Thursday, 11 January 2024

កម្ពុជា-ថៃ គ្រោង​បើក​ការ​ចរចា ជុំវិញ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​ក្នុង​ឈូង​សមុទ្រ​ថៃ

 

ដោយ ទីន ហ្សាការីយ៉ា
2024.01.10
sharethis sharing button
កម្ពុជា-ថៃ គ្រោង​បើក​ការ​ចរចា ជុំវិញ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​ក្នុង​ឈូង​សមុទ្រ​ថៃ  
 
ប៉ម​ខួង​ប្រេង​តំណក់​ដំបូងរបស់​កម្ពុជា ​នៅ​សមុទ្រ​ក្នុង​ខេត្តព្រះសីហនុ កាល​ពី​ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកក្រសួង​រ៉ែ និង​ថាមពល
 

រដ្ឋាភិបាល​កម្ពុជា និង​ថៃ គ្រោង​បើក​ការ​ចរចា​ជា​ថ្មី លើ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន នៅ​តំបន់​ត្រួត​ស៊ី​គ្នា ដែល​មាន​ទំហំ​ជាង ២ម៉ឺន​ម៉ែត្រ​ការ៉េ ក្នុង​ឈូង​សមុទ្រ​ថៃ។ អ្នក​ឃ្លាំមើល​រំពឹង​ថា កិច្ច​ចរចា​នេះ នឹង​មាន​ភាព​ប្រសើរ​ឡើង ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ភាគី​ទាំង​ពីរ​នឹង​ដកស្រង់​បទ​ពិសោធន៍​ប្រវត្តិ​ការ​ចរចា​កន្លង​មក ដោយ​រក​ដំណោះស្រាយ​កណ្ដាល​រួម​គ្នា​មួយ។

ការ​ចរចា​ជា​ថ្មី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ថៃ (Thai) លើ​ការ​រក​ផ្លូវ​ចេញ​នៃ​ជម្លោះ​តំបន់​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន ធម្មជាតិ នៅ​ឈូង​សមុទ្រ​ថៃ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ​ខាង​មុខ​នេះ។

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) នៅ​ថ្ងៃ​ទី១០ ខែមករា ដោយ​ដកស្រង់​សម្ដី​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក ប៉ានព្រីយ៍ ផៈហិធថានុកន (Parnpree Bahiddha-Nukara) ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​នោះ ហើយ​ប្រធាន​បទ​ធនធាន​ថាមពល​នៅ​ក្នុង​តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា (OCA) នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​រូប​នេះ លើក​ឡើង​ថា ភាគី​ថៃ ត្រូវ​រង់ចាំ​ការ​បំភ្លឺ បន្ទាប់​ពី​កិច្ច​ពិភាក្សា​រវាង​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ជំនួប​នោះ​ជា​មុន​សិន មុន​នឹង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បង្កើត​ក្រុម​បច្ចេកទេស​រួម​គ្នា​ថ្មី​មួយ ដើម្បី​ចាប់​ផ្ដើម​ការ​ចរចា​ឡើង​វិញ។

 

ជាមួយ​គ្នា​នេះ ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី និង​ជា​អតីត​រដ្ឋមន្ត្រី​ថាមពល​ថៃ លោក ភិឆ័យ ណារីពថាផាន់ (Pichai Naripthaphan) លើកឡើង​ដែរ​ថា កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ក្នុង​តំបន់​ធនធាន​ថាមពល ត្រួត​ស៊ី​គ្នា ជា​ជាង​ការ​លើក​ឡើង​ពី​ជម្លោះ​ព្រំដែន​សមុទ្រ។ ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​បន្ត​ថា កិច្ច​ពិភាក្សា​នេះ គួរតែ​ត្រូវ​បាន​បញ្ចប់​ឱ្យ​បាន​លឿន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ពោល​គឺ ឱ្យ​បាន​មុន​ពេល​អាណត្តិ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចប់ ដោយ​លោក​អះអាង​ថា ភាគី​កម្ពុជា ក៏​ចង់​បញ្ចប់​កិច្ច​ចរចា​នេះ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក អាន សុខខឿន និង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែមករា។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកឃ្លាំមើល រំពឹង​ថា កិច្ច​ចរចា​នេះ នឹង​មាន​ភាព​ប្រសើរ​ឡើង ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ភាគី​ទាំង​ពីរ នឹង​ដកស្រង់​បទ​ពិសោធន៍​ប្រវត្តិ​ការ​ចរចា​កន្លង​មក ដោយ​រក​ដំណោះស្រាយ​រួម​គ្នា ដើម្បី​បញ្ចប់​ជម្លោះ និង​ជំរុញ​ឱ្យ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​នេះ ទទួល​បាន​ជោគជ័យ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ មករា​ថា ការ​ចរចា​ដោះ​ស្រាយ​ជម្លោះ​គម្រោង​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន នៅតំបន់ ទាមទារ «ត្រួតស៊ីគ្នា» រវាង​រដ្ឋាភិបាល​កម្ពុជា ថៃ គួរ​ធ្វើ​ឡើង​ដោយ​ស្មើភាព និង​យុត្តិធម៌ ដោយ​មិន​ត្រូវ​ឱ្យ​ភាគី​ណា​មួយ​ច្បាម​យក​ផល​ប្រយោជន៍​តែ​ម្នាក់​ឯង ហើយ​ផ្ដល់​ឱ្យ​ភាគី​មួយ​ទៀត នូវ​តំបន់ ដែល​មិន​អាច​ទាញ​យក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នោះ​ឡើយ។

