Thursday, 11 January 2024

អ្នក​ជំនាញ​កសិកម្ម ស្នើ​អាជ្ញាធរ​​ឱ្យ​ធ្វើ​អន្តរាគមន៍​​បូម​ទឹក​ឱ្យ​កសិករ​បាន​ធ្វើ​ស្រែ ជា​ជាង​ប្រកាស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង


ដោយ ឡេង ម៉ាលី
2024.01.09

អ្នក​ជំនាញ​កសិកម្ម ស្នើ​អាជ្ញាធរ​​ឱ្យ​ធ្វើ​អន្តរាគមន៍​​បូម​ទឹក​ឱ្យ​កសិករ​បាន​ធ្វើ​ស្រែ ជា​ជាង​ប្រកាស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង

អ្នក​ជំនាញ​កសិកម្ម ស្នើ​អាជ្ញាធរ​​ឱ្យ​ធ្វើ​អន្តរាគមន៍​​បូម​ទឹក​ឱ្យ​កសិករ​បាន​ធ្វើ​ស្រែ ជា​ជាង​ប្រកាស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង (រូបថតឯកសារ) ទិដ្ឋភាពកសិករនៅខេត្តស្វាយរៀងបូមទឹកពីប្រឡាយដាក់ស្រែប្រាំងរបស់ពួក​គាត់ កាលពីថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៧។
រូប៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម


អ្នក​ជំនាញ​កសិកម្ម​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ធ្វើ​អន្តរាគមន៍​បូម​ទឹក​ឱ្យ​កសិករ​ធ្វើ​ស្រែ​ឱ្យ​បាន​គ្រប់គ្រាន់។ កសិករ​ធ្វើ​ស្រែ​នៅ​ខេត្តស្វាយរៀង​ត្អូញត្អែរ​ថា បើ​សិន​មិន​មាន​ទឹក​គ្រប់គ្រាន់ ដើម្បី​ដាំដុះ​ស្រូវ​ប្រាំង នោះ​គ្រួសារ​របស់​លោក​នឹង​ប្រឈម​ជីវភាព​កាន់​តែ​លំបាក។

អ្នក​ជំនាញ​កសិកម្ម ស្នើ​ដល់​អាជ្ញាធរ ជាពិសេស ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ថា គួរ​ធ្វើ​អន្តរាគមន៍​បូម​ទឹក​ឱ្យ​កសិករ​បាន​ធ្វើ​ស្រែ​គ្រប់គ្រាន់ ជាជាង​ប្រកាស​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ចំណូល។

ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា (Cambodia Farmer Solidarity Organization) លោក ឌី គន្ធា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ធ្វើ​អន្តរាគមន៍​បូម​ទឹក​ដាក់​ប្រឡាយ​មេ តាម​រយៈ​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន​បៃតង​សាធារណៈ​របស់​រដ្ឋ ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ដើម្បី​អាច​ឱ្យ​កសិករ​មាន​ទឹក​ធ្វើ​ស្រែ​ចាប់​ពី ២ដង​ឡើង​ទៅ ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ក្នុង​ពេល​កសិករ​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ខ្វះ​ទឹក​ធ្វើ​ស្រែ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គួរ​ស្ដារ​ប្រឡាយ​មេ ប្រឡាយ​រង និង​បូម​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ឱ្យ​បាន​គ្រប់គ្រាន់ ជា​ជាង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ដាំ​ស្រូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គេ។



    លោក ឌី គន្ធា៖ «អ៊ីចឹង ចង់ ឬ​មិន​ចង់ សុំ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​កម្មវិធី​គោល​នយោបាយ​ជាតិ ដើម្បី​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព ដែល​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ហើយ​និង​ដោះស្រាយ ជាពិសេស ចំពោះ​មុខ​នូវ​កង្វល់​បញ្ហា​កង្វះខាត​ប្រព័ន្ធ​ស្រោចស្រព​នេះ ធ្វើ​ម៉េច​ឱ្យ​ប្រជាកសិករ​លែង​បារម្ភ​អំពី​កង្វះខាត​ទឹក លែង​បារម្ភ​អំពី​ការ​ធ្វើ​ស្រូវ​ចំណី ដែល​មិន​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។

