Monday 13 May 2024

គ្រួសារ និងសហជីពទទូចឱ្យតុលាការដោះលែងប្រធានសហជីពលោក ម៉ម រិទ្ធី


ដោយ យ៉ង ចាន់តារា
2024.05.12
 
គ្រួសារ និងសហជីពទទូចឱ្យតុលាការដោះលែងប្រធានសហជីពលោក ម៉ម រិទ្ធី 
លោក ម៉ម រិទ្ធី ថ្លែងនៅក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក CLC

សាច់ញាតិ និង​មន្ត្រី​សហជីព ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​​លើ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​និយោជិក​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) លោក ម៉ម រិទ្ធី និង​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខ័ណ្ឌ។

គ្រួសារ និង​សហជីព ចាត់​ទុក​ការ​ចាប់​ខ្លួន លោក ម៉ម រិទ្ធី គឺជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាមកំហែង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សហជីព តាមរយៈ​ការ​ចាប់​កំហុស​ដើម្បី​ចោទ​ប្រកាន់។

ប្រពន្ធ លោក ម៉ម រិទ្ធី គឺ​លោកស្រី គង់ សុដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១១ ខែ ឧសភា  ថា លោកស្រី​ហួសចិត្ត និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដែល​តុលាការ​ផ្ដន្ទាទោស​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​រយៈពេល១ឆ្នាំ៦ខែ ។ លោក​ស្រី​បន្ត​ថា តុលាការ​គួរតែ​ពិចារណា​ដោះលែង​ប្ដី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

លោកស្រី គង់ សុដា៖ «ជា​ចុងក្រោយ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​គ្រប់​ក្រុម​ការងារ​ទាំងអស់ និង​ខាង​មន្ត្រី​រាជការ តុលាការ​ជួយ​គាត់​សើរើ​រឿង​ហ្នឹង​វិញ​ពីព្រោះ​ហ្នឹង​វា​អត់​សាក​សម​ចាប់​គាត់​ឃុំ​ដល់​ថ្នាក់​ហ្នឹង។ រឿង​អស់​ហ្នឹង​លឺ​ថា តាំង​ពី​ឆ្នាំ២០២២ ហើយ​ស្ត្រី​ដែល​គាត់​បាន​ជួយ​ក៏​គាត់​បាន​ចេញ​ពី​ពន្ធនាគារ​យូរ​ហើយ​ដែរ។ ហេតុអ្វី​ក៏​មាន​រឿង​ហ្នឹង​កើត​ឡើង? រឿង​ហ្នឹង​នៅ​តែ​មាន​ការ​ងឿងឆ្ងល់​សម្រាប់​ខ្ញុំ​»​

 

លោក ម៉ម រិទ្ធី គឺជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​និយោជិក​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) និង​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​សកម្ម​ដើម្បី​ការពារ​អត្ថប្រយោជន៍​ឱ្យ​កម្មករ​ក្នុង​វិស័យ​ដឹកជញ្ជូន។ កាលពីទី៧ ខែ​ឧសភា តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​កំបាំង​មុខ​ផ្ដន្ទាទោស​លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ​កន្លះ ពី​បទ«ញុះញង់ និង​បទ​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ» គឺ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពីថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ករណី​រឿង​ចាប់​ខ្លួន​បុគ្គលិក​ជា​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ម ស្រី​ល័ក្ខណ នៅ​កាស៊ីណូ ជិនប៉ី (jin bei) ដែល​លោក​មើល​ឃើញ​ថា គឺជា​រឿង​អយុត្តិធម៌  ហើយ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​សហជីព​លោក​ត្រូវ​តែ​ចេញ​មុខ​ជួយ​ការពារ និង​ទាមទារ​រក​យុត្តិធម៌​ជូន​សមាជិក​សហជីព​។

