ដោយ មាន ឫទ្ធិ
2024.01.29
ប្រធាននិងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោក អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ (Bénédicte de Montlaur) (ស្ដាំ) ក្នុងពិធីប្រគល់រមណីយដ្ឋានអង្គរជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
រូប៖ គេហទំព័រអាជ្ញាធរអប្សរា
អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិកបានចំណាយថវិកាជាង១៤លានដុល្លារសម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប។ ក្រៅពីនេះអង្គការមួយនេះក៏បានបណ្តុះបណ្តាលអ្នកបច្ចេកទេសអភិរក្សប្រាសាទជាង ១០០នាក់ផងដែរ។
អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិកបានប្រារព្ធពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួន ព្រមទាំងធ្វើពិធីប្រគល់ការដ្ឋានប្រាសាទចំនួន៣ ដែលបានជួសជុលរួចរាល់ហើយក្នុងរមណីយដ្ឋានអង្គរទៅឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦ ខែមករា។
ការដ្ឋានប្រាសាទទាំង៣ ដែលប្រគល់ទៅឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញនោះមានប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់មហាសមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត។
ប្រធាននិងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោក អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ (Bénédicte de Montlaur) បានថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្មរបស់ខ្លួននោះថា ក្នុងរយៈពេល៣៥ឆ្នាំអង្គការ មិនត្រឹមតែសហការយ៉ាងជិតស្និទលើការងារអភិរក្ស និងជួសជុលប្រាសាទបុរាណនៅកម្ពុជាឱ្យមានស្ថិរភាព ឡើងវិញប៉ុណ្ណោះទេ គឺអង្គការនេះបានទាំងជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញអភិរក្សបេតិកភណ្ឌព្រមទាំងបានប្រឹងប្រែងជួយទាមទារវត្ថុបុរាណនានា ដែលបាត់បង់ក្នុងគ្រាមានសង្គ្រាមឱ្យវិលត្រឡប់មកកម្ពុជាវិញផង។
អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ មានប្រសាសន៍ទៀតថា អង្គការ World Monu ment Fund បានចាប់ផ្ដើមការងារជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះដល់ទីតាំងផ្ទាល់ដើម្បីវាយតម្លៃស្ថានភាពរបស់ប្រាសាទដើម្បីឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ហើយអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលជំនាញជួសជុល និងអភិរក្សដ៏ទូលំទូលាយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA)ដែលទើបនឹងបើកឡើងវិញផងដែរ។
អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ៖ «អង្គការមូលនិធិប្រាសាទពិភពលោកមានបេសកកម្មការងារអភិរក្សនិងជួសជុលសម្បត្តិបេតិកភណ្ឌនៅជុំវិញពិភពលោក ដោយឡែកយើងបានសំរេចជ្រើសរើសការងារអភិរក្សសម្បត្តិបេតិកភណ្ឌ នៅកម្ពុជាជាកន្លែងពិសេស និងសំខាន់បំផុត»។
ចាប់តាំងពីឆ្នាំ១៩៩១ ក្នុងពេលដែលប្រធានអង្គការ World MonumentFund ធ្វើទស្សនកិច្ចលើកដំបូងមកកាន់អង្គរ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ធំធេង និងនិរន្តរភាពរវាងអង្គការនេះជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំងបីដែលអង្គការមូលនិធិប្រាសាទពិភពលោកបានជួយជួសជុលរួចរាល់នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតក្នុងការរួមចំណែកជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យជាច្រើនទៀតដូចជាការផ្លាស់ប្ដូរជំនាញស្ដីពីការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។
អ្នកស្រី ភឿង សកុណា៖ «អង្គរភ្នំបាខែង និងកន្លែងប្រវត្តិសាស្ត្រជាច្រើនទៀតដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិមិនមែនប្រជាពលរដ្ឋកម្ពុជាត្រូវទទួលខុសត្រូវការពារតែម្នាក់ឯងនោះទេ ក៏ប៉ុន្តែយើងបានចែករំលែកកិច្ចការពារនិងអភិរក្សទាំងនេះទៅឱ្យជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោកទាំងមូល»។
ក្នុងរយៈពេល ៣៥ឆ្នាំមកនេះអង្គការមូលនិធិប្រាសាទពិភពលោក របស់សហរដ្ឋអាមេរិកមិនត្រឹមតែជួយជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម និងរោងទងនៃចម្លាក់មហាសមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្តប៉ុណ្ណោះទេ គឺអង្គការនេះថែមទាំងបានជួយជួសជុលជណ្ដើរផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារព្រមទាំងកំពុងជួសជុលប្រាសាទភ្នំបាខែងផងដែរ។
កាលពីដើមខែធ្នូ ឆ្នាំ២០២៣សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយ៤៥ម៉ឺនដុល្លារតាមរយៈអង្គការមូលនិធិប្រាសាទពិភពលោក សម្រាប់ការអភិរក្សវប្បធម៌និងគំរោងជួសជុលប្រាសាទភ្នំបាខែងដំណាក់កាលទី៧ដែរ។
ប្រធានអង្គការWorld Monument Fundឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មកអង្គការនេះផ្ដល់ទឹកប្រាក់ចំនួន ១៤លាន ៦សែនដុល្លារ សម្រាប់ការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងតំបន់សៀមរាបព្រមទាំងបានបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអភិរក្សជាង ១០០នាក់ដើម្បីណែនាំបន្តដល់កូនជាងវ័យក្មេងទៀតផង៕
No comments:
Post a Comment