Monday, 29 January 2024

អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា កម្ពុជា និងវៀតណាមនឹងបង្ក្រាបអ្នកតស៊ូទាមទារសិទ្ធិសេរីភាព ក្រោមលេសថា កម្ទេចក្រុមកម្លាំងអមិត


ដោយ ទីន ហ្សាការីយ៉ា
2024.01.28

អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា កម្ពុជា និងវៀតណាមនឹងបង្ក្រាបអ្នកតស៊ូទាមទារសិទ្ធិសេរីភាព ក្រោមលេសថា កម្ទេចក្រុមកម្លាំងអមិត្ត  
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក តូ ឡឹម (ឆ្វេង) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ (ស្ដាំ) នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧ មករា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ដូច​គ្នា​ថា ការ​បន្ត​កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ប្រឆាំង​កម្លាំង​អមិត្ត គឺ​ផ្ដល់​ប្រយោជន៍​តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ឆ្លើយតប​ថា កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​នីមួយ​ៗ​។

អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា​ និង​វៀតណាម​នេះ គ្រាន់​តែ​ជា​ការ​ជួយ​គ្នា ដើម្បី​ការពារ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ តាម​រយៈ​ការ​តាម​កម្ទេច​ក្រុម​អ្នក​តស៊ូ ​ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ២៥ មករា ថា វៀតណាម នឹង​បន្ត​ជួយ​ដើម្បី​ទប់ស្កាត់​អ្នក​ណា ដែល​អាច​គំរាមកំហែង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ត​ពូជ​របស់​ត្រកូល ហ៊ុន ដោយ​មិន​ត្រូវ​ឱ្យ​ឆ្លង​កាត់​ទឹក​ដី​វៀតណាម ចូល​កម្ពុជា​ឡើយ​។ លោក​បន្ត​ថា សម្រាប់​កម្ពុជា​វិញ គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​បន្ត​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​ណា ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​ផុលផុស ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទឹក​ដី​វៀតណាម គឺ​នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​លេស​ផ្សេង​ៗ ឬ​ចាប់​បញ្ជូន​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម ដើម្បី​ដាក់​គុក​ធ្វើ​ទារុណកម្ម​ជាដើម​។

លោក អ៊ុំ សំអាន​«​វៀតណាម​ជួយ​គាំទ្រ ឱ្យ​គណបក្ស​ប្រជាជន ឱ្យ​លោក ហ៊ុន ម៉ាណែត ហ្នឹង​កាន់​អំណាច​ផ្ដាច់ការ​ត​ទៅ​ទៀត​នៅ​កម្ពុជា​ដែរ ដូច្នេះ​! មាន​ន័យ​ថា ដើម្បី​តែ​ផល​ប្រយោជន៍ និង​ការ​កាន់​អំណាច​ផ្ដាច់ការ​របស់​ត្រកូល «​ហ៊ុន​» តែ​ប៉ុណ្ណោះ​ឯង មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ខ្មែរ​នោះ​ទេ​»

 

កាល​ពី​អំឡុង​ឆ្នាំ ២០០៧ មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះតេជព្រះគុណ ទឹម សាខន ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ក្នុង​ខេត្ត​តាកែវ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​សង្ឃ​ខ្មែរ​ចាប់​ផ្សឹក​ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ «​បែក​បាក់​សាមគ្គីភាព​វៀតណាម​និង​កម្ពុជា​» ដើម្បី​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម​យក​ទៅ​ដាក់​គុក​នៅ​ក្នុង​ប្រទេស​វៀតណាម​។

កាល​ពី​ថ្ងៃ​ទី ២៣ មករា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ទទួល​ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម​លោក តូ ឡឹម នៅ​វិមាន ៧ មករា ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​វៀតណាម និង​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បាន​ឯកភាព​គ្នា​ជា​ថ្មី ដោយ​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណា​មួយ ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន ដើម្បី​ប្រឆាំង​ប្រទេស​រៀង​ៗ ខ្លួន​ឡើយ​។

ក្រៅ​ពី​ជួប​លោក ហ៊ុន សែន រដ្ឋមន្ត្រី​នគរបាល​វៀតណាម​លោក តូ ឡឹម ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ដើម្បី​ប្រឆាំង​អមិត្ត​នេះ គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​អធិបតេយ្យ​របស់​ប្រទេស​នីមួយ​ៗ ហើយ​ការ​លើកឡើង​ផ្សេង​ពី​នេះ របស់​មន្ត្រី​គណបក្ស​ប្រឆាំង គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​។

លោក ឈឹម ផលវរុណ​៖ «​រឿង​អ្នក​ដែល​ចូលចិត្ត​រឿង​និទាន​ប្រជាធិបតេយ្យ អា​ហ្នឹង​ជា​សិទ្ធិ​របស់​អ្នក​នោះ​។ ប៉ុន្តែ​រឿង​ពាក្យ «​អមិត្ត​» មិន​មែន​មាន​តែ​នៅ​កម្ពុជា ឬ​នៅ​វៀតណាម ឬ​នៅ​អាស៊ី​ទេ សូម្បី​នៅ​អាមេរិក ក៏​ចាត់​ទុក​អ្នក​ប្រឆាំង​ខ្លួន ជា​អមិត្ត​ដូច​តែ​គ្នា​ហ្នឹង​»

ថ្វីត្បិត​មាន​ការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អមិត្ត​កន្លង​មក តែង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ច្រើន ហើយ​មាន​តែ​វៀតណាម​ទេ ដែល​ទទួល​បាន​ផល​ចំណេញ ដូច​ជា​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​វៀតណាម​បន្ត​ហូរ​ចូល​ទឹក​ដី​កម្ពុជា និង​ទទួល​បាន​ការ​ចូល​សញ្ជាតិ​ខ្មែរ ជា​ថ្នូរ​ដែល​វៀតណាម​បន្ត​ជួយ​គាំទ្រ​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បន្ត​ថា សម្រាប់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​ចង់​វិល​មក​ស្រុក​ដើម្បី​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ គឺ​មាន​លទ្ធភាព​តិចតួច ដែល​អាច​ប្រើប្រាស់​ទឹក​ដី​វៀតណាម សម្រាប់​ឆ្លង​កាត់​ចូល​កម្ពុជា​វិញ ពីព្រោះ​វៀតណាម​នៅ​តែ​បន្ត​ចង់​ប្រើប្រាស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន ជាពិសេស​គឺ​ចង់​ឱ្យ​កម្ពុជា​បន្ត​ជួយ​វៀតណាម ទប់ស្កាត់​កម្លាំង​ជនជាតិ​ដើម​ភាគ​តិច​នៅ​ប្រទេស​វៀតណាម ដែល​ងើប​តស៊ូ​ដើម្បី​សេរីភាព​។

លោក គឹម សុខ​«​ចំណុច​ដែល​សំខាន់​បំផុត គឺ​វៀតណាម​ចង់​ឱ្យ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ហ្នឹង ទប់ស្កាត់​កុំ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​នៅ​វៀតណាម អាច​រត់​គេច​ពី​វៀតណាម ហើយ​មក​សម្ងំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​សេរីភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន នៅ​ប្រទេស​វៀតណាម​»

ការ​លើកឡើង​ពី​អ្នក​វិភាគ​រូប​នេះ ដោយសារ​ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម​រាប់​ពាន់​នាក់ រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​ទឹក​កម្ពុជា តាម​ខេត្ត​រតនគីរី និង​មណ្ឌលគីរី ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន ដោយសារ​ពួកគេ​អះអាង​ថា ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​។ ប៉ុន្តែ​កន្លង​មក មាន​ជនជាតិ​ម៉ុងតាញ៉ា​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​វៀតណាម​វិញ ទោះបីជា​ចំណាត់​ការ​ទាំង​នេះ រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ និង​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​អនុសញ្ញា​ស្ដី​ពី​ឋានៈជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក្ដី៕

3 comments:

Anonymous said...

Ah Yuon's slave Hun Sen sit like Ah Yuon's slave whereas Ah Kantorb sit like the big boss.

Ah Roleuy Hun Sen is strong only against Khmer innocent people.

Anonymous said...

Indeed, a picture that speaks a thousand words. One would think the man on the left is the host while the one on the right is the guest!

Anonymous said...

Hun Sen is the best Yuon's slave ever.

He has given to all Yuon's demand in exchange for his stay in power.

He has been facilitating the Vietnamization of Cambodia smoothly.