2023.12.28
ជនភៀសខ្លួននៅប្រទេសថៃ ដែលចូលរួមសិក្ខាសាលានៅប្រទេសថៃ កាលពីពេលថ្មីៗ នេះ អះអាងថា ពួកគាត់មិនចូលរួមវគ្គសិក្សា ឬរបៀបប្រឆាំងរដ្ឋាភិបាល ដូចការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាឡើយ។ ការឆ្លើយតបនេះ ក្រោយពេលគណបក្សនយោបាយចំនួន៩ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សកាន់អំណាច និងអង្គការសង្គមស៊ីវិល ១៥ផ្សេងទៀត ស្នើទៅរដ្ឋាភិបាលថៃ ឱ្យពិនិត្យមើលសកម្មភាពរបស់ពួកគេ និងចោទប្រកាន់ថា ជនភៀសខ្លួនខ្មែរយកទឹកដីប្រទេសថៃ សម្រាប់បណ្ដុះបណ្ដាលឱ្យប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ដែលភាគច្រើនជាសកម្មជននយោបាយ សកម្មជនដីធ្លី និងយុវជនផងនោះ ចាត់ទុកការចោទប្រកាន់របស់គណបក្សនយោបាយ ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា និងអង្គការសង្គមស៊ីវិលថា ជាការមូលបង្កាច់លាបពណ៌លើពួកគាត់។
អ្នករៀបចំសិក្ខាសាលាម្នាក់ និងជាជនភៀសខ្លួន លោក លឹម សុខា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែធ្នូ ថា សិក្ខាសាលានោះគឺជាការរៀបចំរបស់របស់យុវជនគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស គឺមិនជាប់ពាក់ព័ន្ធជាមួយគណបក្សកៅក្លៃ ឬគណបក្សឆ្ពោះទៅមុខទេនោះទេ។ លោកបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ដែលរៀនរយៈពេលមួយថ្ងៃនោះ គឺជាការបណ្ដុះបណ្ដាលដល់ជនភៀសខ្លួន ពលករ ជាពិសេសយុវជន ឱ្យដឹងពីសិទ្ធិ បញ្ហាសង្គមដែលកំពុងកើតមានឡើងនៅកម្ពុជា និងកុំឱ្យយុវជន លង់ខ្លួនជឿអ្នកនយោបាយងប់ងុល។
លោក លឹម សុខា៖ «បណ្ដុះបណ្ដាលអ្នកប្រជាធិបតេយ្យឱ្យស្គាល់ពីសិទ្ធិនៅក្នុងការរស់នៅនៅក្នុងប្រទេសសាមីដូចយើងឃើញស្រាប់ហើយប្រទេសថៃអ៊ីចឹងដែលយើងធ្លាប់រស់នៅហ្នឹងគេអត់ខ្វល់ពីរឿងអ្នកនិយាយអត់ប្រយោជន៍សំខាន់ គេផ្ដោតទៅលើមេដឹកនាំមេដឹកនាំ បើសិននៅពេលមុនបោះឆ្នោតគាត់សន្យាជាមួយប្រជាពលរដ្ឋថា ម៉េចខ្លះ ហើយនៅពេលដែលជាប់ឆ្នោត តើយើងធ្វើអីខ្លះ»។
ស្រដៀងគ្នានេះដែរ លោកស្រី ប្រាក់ សុភា សកម្មជនដីធ្លីតំបន់បឹងតាមោក ដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងបានចូលរួមក្នុងសិក្ខាសាលាអះអាងថា សិក្ខាសាលានោះ មិនបានបង្រៀនពីរបៀប ប្រឆាំងរដ្ឋាភិបាល ឬផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់ឡើយ។ ជនភៀសខ្លួនរូបនេះ ព្រួយបារម្ភពីសុវត្ថិភាព នៅពេលមានការចោទប្រកាន់ដូច្នេះ លោកស្រីខ្លាចត្រូវអាជ្ញាធរថៃចាប់បញ្ជូនខ្លួនពួកគាត់ទៅកម្ពុជា។ បើទោះជាប្រឈមនឹងបញ្ហាសុវត្ថិភាពបែបនេះក្ដី ជនភៀសខ្លួនរូបនេះ អះអាងថា លោកស្រី ជាមួយកូននឹងចូលរួមសិក្ខាសាលាបែបនេះបន្តទៀត ប្រសិនបើមានការរៀបចំនៅពេលក្រោយ។
