2024.05.30
ដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំ ឋិតក្នុងតំបន់អេកូទេសចរល្អាងគ្រី នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តកោះកុង បន្តទទួលរងការកាប់រំលំធ្វើអាជីវកម្មដោយគ្មានការទប់ស្កាត់។
ពលរដ្ឋចំនួន ៤ភូមិរស់នៅស្រុកស្រែអំបិល ដែលទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងតំបន់នោះ សោកស្តាយចំពោះការបាត់បង់មរកតធម្មជាតិទាំងនេះ។
ប្រជាសហគមន៍រស់នៅឃុំដងពែង ស្រុកស្រែអំបិល ព្រួយបារម្ភពីអនាគតដើមឈើធំៗដែលមានតម្លៃ នៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ ក្នុងតំបន់អេកូទេសចរល្អាងគ្រី នឹងវិនាសហិនហោចអស់ ប្រសិនបើក្រសួងបរិស្ថាននៅតែមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើកំពុងកើតមានក្នុងតំបន់នោះ។
ប្រធានសហគមន៍អេកូទេសចរល្អាងគ្រី លោក ស៊ីម ខ្មៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ឧសភា ថា ក្រុមជនល្មើសលួចកាប់ឈើធំៗជាច្រើនដើម ក្នុងខែឧសភានេះ។ លោកថា ទីតាំងបទល្មើសព្រៃឈើនោះ ឋិតក្នុងតំបន់ដែលភ្ញៀវទេសចរតែងតែបោះតង់កម្សាន្តគយគន់ទេសភាព ហើយទីនោះក៏ជាជម្រកសំខាន់របស់សត្វព្រៃ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោកថា ប្រជាសហគមន៍មានគ្នាតិចមិនអាចទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះបានទេ ហើយពួកលោកបានផ្តល់ដំណឹងនេះឱ្យមន្ត្រីបរិស្ថានចុះអន្តរាគមន៍រួចហើយ ក៏ប៉ុន្តែគ្មានបានផលឡើយ។
លោក ស៊ីម ខ្មៅ៖ «ព្រួយបារម្ភដែរ ប៉ះពាល់ខ្លាំងភ្ញៀវដើរទេសចរតាមហ្នឹង គាត់មើលឃើញការបំផ្លាញអ៊ីចឹងទៅ គាត់បារម្ភថ្ងៃមុខហ្នឹងអស់។ បទល្មើសហ្នឹងភ្ញៀវសួរនាំ ខ្លាចមានរឿងដល់ភ្ញៀវ។ ការបំផ្លាញនេះវាធ្ងន់ធ្ងរដល់ខាងមុខដែរ»។
កាលពីសប្តាហ៍មុនប្រជាសហគមន៍មួយក្រុម និងភ្ញៀវទេសចរបរទេសជាច្រើននាក់បានប្រទះឃើញ ដើមឈើធំៗជាច្រើនដើម មានមុខកាត់ ៥តឹក ដល់ជាង ២ម៉ែត្រ ត្រូវគេកាប់ផ្តួលឋិតក្នុងតំបន់អេកូទេសចរណ៍ល្អាងគ្រី នៃភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រជាសហគមន៍ចាត់ទុកបទល្មើសព្រៃឈើទាំងនេះជាដំណើរឈានទៅរកការវិនាសកម្មធនធានធម្មជាតិកេរដូនតា ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបង្កប៉ះពាល់ជម្រកសត្វខ្ទីង ប្រើស ជ្រូកព្រៃ និងខ្លាឃ្មុំ ជាដើម។
អ្នកនាំភ្ញៀវទេសចរទស្សនាព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ លោក លី រ៉ាន់ ឱ្យដឹងថា ក្នុងពេលពួកលោក ចុះល្បាតព្រៃ កាលពីសប្តាហ៍មុន លោកប្រទះឃើញអន្ទាក់ចាប់សត្វព្រៃជាច្រើនកន្លែងដែលក្រុមជនល្មើសដាក់ពង្រាយចាប់សត្វខ្លាឃ្មុំ ខ្ទីង និងជ្រូកព្រៃជាដើម ក្នុងតំបន់នោះ។ លោកថា ភ្ញៀវទេសចរនឹងមិនទៅកម្សាន្តក្នុងតំបន់នោះទៀតទេ ប្រសិនបើគ្មានព្រៃឈើ និងសត្វព្រៃ។
លោក លី រ៉ាន់៖ «ឆ្នាំនេះខ្លាំងជាងរាល់ឆ្នាំរឿងកាប់ ហើយក្តៅក៏ក្រៅ សត្វឃើញតែងាប់ពេញតែព្រៃ យ៉ាប់ដល់កហើយ មិនដឹងរកកន្លែងណាទប់ស្កាត់មិនឃើញសោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បាននៅឡើយទេ នៅថ្ងៃទី២៩ ឧសភា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ រីឯអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា បទល្មើសព្រៃឈើនាពេលបច្ចុប្បន្ននេះ បើមើលពីខាងក្រៅហាក់ដូចជាទ្រង់ទ្រាយតូចៗ ក៏ប៉ុន្តែវាតែងតែកើតមានឡើងយ៉ាងជាប់លាប់ ធ្វើឱ្យព្រៃឈើបន្តបាត់បង់យ៉ាងលឿន ខណៈដែលមន្ត្រីបរិស្ថាន និងអាជ្ញាធរមិនទាន់មានលទ្ធភាពទប់ស្កាត់នៅឡើយទេ។
លោក អូត ឡាទីន៖ «បើសិនជាក្នុងអាណត្តិរបស់រដ្ឋាភិបាលថ្មី អត់យកចិត្តទុកដាក់ក្នុងការពង្រឹងយន្តការអនុវត្តច្បាប់ និងបើកចំហចូលរួមសមូហភាពទេ។ បញ្ហាធនធានធម្មជាតិរបស់យើង យើងមិនអាចទប់ស្កាត់បានទេ»។
ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង មានផ្ទៃដី ជាង ៤ សែន ១ ម៉ឺនហិកតារ (៤១០.៣៩២) ឋិតក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិនេះទទួលស្គាល់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៦ តាមសំណើរបស់ក្រសួងបរិស្ថាន៕
No comments:
Post a Comment