Monday 13 May 2024

ពលករចាញ់បោកមេខ្យល់ទៅបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចំនួន ២៤នាក់បានដល់កម្ពុជា


ដោយ មាន ឫទ្ធិ
2024.05.13

ពលករចាញ់បោកមេខ្យល់ទៅបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចំនួន ២៤នាក់បានដល់កម្ពុជា  
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ជូនដំណើរពលករដែលត្រូវបានជួយសង្គ្រោះ ឡើងយន្តហោះនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីវិលកម្ពុជាវិញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូប៖ គណនី​ហ្វេសប៊ុកលោក អ៊ុក សារុន

ក្រុម​ពលករ​ចាញ់​បោក​មេខ្យល់​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ចំនួន ២៤នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ក្រសួងការងារ និង​ស្ថានទូត​បាន​បញ្ចូន​​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា។ ទោះ​ជា​យ៉ាងណា នៅ​តែ​មាន​ពលករ​ច្រើន​នាក់​ទៀត​កំពុង​រង​ការ​រំលោភបំពាន​សិទ្ធ​ការងារ និង​បន្ត​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​ជួយ​ជម្លៀស​ពួកគេ​ចេញ​ពី​កន្លែង​ក្រុមហ៊ុន និង​ផ្ទះ​ថៅកែ​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត។

ក្រុមពលករ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត មក​ដល់​កម្ពុជា​វិញ​និយាយ​ថា ពួកគាត់​ប្រៀប​បី​ដូចជា​មាន​ជីវិត​ជា​ថ្មី​ទៀត បន្ទាប់​ពី​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) ដែល​បញ្ជូនពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ហើយ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ និង​ផ្លូវ​ចិត្ត ដោយសារ​តែ​ក្រុមហ៊ុន និង​ថៅកែ​បង្ខំ​ឱ្យ​​ធ្វើ​ការ​ច្រើន​ម៉ោង មិន​ផ្តល់​បាយ​ទឹក​ឱ្យ​ហូប​គ្រប់គ្រាន់ ហើយ​ពលករ​ខ្លះ​ថែមទាំង​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​ឱ្យ​ទៀត​ផង។

ពលករ​ចំនួន ២៤នាក់​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ ស្ថិត​ក្នុង​ចំណោម​ចំនួន​ពលករ​ចំនួន ៣៩នាក់ ដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ជម្លៀស​ពួកគេ​ចេញ​ពី​កន្លែង​ថៅកែ​បង្ខាំង​កាល​ពី​ថ្ងៃ​ទី១៩ ខែមេសា។ ចំណែក ពលករ ១៥នាក់​ផ្សេង​ទៀត បញ្ជាក់​ថា ស្ថានទូត​នឹង​ជួយ​សម្របសម្រួល​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​ឆាប់ៗ​ខាង​មុខ​នេះ។

 

ក្រុម​ពលករ​មួយ​ចំនួន​ត្រូវ​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ បង្ខំ​ឱ្យ​ពួកគេ​សរសេរ​លិខិត​កិច្ច​សន្យា​មុន​ឡើង​យន្តហោះ​មក​កម្ពុជា​វិញ ដោយ​ក្នុង​លិខិត​កិច្ច​សន្យា​នោះ​តម្រូវ​ឱ្យ​ក្រុមពលករ មិន​ត្រូវ​ប្ដឹង​ផ្ដល់​ក្រុមហ៊ុន​នោះ​ទេ និង​ត្រូវ​បញ្ចប់​រាល់​បញ្ហា​ទាំងអស់។

ទោះ​ជា​បែប​នេះក្ដី ក្រុម​ពលករ​អះអាង​ថា ពួកគេ​មិន​អាច​ទទួល​យក​ទង្វើ​ដែល​ក្រុមហ៊ុន​គ្មាន​ទំនួល​ខុសត្រូវ និង​ថៅកែ​រំលោភ​បំពាន​សិទ្ធិ​កម្មករ​ខ្មែរ​បែប​នេះ​បាន​ឡើយ ហើយ​ពួកគេ​គ្រោង​ជួបជុំ​គ្នា​ពិភាក្សា ដើម្បី​ប្ដឹង​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ។

