ដោយ នៅ វណ្ណារិន
2024.05.28
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ជូនដំណើរពលករ ដែលត្រូវបានជួយសង្គ្រោះ ឡើងយន្តហោះនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីវិលមកកម្ពុជាវិញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក អ៊ុក សារុន
ក្រុមពលករដែលចាញ់បោកមេខ្យល់ទៅបម្រើការងារតាមផ្ទះក្នុងប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) ចោទប្រកាន់ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ថា បានលក់ពួកគេទៅឱ្យក្រុមហ៊ុនដៃគូសហការក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងម្នាក់ជាង ៧ពាន់ដុល្លារ។ ក្រុមពលករឱ្យដឹងថា ក្រុមហ៊ុន ហ្វាទីណា កំពុងរកថវិកា ដើម្បីបង់សងជំងឺចិត្តដល់ក្រុមហ៊ុនដៃគូរបស់ខ្លួន ដើម្បីនាំពលករខ្មែរដែលនៅសេសសល់ត្រឡប់មកកម្ពុជាវិញ។
អគ្គនាយកក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) គឺលោក ម៉ាន តើរ៉មីហ្សី (Man Teramizy) និងភរិយារបស់លោក គឺអ្នកស្រី ស្វាយ សុគន្ធណារី កំពុងស្វែងរកកញ្ចប់ថវិកាបង់ទៅឱ្យក្រុមហ៊ុនដៃគូសហការ ដើម្បីនាំយកក្រុមពលករនៅសល់ប្រមាណ ៧០នាក់ កំពុងជាប់នៅប្រទេសអារ៉ាប៊ី សាអូឌីត ត្រឡប់មកកម្ពុជាវិញ។ ក្រុមពលករចោទថា ប្រសិនបើក្រុមហ៊ុនមួយនេះ មិនបានលក់ពួកគេទៅឱ្យក្រុមហ៊ុនដៃគូសហការរបស់ខ្លួននោះទេ ក៏ក្រុមហ៊ុនសហការមិនទាមទារសំណងពីក្រុមហ៊ុន ហ្វាទីណា នោះដែរ។
លើសពីនេះក្រុមហ៊ុន ហ្វាទីណា ក៏ធ្លាប់ព្រមានពលករថា នៅពេលទៅដល់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ហើយចង់ឈប់ធ្វើការងារមុនកិច្ចសន្យាការងារកំណត់ ពលករតម្រូវបង់ប្រាក់សំណង់ដល់ក្រុមហ៊ុនក្នុងម្នាក់ចំនួនជាង ៣ពាន់ដុល្លារ (៣.៥០០)។
ហេតុផលដែលក្រុមហ៊ុនដៃគូសហការរបស់ក្រុមហ៊ុនហ្វាទីណា ទាមទារសំណងជំងឺចិត្តដោយសារតែពលករមួយចំនួនឈប់បម្រើការងារមុនកិច្ចសន្យាការងារកំណត់ ព្រោះពួកគេមិនអាចទ្រាំទ្រនឹងការងារច្រើនម៉ោង គ្មានអាហារឱ្យហូបចុកគ្រប់គ្រាន់ ហើយពលករខ្លះត្រូវបានថៅកែបង្ខំឱ្យធ្វើការទាំងឈឺជាដើម។
ក្រុមហ៊ុន ហ្វាទីណា បានបញ្ជូនក្រុមពលករសរុបចំនួន ១៣៣នាក់ ទៅធ្វើការក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់តាំងពីអំឡុងខែកុម្ភៈ ហើយក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនដៃគូសហការ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដូចជា ក្រុមហ៊ុន ប៊ីអេប៊ី (ABA) ស្រាកូ (Sraco) និងក្រុមហ៊ុនអ៊ីនធឹណេសណល (International) ដើម្បីបញ្ជូនក្រុមពលករខ្មែរភាគច្រើនជាស្ត្រីទៅបម្រើការងារតាមផ្ទះ។
