2023.12.30

ទីប្រឹក្សាគណបក្សកម្លាំងជាតិរិះគន់ការបន្តតែងតាំងលោក ទេព នីថា ធ្វើជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ទីប្រឹក្សាគណបក្សនេះថា ការតែងតាំងនេះ នឹងធ្វើឱ្យសាធារណជនមិនមានជំនឿទៅលើស្ថាប័ននេះ ធ្វើការដោយឯករាជ្យ។
អតីតសមាជិកគ.ជ.ប និងបច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថា ការបន្តតែងតាំងលោក ទេព នីថា នឹងធ្វើឱ្យប្រជាពលរដ្ឋ និងស្ថាប័នអន្តរជាតិ បន្តបាត់បង់ជំនឿលើការងាររបស់គ.ជ.ប។
លោក រ៉ុង ឈុន មានប្រសាសន៍ថា កន្លងមក លោក ទេព នីថា មិនបានលើកកម្ពស់ដំណើរការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ លោកបន្តថា ក្នុងនាមជាអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មិនបានជួយចង្អុលបង្ហាញលក្ខន្តិកៈបោះឆ្នោតទៅកាន់សមាជិកគ.ជ.ប ដែលសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ដោយអយុត្តិធម៌នោះឡើយ។
លោក រ៉ុង ឈុន៖ «សមាជិកគ.ជ.ប ក៏ដូចជាអគ្គលេខាធិការថ្មី អ្នកដឹកនាំចាស់ដដែលហ្នឹង យើងមិនចង់ឃើញស្ថានភាពហ្នឹងកើតឡើងបន្តទៅទៀតទេ ត្រូវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ចូលរួមការប្រកួតប្រជែងការបោះឆ្នោត ឱ្យតែក្រសួងមហាផ្ទៃទទួលស្គាល់ថា គណបក្សហ្នឹងជាគណបក្សមួយដែលស្របច្បាប់ ទោះបីទម្រង់ឯកសារនោះ វាមិនដូចតម្រូវការចង់បាន ហើយបើយើងមើលនៅក្នុងច្បាប់មិនបានបញ្ជាក់អ៊ីចឹងទេ តែគ.ជ.ប ហាក់បីដូចជាអនុវត្តលើសពីច្បាប់ហើយ បើយើងពិនិត្យងាកទៅក្រោយបន្តិច»។
ប្រតិកម្មរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី តែងតាំង លោក ទេព នីថា ជាអគ្គលេខាធិការគ.ជ.បជាថ្មីម្ដងទៀតកាលពីថ្ងៃទី២៨ ខែធ្នូ។
គិតមកដល់ឆ្នាំ២០២៣ លោក ទេព នីថា បានកាន់តួនាទីជាអគ្គលេខាធិការគ.ជ.ប អស់រយៈពេលជាង២០ឆ្នាំ (២១)។ កន្លងទៅ សាធារណជន និងគណបក្សប្រឆាំងរិះគន់ថា លោក ទេព នីថា ធ្វើការដោយមិនមានឯករាជ្យ ដោយលោកមានទំនោរគាំទ្រគណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែង បើទោះបីជា គ.ជ.បបានរៀបចំដំណើរការបោះឆ្នោតតំណាងរាស្ត្រ៦ដង មកហើយក្ដី ក៏ប៉ុន្តែករណីមិនប្រក្រតីក្នុងពេលបោះឆ្នោតដូចជាការបិទទ្វាររាប់សន្លឹកឆ្នោតជាដើម នៅតែបន្តកើតមាន។
ជុំវិញរឿងនេះអគ្គលេខាធិការគ.ជ.ប លោក ទេព នីថា សុំមិនអត្ថាធិប្បាយនោះឡើយ ដោយលោកឱ្យវិទ្យុអាស៊ីសេរីទាក់ទងអ្នកនាំពាក្យ គ.ជ.ប គឺលោក ហង្ស ពុទ្ធា វិញដើម្បីឆ្លើយតបបញ្ហានេះ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសុំការបកស្រាយបាននៅឡើយទេ នៅថ្ងៃទី៣០ ខែធ្នូ។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា ដោយសារតែរចនាសម្ព័ន្ធរបស់គ.ជ.ប ត្រូវបានចាត់តាំងដោយគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងពេលតំណាងរាស្ត្រភាគច្រើនគឺជាគណបក្សកាន់អំណាច ដូច្នេះ ស្ថាប័នគ.ជ.បនឹងមិនមានការត្រួតពិនិត្យគ្នាទៅវិញទៅមកនោះឡើយ។ លោកបន្តថា ស្ថាប័នគ.ជ.ប ធ្វើការប្រកបដោយប្រសិទ្ធភាពទៅបាន លុះត្រាតែការអនុវត្តការងាររៀបចំការបោះឆ្នោតមានការពិភាក្សាដេញដោល និងកែតម្រូវទៅតាមស្ថានភាពជាក់ស្ដែង។
លោក កន សាវាង្ស៖ «ជាការកត់សម្គាល់យើងមិនឃើញថា មានអ្វីជាការកត់សម្គាល់ធំដុំនោះទេ ហើយកន្លងមកការលើកឡើងផ្សេងៗ យើងក៏ជួបត្រឹមអគ្គលេខាធិការដែរ ហើយគាត់បានលើកឡើងថា គ.ជ.បអនុវត្តទៅតាមផ្លូវច្បាប់ អ៊ីចឹងមានន័យថា ទោះបីជាមើលឃើញចំណុចចន្លោះប្រហោង ឬក៏ការស្នើសុំយ៉ាងម៉េចក៏ដោយ ក៏លោកថា ពឹងផ្អែកតែទៅលើច្បាប់ដែលមានតែប៉ុណ្ណឹង»។
ក្រៅពីបន្តតែងតាំងលោក ទេព នីថា ជាអគ្គលេខាធិការគ.ជ.ប កាលពីដើមខែធ្នូកន្លងទៅ រដ្ឋសភាក៏បានតែងតាំងលោក ប្រាជ្ញ ច័ន្ទ ដែលជាអតីតសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ឱ្យបន្តធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
សង្គមស៊ីវិល និងសហគមន៍អន្តរជាតិភាគច្រើនយល់ឃើញថា គ.ជ.បមិនមានឯករាជ្យភាពនោះទេ ហើយជាក់ស្ដែង ទោះបីជាក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណបក្សភ្លើងទៀន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយក្ដី ក៏ស្ថាប័នមួយនេះ មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នោះឡើយ។ បន្ថែមពីនេះ គ.ជ.ប ក៏បានដាក់ពិន័យជាប្រាក់ និងហាមមិនឱ្យឈរឈ្មោះបោះឆ្នោត ទៅលើសមាជិកនៃគណបក្សប្រឆាំងជាច្រើននាក់ទៀត ដោយសារតែពួកគេឃោសនាឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល កាលពីខែកក្កដា កន្លងទៅផងដែរ៕
No comments:
Post a Comment