លោកស្រី ប្រាក់ សុភា៖ «ខ្ញុំមកសិក្ខាសាលានេះ គឺពួកយើងចូលរួមដើម្បីស្ដាប់មតិយោបល់ពីប្រទេស ដែលមានការរំលោភបំពានប្រទេស ដែលមានការព្រងើយកន្តើយពីថ្នាក់ដឹកនាំ។ អ៊ីចឹង ខ្ញុំសុំឱ្យនាយករដ្ឋមន្ត្រីថៃ មេត្តាកុំចូលរួមជាមួយរដ្ឋាភិបាលខ្មែរអីពីព្រោះរដ្ឋាភិបាលខ្មែរកំពុងរំលោភសិទ្ធិមនុស្ស កំពុងតែបំបិទការតស៊ូរបស់ពួកយើង គឺពួកយើងចង់បានប្រជាធិបតេយ្យពិតប្រាកដ។ យើងចង់បានប្រទេសមួយរីកចម្រើនដូចប្រទេសថៃ»។
កាលពីថ្ងៃទី២ ខែធ្នូ យុវជនគណបក្សសង្គ្រោះជាតិមកបណ្ដាប្រទេសនានា រួមមានសហរដ្ឋអាមេរិក (United States) ជប៉ុន (Japan) និងប្រទេសកូរ៉េខាងត្បូង(South Korea) ជាដើម រៀបចំធ្វើសិក្ខាសាលាបណ្ដុះបណ្ដាល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលអ្នកចូលរួមជិត ១០០នាក់ ពួកគាត់ជាជនភៀស មកពីគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន សកម្មជនដីធ្លី និងយុវជនផងដែរ។ ទោះជាយ៉ាងណាក្ដី នៅថ្ងៃទី២៨ ខែធ្នូ គណបក្សនយោបាយចំនួន៩ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សកាន់អំណាច និងអង្គការសង្គមស៊ីវិល ១៥ផ្សេងទៀតមានទំនោរគាំទ្ររដ្ឋាភិបាលបានដាក់សំណើទៅស្ថានទូតប្រទេសថៃប្រចាំទីក្រុងភ្នំពេញឱ្យជំរុញទៅនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ឱ្យពិនិត្យមើលសកម្មភាពរបស់គណបក្សកៅក្លៃ។
ក្រុមគណបក្សនយោបាយ និងអង្គការទាំងនោះចោទប្រកាន់ថា ការធ្វើសិក្ខាសាលានេះ មានការគាំទ្រពី គណបក្សកៅក្លៃដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ ដើម្បីឱ្យសកម្មជនទាំងនោះយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ គណបក្សសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលដាក់សំណើទាំងនោះ រួមមាន គណបក្សខ្មែរក្រោក គណបក្សខ្មែរតែមួយ និងគណបក្សមហាសាមគ្គីជាតិខ្មែរជាដើម។ ចំណែកអង្គការសង្គមស៊ីវិលរួមមាន សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនកម្មករ និងសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ជាដើម។ គណបក្សនយោបាយ និងអង្គការទាំងនោះ ភាគច្រើនឃើញមានតែឈ្មោះ តែកម្រឃើញធ្វើសកម្មភាពបម្រើពលរដ្ឋនោះឡើយ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាទាន់សុំការបញ្ជាក់ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីដឹងថា រដ្ឋាភិបាល នឹងមានវិធានការបែបណាលើករណីនេះនៅឡើយទេ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា សំណើរបស់ក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល គឺជារឿងត្រឹមត្រូវក្នុងបំណងទប់ស្កាត់ការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ លោក សុខ ឥសាន ថា សំណើរបស់គណបក្សសម្ព័ន្ធមិត្តនៃគណបក្សប្រជាជនកម្ពុជាទាំងនោះមិនជាប់ពាក់ព័ន្ធជាមួយគណបក្សកាន់អំណាចឡើយ។