ក្រសួងការងារ ស្ថានទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងក្រសួងការបរទេសកម្ពុជាបានសម្របសម្រួលជាមួយដៃគូសហការរបស់ក្រុមហ៊ុន ហ្វាទីណា ជួយសង្គ្រោះ និងបញ្ជូនពលករខ្មែរចំនួន ៥៧នាក់ មកកម្ពុជាវិញជាបន្តបន្ទាប់ចាប់តាំងពីខែមីនា។ ពលករដែលបានមកដល់កម្ពុជាឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្រុមហ៊ុន ហ្វាទីណា បង់លុយសងជំងឺចិត្តដល់ក្រុមហ៊ុនដៃគូសហការរបស់ខ្លួនមិនក្រោមជាង ២០ម៉ឺនដុល្លារឡើយ ក្នុងការនាំយកពលករចំនួន ៥៧នាក់ត្រឡប់មកកម្ពុជាវិញ។
ពលករម្នាក់ដែលបានមកដល់កម្ពុជាវិញ ថ្លែងសុំលាក់អត្តសញ្ញាណ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាពឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្រុមហ៊ុន ហ្វាទីណា លក់ពលករទៅឱ្យក្រុមហ៊ុននៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាការពិត ហើយមុនបញ្ជូនពលករទៅធ្វើការក្នុងប្រទេសនេះម្ចាស់ក្រុមហ៊ុន ហ្វាទីណា គឺអ្នកស្រី ស្វាយ សុគន្ធណារី ថែមទាំងព្រមានក្រុមពលករថា ប្រសិនជាពលករចង់ត្រឡប់មកកម្ពុជាវិញមុនកិច្ចសន្យាការងារ ពលករត្រូវបង់ប្រាក់សំណងជូនក្រុមហ៊ុន ៣ពាន់ ៥រយដុល្លារ (៣.៥០០)។ ពលកររូបនេះ ចង់ឱ្យក្រសួងការងារបញ្ចប់ការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ហ្វាទីណា ដើម្បីកុំឱ្យមានពលករផ្សេងទៀត រងគ្រោះដោយសារក្រុមហ៊ុន។
ពលកររងគ្រោះថ្លែងសុំលាក់ឈ្មោះ៖ «តាមពិត [ក្រុមហ៊ុន អារ៉ាប៊ី សាអ៊ូឌីត] គេរៀបចំហើយអស់ហើយ គេចាំតែក្រុមហ៊ុនខ្មែរផ្ញើលុយទៅឱ្យគេទេ។ គេត្រូវការសំណង គេត្រូវការលុយគេវិញ ហើយវាយកយើងក្នុងនាមជាពលករទៅហ្នឹងក្នុងម្នាក់ ៧ពាន់ ៥រយដុល្លារ (៧.៥០០) ពួកនាងឯងបើមិនទៅប្រយ័ត្នគ្មានលុយបង់។ ចាស៎ ប្រពន្ធ [ម្ចាស់ ក្រុមហ៊ុន ហ្វាទីណា] និយាយពេលប្រជុំថា អ្នកណាអត់ទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ពេលវីសា (VISA) ធ្លាក់មកក្នុងម្នាក់ ៧ពាន់ ៥រយដុល្លារ (៧.៥០០) បើអ្នកឯងមិនទៅត្រូវសងបង់ឱ្យក្រុមហ៊ុនខ្ញុំម្នាក់ ៣ពាន់ ៥រយដុល្លារ (៣.៥០០) ដែលបានទិញសំបុត្រយន្តហោះហើយ»។
ពលករដែលអះអាងថា ក្រុមហ៊ុន ហ្វាទីណា លក់ពលករចំនួន ១៣៣នាក់ ទៅឱ្យក្រុមហ៊ុនក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្រុមហ៊ុន ហ្វាទីណា អាចទទួលបានលុយពីក្រុមហ៊ុនដៃគូសហការរបស់ខ្លួនជិត ១លានដុល្លារ។
ចំណែកពលករម្នាក់ទៀតកំពុងជាប់ក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺលោកស្រី ម៉ាលី ឱ្យដឹងដែរថា កាលពីខែមេសាថា ក្រុមហ៊ុន ហ្វាទីណា បានគំរាមលោកស្រីឱ្យបន្តធ្វើការនៅតាមផ្ទះថៅកែ ហើយប្រសិនបើចង់ត្រឡប់មកកម្ពុជាមុនកិច្ចសន្យាការងារ ក្រុមហ៊ុនបានទាមទារសំណងពីលោកស្រីចំនួន ៤ពាន់ ៥រយដុល្លារ (៤.៥០០)។ ទោះជាយ៉ាងណាក្ដី លោកស្រីពុំមានលុយបង់ឱ្យក្រុមហ៊ុនទេ ហើយមកទល់ពេលនេះកំពុងរង់ចាំក្រុមហ៊ុន និងស្ថានទូត រៀបចំនីតិវិធីបញ្ជូនមកកម្ពុជាវិញ។
លោកស្រី ម៉ាលី៖ «ព្រោះអីម្ចាស់ក្រុមហ៊ុន ពិតជាបានខលជាវីដេអូ (Video Call) មកគំរាមពួកខ្ញុំមែនថា បើពួកខ្ញុំអត់ធ្វើការងារតទៀតទេ គាត់ឱ្យបង់លុយប៉ុណ្ណេះៗ ក្រុមហ៊ុនពិតជាបានខលមកគំរាមពួកខ្ញុំមែន»។
ជុំវិញការចោទប្រកាន់នេះ ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ បកស្រាយប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេលេក្រាម (Telegram) កាលពីថ្ងៃទី២២ ខែឧសភាថា ការសម្របសម្រួលក្នុងការជួយសង្គ្រោះពលករត្រឡប់មកកម្ពុជាវិញ ក្រុមហ៊ុនពុំបានទាមទារសំណងលុយកាកពីក្រុមពលករនោះទេ។ ក្រុមហ៊ុនមួយនេះ បកស្រាយទៀតថា ក្រុមហ៊ុនរបស់ខ្លួន បញ្ជូនពលករទៅធ្វើការងារនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាក្រុមហ៊ុនស្របច្បាប់ និងមានកិច្ចសន្យាការងារត្រឹមត្រូវ ចំណែកឯ បញ្ហាពលកររងការកេងប្រវ័ញ្ចកម្លាំងពលកម្មនោះ ជារឿងវិវាទការងារ ដែលទាមទារដោះស្រាយតាមនីតិវិធីរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
ចំណែករឿងលុយចំណាយបង់ទៅឱ្យក្រុមហ៊ុនសហការ ដើម្បីនាំយកពលករត្រឡប់មកកម្ពុជាវិញនោះ ក្រុមហ៊ុនមួយនេះមិនឆ្លើយតបនឹងវិទ្យុអាស៊ីសេរីទេ។
ទោះជាបែបនេះក្ដី ក្រុមពលករបញ្ជាក់ថា មកទល់ពេលនេះ អគ្គនាយកក្រុមហ៊ុន ហ្វាទីណា គឺលោក ម៉ាន តើរ៉មីហ្សី (Man Teramizy) និងអ្នកស្រី ស្វាយ សុគន្ធណារី ហាក់កំពុងសម្ដែងដោយដើរតួកម្សត់ប្រាប់ដល់ក្រសួងការងារ និងក្រុមមន្ត្រីអាជ្ញាធរនៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត ថា ខ្លួនពុំបានដឹងអំពីទុក្ខលំបាករបស់ពលករខ្មែរ ដែលរងការរំលោភសិទ្ធិការងារក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ឡើយ។
ពលករបញ្ជាក់ថា ហេតុផល ដែលក្រុមហ៊ុនធ្វើដូច្នេះ ព្រោះក្រុមហ៊ុនចង់បានភាពត្រឹមត្រូវ និងដើម្បីបង្ហាញប្រាប់ពលករមួយចំនួនទៀត ដែលក្រុមហ៊ុនត្រៀមបញ្ជូនមកធ្វើការក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ឱ្យមានជំនឿថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើក្រុមពលករ។ ទោះជាយ៉ាងណាមកទល់ពេលនេះ ក្រុមសិស្សមួយចំនួនដែលបានរៀនវគ្គបណ្ដុះបណ្ដាលនៅក្រុមហ៊ុន ហ្វាទីណា បានត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ក្រោយពីពួកគេបានដឹងអំពីរឿងរ៉ាវអាស្រូវ និងគ្មានជំនឿលើក្រុមហ៊ុន ក្នុងការនាំពលករទៅធ្វើការងារនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
