2024.01.04

ពលរដ្ឋមូលដ្ឋាននៅក្រុងសំពៅពូន បង្ហើបឱ្យដឹងថា កាស៊ីណូមួយចំនួននៅទីនោះដែលមានអ្នកធំខ្មែរកាងការពារពីក្រោយ កំពុងប្រព្រឹត្តអំពើខុសច្បាប់ ដូចជា មានការឃុំខ្លួនមនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញជាដើម។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេត ចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងទាំងនោះ និងជួយសង្គ្រោះជនរងគ្រោះ។
ស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្ដាល ត្រូវបានគេស្គាល់តាមរយៈសំណង់អគារបនល្បែងធំៗ និងខ្ពស់ៗ ជាប់នឹងព្រំដែនកម្ពុជា-វៀតណាម។
ប្រភពពីពលរដ្ឋមូលដ្ឋានឱ្យដឹងថា បើទោះបីជារដ្ឋាភិបាលបានប្រែក្លាយទឹកដីតាមព្រំដែននេះ ទៅជាទីក្រុងដែលមានប្រព័ន្ធរដ្ឋបាល ដាច់ដោយឡែកពីស្រុកកោះធំក្ដី ក៏ប្រជាពលរដ្ឋដែលរស់នៅលើទឹកដីជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាមនេះ ហាក់មិនទទួលបានផលលាភពីការផ្លាស់ប្ដូរនេះទេ។ នោះក៏ដោយសារអគារបនល្បែងស្អេកស្កះជាច្រើន ដែលមានមនុស្សមិនតិចជាងម៉ឺននាក់ធ្វើការ ដែលមួយចំនួនធំត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់នោះ មិនត្រូវការទិញរបស់របរពីអ្នកមូលដ្ឋានប៉ុន្មានទេ។ អ្នកភូមិសំពៅពូនថា សូម្បីតែទឹកផឹកដបក៏ពួកថៅកែចិនផលិតខ្លួនឯងនៅខាងក្នុងបរិវេណកាស៊ីណូដែរ។
អ្នកភូមិ និងអ្នកធ្វើការក្នុងកាស៊ីណូអះអាងថា បនល្បែងគ្រប់គ្រងដោយជនជាតិចិន និងមានអ្នកធំខ្មែរកាងការពារពីក្រោយទាំងនោះ មានលាក់បំពួនសកម្មភាពខុសច្បាប់នានា ដូចជាអំពើឆបោកអនឡាញ និងបង្ខាំងមនុស្សបង្ខំឱ្យប្រព្រឹត្តអំពើទុច្ចរិត។
ពលរដ្ឋម្នាក់រស់នៅក្រុងសំពៅពូនដែលធ្លាប់ធ្វើការនៅក្នុងកាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីសត វើលដ៍ (Casino Golden Fortune Resort World) ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងដើមថា កាស៊ីណូចំនួន៤ ក្នុងចំណោមកាស៊ីណូចំនួន៦កន្លែង ក្នុងក្រុងសំពៅពូន នៅតែមានករណីបុគ្គលិករត់ចេញពីអគារកាស៊ីណូ ដោយសារតែបុគ្គលិកទាំងនោះមិនអាចទ្រាំចំពោះការឃុំខ្លួន និងបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។ កាស៊ីណូទាំងនោះរួមមាន ១. កាស៊ីណូ ហ្គោលដេន ហ្វ័រធ្យូន រីសត វើលដ៍ (Casino Golden Fortune Resort World) ហៅកាស៊ីណូព្រីម ២. កាស៊ីណូ យ៉ុង យ័ន ( Casino Yong Yuan) ៣. កាស៊ីណូ ប៉ាស៊ីហ្វិក រៀលអ៊ីសស្តែត ម៉ានិច្ចមិន (Pacific Real Estate Management) ហៅកាស៊ីណូ រិច វើលដ៍ (Rich World) ឬហៅថា កាស៊ីណូដំរីពីរ និង៤. កាស៊ីណូ កាឡាក់ស៊ី (Casino Galaxy)។
ពលរដ្ឋរូបនេះបន្តថា បុគ្គលិកដែលត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការទាំងនោះ ភាគច្រើនបានចាញ់បោកការឃោសនា ដែលគេកុហកថា មកធ្វើការតាមអនឡាញនៅកម្ពុជា នឹងទទួលបានប្រាក់ខែច្រើន ប៉ុន្តែពេលមកដល់ពួកគេត្រូវបានមេការជនជាតិចិនឃុំខ្លួន និងបង្ខំឱ្យធ្វើការរកលុយតាមការឆបោកអនឡាញលើមនុស្សជុំវិញពិភពលោក ដោយមិនទទួលបានប្រាក់ខែរហូតដល់រកលុយតាមគោលដៅកំណត់។ លោកបញ្ជាក់ថា សម្រាប់សន្តិសុខវិញមានការតឹងរ៉ឹងខ្លាំងក្នុងការចេញចូល។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «គេហាមយកទូរស័ព្ទចូល សន្តិសុខគេឆែកម្ដងហើយ មានមួយដំណាក់កាលទៀតមានម៉ាស៊ីនស្កេនយកចូលអត់បាន ព្រោះអីកន្លែងហ្នឹងតឹងរ៉ឹងណាស់ គឺយើងចូលអត់បានទេ បើយើងថតរូបព័ត៌មានអីអត់បានទេ បើយើងចូលទៅអាហ្នឹងយកទូរស័ព្ទចូលលែងបាន តែបើលោកគ្រូចូលលេងកាស៊ីណូ អាហ្នឹងដឹងតែកាស៊ីណូហ្នឹងហើយ រឿងថាឱ្យលោកគ្រូទៅដល់កន្លែងគេធ្វើការ ឡើងជាន់អគារគឺគេអត់អនុញ្ញាតបានទេ»។
លាតសន្ធឹងលើផ្ទៃដីប្រមាណ១០ហិកតារ និងមានអគារបណ្ដោយប្រមាណ១០០ម៉ែត្រ កម្ពស់៤ ទៅ៥ជាន់ ប្រមាណ២០អគារ កាស៊ីណូ ហ្គោលឌេន ហ្វ័រធ្យូន (Casino Golden Fortune) គឺជាកាស៊ីណូដែលមានអគារច្រើន និងទំហំធំជាងគេក្នុងចំណោមអគារកាស៊ីណូ នៅក្រុងសំពៅពូន។
ឈឺខ្លួនបើរកលុយមិនបាន