លោក សុខ ឥសាន៖ «បើអត់មានធ្វើសកម្មភាពអ្វីផ្ទុយពីគោលការណ៍ច្បាប់អត់មានបញ្ហាអីទេ ដែលគេស្នើទៅឱ្យរដ្ឋាភិបាលថៃទប់ស្កាត់ចំពោះតែសកម្មភាពណាដែលខុសច្បាប់ហើយដែលមានចេតនាទុច្ចរិត ដើម្បីបណ្ដុះបណ្ដាលក្រុមឧទ្ទាមក្រៅច្បាប់នៅក្នុងទឹកដីតែប៉ុណ្ណោះទេបាទ បើគាត់ធ្វើត្រឹមត្រូវតាមច្បាប់អត់បញ្ហាអីទេ»។
ទោះយ៉ាងណាក្ដី ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការចូលរួមសិក្ខាសាលារបស់ជនភៀសខ្លួន ជាការអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ បើទោះជាពួកគាត់ជាជនភៀសខ្លួនក្ដីតែពួកគាត់មានសិទ្ធិចូលរួមដើម្បីមានការយល់ដឹងពីបញ្ហាសង្គមជាតិ។ លោកបន្តថា បើទោះជាមានការចោទប្រកាន់ថា ការចូលរួមជាការរៀនសូត្រពីការផ្ដួលរំលំរដ្ឋាភិបាល តែបើការចោទប្រកាន់មិនបានពិនិត្យឱ្យបានច្បាស់លាស់ ការចោទប្រកាន់នេះជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។
លោក រស់ សុដ្ឋា៖ «ទាមទារឱ្យពិនិត្យមើលខ្លឹមសារហ្នឹងឱ្យច្បាស់លាស់ បើសិនជាក្នុងក្របខ័ណ្ឌអនុវត្តសិទ្ធិទេ ពួកគាត់មិនត្រូវបានចោទប្រកាន់អ៊ីចឹងទេ ហើយការចោទប្រកាន់អ៊ីចឹងធ្វើឱ្យមានការភ័យ ហើយធ្វើឱ្យស្ថានភាពទទួលសិទ្ធិជ្រកកោនកាន់តែវេទនាថែមទៀត ដែលផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្ស»។
ជនភៀសខ្លួននៅប្រទេសថៃ តែងតែធ្វើសកម្មជនតស៊ូមតិ អ្នកខ្លះប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញមតិ អ្នកខ្លះទៀត ប្រមូលផ្ដុំគ្នាទាមទារដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះស្រាយបញ្ហាជូនពលរដ្ឋ ដោះស្រាយវិបត្តិនយោបាយ និងទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម។ កន្លងទៅរដ្ឋាភិបាលកម្ពុជា ធ្លាប់បានសហការជាមួយសមត្ថកិច្ចថៃ ចាប់បញ្ជូនជនភៀសខ្លួនជាបន្តបន្ទាប់ ពីប្រទេសថៃ យកទៅឃុំខ្លួននៅប្រទេសកម្ពុជាវិញ។ ប៉ុន្តែទង្វើនេះ រងការរិះគន់ពីការអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ ថា ជាការរំលោភសិទ្ធិជនភៀសខ្លួន៕
1 comment:
When you were not freely and fairly selected by the people, you don't feel safe and secure and you are always thinking that any movement is against you.
You become a paranoid asshole. This sickness has been transferred from Ah devil Hun Sen to Ah Chau Kinh Kuok Hun Manet. The reality is that his government is highly likely to collapse from financial trouble: no factory, no job, no tourists, etc... So, no money.
Post a Comment