ជុំវិញ​ករណី​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ជិនប៉ី (jin bei) បាន​ដក​ពាក្យ​បណ្ដឹង​លើ​លោក ម៉ម រិទ្ធី រួច​ហើយ​កាល​ពីឆ្នាំ២០២២  ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ចោល​បទ​ប្រកាន់ និង​ដោះលែង លោក ម៉ម រិទ្ធី ឱ្យ​មាន​សេរីភាព។  លោក​បន្ត​ថា ករណី​ចាប់​ខ្លួន លោក ម៉ម រិទ្ធី នេះ​គឺជា​រូបភាព​បំភិតបំភ័យ សម្លុត គំរាមកំហែង និង​យាយី​ដល់​សិទ្ធិ​របស់​តំណាង​កម្មករ​ដែល​បង្ក​ឧបសគ្គ​ដល់​ការ​ប្រើប្រាស់​សិទ្ធិ​សហជីព។

លោក អាត់ ធន់​៖ «​វា​អត់​មាន​រឿង​ចម្លែក​អី​ទេ​និយាយ​ទៅ​ថា​បទ​ចោទ​ហ្នឹង​បទ​ល្មើស​ជាអាទិ៍​ហ្នឹង​គិត​ថា​ពេញ​និយម។ ម្យ៉ាង​ទៀត ដោយសារ​គាត់​ជា​ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព​ឯករាជ្យ​ទៀត ការ​ធ្វើ​បែប​ហ្នឹង​ខ្ញុំ​គិត​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ក្នុង​រឿង​ហ្នឹង ឬ​ក៏​អាច​ជា​ការ​ដាក់​សម្ពាធ​ចលនា​សហជីព​របស់ពួក​យើង។ អ៊ីចឹង​បាន​ជា​យើង​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​»​

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី១១ ខែ​ឧសភា​។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​បញ្ចេញ​មតិ​របស់​លោក ម៉ម រិទ្ធី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក គឺជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មិនមែន​ជា​ការ​ញុះញង់​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម រិទ្ធី នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​រឹតត្បិត​សេរីភាព និង​ធ្វើ​ឱ្យ​លំហ​នៃ​ការ​អនុវត្ត​សិទ្ធិ​នៅ​កម្ពុជា​កាន់តែ​រួម​តូច។

លោក នី សុខា​៖ «​ដើម្បី​ឱ្យ​មាន​ការ​លើក​កម្ពស់​នូវ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឱ្យ​មាន​ជំនឿ​ប្រព័ន្ធ​អយុត្តិធម៌​យើង​ដើម្បី​ឱ្យ ប្រជាពលរដ្ឋ​មាន​ជំនឿ​គឺជា​រឿង​មួយ​ដែល​តុលាការ​គួរតែ​បង្ហា ញ​រឿង​មួយ​ដែល​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់។ ជា​ទូទៅ​ប្រសិន​ជា​យើង​ពិនិត្យ​មើល​លើក​ករណី​មួយ​ចំនួន​ដែល​ជា​ការ​សម្រេច​សេចក្ដី​ដោយ​ភាព​អយុត្តិធម៌​រឿង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ទៅ​ដល់​តម្លៃ​របស់​តុលាការ​»​

ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ ជិនប៉ី (jin bei) ដែល​លោក ម៉ម រិទ្ធី តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​ជូន​លោកស្រី ម៉ម ស្រីល័ក្ខណ នោះ​គឺជា​របស់​លោក ចេន ហ្ស៊ី (Chen Zhi) ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ គ្រូប (Prince Group) និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សាច់ញាតិ និង​មន្ត្រី​សហជីព លើកឡើង​ថា ពួកគាត់​នឹង​បន្ត​នីតិវិធី​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ការ​ចាប់​ខ្លួន លោក ម៉ម រិទ្ធី ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​បំបាត់​សំឡេង​សហជីព​ត​ទៅ​ទៀត៕

1 comment:

Anonymous said...

Ah Hun Baillonet Manet should not follow his father's footsteps. Sooner or later, all of Ah Hun Family will go to hell without dying first.