បុគ្គលិកដែលកំពុងធ្វើការនៅកាស៊ីណូ ហ្គោលឌេន ហ្វ័រធ្យូន (Casino Golden Fortune) ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងដើម ដោយសារព្រួយបារម្ភពីសុវត្ថិភាពថា បុគ្គលិកបុរសដែលត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការឆបោក និងចាប់ជំរិតតាមអនឡាញភាគច្រើន គឺជាជនជាតិចិន។ ចំណែកឯបុគ្គលិកជាស្ត្រីភាគច្រើនគឺជាជនជាតិវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងចម្រុះជាតិសាសន៍ផ្សេងៗទៀត ក្នុងនោះក៏មានកុមារផងដែរ។
ខុសពីកាស៊ីណូផ្សេងៗដែលបើកឱ្យភ្ញៀវចូលលេងដោយសេរីនោះ កាស៊ីណូ ហ្គោលឌិន ហ្វ័រធ្យូន មិនអនុញ្ញាតឱ្យភ្ញៀវទូទៅចូលលេងនោះឡើយ។ ភ្ញៀវដែលចង់ចូលលេងកម្សាន្តកាស៊ីណូនេះត្រូវបំពេញទម្រង់ ប៉រ៣ ដែលជាទម្រង់បញ្ជាក់អត្តសញ្ញាណតាមអនឡាញរបស់កាស៊ីណូជាមុនសិន ទើបឆ្មាំសន្តិសុខដែលយាមនៅខាងមុខអគារកាស៊ីណូអនុញ្ញាតឱ្យចូលលេង។
បុគ្គលិកធ្វើការនៅកាស៊ីណូហ្គោលដេន ហ្វ័រធ្យូន (រីសត វើលដ៍) ម្នាក់ទៀត ប្រាប់វិទ្យុអាស៊ីសេរីថា បើសិនជាបុគ្គលិកដែលមេការចិនឃុំខ្លួន បង្ខំឱ្យធ្វើការទាំងនោះមិនគោរពវិន័យការងារ ឬមិនអាចរកលុយបានតាមការកំណត់របស់មេការ នោះពួកគេនឹងប្រឈមការវាយធ្វើបាប និងយកទៅឃុំនៅជាន់ទី១ នៃអគារប៊ី១ (B1) ក្នុងបរិវេណកាស៊ីណូ។ បុគ្គលិករូបនេះបន្តអះអាងថា ក្រៅពីបង្ខំឱ្យធ្វើការឆបោកតាមអនឡាញហើយនោះ បុគ្គលិកស្ត្រីជាច្រើនក៏ត្រូវបានមេការបង្ខំឱ្យធ្វើការបម្រើសេវាផ្លូវភេទ និងថតវីដេអូអាសអាភាសទៀតផង។
ចាប់បានម្នាក់ឱ្យ៥០ដុល្លា
ពលរដ្ឋរស់នៅសង្កាត់សំពៅពូនលើកឡើងថា បើទោះបីជាបុគ្គលិកកាស៊ីណូមួយចំនួនអាចរត់ចេញពីអគារកាស៊ីណូបានក្ដី ក៏ពួកគេភាគច្រើននៅតែត្រូវបានចាប់ខ្លួនបញ្ជូនទៅក្នុងកាស៊ីណូវិញ ព្រោះមេការកាស៊ីណូបានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ឆ្មាំសន្តិសុខណាដែលអាចចាប់បានអ្នករត់ចេញពីកាស៊ីណូ ហើយប្រគល់ទៅឱ្យកាស៊ីណូវិញ ដោយទទួលបាន ៥០ដុល្លារអាមេរិកសម្រាប់អ្នកប៉ុនប៉ងរត់គេចម្នាក់។
