2024.05.28
![លោក កង សារ៉ន ដែលជាប់ពន្ធនាគាររឿងរិះគន់បក្សកាន់អំណាច ស្នើតុលាការកំពូលឱ្យពន្លឿនសំណុំរឿង និងផ្ដល់យុត្តិធម៌ លោក កង សារ៉ន ដែលជាប់ពន្ធនាគាររឿងរិះគន់បក្សកាន់អំណាច ស្នើតុលាការកំពូលឱ្យពន្លឿនសំណុំរឿង និងផ្ដល់យុត្តិធម៌](https://www.rfa.org/khmer/news/politics/kang-saran-who-jailed-for-criticizing-the-ruling-party-asks-supreme-court-to-speed-up-his-case-and-provide-justice-05282024085534.html/@@images/42659853-eece-4528-a6e3-713b652229cd.jpeg)
លោក កង សារ៉ន ស្នើដល់តុលាការកំពូលឱ្យពន្លឿនការជំនុំជម្រះក្តី និងទម្លាក់ចោលការចោទប្រកាន់គ្មានមូលដ្ឋានលើរូបលោក ដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ ដោយសាររឿងបញ្ចេញមតិរិះគន់គណបក្សប្រជាជនកម្ពុជាអសមត្ថភាពទប់ស្កាត់រំហូរពលរដ្ឋវៀតណាមនៅកម្ពុជាខុសច្បាប់កន្លងមក។ មន្ត្រីសិទ្ធិមនុស្សចង់ឃើញតុលាការថ្នាក់លើពិចារណាដោះលែងលោក កង សារ៉ន ឱ្យមានសេរីភាពនៅពេលសវនាការខាងមុខ។
រហូតមកដល់ពេលនេះ លោក កង សារ៉ន ដែលរិះគន់ភាពអសកម្មរបស់មេដឹកនាំបក្សកាន់អំណាច បានជាប់ពន្ធនាគាររយៈជាង ៦ខែមកហើយ ក្រោយពេលសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់សាលាឧទ្ធរណ៍បាត់ដំបងបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ ទោះជាយ៉ាងណាក្ដី លោក សង្ឃឹមថា តុលាការកំពូលយកសំណុំរឿងនេះទៅជំនុំជម្រះឱ្យបានឆាប់រហ័ស និងសម្រេចក្តីដោយសុភវិនិច្ឆ័យនៅពេលខាងមុខ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែឧសភាក្រោយចូលសួរសុខទុក្ខប្ដីនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យថា ប្ដីលោកស្រីមានជំងឺលើសឈាម តែស្មារតី និងឆន្ទៈនៅតែរឹងមាំជាធម្មតាដដែល ពីព្រោះអ្វី ដែលគាត់និយាយរិះគន់បញ្ហាសង្គមកន្លងមក គឺជារឿងត្រឹមត្រូវ ជួយកែលម្អសង្គម ដោយមិនបានប្រព្រឹត្តកំហុសនោះទេ។ ម្យ៉ាងទៀត លោក កង សារ៉ន ប្រាប់លោកស្រីឱ្យថែទាំសុខភាព និងបន្តតស៊ូ បើទោះបីជាពេលនេះ គាត់កំពុងជាប់ពន្ធនាគារព្រាត់ប្រាសគ្រួសារទាំងអយុត្តិធម៌ក្ដី។
ចំណែកស្ថានភាពគ្រួសារលោក កង សារ៉ន នៅក្រៅពន្ធនាគារវិញ លោកស្រី ហង្ស ត្រឹប រៀបរាប់ថា រយៈពេលចុងក្រោយនេះ លោកស្រីពុំសូវបានទៅសួរសុខទុក្ខ ឬផ្ញើចំណីអាហារ ប្រាក់កាសជូនឪពុកឱ្យបានដិតដល់ដូចពីមុនទេ ពីព្រោះលោកស្រីធ្លាក់ខ្លួនឈឺដោយសារជំងឺរបេង និងត្រូវចិញ្ចឹមកូនស្រីគថ្លង់ម្នាក់ថែមទៀត។ លោកស្រីសង្ឃឹមថា ពលរដ្ឋខ្មែរ ដែលស្រឡាញ់យុត្តិធម៌បន្តជួយឧបត្ថម្ភគាំទ្រដល់គ្រួសារលោកស្រីតទៀត។
លោក កង សារ៉ន ត្រូវបានអាជ្ញាធរចោមរោមចាប់ និងឃុំខ្លួនដាក់ក្នុងពន្ធនាគារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ពាក់ព័ន្ធនឹងទស្សនៈនយោបាយរបស់លោក ដែលលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកអំឡុងពេលយុទ្ធនាការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពីបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត?
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថ្លែងថា ចាប់តាំងពីមេធាវីការពារក្តីឱ្យលោក កង សារ៉ន ប្ដឹងជំទាស់មកតុលាការកំពូល តុលាការជាន់ខ្ពស់មួយនេះមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយទេ។ លោក ភុន ឈិន ដែលតាមឃ្លាំមើលរឿងនេះថា ករណីរបស់លោក កង សារ៉ន ត្រូវបានសាធារណៈមតិចាត់ទុកជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយបញ្ហានេះធ្វើឱ្យពលរដ្ឋផ្សេងទៀត ភ័យក្នុងការបញ្ចេញមតិ ឬទស្សនៈអំពីបញ្ហាសង្គមតទៅទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែឧសភា។
ទោះជាយ៉ាងណា ក្ដី កាលពីពេលកន្លងមក ការចាប់ឃុំខ្លួនលោក កង សារ៉ន និងអ្នកហ៊ានបញ្ចេញមតិដទៃទៀត ត្រូវបានមន្ត្រីសិទ្ធិមនុស្ស និងមជ្ឈដ្ឋានទូទៅរិះគន់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា បានរំលោភលើសេរីភាពរបស់ពលរដ្ឋ ធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាទទួលស្គាល់។ ពួកគេទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់យកប្រព័ន្ធតុលាការធ្វើជាអាវុធ ដើម្បីគំរាមកំហែង បំភិតបំភ័យលើប្រជាពលរដ្ឋ ហើយដោះលែងអ្នកជាប់ឃុំ ដោយសារការអនុវត្តសិទ្ធិរបស់ខ្លួនឱ្យមានសេរីភាពវិញ ដោយឥតលក្ខខ័ណ្ឌ៕
No comments:
Post a Comment