2023.12.30

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឲ្យបង្កើនការផ្សព្វផ្សាយនយោបាយឈ្នះឈ្នះរបស់ឪពុកលោក ឱ្យកាន់តែទូលាយ និងដាក់បញ្ចូលនយោបាយឈ្នះឈ្នះ ទៅក្នុងកម្មវិធីសិក្សា និងគម្រោងសាងសង់ស្តូបឈ្នះឈ្នះបន្ថែមទៀត។ ការលើកឡើងនេះធ្វើឡើងនៅក្នុងប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវានយោបាយឈ្នះឈ្នះ និងខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។ អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកំពុងបំភ្លៃប្រវត្តិសាស្ត្រ មកកុហកប្រជាពលរដ្ឋខ្មែរ ដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារត្រកូលហ៊ុន។
ក្នុងពិធីប្រារព្ធខួប ២៥ឆ្នាំ ទិវានយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងសរសើរពីឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្ដមក្រុមព្រឹក្សាព្រះមហាក្សត្រ ដោយលោកអះអាងថា ឪពុករបស់លោកគឺជាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលបានស្ដារប្រទេស តាមរយៈការបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាមតស៊ូរបស់ខ្មែរក្រហម។ លើសពីនេះទៅទៀត លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះឈ្នះ តាមរយៈការធ្វើសិក្ខាសាលានៅតាមវេទិកាផ្សេងៗ និងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្ស បានយល់កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃ នៃនយោបាយឈ្នះឈ្នះ និងគម្រោងសាងសង់ស្តូបឈ្នះឈ្នះ នៅតាមបណ្ដាខេត្តមួយចំនួន ថែមទៀតផង។
លោក ហ៊ុន ម៉ាណែត៖ «ដោយសារអ្នកសរសេរ និងអ្នកដែលចងក្រងនេះ គឺជាអ្នកប្រតិបត្តិផ្ទាល់ ហើយដឹងព័ត៌មានច្រើន ដែលត្រូវការប្រមូលធាតុផ្សំបន្ថែមទៀត ដើម្បីចងក្រងទុកឱ្យកូនចៅរាប់រយឆ្នាំទៀត។ បើមិនអ៊ីចឹងទេ នៅក្នុងរយៈពេល ២០ឆ្នាំ ៣០ឆ្នាំ ឬ៥០ឆ្នាំខាងមុខទៀត ឯកសារថ្មី គឺបានត្រឹមតែអ្នកសរសេរពីការស្រាវជ្រាវបន្ត»។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើល លើកឡើងថា ការយកនយោបាយឈ្នះឈ្នះ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា គឺជាការបើកផ្លូវឱ្យបក្សកាន់អំណាច បំភ្លៃប្រវត្តិសាស្ត្រ បោកប្រាស់យុវជនជំនាន់ក្រោយឱ្យភ័ន្តច្រឡំ និងយល់ខុសថា គណបក្សប្រជាជនកម្ពុជារបស់ត្រកូល ហ៊ុន សែន គឺជាអ្នករំដោះជាតិ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ធ្នូ ថា ពាក្យឈ្នះឈ្នះ របស់លោក ហ៊ុន សែន គឺសំដៅលើជ័យជម្នះរដ្ឋប្រហារដើម្បីប្លន់អំណាចពី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីឆ្នាំ១៩៩៧ ឈ្នះក្នុងការលួចបន្លំសំឡេងឆ្នោតគ្រប់អាណត្តិ ឈ្នះក្នុងការរំលាយគណបក្សប្រឆាំង និងបិទផ្លូវមិនឱ្យចូលរួមបោះឆ្នោត និងឈ្នះក្នុងការផ្ទេរអំណាច តពូជ ក្នុងក្រុមគ្រួសារត្រកូលហ៊ុន។
លោក អ៊ុំ សំអាន៖ «ជាការពិតហើយ នយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ហ្នឹង គឺគ្រាន់តែជាលេស គ្រាន់តែជាអាវុធមួយ ដើម្បីការពារអំណាចផ្ដាច់ការរបស់ខ្លួន ក្នុងការប្រព្រឹត្តអំពើពុករលួយ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយនិងអនុញ្ញាតឱ្យជនជាតិវៀតណាម រស់នៅកម្ពុជាពេញទឹកពេញដី ហើយនិងបន្តកាត់ទឹកដីខ្មែរសងគុណវៀតណាមដែលលើកបន្តុបលោក ហ៊ុន សែន ដែលបានកាន់អំណាចដោយសារវៀតណាមលើកបន្តុប»។
ពិធីរម្លឹកខួប២៥ឆ្នាំ នយោបាយឈ្នះឈ្នះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ធ្នូ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការបើកឱ្យប្រជាពលរដ្ឋចូលទៅថតរូប និងទស្សនាការតាំងបង្ហាញរូបភាព និងស្នាដៃផ្សេងៗរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយថែមទាំងមានការប្រគំតន្ត្រី ប្រៀបបានទៅនឹងកម្មវិធីបុណ្យជាតិដ៏ធំរបស់កម្ពុជាដូច្នោះដែរ។
ទាក់ទិនរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក មាស នី សង្កេតឃើញថា រដ្ឋាភិបាលកំពុងប្រើប្រាស់គោលនយោបាយឈ្នះឈ្នះ នេះ ដើម្បីឃោសនា នយោបាយ និងទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ខណៈយុវជនជំនាន់ក្រោយភាគច្រើន មិនបានដឹងពីប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហម ឱ្យបានស៊ីជម្រៅនោះឡើយ។ លោកបន្តថា ប្រសិនបើប្រៀបធៀបក្នុងដំណើរការប្រជាធិបតេយ្យវិញនោះ នយោបាយឈ្នះឈ្នះ នេះ ហាក់មានសម្រាប់តែមន្ត្រីរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ផ្ទុយពីនេះ អ្នកនយោបាយរបស់គណបក្សប្រឆាំង និងសកម្មជនសង្គម អ្នកលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែទទួលរងគ្រោះពីសំណាក់រដ្ឋាភិបាល។
បណ្ឌិត មាស នី៖ «កាលណាយើងនិយាយអំពីភាគីពីរ គឺភាគីឈ្នះ និងភាគីចាញ់ ភាគីទាំងពីរហ្នឹង គឺបានទទួលប្រយោជន៍ស្មើគ្នា។ បើមាននរណាមួយបាត់បង់ប្រយោជន៍ ហើយមកនិយាយថា នេះគឺនយោបាយឈ្នះឈ្នះ គឺមិនបានទេ។ ឥឡូវនេះគឺមាន ខ្មែរអ្នកចាញ់ និងខ្មែរអ្នកឈ្នះ»។
រដ្ឋាភិបាលកម្ពុជា បានសម្រេចយកទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ដាក់ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ ខណៈទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ត្រូវបានរដ្ឋាភិបាលកម្ពុជា ដកចេញពីពិធីបុណ្យជាតិនៅឆ្នាំ២០២០ ទៅវិញ ដែលធ្វើឱ្យអ្នកឃ្លាំមើល យល់ថា រដ្ឋាភិបាល កំពុងបំភ្លេចសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងលើកតម្កើងនយោបាយឈ្នះឈ្នះ ដើម្បីកេងចំណេញនយោបាយ៕
1 comment:
Win Win = Nguyen Nguyen
That means the winner is Yuon.
Post a Comment