អតីតឆ្មាំសន្តិសុខនៅក្នុងកាស៊ីណូ ហ្គោលឌិនហ្វ័រធ្យូន សុំមិនបញ្ចេញអត្តសញ្ញាណដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីថា បុគ្គលិកដែលត្រូវបានគេឆបោកឱ្យមកធ្វើការ ភាគច្រើនដឹកយកចូលនៅក្នុងកាស៊ីណូនៅម៉ោង១ ទៅម៉ោង២ យប់។ លោកថា ពួកគេគ្មានសេរីភាពទេ ហើយត្រូវធ្វើការ១២ម៉ោងនៅក្នុងមួយថ្ងៃ ។ លោកបន្តថា បុគ្គលិកដែលឃុំខ្លួន និងបង្ខំឱ្យធ្វើការ ភាគច្រើនត្រូវផ្លាស់ប្ដូរកន្លែងធ្វើការ ឬលក់បន្តឱ្យទៅធ្វើការនៅកន្លែងផ្សេងរយៈពេល៦ ឬមួយឆ្នាំម្ដង។ កន្លែងផ្សេងៗទាំងនោះរួមមាន កាស៊ីណូ យ៉ុងយ័ន (Young Yuan) ដែលជាកាស៊ីណូនៅក្បែរគ្នា នៅក្នុងសង្កាត់សំពៅពូន ឬផ្លាស់ប្ដូរទៅកាស៊ីណូឆ្ងាយៗ នៅកំពង់សោម ឬស្វាយរៀង ជាដើម។ បុរសរូបនេះបន្តថា លោកនិងអ្នកខ្លះទៀត នៅតែដើរល្បាតម្ដងម្កាល ដើម្បីរកមើលបុគ្គលិកណាដែលលួចចេញពីកាស៊ីណូ ដើម្បីចាប់បញ្ជូនទៅក្នុងកាស៊ីណូវិញដើម្បីទទួលបានប្រាក់រង្វាន់។
អ្នកភូមិជួយជនជាតិវៀតណាមរត់ចេញពីការឃុំខ្លួន
ទោះជាយ៉ាងណា ក៏នៅមានអ្នកភូមិដែលមានសន្ដានចិត្តជួយដល់ជនរងគ្រោះដែរ។ អ្នកភូមិព្រែកស៊ឹងរស់នៅក្បែរអគារកាស៊ីណូ ហ្គោលឌិន ហ្វ័រធ្យូន ម្នាក់ឱ្យដឹងថា បច្ចុប្បន្នមិនសូវមានបុគ្គលិកអាចរត់ចេញពីកាស៊ីណូបានទៀតទេ។ លោកថា កាលពីប្រមាណ៤ខែមុន អំឡុងខែសីហា មានករណីបុគ្គលិកកាស៊ីណូរត់ចេញពីកាស៊ីណូញឹកញាប់ណាស់។ លោកបញ្ជាក់ថា លោកធ្លាប់ជួយលាក់បុគ្គលិកម្នាក់ជាជនជាតិវៀតណាមដែលរត់ចេញពីកាស៊ីណូ។ លោកថា ពេលនោះ លោកនិងអ្នកភូមិមានចិត្តអាណិតសន្ដោសដល់ជនរងគ្រោះដែលបានរត់ចេញមកដល់ខាងក្រៅ ហើយក៏ស្រាក់លុយគ្នាបានជាង១០ម៉ឺនរៀល ប្រគល់ឱ្យបុរសនោះដើម្បីអាចធ្វើសោហ៊ុយធ្វើដំណើរបន្តទៅស្រុកកំណើតវិញ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ប្រហែលម៉ោង៩ ម៉ោង១០យប់ រត់ចេញមកអ៊ីចឹង សន្តិសុខសុទ្ធតែទីប សុទ្ធតែដុំឥដ្ឋ ដេញវាយគ្នាអ្នករត់ហ្នឹង ជនជាតិវៀតណាម ច្រើនតែជនជាតិវៀតណាមខាងជើង រត់មកតាមហ្នឹង រត់ពួនប្រឡោះហ្នឹង និយាយទៅថាយើងមានមនុស្សធម៌ ចេញមករួចហើយថា អត់មានលុយមួយរៀល អ៊ីចឹងពួកខ្ញុំចេះតែរៃគ្នាទៅ ម្នាក់១ម៉ឺន ម្នាក់២ម៉ឺន ឱ្យធ្វើសោហ៊ុយចេញទៅ។ យួនខាងជើង វាថាវាមកប៉ុន្មានខែ អត់បើកប្រាក់ខែអត់អីឱ្យ»។
រត់គេចដោយរបៀបណា?