ក្រសួងការងារអះអាងថា នឹងស៊ើបអង្កេតលើក្រុមហ៊ុននាំពលករទៅបម្រើការងារ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្រសិនបើរកឃើញថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យាការងារ និងផ្ដល់កិច្ចគាំពារដល់ពលករ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែ មកទល់ពេលនេះ ក្រសួងការងារមិនទាន់បង្ហាញលទ្ធផលនៃការស៊ើបលើក្រុមហ៊ុននាំពលករទៅក្រៅប្រទេសនេះនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ អ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែឧសភា។
ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា បញ្ហាពលករទៅធ្វើការនៅក្រៅប្រទេសរងការរំលោភបំពានសិទ្ធិនេះ ហាក់មានការរៀបចំជាប្រព័ន្ធ ដែលទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតឱ្យបានច្បាស់លាស់លើក្រុមហ៊ុននៅកម្ពុជា និងសហការជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដើម្បីពិនិត្យមើលថា ក្រុមហ៊ុនពិតជានាំពលករទៅបម្រីការងារតាមផ្ទះ និងមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬយ៉ាងណា។
លោក ឃុន ថារ៉ូ៖ «ករណីនេះ ត្រូវតែមានការស៊ើបអង្កេតក្នុងករណីដែលរកឃើញថា បញ្ហាទាំងអស់នោះវាមានភាពមិនប្រក្រតីឈានដល់ការកំណត់អត្តសញ្ញាណ បុគ្គលដែលទទួលខុសត្រូវហើយ អាហ្នឹងគឺមានតែការអនុវត្តនូវវិធានច្បាប់ឱ្យបានតឹងរ៉ឹង ជនល្មើសត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយកម្មករដែលជាជនរងគ្រោះហ្នឹង គួរតែទទួលបានសំណងជំងឺចិត្តចំពោះពួកគាត់»។
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាល និងក្រសួងការងារមិនគួរព្រងើយកន្តើយ ឬផ្អាកការស៊ើបអង្កេតលើក្រុមហ៊ុន ដែលនាំពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ឡើយ។ ចំណែក ក្រុមពលករ ដែលត្រូវបានបញ្ជូនមកដល់កម្ពុជាវិញ បញ្ជាក់ថាពួកគេកំពុងរង់ចាំក្រុមហ៊ុនស្វែងរកលុយរំលោះពលករ ដែលនៅសេសសល់បញ្ជូនមកកម្ពុជាវិញ ដើម្បីនឹងរៀបចំឯកសារប្ដឹងទាមទារសំណងជំងឺចិត្ត និងទាមទារឱ្យក្រុមហ៊ុន ហ្វាទីណា ទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការណ៍ ដែលនាំពួកគេទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ហើយត្រូវថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអ្នកខ្លះទៀត មិនត្រូវបានថៅកែបើកប្រាក់ខែឱ្យជាដើម៕
No comments:
Post a Comment