លោក សុន ឆ័យ៖ «យើង​ត្រូវតែ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចរចា​របស់​ភាគី​ខ្មែរ។ ខ្ញុំ​ថា ពេល​នេះ មិន​មែន​ជា​ពេល​យក​ចំណេញ (ផ្នែក) នយោបាយ​សម្រាប់​គណបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ គឺ​ជា​ពេល​ដែល​ពលរដ្ឋ​ខ្មែរ អ្នក​ជំនាញ បញ្ញវន្ត​ខ្មែរ​នៅ​ស្រុក​យើង ដែល​យល់​ដឹង​ពី​លក្ខណៈ​សំខាន់ ដែល​ជា​ភស្តុតាង​សម្រាប់​ការ​ទាមទារ​ផល​ពី​ការ​ចរចា​ហ្នឹង ផ្ដល់​ជា​គំនិត ផ្ដល់​ជា​ឯកសារ​ដើម្បី​ឱ្យ​ភាគី​ខ្មែរ ធ្វើ​ម៉េច​ចរចា​ជាមួយ​ភាគី​ថៃ​ប្រកប​ដោយ​ជោគជ័យ»

តំបន់​ទាមទារ​ត្រួតស៊ី​គ្នា (OCA) មាន​ទំហំ​ជាង ២ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ (២៦.០០០) ដែល​គេ​ប៉ាន់​ប្រមាណ​ថា អាច​ស្តុក​ទុក​ប្រេង និង​ឧស្ម័ន​រហូត​ដល់ ៥រយ​លាន​បារ៉ែល​នៅ​ក្រោម​បាត​សមុទ្រ និង​ត្រូវ​ការ​ពេល​យ៉ាង​ហោច ៨ឆ្នាំ ក្នុង​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ចេញ​ពី​ឈូង​សមុទ្រ​នោះ។

ប៉ុន្តែ​កិច្ច​ចរចា​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា-ថៃ នៅ​តំបន់​នេះ បាន​ជាប់​គាំង​ជាង ២០ឆ្នាំ​មក​ហើយ ដែល​បាន​ប្រែក្លាយ​ជា​ចំណុច នៃ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ កិច្ច​ចរចា​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ តាំង​ពី​ខែមិថុនា ឆ្នាំ២០០១ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ក្នុង​ពេល​ថៃ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី កាលពីឆ្នាំ២០០៩ ខណៈ​កិច្ច​ចរចា​បាន​ផ្អាក​ម្ដង​ទៀត កាល​ពី​ចុង​ឆ្នាំ២០១៩ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

ទាក់ទិន​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​ចរចា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន នៅ​តំបន់​ទាមទារ «ត្រួតស៊ីគ្នា» ក្នុង​តំបន់​ជាប់​ព្រំដែន​ទឹក​រវាង​កម្ពុជា និង​ថៃ អាច​មាន​សញ្ញាណ​វិជ្ជមាន ព្រោះ​លោក​សង្កេត​ឃើញ​ថា គោល​ជំហរ​របស់​នាយក​រដ្ឋមន្រ្តី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ផ្ដោត​អាទិភាព លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង។ ប៉ុន្តែ លោក​ថា ចំណុច​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​គឺ ភាព​តានតឹង​របស់​ភាគី​ថៃ ដោយសារ​មាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​ជា​គណបក្សប្រឆាំង មាន​តួនាទី​ត្រួតពិនិត្យ លើ​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ថ្លឹងថ្លែង​គោលជំហរ ឬ​ការ​សម្រេច​ចិត្ត​របស់​បក្ស​ប្រឆាំង។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិត​ថា បញ្ហា​នេះ នឹង​ក្លាយ​ជា​បញ្ហា​នយោបាយ​នៅ​ពេល​អនាគត ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​ណា​មួយ គណបក្ស​ណា​មួយ​ឡើង​កាន់កាប់ ហើយ​បញ្ឆេះ​បញ្ហា​ហ្នឹង ជា​បញ្ហា​នយោបាយ វា​អាច​នឹង​បង្ក​ជម្លោះ ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី រវាង​ភាគី​កម្ពុជា ថៃ ដូច​ដែល​ធ្លាប់​កើត​មាន កាល​សម័យ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ ប្រឆាំង​នឹង (អតីត) លោក​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ដែរ»

អ្នក​តាមដាន និង​អ្នក​ជំនាញ ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ចរចា​បញ្ចប់​ជម្លោះ​នេះ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​រួម ដើម្បី​ឱ្យ​ប្រទេស​ទាំង​ពីរ ទាញ​យក​ធនធាន​ធម្មជាតិ នៅ​តំបន់​នោះ អភិវឌ្ឍ​ប្រទេស​រៀងៗ ខ្លួន ដោយ​ស្មើភាព​គ្នា៕

No comments: