ដោយ សុជីវី
2024.01.08
ទិដ្ឋភាពអាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិ ១៣នាក់ ដឹកទៅសាកសួរ នៅសាលាខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក ថុន រដ្ឋា
អាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិ ១៣នាក់ទៅសាកសួរ នៅសាលាខណ្ឌដូនពេញ អំពីការជួបជុំគ្នានៅមាត់ទន្លេ ដើម្បីហាត់ប្រាណ និងជជែកពីបញ្ហាកោះកុងក្រៅ។ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើនេះ ជាការធ្វើទុក្ខបុកម្នេញដល់ក្រុមយុវជនការពារបរិស្ថាន និងជាការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋាន ពិសេសគឺសេរីភាពក្នុងការជួបជុំ។
អាជ្ញាធរខណ្ឌដូនពេញប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៧ មករា បានឃាត់ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ១៣នាក់ មិនឲ្យត្រឡប់ទៅផ្ទះវិញ ហើយនៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែល អាជ្ញាធរបានដឹកពួកគេតាមរថយន្ត ទៅកាន់សាលាខណ្ឌដូនពេញដើម្បីសាកសួរ។
ការឃាត់ខ្លួន និងសួរនាំនេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជនចលនាមាតាធម្មជាតិ បានពាក់អាវកោះកុងក្រៅ ហើយហាត់ប្រាណជុំគ្នានៅតាមមាត់ទន្លេចតុមុខ និងជជែកអំពីបញ្ហាកោះកុងក្រៅ ព្រមទាំងកាន់បដា ដែលពួកគេបានសរសេរថា ថ្ងៃអាទិត្យសម្រាប់កោះកុងក្រៅ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យយុវជនទាំងអស់គ្នា សរសេរប្រវត្តិរូបរបស់ពួកគេនៅលើក្រដាស សាវតារជាតិមុខសញ្ញាល្មើស ដែលមានទាំងជីវប្រវត្តិ ថ្ងៃចាប់ខ្លួន និងបទល្មើសជាដើម ។ បន្ទាប់មកអាជ្ញាធរ ឲ្យក្រុមយុវជនផ្ដល់ចម្លើយបន្ថែមទៀត ពីគោលបំណង នៃការជួបជុំគ្នានៅមាត់ទន្លេ និងលើកបដានោះ។
ទិដ្ឋភាពអាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិ ១៣នាក់ ដឹកទៅសាកសួរ នៅសាលាខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក ថុន រដ្ឋា
ក្រុមយុវជនអះអាងប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរ បានសន្យាថា ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ នៅពេលពួកគាត់បំពេញព័ត៌មានផ្ទាល់ខ្លួនរួច ប៉ុន្តែពេលបំពេញរួច អាជ្ញាធរនៅតែមិនឲ្យពួកគាត់ត្រឡប់ទៅផ្ទះឡើយ ហើយថែមទាំងឲ្យពួកគាត់ផ្ដិតមេដៃលើក្រដាសសាវតារជាតិមុខសញ្ញាល្មើសនោះថែមទៀត។
អាជ្ញាធរដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ក្រោយពីសាកសួរអស់ពេលជាច្រើនម៉ោង។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៧ មករា។
យុវជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មករា ថា គោលបំណង នៃការជួបជុំគ្នានៅមាត់ទន្លេនេះ គឺដើម្បីចំណាយពេលហាត់ប្រាណជុំគ្នា និងជជែកពីបញ្ហាកោះកុងក្រៅ នៅរៀងរាល់ថ្ងៃអាទិត្យ។ កញ្ញា ចាត់ទុកការទង្វើរបស់អាជ្ញាធរនេះ ជាការធ្វើទុក្ខបុកម្នេញដល់យុវជន ដែលខិតខំការពារបរិស្ថាន និងធនធានធម្មជាតិ។
កញ្ញា មាន លីសា៖ «ចាប់ផ្ដើមប្រាប់ប្រជាពលរដ្ឋថា យើងយកថ្ងៃអាទិត្យដើម្បីជាការសន្ទនានិយាយពីកោះកុងក្រៅរៀងរាល់សប្ដាហ៍ក្នុងមួយឆ្នាំនេះ ហើយទី២ យើងចង់ជំរុញដល់យុវជនគ្រាប់ស្រទាប់វណ្ណៈ ហើយនិងសាធារណជនចូលរួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ហើយនិងទី៣ គឺយើងចង់ឲ្យក្រសួងគោរពពាក្យសន្យារបស់ខ្លួនឯង ដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ»។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលជួបជុំគ្នាហាត់ប្រាណ និងជជែកពីបញ្ហាកោះកុងក្រៅ ដើម្បីជំរុញដល់រដ្ឋាភិបាលឲ្យដាក់កោះនេះ ជាឧទ្យានជាតិសមុទ្រ ជារឿងល្អប្រសើរសម្រាប់ការពារសម្បត្តិធនធានធម្មជាតិ និងជាប្រយោជន៍សម្រាប់ជាតិទាំងមូល។ លោកបន្ថែមថា សកម្មភាពទាំងនេះ គួរតែត្រូវបានលើកទឹកចិត្ត ព្រោះជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងមិនមែនជាបទល្មើសនោះទេ។
លោក អំ សំអាត៖ «ប៉ុន្តែផ្ទុយទៅវិញបើអាជ្ញាធរធ្វើការនាំខ្លួន ទៅធ្វើការសាកសួរ អាហ្នឹងវាជាការគំរាមកំហែងបំភិតបំភ័យសម្រាប់យុវជនក្នុងការចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ បរិស្ថាន ក៏ដូចជាការចូលរួមនៅក្នុងសង្គមជាតិ ដើម្បីធ្វើការអភិវឌ្ឍសង្គមផងដែរ ជាពិសេសគេចមិនផុតពីការទទួល ការរិះគន់អំពីការរឹតត្បិតទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការជួបជុំ»។
កោះកុងក្រៅ ជាកោះដ៏ធំស្ថិតនៅក្នុងលំហសមុទ្រកម្ពុជា មានសក្ដានុពលផ្នែកធនធានធម្មជាតិ ជីវចម្រុះ និងមានឆ្នេរខ្សាច់សក្បុស ដែលមានទីតាំងក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។
កាលពីឆ្នាំ២០២០ ក្រសួងបរិស្ថាន ធ្លាប់អះអាងថា ក្រសួងបានបញ្ជូនមន្ត្រីជំនាញទៅសិក្សា ដើម្បីដាក់បញ្ចូលតំបន់កោះកុងក្រៅនេះ ជាឧទ្យានជាតិសមុទ្រតាំងពីឆ្នាំ២០១៦ ហើយក្រសួងរំពឹងថា នៅឆ្នាំ២០២១ តំបន់កោះកុងក្រៅនឹងត្រូវបានប្រកាសជាតំបន់ឧទ្យានជាតិសមុទ្រ។ ប៉ុន្តែផ្ទុយពីការប្រកាសនេះ រដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានប្រគល់សិទ្ធិវិនិយោគកោះកុងក្រៅទាំងមូលដោយស្ងាត់ៗ កាលពីឆ្នាំ២០១៩ ទៅឱ្យក្រុមហ៊ុនកោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាសេដ្ឋីបនល្បែងស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
No comments:
Post a Comment