ដូច​គ្នា​ទៅ​នឹង​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ កាល​ពី​ពេល​ថ្មីៗ នេះ​ដែរ រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី៨ ខែមករា បាន​ចេញ​សេចក្ដី​ណែនាំ ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី២ ចាប់​ពី​ខែមករា ទៅ​ដល់​ខែឧសភា ដោយ​លើក​ហេតុផល​ថា មិន​មាន​ទឹក​គ្រប់គ្រាន់​ស្រោចស្រព​លើ​ផ្ទៃដី​ដាំ​ស្រូវ។ រដ្ឋបាល​ខេត្តស្វាយរៀង​លើក​ឡើង​ថា សក្ដានុពល​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​ក្នុង​ខេត្តស្វាយរៀង មាន​ត្រឹមតែ​ជាង ២ម៉ឺន ១ពាន់​ហិកតារ (២១.២០៦) ប៉ុណ្ណោះ ខណៈ​ផ្ទៃដី​ដាំដុះ​ស្រូវ​បាន​កើន​រហូត​ដល់​ជាង ២ម៉ឺន ៧ពាន់​ហិកតារ (២៧.២៥១)។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ច័ន្ទ យុត្ថា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៨ ខែមករា។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​សំខាន់​ធ្វើ​ឱ្យ​កសិករ​ខ្វះ​ទឹក​ធ្វើ​ស្រែ គឺ​ដោយសារ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ធ្វើ​ស្រែ​លើស​ពី​ឆ្នាំ​មុនៗ។

ជុំវិញ​រឿង​នេះ កសិករ​ធ្វើ​ស្រែ​នៅ​ស្រុករមាសហែក ខេត្តស្វាយរៀង​ម្នាក់ គឺ​លោក វ៉ា ភា ត្អូញត្អែរ​ថា ដោយសារ​តែ​ចំណូល​ពី​ការងារ​រោងចក្រ​កាត់ដេរ​កាន់តែ​តិច ដូច្នេះ​គ្រួសារ​របស់​លោក នឹង​កាន់តែ​ប្រឈម​ជីវភាព​លំបាក បើ​សិន​មិន​មាន​ទឹក​ធ្វើ​ស្រែ​គ្រប់គ្រាន់។ លោក​បន្ត​ថា ដី​ធ្វើ​ស្រែ​របស់​លោក​អាច​ធ្វើ​ស្រែ​បាន ២ដង ក្នុង​មួយ​ឆ្នាំ តែ​ដោយសារ​ស្រែ​របស់​លោក​នៅ​ឆ្ងាយ​ពី​ប្រឡាយ និង​មិន​មាន​ទឹក​គ្រប់គ្រាន់​ផង​នោះ ស្រែប្រាំង​របស់​លោក​អាច​នឹង​ទទួល​បាន​ទិន្នផល​តិច​ជាង​រាល់​ឆ្នាំ នៅ​ពេល​ប្រមូល​ផល។

    លោក វ៉ា ភា៖ «ខ្ញុំ​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ធ្វើ​ម៉េច​ឱ្យ​មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ជីវភាព​ប្រជាកសិករ​គ្នា​មិន​ដឹង​ទៅ​រក​អី បើ​ខាង​រោងចក្រ​ក៏​ពិបាក ហើយ​ធ្វើ​ស្រូវ​ប្រាំង​នេះ ដើម្បី​កាត់​បន្ថយ​ការ​ខ្ចី​បំណុល»។

អ្នក​ជំនាញ​កសិកម្ម​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​បង្កើត​កញ្ចប់​ថវិកា​ជាតិ ធ្វើ​អន្តរាគមន៍​បូម​ទឹក និង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​បន្ទាន់ ក្នុង​ពេល​ប្រជាកសិករ​នាំ​គ្នា​សម្រុក​ដាំ​ស្រូវ ជាជាង​ណែនាំ​ឱ្យ​ប្រជាកសិករ​ផ្អាក​ការ​ធ្វើស្រែ ដែល​ធ្វើ​ឱ្យ​កសិករ​បាត់បង់​ឱកាស​ទទួល​បាន​ចំណូល ក្នុង​ពេល​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​តម្លៃ​ថ្លៃ៕

No comments: