Monday, 15 January 2024

ការ​កៀរគរ​ពលរដ្ឋ​ឱ្យទៅ​គាំទ្រ​និង​ទទួល​លោក ហ៊ុន ម៉ាណែត «ជា​របៀប​របស់​មេដឹកនាំ​ផ្ដាច់ការ»


ដោយ ខាន់ លក្ខិណា
2024.01.14

ការ​កៀរគរ​ពលរដ្ឋ​ឱ្យទៅ​គាំទ្រ​និង​ទទួល​លោក ហ៊ុន ម៉ាណែត «ជា​របៀប​របស់​មេដឹកនាំ​ផ្ដាច់ការ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពេលជួបពលរដ្ឋមកគាំទ្រខ្លួន​នៅប្រទេសបារំាង កាលពីថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

មន្ត្រី​បក្ស​ប្រឆាំង និង​យុវជន​លើកឡើង​ថា ការ​កៀរគរ​ពលរដ្ឋ​ឱ្យទៅ​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ( France) ថា ជា​ស្ទីល (របៀប) របស់​មេដឹកនាំ​ផ្ដាច់ការ​និង ជា​នយោបាយ​ប្រជាភិថុតិ និង​មិន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បង្ហោះ​លើ​ហ្វេសប៊ុក​អរគុណ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​រស់នៅ​ទ្វីបអឺរ៉ុប​ដែល​ទៅ​ទទួល​ស្វាគមន៍​លោក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មករា ថា ប្រជាពលរដ្ឋ​ខ្មែរ​និង​និស្សិត​រស់នៅ​ទ្វីបអឺរ៉ុប បាន​មក​ទទួល​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង​ស្វីស (Switzerland)។



ទោះជា​យ៉ាងណា​ការ​ទៅ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​របស់​លោក​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​កៀរគរ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប ឱ្យ​បង្ហោះ​សារ​គាំទ្រ និង​ឱ្យ​រង់ចាំ​ស្វាគមន៍​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រូប​នេះ តាំង​ពី​មុន​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ទៅ​ដល់​ប្រទេស​បារាំង។

សកម្មជន​បរិស្ថាន​លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​កៀរគរ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ឱ្យ​បង្ហោះ​វីដេអូ​គាំទ្រ និង​រង់​ទទួល​នេះ គឺជា​ស្ទីល​របស់​ការដឹកនាំ​បែប​ផ្ដាច់ការ ហើយ​ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​ថា មាន​ពលរដ្ឋ​គាំទ្រ​ខ្លួន​ច្រើន ប៉ុន្តែ​សកម្មភាព​នេះ គ្មាន​ផល​ប្រយោជន៍​អ្វី​ដល់​ប្រទេស​ជាតិ​ឡើយ។

លោក​កត់សម្គាល់​ថា មេដឹកនាំ​ប្រទេស​ផ្សេង​វិញ គឺ​គេ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ធ្វើ​ដូច្នេះ​ឡើយ ពីព្រោះ​ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​គឺ​ជា​កាតព្វកិច្ច​រដ្ឋាភិបាល។ លោក​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ងាយ​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ប្រទេស​លោក​សេរី។

    លោក លី ចាន់ដារ៉ាវុត៖ «ខ្ញុំ​ចង់​ឃើញ​មិនមែន​តែ​មេដឹកនាំ​ទេ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅក្នុង​របប​ដឹកនាំ​របស់​គាត់​ហ្នឹង ដោះស្រាយ​បញ្ហា​ដោយមាន​ប្រសិទ្ធភាព​ជា​ការ​កៀរគរ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​ចេញ​វីដេអូ​ឃ្លីប​គាំទ្រ​ខ្លួន។ យើង​ឃើញ​នៅ​ក្នុង​សង្គម​មាន​បញ្ហា​ច្រើន ហើយ​បញ្ហា​ទាំងអស់​នោះ​វា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ឱ្យ​បាន​ម៉ត់ចត់ ហើយ​ទទួលស្គាល់​យើង​មាន​បញ្ហា​ហើយ​រក​ដំណោះស្រាយ​មក ជាជាង​ទៅ​ជួល​មនុស្ស​ប៉ុន្មាន​នាក់ ឬ​យក​មនុស្ស​ពី​អង្គភាព ឬ​កងកម្លាំង​របស់​ខ្លួន​មក​ដើរ​ខមិន ឬ​ចេញពី​វីដេអូ​ដើម្បី​គាំទ្រ​ខ្លួន អាហ្នឹង​វា​មិនអាច​ដោះស្រាយ​បញ្ហា​សង្គម​បាន​ទេ»។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ មានប្រសាសន៍​ថា ការ​កៀរគរ និង​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​នេះ គឺ​មិន​ខុស​ពី​ឪពុក​របស់​លោក ធ្វើ​កន្លង​មក​នោះ​ទេ។

លោក​ថា អ្នក​ដែល​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត គឺ​ភាគច្រើន​អ្នក​ដែល​មាន​ផលប្រយោជន៍​នៅ​កម្ពុជា និង​និស្សិត​មួយចំនួន ប៉ុន្តែ​ការ​ទៅ​ទទួល​នេះ​អាច​មក​ពី​រង​ការ​គំរាម​កំហែង។ លោក​ចាត់ទុក ការ​កៀរគរ​ពលរដ្ឋ និង​និស្សិត​ឱ្យទៅ​ចាំ​ទទួល​និង​ចាំ​ទះដៃ​គាំទ្រ​នេះ ថា មិន​ខុសពី​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​កូរ៉េខាងជើង (North Korean) ឡើយ។

    លោក ម៉ែន សុថាវរិន្ទ្រ៖ «ប្រទេស​យើង​ចូលក្នុង​ផ្ដាច់ការ​ហើយ បើសិនជា​យើង​អ្នក​ប្រជាធិបតេយ្យ​សេរី​មែន គឺ​គេ​មិន​ដែល​បង្ហាញ​អ៊ីចឹង​ទេ ឱ្យធ្វើ​ទង្វើ​ឱ្យ​ល្អ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រៀបចំ​ប្រទេសជាតិ​ឱ្យ​ត្រឹមត្រូវ មើល​លោក ហ៊ុន ម៉ាណែត ឡើង ៤​ខែ​ជាង​ហើយ​តើ គាត់​ឃើញ​បាន​បំពេញ​អ្វីខ្លះ​តើ​បាន​ធ្វើ​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ​ដល់​ប្រទេស​ជាតិ។ ខ្ញុំ​មើល​ទៅ​ឃើញ​ពួក​របប​ផ្ដាច់ការ​ប្រទេស​ណា ដូច​ប្រទេស​ណា យើង​មើល​តែ​កូរ៉េ​ខាងជើង​ទៅ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក អាន សុខឿន បាន​ទេ​នៅ​ថ្ងៃ​ទី១៤ មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​កាល​ពី​ពេល​ថ្មីៗ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ប្រាប់​ប្រធានាធិបតី បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​ឪពុក​របស់​លោក​នោះ​ទេ គឺ​មាន​ចរិត​ផ្ដាច់ការ​បំផ្លាញ​ជាតិ ជិះជាន់​អ្នក​ប្រជាធិបតេយ្យ និង​ធ្វើបាប​ប្រជាពលរដ្ឋ។

ការ​ផ្ញើ​សារ​របស់​លោក សម រង្ស៊ី នេះ បន្ទាប់​ពី​ប្រធានាធិបតី​លោក អេម៉ានុយអែល ម៉ាក្រុង កាល​ពី​ចុង​ឆ្នាំ​២០២២ ធ្លាប់​បាន​រម្លឹក​លោក ហ៊ុន សែន អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ធានា​អធិបតេយ្យភាព​បូរណភាព​ទឹកដី​របស់​កម្ពុជា​សម្រាប់​ការ​កសាង​កម្ពុជា​ឡើងវិញ ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង។

លោក សម រង្ស៊ី រំលឹក​ថា នៅ​ពេល​លោក ហ៊ុន សែន វិលត្រឡប់​ពី​បារាំង​វិញ លោក​ក៏​បន្ត​អនុវត្ត​គោល​នយោបាយ​រឹតត្បិត​របស់​លោក​ពេញ​មួយឆ្នាំ​២០២៣ ដូចជា​ការ​ចាប់ខ្លួន​អនុប្រធាន​បក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី ការ​កាត់ទោស​លោក កឹម សុខា ការ​កាត់​ទោស​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ រួម​ទាំង​ការ​ចាប់​ឃុំខ្លួន និង​អំពើ​ហិង្សា​វាយដំ កាប់សម្លាប់​លើ​អ្នក​រិះគន់​ជាច្រើន​នាក់​ទៀត។

លើស​ពី​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏បាន​បិទ​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត ហើយ​រៀបចំ​ការបោះឆ្នោត ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច ដើម្បី​ផ្ទេរអំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត៕

1 comment:

Anonymous said...

Hun Manet feels unsecured because he was not selected by the people. He rose to power through a rigged and predetermined election.