Monday, 15 January 2024

អ្នកឃ្លាំមើល​កម្ពុជា​ថា ការ​សាងសង់​ស្តូប​ឈ្នះឈ្នះ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ

 

Khmer Circle

CPP officials and generous spendings do belong in the same sentence, but not for the right reasons!

^^^ 

ដោយ មាន ឫទ្ធិ
2024.01.15
sharethis sharing button
អ្នកឃ្លាំមើល​កម្ពុជា​ថា ការ​សាងសង់​ស្តូប​ឈ្នះឈ្នះ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ  
លោក គន់ គីម (ឆ្វេង) និងលោក ទៀ បាញ់ (ស្ដាំ) ពេលចុះពិនិត្យការដ្ឋានស្ដូបឈ្នះឈ្នះ នៅខេត្ត​ឧត្ដរមានជ័យ កាលពីថ្ងៃទី៥ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកភាតរភាពយុទ្ធជន
 

អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​លើកឡើង​ថា ការ​ជំរុញ​ការសាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ របស់​រដ្ឋាភិបាល នៅ​តាម​បណ្ដា​ខេត្ត​នានា គឺជា​ការ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ ស្រប ពេល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ជីវភាព​ខ្វះខាត​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ថា​ដរាបណា​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ហ៊ាន​ប្រកួតប្រជែង​នយោបាយ​ដោយ​យុត្តិធម៌​ទេ នោះ​ការ​កសាង​ស្ដូប​ឈ្នះ​-​ឈ្នះ មិន​មាន​តម្លៃ​អ្វី​សោះ​ឡើយ។

អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​លើកឡើង​ថា ដើម្បី​ទទួល​បានការ​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​គួរ​ចំណាយ​ថវិកាជាតិ លើកកម្ពស់​ជីវភាព​ប្រជាកសិករ ជាជាង​ចំណាយ​លុយ​ដែល​បាន​មក​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ កសាង​ស្ដូប​ឈ្នះ​-​ឈ្នះ ឱ្យ​ប្រជាពលរដ្ឋ​ដឹងគុណ​គណបក្ស​កាន់​អំណាច។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​ចំណាយ​ថវិកាជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ស្តូប​ឈ្នះ​-​ឈ្នះ ក្នុង​ពេល​ប្រជាពលរដ្ឋ​កំពុង​មាន​ជីវភាព​ខ្វះខាត​នោះ បង្ហាញថា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មិន​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​បន្ត​ថា ការ​ចំណាយ​ថវិកាជាតិ សង់​ស្តូប​ឈ្នះ​-​ឈ្នះ គឺជា​ការ​ចំណាយ​លុយ​ខ្ជះខ្ជាយ ដែល​បាន​មកពី​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បង់ពន្ធ។

លោក ម៉ែន ណាត៖ «បើ​យើង​មើល​បច្ចុប្បន្ន​ទាំង​លោក ហ៊ុន សែន ទាំង​លោក ហ៊ុន ម៉ាណែត ក្ដី​អត់​ឃើញ​មាន​ស្មារតី​អី​ក្នុង​ការ​បង្រួបបង្រួម​ផង មានតែ​ស្មារតី​បំផ្លិចបំផ្លាញ​ខ្មែរ​គ្នាឯង ជាន់ពន្លិច​ខ្មែរ​គ្នាឯង​ហ្នឹង ហើយ​ប្រទូសរ៉ាយ​ឱ្យ​អ្នកប្រឆាំង អាហ្នឹង​វា​ផ្ទុយ​ទៅ​ហ្នឹង​រដ្ឋធម្មនុញ្ញ ហើយ​កាលណា​ផ្ទុយ​ទៅ​ហ្នឹង​ច្បាប់​ជាតិ​អស់ហើយ អ៊ីចឹង​របប​ដឹកនាំ​ហ្នឹង ជា​របប​មិនអាច​រំពឹង មិនអាច​សង្ឃឹម​អ្វី​ទៅដល់​ប្រជាពលរដ្ឋ​បានទេ»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ ធ្វើឡើង​ក្រោយ​ពី​ទេសរដ្ឋមន្ត្រី លោក គន់ គីម បាន​សម្របសម្រួល​កិច្ចប្រជុំ​សម្រេច ឆ្លាក់​ចម្លាក់​បំពាក់​ស្តូប​ឈ្នះ​-​ឈ្នះ​អន្លង់វែង កាលពី​ថ្ងៃទី​១៣ ខែមករា។

 

ស្តូប​ឈ្នះ​-​ឈ្នះ អន្លង់វែង បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ខែ​មីនា ឆ្នាំ​២០២៣ នៅ​ចំណុច​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ភ្នំ​២០០ ក្នុងស្រុក​អន្លង់វែង​។ បើ​ទោះបីជា​ស្តូប​ឈ្នះ​-​ឈ្នះ អន្លង់វែង​មិនទាន់​សាងសង់​រួចរាល់​ក្ដី ក៏​ទំហំ​របស់​ស្ដូប​នេះ មិន​ចាញ់​ទំហំ​ស្តូប​នៅ​រាជធានី​ភ្នំពេញ ដែល​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ​នោះ​ទេ​។ លោក គន់ គីម បាន​លើកឡើង​ថា ការ​សង់​ស្តូប​ឈ្នះ​-​ឈ្នះ ត្រូវ​រំលេច​ឱ្យ​ឃើញ​នូវ​គុណ​តម្លៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​វឌ្ឍនភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​អំពី​កិច្ច​ខិតខំ​របស់​ស្ថាបនិក​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​លោក ហ៊ុន សែន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​មករា។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ មាន​ប្រសាសន៍​ថា ការ​សង់​ស្ដូប​ឈ្នះ​-​ឈ្នះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដឹងគុណ​លោក ហ៊ុន សែន គឺជា​ការ​លើកតម្កើង​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ហួសហេតុ​។ លោក​បន្ត​ថា លោក ហ៊ុន សែន មិន​បាន​អនុវត្ត​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ដើម្បី​តែ​រក្សា​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​របស់​ត្រកូល​ហ៊ុន និង​បក្ខពួក​តែប៉ុណ្ណោះ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ធ្វើបាប​គេ ចាប់​គេ​ដាក់គុក​ហើយ តែ​គាត់​ទៅ​សង់​ស្ដូប សង់​អី​ឯណា​ថា​ជា​វីរបុរស រួច​យក​ថវិការដ្ឋ​ទៅ​ធ្វើ​ស្រេច​តែ​ចិត្ត អ៊ីចឹង​យក​ថវិកា​ហ្នឹង​ទៅ​ជួយ​ពលករ ជួយ​កម្មករ ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទាំងអស់​តាម​ស្រែចម្ការ​ខ្វះ​ទឹក​អីហ្នឹង អាហ្នឹង​ល្អ​ជាង»

ក្រៅពី​ការ​សង់​ស្តូប​ឈ្នះ​-​ឈ្នះ នៅ​អន្លង់វែង ក្រសួង​ការពារជាតិ​ក៏​កំពុង​សាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត រួម​មាន​ខេត្តកោះកុង ខេត្ត​បន្ទាយមានជ័យ និង​ខេត្តកំពង់ស្ពឺ​ផង​ដែរ។ កន្លង​ទៅ អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការ​កសាង​ស្ដូប​ឈ្នះ​-​ឈ្នះ ដើម្បី​រម្លឹក​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​បែប​នេះ នឹង​មិន​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នោះ​ឡើយ៕

1 comment:

Anonymous said...

Just look at their stomachs, that is really Win-Win.