បើតាមអ្នកភូមិសំពៅពូនរូបនេះ នៅខណៈមេការកំពុងរៀបចំឱ្យបុគ្គលិកប្រមាណ៣០-៤០នោះឡើងឡានដែលកំពុងចតចាំនៅជិតខ្លោងទ្វារ ដើម្បីបញ្ជូនផ្ទេរពួកគេឱ្យទៅធ្វើការកន្លែងផ្សេង បុគ្គលិកកាស៊ីណូទាំងនោះ ក៏បាននាំគ្នារត់សម្រុកចេញមកក្រៅរបង។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «រត់ចេញព្រូមកក្រៅមក មកភ្ជង់អ្នកសន្តិសុខយាមទ្វាបើកទ្វារឱ្យហ្នឹង រត់ចេញមកដល់ក្រៅ បានសន្តិសុខតាមចាប់ តាមវាយវិញ ចាប់បានយកចូលវិញ វាយសុទ្ធតែទក់សាច់ តាមដឹង»។
បដិសេធ និងកាងការពារ
ឆ្លើយតបទៅនឹងការលើកឡើងទាំងនេះ មេប៉ុស្តិ៍ប៉ូលិសសង្កាត់សំពៅពូន គឺលោក ឃុត ប៊ុនថន ប្រាប់វិទ្យុអាស៊ីសេរីពេលថ្មីៗនេះថា លោកមិនបានដឹងពីករណីឃុំខ្លួនបុគ្គលិក និងបង្ខំឱ្យធ្វើការនៅក្នុងអគារកាស៊ីណូក្នុងសង្កាត់សំពៅពូននោះទេ។
លោក ឃុត ប៊ុនថន៖ «ខ្ញុំអត់បានទទួលដំណឹងផងបង អត់បានទទួលដំណឹងផង ឥឡូវខ្ញុំកំពុងនៅវៀតណាមឯណេះ ប្រហែលជា៤ ទៅ៥ថ្ងៃទៀត បានខ្ញុំបានមក ព្រោះខ្ញុំនៅវៀតណាម»។
ទោះជាយ៉ាងណា បុគ្គលិកដែលកំពុងធ្វើការក្នុងកាស៊ីណូនៅក្រុងសំពៅពូន២នាក់ និងអ្នកមូលដ្ឋានម្នាក់ និយាយដោយមិនហ៊ានបញ្ចេញអត្តសញ្ញាណដោយសារព្រួយបារម្ភពីសុវត្ថិភាពថា កាស៊ីណូទាំងនោះសុទ្ធតែមានអ្នកធំខ្មែរនៅពីក្រោយខ្នង។ ពួកគេអះអាងថា អ្នកធ្វើការនៅកាស៊ីណូ និងអ្នកភូមិសំពៅពូន បានដឹងនិងនិយាយតៗគ្នាថា លោក ហ៊ីង ប៊ុនហៀង ប្រធានអង្គរក្សនាយករដ្ឋមន្ត្រី គឺជាអ្នកកាងការពារបនល្បែងឈ្មោះរិច វើលដ៍ កាស៊ីណូ (Rich World Casino) ឬប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) ហៅថា កាស៊ីណូដំរីពីរ (Two Elephant Casino)។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឈរឈ្មោះកាងការពារអគារកាស៊ីណូហ្គោលដេន ហ្វ័រធ្យូន (Casino Golden Fortune Resort World) តាំងតែពីលោកមិនទាន់ឡើងជានាយករដ្ឋមន្ត្រីមកម្ល៉េះ។
បុគ្គលិកកាស៊ីណូថ្លែងលាក់ឈ្មោះ៖ «កាស៊ីណូអាដំរី២ ដែលគេវាយផ្អើលលើកមុន គេថារបស់ ហ៊ីង ប៊ុនហៀង បើកាស៊ីព្រីមវិញ គេថារបស់ខ្សែសម្ដេច តាំងពីសម្ដេចមិនទាន់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គេថារបស់ខ្សែខាងហ្នឹង។ សូម្បីតែប៉ូលិស ពេលមានបញ្ហាអីនៅក្នុងហ្នឹង ប៉ូលិសចូលទៅដោះអត់បាន អត់ឱ្យប៉ូលិសចូលទៅបានទៀត បើប៉ូលិសចូលមែនគឺឈរកាងនៅខាងមុខហ្នឹង ហើយទៅវិញតែម្ដង អត់ឱ្យចូលដល់កន្លែងទេ»។
ប៉ុន្មានថ្ងៃនេះ វិទ្យុអាស៊ីសេរីបានទូរស័ព្ទទៅសុំការឆ្លើយបំភ្លឺរឿងនេះ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានអង្គរក្សនាយករដ្ឋមន្ត្រីលោក ហ៊ីង ប៊ុនហៀង ក៏ប៉ុន្តែមិនអាចទាក់ទងបានទេ។
ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា អ្នកស្រីមិនទាន់បានដឹងពីករណីឃុំខ្លួន និងការបង្ខំមនុស្សឱ្យធ្វើការនៅក្នុងអគារកាស៊ីណូ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាលនេះទេ។
អ្នកស្រី ជូ ប៊ុនអេង៖ «អត់ទាន់ដឹងរឿងហ្នឹងទេអូន អត់ទាន់ដឹងរឿងទេ អត់ទាន់មានរបាយការណ៍មកដល់ ព្រោះខ្ញុំនៅកំពុងជាប់ក្នុងកិច្ចប្រជុំ»។
វាមិនមែនជារឿងចម្លែកទេដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនតែងតែឆ្លើយតបបែបនេះនៅពេលអ្នកកាសែតសួរសំនួរអំពីការទទួលខុសត្រូវរបស់ពួកគេ។ មន្ត្រីខ្លះឆ្លើយថា ខ្លួនកំពុងជាប់ប្រជុំ មិនមានពេលឆ្លើយទេ មន្ត្រីខ្លះឆ្លើយថា មិនទាន់ដឹងពីព័ត៌មាននោះទេ ឬមិនទាន់ទទួលបានរបាយការណ៍ពីមន្ត្រីថ្នាក់ក្រោម បើទោះជាព័ត៌មានទាំងនោះត្រូវបានផ្សព្វផ្សាយពាសពេញផ្ទៃប្រទេសស្ទើរបែកហ្វេសប៊ុកក៏ដោយចុះ។ ចំណែកមន្ត្រីខ្លះទៀតឆ្លើយថា ខ្លួនកំពុងជាប់រវល់នៅក្រៅប្រទេស ហើយក៏មានមន្ត្រីខ្លះទៀតបានច្រានចោលរបាយការណ៍អង្គការសិទ្ធិមនុស្ស ដែលខ្លួនមិនទាន់បានអានរបាយការណ៍នោះផង។
មន្ត្រីសិទ្ធិមនុស្ស
ទោះជាយ៉ាងណាក៏ដោយចុះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា អាជ្ញាធរ ជាពិសេសក្រសួងមហាផ្ទៃ គួរតែបើកការស៊ើបអង្កេតទៅលើកាស៊ីណូ ដែលប្រជាពលរដ្ឋបានលើកឡើងពីករណីឃុំខ្លួន និងបង្ខំមនុស្សឱ្យប្រព្រឹត្តអំពើខុសច្បាប់នេះ ហើយចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកបន្តថា នេះជាឱកាសដែលថ្នាក់ដឹកនាំកម្ពុជាគួរស្ដារមុខមាត់កម្ពុជានៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគល្អៗ មកជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
រាជរដ្ឋាភិបាល ពេលដែលទទួលបានព័ត៌មានហ្នឹង ឬក៏មានករណីទាំងអស់ហ្នឹងកើតឡើង ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់ឱ្យខានតែបាន ទី២គឺជនណាក៏ដោយឱ្យតែពាក់ព័ន្ធអំពើពុករលួយពីបទល្មើសទាំងអស់ហ្នឹង ត្រូវតែធានាថា អនុវត្តផ្លូវច្បាប់ឱ្យខានតែបាន។
លោក អំ សំអាត បន្ថែមថា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងបទល្មើសចាប់ជំរិតតាមអនឡាញ ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួរបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដៃគូក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែសីហា រកឃើញថាកម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា (Myanmar) គឺជាមជ្ឈមណ្ឌលស្នូលនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅតំបន់អាស៊ីអាគ្នេយ៍ ។ យ៉ាងហោចណាស់ មានមនុស្ស ១សែននាក់បានក្លាយជាជនរងគ្រោះ នៃការបង្ខំឱ្យប្រព្រឹត្តិអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
No comments:
Post a Comment