Saturday, 3 February 2024

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ ២​នាក់​ទៀត​គឺ​លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា


ដោយ ហ៊ុំ ចំរើន
2024.02.02

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ ២​នាក់​ទៀត​គឺ​លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា  
អតីតមន្ត្រី​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា ពេលត្រូវសមត្ថកិច្ចថៃចូលចាប់ខ្លួន​ដល់​បន្ទប់ នៅ​ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២ កុម្ភៈ ២០២៤។
រូប​៖ ផ្តល់ឱ្យ
 

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន​២​នាក់ គឺ លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា និង​បាន​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ថៃ​នៅ​រសៀល​ថ្ងៃទី​២ កុម្ភៈ។ ពួកគេ​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​អនុវត្ត​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ខ្មែរ។

ប៉ូលិស​ថៃ​បាន​បញ្ជូន​សកម្មជន​អតីតមន្ត្រី​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា ទៅ​ឃុំខ្លួន​ទីតាំង ២​កន្លែង ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​រសៀល​ថ្ងៃ​ទី២ កុម្ភៈ។

អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម លោក គង់ រ៉ៃយ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប៉ូលិស​ថៃ​ចូល​ទៅ​ចាប់​លោក និង​គ្រួសារ​ដល់​បន្ទប់​ស្នាក់នៅ​ទីក្រុង​បាងកក ហើយ​ពេលនេះ​ប៉ូលិស​ថៃ​បាន​ឃុំខ្លួន​ពួក​លោក​នៅ​ការិយាល័យ​ប៉ូលិស​អន្តោ​ប្រវេ​សន្ត​នៅ​ទីក្រុង​បាងកក​(Bangkok)​។ លោក ចាត់ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោយសារ​លោក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់។ «»

 

ដោយឡែក​ចំពោះ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត គឺ​លោក ផន ផាន់ណា វិញ ប៉ូលិស​បាន​ចូល​ទៅ​ចាប់ខ្លួន​ដល់​បន្ទប់​ស្នាក់នៅ​ខេត្ត​រាក់យ៉ង (Rayorng) នៅ​រសៀល​ថ្ងៃទី​២ កុម្ភៈ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ប៉ូលិស​មូលដ្ឋាន​ក្នុង​ខេត្ត​រាក់យ៉ង។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ កុម្ភៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​យល់​ឃើញ​ថា ការ​ចាប់ខ្លួន​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ពួកគេ​ជា​ជនភៀសខ្លួន ដែល​ទទួលស្គាល់​ដោយ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​(UNHCR)​នៅ​ទីក្រុង​បាងកក។ «»

សព្វថ្ងៃ​មាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​១២០​នាក់ ពួកគាត់​ជា​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ការងារ​សង្គម និង​សកម្មជន​ដីធ្លី ជាដើម ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ដែល​ពួកគេ​ប្រឈម​ការ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ថៃ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កម្ពុជា​វិញ ហើយ​ក្រៅ​ពី​នេះ ក៏​មាន​ភៀសខ្លួន​ផ្សេង​ទៀត ត្រូវ​ជន​មិន​ស្គាល់​វាយ​ធ្វើ​បាប​នៅ​ប្រទេស​ថៃ​ផង​ដែរ៕

1 comment:

Anonymous said...

Chau Kinh Kuok Hun Manet must stop following his father fucker's footsteps. So he must stop persecuting Khmer innocent patriots. Enough is enough.