2024.05.17
ក្រុមគ្រួសារមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រិះគន់រដ្ឋាភិបាលថា ស្នើការលើកលែងទោស ចំពោះអ្នកជាប់ឃុំ គ្មានតម្លាភាព ដោយរំលងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឱ្យទណ្ឌិតចំនួន ១៤នាក់ ប៉ុន្តែក្នុងចំណោមនោះ ពុំមានឈ្មោះអ្នកទោសមនសិការឡើយ។
មកទល់ពេលនេះ ក្រុមអ្នកទោសនយោបាយ និងអ្នកទោសមនសិការ ដែលសហគមន៍ជាតិ និងអន្តរជាតិ តែងទាមទារឱ្យរដ្ឋាភិបាល ដោះលែងឱ្យមានសេរីភាពនោះ ប៉ុន្តែពួកគាត់នៅតែគ្មានវាសនាទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសតាមគោលការណ៍របស់ក្រសួងយុត្តិធម៌ក្នុងឱកាសបុណ្យជាតិឡើយ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក កាក់ កុម្ភារ ដែលកំពុងជាប់ពន្ធនាគារ លោកស្រី ព្រំ ចន្ថា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែឧសភា ថា ការសម្រេចលើកលែងទោសដល់អ្នកជាប់ឃុំ ក្នុងឱកាសបុណ្យជាតិ កន្លងមក គឺគ្មានតម្លាភាព និងរើសអើងនិន្នាការនយោបាយ ដោយរដ្ឋាភិបាល តែងតែលើកលែង និងបន្ធូរទោសឱ្យឧក្រិដ្ឋជន ប៉ុន្តែបែរជា តឹងរ៉ឹង និងដាក់សម្ពាធ មកលើអ្នកទោសមនសិការទៅវិញ។
លោកស្រី ព្រំ ចន្ថា៖ «ខ្ញុំទទូចហើយទទូចទៀតថា យើងសុទ្ធតែជាខ្មែរទេ ហើយយើងកុំស្អីបន្តិចរិះគន់ ស្អីបន្តិចយករឿងចាប់ដាក់គុក ធ្វើជាគោលការណ៍។ សូមដោះលែងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាព ដើម្បីចិញ្ចឹមប្រពន្ធកូន។ ធម្មតាប្អូន(អ្នកសារព័ត៌មាន)ត្រូវដឹងថា គាត់(លោក ហ៊ុន សែន) ក៏មានប្រពន្ធ មានកូន និងមានចៅ គាត់ក៏ចេះស្រលាញ់គ្រួសារគាត់ ហើយចុះខ្ញុំ? ពួកខ្ញុំបែកបាក់គ្រួសារ គិតមើល ថាតើនៅក្នុងពន្ធនាគារ ពិបាកយ៉ាងម៉េចខ្លះ ហើយគាត់ចាស់ៗអស់ហើយ»។
ការរិះគន់របស់ប្រពន្ធសកម្មជនបក្សប្រឆាំង រូបនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចុះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ប្រោសប្រទានការលើកលែងទោសដល់ទណ្ឌិត ចំនួន១៤រូប តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ទណ្ឌិតទាំងនោះ ត្រូវបានតុលាការផ្ដន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌ។ ក្នុងនោះ មានជនជាតិបារាំង(France)ម្នាក់ ឈ្មោះ ប្លង់ឆាត មីសែល រ៉ូជើរ (Blanchard Michel Roger) ដែលជាអ្នកទោសក្នុងករណីរំលោភបំពានផ្លូវភេទលើអនីតិជន ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍ភ្នំពេញ ផ្ដន្ទាទោសកាលពីឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគារ ១៧ឆ្នាំ ក៏បានទទួលការលើកលែងទោសផងដែរ ទោះបីទណ្ឌិតរូបនេះ អនុវត្តទោសបាន ១១ឆ្នាំគិតមកទល់ឆ្នាំ២០២៤ នេះ ហើយនៅសល់ទោស ៦ឆ្នាំទៀត ក៏ដោយ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា សង្កេតឃើញថា កន្លងមក អ្នកទោសមនសិការ និងអ្នកទោសនយោបាយ ហាក់ពុំមានវាសនាទទួលបានការលើកលែងទោស ក្នុងពេលមានបុណ្យជាតិធំៗ នោះទេ ទោះបីពួកគេ បានអនុវត្តទោសស្របតាមនីតិវិធី នៃការលើកលែងក៏ដោយ។
លោក នី សុខា៖ «អ៊ីចឹងប្រសិនបើរដ្ឋាភិបាល នៅតែបន្តមិនបានឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់សហគមន៍អន្តរជាតិនោះទេ ខ្ញុំគិតថានៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលនឹងអាចប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ពិសេសពីខាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប មួយចំនួនផងដែរ»។
រដ្ឋធម្មនុញ្ញ មាត្រា ២៧ បានបញ្ញត្តិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ មាត្រានេះធ្វើឡើងក្នុងគោលបំណង ធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្តិការណ៍ធំៗ។ ប៉ុន្តែ ទណ្ឌិតទាំងនោះ ត្រូវទទួលទោសឱ្យបាន ១ភាគ៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន ទើបអាចទទួលបានការលើកលែងទោសដែលនៅសល់។
ក៏ប៉ុន្តែ ដូចសព្វមួយដង ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែលជាប់ក្នុងពន្ធនាគារ នៅរៀងរាល់ពេលមានបុណ្យជាតិ និងព្រឹត្តិការណ៍ជាតិធំៗ កន្លងមក មិនមានឈ្មោះអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ ក្នុងបញ្ជីពិសេសមួយនេះនោះទេ។
ផ្ទុយទៅវិញ អ្នកទោសដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងការសម្លាប់មនុស្ស ដូចជាឧកញ៉ា គិត ធាង និងលោក ថោង សារ៉ាត់ និងខ្មាន់កាំភ្លើងបាញ់កម្មករឱ្យរងរបួសធ្ងន់ គឺអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាដើម បែរជាត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព ឆៅៗ បន្ទាប់ពីពួកគេជាប់ពន្ធនាគារបង្គ្រប់កិច្ចរយៈពេលខ្លី ដោយចំណាយពេលភាគច្រើន ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅមន្ទីរពេទ្យទៅវិញ។
ក្រុមគ្រួសារអ្នកទោសនយោបាយ ស្នើទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការរើសអើងផ្នែកនយោបាយ និងផ្ដល់ឱកាសនៃការលើកលែងទោសពីព្រះមហាក្សត្រ ដល់សមាជិកគ្រួសារពួកគាត់ ដែលជាប់ឃុំច្រើនឆ្នាំមកហើយនោះ ឱ្យមានសេរីភាពឡើងវិញ ស្របតាមច្បាប់ធម្មនុញ្ញ និងគោលការណ៍សិទ្ធិមនុស្ស៕
1 comment:
This bastard Hun Sen is so paranoid. He should have the courage to compete in the election freely and fairly.
Post a Comment