2024.01.04

អ្នកឃ្លាំមើលថា លោក ហ៊ុន សែន នៅតែមាន មហិច្ឆតាគ្រប់គ្រងអំណាចកំពូលរបស់ជាតិ។ អ្នកឃ្លាំមើលលើកឡើងដូច្នេះ ខណៈមេដឹកនាំគណបក្សប្រជាជនកម្ពុជា មួយរូបទៀត នឹងរបូតតំណែងប្រធានព្រឹទ្ធសភា នៅចុងខែកុម្ភៈខាងមុខ ព្រោះលោក ហ៊ុន សែន នឹងចូលទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ វិញ នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតព្រឹទ្ធសភា។
លោក សាយ ឈុំ អាចជាមេដឹកនាំជាន់ខ្ពស់សេរីចាស់របស់គណបក្សកាន់អំណាច ដែលនឹងបាត់បង់អំណាចក្រោយគេ ក្នុងផែនការផ្ទេរអំណាចរបស់គ្រួសារលោក ហ៊ុន សែន។ ទោះយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាចអះអាងថា នេះជារៀបចំចាត់កម្លាំង ដើម្បីដឹកនាំស្ថាប័នកំពូលរបស់ជាតិរបស់គណបក្សឈ្នះឆ្នោត។
អ្នកសិក្សាការអភិវឌ្ឍន៍បណ្ឌិត សេង សារី យល់ថា គម្រោងលោក ហ៊ុន សែន ទៅដឹកនាំស្ថាប័នព្រឹទ្ធសភា នៅពេលខាងមុខនេះ ជាការរៀបចំ ដើម្បីឱ្យគ្រួសារត្រកូល ហ៊ុន អាចគ្រប់គ្រងតំណែងបានយូរតទៅទៀត។ លោកបន្តទៀតថា ផែនការរបស់លោក ហ៊ុន សែន ជាការបង្ហាញថា លោក ហ៊ុន សែន នៅតែមានមហិច្ឆតាគ្រប់គ្រងអំណាច។ លោកបន្តទៀតថា ឆ្នាំ២០២៤ ក្រុមគ្រួសារលោក ហ៊ុន សែន នៅតែបន្តគ្រប់គ្រងបក្ស និងគ្រប់គ្រងប្រទេសក្នុងដៃយ៉ាងណែនដដែល បូករួមទាំងការរារាំងមិនឱ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចុងក្រោយអាចចូលរួមបោះឆ្នោតព្រឹទ្ធសភាថែមទៀតផង។
បំណងលោក ហ៊ុន សែន គ្រោងធ្វើជាប្រធានព្រឹទ្ធសភា ទំនងគ្មានឧបសគ្គឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសជាង៩ពាន់៣រយអាសនៈ (៩.៣៣៨) ក្នុងចំណោមសរុបជាង ១ម៉ឺន ១ពាន់អាសនៈ (១១.៦២២) ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានសំឡេងច្រើនលើសលប់អាចដឹកនាំព្រឹទ្ធសភាបានដដែល។
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា មូលហេតុលោក ហ៊ុន សែន ច្បាមយកតំណែងប្រធានព្រឹទ្ធសភាមួយទៀត ព្រោះលោក ហ៊ុន សែន ត្រូវការអំណាច ដើម្បីអាចធានាថា កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចដឹកនាំរដ្ឋាភិបាលយូរអង្វែង។ លោកបន្តថា លោក ហ៊ុន សែន កំពុងព្យាយាមលើកក្រុមគ្រួសារត្រកូល ហ៊ុន ឱ្យខ្ពង់ខ្ពស់ ដូចវង្សត្រកូលព្រះមហាក្សត្រ ត្បិតប្រធានព្រឹទ្ធសភា នឹងក្លាយទៅជាប្រមុខរដ្ឋស្ដីទី នៅពេលអវត្តមានព្រះមហាក្សត្រ។ លោកបន្តទៀតថា ទង្វើរបស់លោក ហ៊ុន សែន នេះ ទំនងធ្វើឱ្យផ្ទៃក្នុងរបស់គណបក្សកាន់អំណាចមិនពេញចិត្តទេ ហើយបើនៅពេលណា លោក ហ៊ុន សែន មានបញ្ហាសុខភាពធ្ងន់ធ្ងរ មេដឹកនាំគណបក្សកាន់អំណាចទាំងនោះ អាចនឹងងើបឡើងប្រឆាំងក្រុមគ្រួសារលោក ហ៊ុន សែន។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសកាលពីខែសីហា ឆ្នាំ២០២៣ ថា លោកនឹងទៅធ្វើជាប្រធានព្រឹទ្ធសភា នៅក្នុងនីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខ ជំនួសលោក សាយ ឈុំ។ ដូចការអះអាងនេះមែន នៅពេលនេះលោក ហ៊ុន សែន បានឈរឈ្មោះនៅក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងភូមិភាគទី៣ ខេត្តកណ្តាល។ ប្រសិនបើគ្មានការប្រែប្រួល ក្រោយការបោះឆ្នោតព្រឹទ្ធសភា ថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ លោក ហ៊ុន សែន នឹងឡើងធ្វើជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដ្បិតលោក សាយ ឈុំ ដែលសព្វថ្ងៃជាប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ នឹងត្រូវដាក់ឱ្យចូលនិវត្តន៍។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា នេះជាសិទ្ធិសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរៀបចំចាត់ចែងកម្លាំង ដើម្បីស្ថាប័នកំពូលរបស់ជាតិ ដើម្បីការពារសន្តិភាព ដឹកនាំប្រទេសឱ្យមានការរីកចម្រើន។ លោកអះអាងថា ការរៀបចំដាក់ឱ្យលោក សាយ ឈុំ ចូលនិវត្តន៍ នាពេលខាងមុខដ៏ខ្លីនេះ មិនប៉ះពាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាឡើយ។
កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ដែលជាពេលលោក ហ៊ុន សែន ផ្ទេរអំណាចនាយករដ្ឋមន្ត្រី ឱ្យទៅលោក ហ៊ុន ម៉ាណែត ប្រធានគណបក្សកាន់អំណាចរូបនេះ បានរុញមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានឥទ្ធិពលមួយចំនួន ដូចជា លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងលោក ជា សុផារ៉ា ជាដើម ឱ្យទៅធ្វើជាសមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ ចំណែករូបលោក ដែលធ្វើជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនេះ មានឋានៈស្មើនាយករដ្ឋមន្ត្រី រីឯលោក ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនេះ មានឋានៈស្មើនាយករដ្ឋមន្ត្រីដែរ៕
No comments:
Post a Comment