ពលករ​ម្នាក់​ដែល​មក​ដល់​កម្ពុជា​វិញ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំលាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ពលករ​ដែល​បាន​មក​ដល់​កម្ពុជា​ចំនួន ២៤នាក់ និង​ក្រុម​ពលករ​ដែល​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃទី២៨ ខែមេសា​កន្លង​ទៅ នឹង​ជួប​ជុំ​គ្នា ដើម្បី​ពិភាក្សា​ពី​ការ​រៀប​ចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ហ្វាទីណា ឱ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។ ពលករ​រូប​នេះ បញ្ជាក់​ថា ក្រុម​ពលករ​ជាង ១រយ​នាក់ (១៣៣នាក់) ដែល​ត្រូវ​បាន​បញ្ចូន​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត តាមរយៈ​ក្រុមហ៊ុន ហ្វាទីណា ភាគច្រើន​សុទ្ធតែ​ជួប​បញ្ហា​ថៅកែ និង​ក្រុមហ៊ុន​រំលោភ​បំពាន​សិទ្ធិ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលករ ហើយ​នៅ​ពេល​ក្រុម​ពលករ​នាំ​គ្នា​ស្រែក​តវ៉ា​នោះ ក្រុម​ថៅកែ​តែង​គំរាម និង​​ឃុំឃាំង​ពួកគេ​ក្នុង​បន្ទប់។

ពលករ​ម្នាក់​សុំលាក់​អត្តសញ្ញាណ​៖ «ដោយសារ​ខ្ញុំ​ចាំ​គ្នា​ខ្ញុំ​មក​ឱ្យ​អស់​សិន ខ្ញុំ​វិញ​ខ្ញុំ​ត្រូវ​តែ​ប្ដឹង គ្រាន់​តែ​ចាំ​គ្នា​មក​ឱ្យ​អស់​សិន ព្រោះ​ខ្ញុំ​ខាត​ការងារ​ខ្ញុំ​នៅ​ជាមួយ​គាត់ [ក្រុមហ៊ុន ហ្វាទីណា] ច្រើន​ខែ​ណាស់ នៅ​ខ្មែរ​ក៏​ខ្ញុំ​បម្រើ​ពួកគាត់ បម្រើ​ដូច​នៅ​អារ៉ាប៊ី សាអ៊ូឌីត អ៊ីចឹង​គ្មាន​បាន​លុយ​មួយ​រៀល​ទេ។ ប្រើ​យើង​ដាំ​បាយ បម្រើ​ពួក​សិស្ស​ជប៉ុន បង់​លុយ​ឱ្យ​គាត់ ហើយ​សិស្ស​ច្រើន​ប្រើ​យើង និយាយ​ទៅ​សិស្ស​អារ៉ាប់​គាត់​ប្រើ​យើង​ទាំងអស់​ហ្នឹង​បោក​ខោ​អាវ​គ្រួសារ​គាត់ មិន​ត្រឹម​សម្អាត​ក្នុង​សាលា​ទេ សម្អាត​ដល់​ផ្ទះ​គាត់​ផ្សេងៗ​ទៀត»

មក​ទល់​ពេល​នេះ មាន​ពលករ​សរុប​ចំនួន ៥១នាក់​ហើយ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បញ្ជូន​មក​ដល់​កម្ពុជា​វិញ។ ទោះ​ជា​យ៉ាង​ណា​នៅ​មាន​ពលករ​ប្រមាណ ៨០នាក់​ទៀត​កំពុង​ជាប់​ក្នុង​ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ហើយ​ពលករ​ខ្លះ​នៅ​តែ​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពួកគេ​ជា​បន្ទាន់ ដោយសារ​តែ​​ពួកគេ​ខ្លះ​ត្រូវ​ថៅកែ​ឃុំ​ក្នុង​បន្ទប់ និង​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ទាំង​ឈឺ។

ក្នុង​ចំណោម​ពលករ​កំពុង​ជាប់​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត​ទាំង​នោះ​មាន​ម្នាក់​គឺ​លោកស្រី ចំរើន ស្រីសរ រៀបរាប់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកស្រី​បាន​ឈប់​ធ្វើ​ការ​ជាង ២០ថ្ងៃ​មក​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​បើក​ប្រាក់ខែ​ជូន​លោកស្រី​នៅ​ឡើយ​ទេ។ លោកស្រី​បញ្ជាក់​ថា ស្ថានទូត​បាន​ជម្លៀស​លោកស្រី​ចេញ​ពី​កន្លែង​ផ្ទះ​ថៅកែ​ឱ្យ​មក​ស្នាក់នៅ​ជាមួយ​ពលករ​ម្នាក់​ទៀត​ក្នុង​ក្រុមហ៊ុន​នៅ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​បាន​ផ្ដល់​អាហារ​ឱ្យ​លោកស្រី​បាន​ហូប​គ្រប់គ្រាន់​នោះ​ទេ។ លោកស្រី​ចង់​ឱ្យ​ស្ថានទូត និង​ក្រសួង​ពាក់ព័ន្ធ ពន្លឿន​នីតិវិធី​បញ្ជូន​លោកស្រី​មក​កម្ពុជា​ឱ្យ​បាន​ឆាប់។

លោកស្រី ចំរើន ស្រីសរ៖ «ខ្ញុំ​និយាយ​ប្រាប់​ត្រង់ ថ្ងៃ​ហ្នឹង​អី​ក៏​គេ​អត់​ធ្វើ​ម្អូប​ឱ្យ​ដែរ ខ្ញុំ​សុំ​ស្នើ​ឱ្យ​ជួយ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ខ្មែរ​ឆាប់ៗ​ផង ព្រោះ​អី​ម៉ែ​ខ្ញុំ​មាន​ជំងឺ​ភ្នែក ហើយ​គ្មាន​អ្នកណា​មើល​គាត់​ទេ កូន​ខ្ញុំ​ក៏​នៅ​ជាមួយ​គាត់​ដែរ​នៅ​ជាមួយ​យាយៗ រ៉ាវ​ពីមពើម​ឱ្យ​ហូប​ខ្ញុំ​លើក​ម្រាម​ដៃ​ដប់​ជួយ​ខ្ញុំ​ឆាប់ៗ​ផង»

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែឧសភា។

ជុំ​វិញ​រឿង​នេះ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ក្រសួង​ស្ថានប័ន​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ជួយ​សង្គ្រោះ​ក្រុម​ពលករ​ខ្មែរ​បញ្ជូន​មក​កម្ពុជា​វិញ​គឺ​ជា​រឿង​មួយ ប៉ុន្តែ​រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ស៊ើបអង្កេត​លើ​ភ្នាក់ងារ​ក្រុមហ៊ុន​ដែល​បញ្ជូន​ក្រុម​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដើម្បី​ឱ្យ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក ឃុន ថារ៉ូ៖ «បញ្ហា​ផ្ដល់​ការងារ​ទាំង​អស់​នៅ​វា​ស្ថិត​ក្រោម​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ ប្រសិន​ជា​មិន​មាន​វិធានការ​ក្នុង​ការ​រក​មុខ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ បញ្ហា​នេះ នឹង​អាច​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយ​ករណី​នេះ ប្រសិន​ជា​មិន​រក​មុខ អ្នក​ដែល​ទទួល​ខុស​ត្រូវ​បញ្ហា​ទាំង​អស់​នេះ​ដែល​កើត​ឡើង​ទេ យើង​អាច​និយាយ​បាន​ថា មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​គាត់​កំពុង​ស្ថិត​ក្រោម​នៃ​លក្ខខណ្ឌ​ការងារ ការ​កែង​ប្រវ័ញ្ច ការ​រំលោភ សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ»

ចាប់​តាំង​ពី​ក្រុមពលករ​ស្វែង​រក​កិច្ច​អន្តរាគមន៍​តាំង​ពី​អំឡុង​ខែមីនា មក ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) គឺ​លោក ម៉ាន តើរ៉មីហ្សី (Man Teramizy) និង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការងារ​ផង​នោះ ក៏​បាន​ចេញ​មុខ​អន្តរាគមន៍ និង​បាន​ទៅ​ជួប​ក្រុម​ពលករ​ដល់​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា លោក ម៉ាន តើរ៉មីហ្សី ទៅ​ជួប​ក្រុមពលករ​នេះ គឺ​ដើម្បី​រៀបចំ​នីតិវិធី និង​បង់លុយ​សំណង​ជំងឺ​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ដៃ​គូ​សហការ​របស់​ខ្លួន​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដើម្បី​អាច​បញ្ជូន​ពលករ​ដែល​ក្រុមហ៊ុន​របស់​លោក​លក់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ម្នាក់​ចន្លោះ​ពី ១ពាន់ដុល្លារ (១.០០០) ដែល​មិន​ទាន់​ចប់​កិច្ច​សន្យា​ការងារ​អាច​ត្រឡប់​មក​កម្ពុជា​វិញ។ ក្រៅ​ពី​នេះ ក្រុម​ពលករ​បញ្ជាក់​ថា ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា ក៏​តែង​ព្រមាន​ដល់​ក្រុម​ពលករ​ថា បើ​ពួកគនៅ​តែ​និយាយ​រឿង​ឃុំឃាំង និង​បញ្ហា​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​នោះ នោះ​ក្រុមហ៊ុន និង​ស្ថានទូត នឹង​មិន​ដោះស្រាយ​បញ្ហា និង​ទុក​ឱ្យ​ក្រុម​ពលករ​បន្ត​ជាប់​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត តទៅ​ទៀត៕

No comments: