Saturday 18 May 2024

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ប្រារព្ធ​រំលឹក​ថ្ងៃ​ដែល​បារាំង​កាត់​ឱ្យ​វៀតណាម​ត្រួតត្រា​កាល​ពី​៧៥​ឆ្នាំ​មុន

 

ដោយ យន់ សាមៀន
2024.05.17

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ប្រារព្ធ​រំលឹក​ថ្ងៃ​ដែល​បារាំង​កាត់​ឱ្យ​វៀតណាម​ត្រួតត្រា​កាល​ពី​៧៥​ឆ្នាំ​មុន  
ពិធី​រំលឹក​ខួប​បាត់​បង់​ទឹកដី​កម្ពុជា​ក្រោម ក្រោម​អធីបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ កាលពីឆ្នាំ​២០១៩។
រូប៖ សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ​និង​ប្រទេស​មួយ​ចំនួន​នឹង​ប្រារព្ធ​ទិវា​លើក​ទី ៧៥​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ខុសច្បាប់​ឲ្យ​វៀតណាម​ត្រួតត្រា។ ពួកគេ​លើកឡើង​ថា ការ​រំលឹក​ព្រឹត្តិការណ៍​នេះ​ដើម្បី​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ និង​ដើម្បី​សំដែង​ការ​ដឹងគុណ​ដល់​វីរភាព និង​ពលី​កម្ម​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ថែរក្សា​ពូជសាសន៍​ខ្មែរ​សាសនា​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ ឲ្យ​បាន​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​កម្ពុជា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នឹង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ថ្ងៃទី​៤ ​ខែ​មិថុនា នៅ​ឯ​វត្ត​សាមគ្គីរង្សី ឋិត​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង ១១​និង​៣០​ថ្ងៃត្រង់​ថ្ងៃអាទិត្យ ទី​៩ មិថុនា។ ក្នុង​ពិធី​នេះ​នឹង​មាន​ពិធីបុណ្យ​សង្ឃទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៧៥​អង្គ ឧទ្ទិស​មហាកុសល​ប្រគេន​គោរព​វិញ្ញាណក្ខន្ធ ព្រះវីរៈសមណៈ និង​ជូន​ដួង​វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរ​ស្នេហា​ជាតិ​។ សមាគម​ក៏បាន​អញ្ជើញ​តំណាង​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជា​ព្រះអធិបតី​ភាព​ផង​ដែរ។

បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់​កាល​ពី​ថ្ងៃទី​៤​ខែ​មិថុនា ឆ្នាំ​១៩៤៩ រហូត​មក​ទល់​ពេល​នេះ មាន​រយៈពេល ៧៥​ឆ្នាំ​ហើយ៕

No comments: