្ឋ​រឿង អយុត្តិធម៌​ក្នុង​សង្គម៕

1 comment:

Anonymous said...

The culture of impunity will cease spontaneously when Ah Roleuy Hun Sen goes to hell and the Prime Minister is selected freely by the people, not through rigged election.