ដោយ ទីន ហ្សាការីយ៉ា
2024.05.30
(ឆ្វេង) លោក លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធជានិមិត្តរូប ប្រសិទ្ធិនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ប្រទេសចិនកុម្មុយនិស្ត (China) បន្តដាស់តឿនរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យដឹងគុណខ្លួនដែលតែងតែជួយគាំទ្រផ្នែកនយោបាយ និងផ្ដល់កិច្ចសហប្រតិបត្តិការនានាក្នុងការរួមចំណែកជួយអភិវឌ្ឍដល់កម្ពុជា។ អ្នកវិភាគមើលឃើញថា ចំណងមិត្តភាពរវាងកម្ពុជា-ចិនបច្ចុប្បន្នមិនឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់កម្ពុជា ជាដុំកំភួននោះទេ ប៉ុន្តែចិនជួយកម្ពុជាបែប «ហុតទឹកសម្លឹងកាក» ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា។
មុនពេលបញ្ចប់អាណត្តិជាអ្នកការទូត និងមុនត្រឡប់ទៅប្រទេសចិនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) កាលពីថ្ងៃទី២៧ ខែឧសភា បានជួបមេដឹកនាំកំពូលរបស់កម្ពុជាបីរូប មានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងប្រធានរដ្ឋសភា គឺអ្នកស្រី ឃួន សុដារី ឱ្យដឹងគុណចិន ដែលតែងតែគាំទ្រកម្ពុជាលើវិស័យសេដ្ឋកិច្ច និងនយោបាយ។
លោក វ៉ាង វិនធាន (Wang Wentian) បានរៀបរាប់ពីគុណសម្បត្តិរបស់ចិន ដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ក្នុងនោះរួមមានសមិទ្ធផល ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាត់ទុករដ្ឋាភិបាលចិនជាមិត្តដ៏យល់ចិត្តមួយ ដែលបានផ្ដល់ជំនួយដល់កម្ពុជា។ លោកអះអាងថា ជំនួយរបស់ចិនមិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាង នយោបាយដល់កម្ពុជាទៀតផង។
ទន្ទឹមនឹងការលើកឡើងបែបនេះ កម្ពុជាតាំងពីអាណត្តិដឹកនាំដោយលោក ហ៊ុន សែន តដល់កូន គឺលោក ហ៊ុន ម៉ាណែត បានរងនូវការរិះគន់ជាបន្តបន្ទាប់ថា លម្អៀងទៅរកប្រទេសចិនតែម្ខាង ដោយសារតែបានបង្កើនកិច្ចសហប្រតិបត្តិការពឹងផ្អែកលើចិនស្ទើរគ្រប់វិស័យ ដែលធ្វើឱ្យកម្ពុជាពិបាករក្សាជំហរឯករាជ្យអព្យាក្រឹត្យ និងអនុវត្តនយោបាយការបរទេសទៅតាមអ្វីដែលប្រទេសចិនចង់បាន។
អ្នកឃ្លាំមើលរិះគន់ថា ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ចាប់យកចិនជាខ្នងបង្អែកដ៏រឹងមាំបែបនេះហើយ ទើបមិនខ្វល់រឿងស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយដឹកនាំកម្ពុជាតាមរបៀបផ្ដាច់ការបន្តិចម្ដងៗ។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាមិនទាន់បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទាញផលប្រយោជន៍ពីប្រទេសចិនជាដុំកំភួននោះទេ។ ម្យ៉ាងទៀត លោកថា ចិនបង្កើនកិច្ចសហ ប្រតិបត្តិការនានាជាមួយកម្ពុជានាពេលបច្ចុប្បន្ននេះ អាចទាក់ទងរឿងផលប្រយោជន៍ចិនពង្រីកឥទ្ធិពលដណ្ដើមភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកទៅវិញទេ។
លោក ប៉ោ មករា៖ «ជំនួយមួយផ្នែកធំ ឧទាហរណ៍ដូចជា ផ្លូវល្បឿនលឿន ការកសាងព្រះលានយន្តហោះបញ្ហាទាំងអស់នេះ វាអត់បានផ្ដល់ប្រយោជន៍ ដែលពលរដ្ឋមធ្យម ក្រោមជីវភាពមធ្យមអីហ្នឹងអត់សូវទទួលបានផលចំណេញពីការវិនិយោគអីហ្នឹងទេ។ ភាគច្រើន ពេលចាប់ផ្ដើមបើកការសាងសង់ ឬបើកឱ្យដំណើរការប្រើប្រាស់ផ្លូវ ឬតំបន់អភិវឌ្ឍហ្នឹងច្រើនតែឃើញមានក្រុមហ៊ុនធំៗ អ្នកវិនិយោគធំៗ ដែលទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងអស់ហ្នឹងទេ។ នេះយើងគ្រាន់តែគិតមួយផ្នែកតូចមួយ។ មើលលម្អិតទៀត ផលចំណេញ វាមានតិចតួចមែនទែនសម្រាប់កម្ពុជា»។
ទំនាក់ទំនងកម្ពុជា និងចិនឈានដល់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កម្ពុជាទទួលបានប្រាក់កម្ចី និងការអភិវឌ្ឍពីប្រទេសចិនភាគច្រើនលើគម្រោងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ វារីអគ្គីសនី ផ្លូវថ្នល់ និងស្ពាន ជាដើម ដោយសារតែកម្ពុជាប្រកាសគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនចាប់តាំងពីឆ្នាំ២០១៣ មក។ រីឯ ក្រុមហ៊ុនចិនភាគច្រើនដែលមកវិនិយោគនៅកម្ពុជាវិញ ភាគច្រើនបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា ក្នុងនោះមានក្រុមហ៊ុន រុករករ៉ែ កាប់បំផ្លាញព្រៃឈើជាដើម ដណ្ដើមដីរបស់ប្រជាពលរដ្ឋ និងបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដូចជាយូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬយូឌីជី (UDG) នៅខេត្តរកោះកុង ជាដើម។
ក្រៅពីជំនួបទ្វេភាគីកាលពីថ្ងៃទី២៧ ខែឧសភា លោក ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនធាន ក៏បានបើកពិធីសម្ពោធ «ផ្លូវក្រវាត់ក្រុងទី៣» តភ្ជាប់ពីផ្លូវជាតិ លេខ១ ទៅផ្លូវជាតិលេខ៤ ដោយប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដែលជាឈ្មោះរបស់ប្រធានាធិបតីចិនសព្វថ្ងៃ។
មកទល់ពេលនេះ កម្ពុជាបានជំពាក់បំណុលបរទេសជាង ១ម៉ឺន ១ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមបំណុលទាំងនោះ ស្ទើរជិតពាក់កណ្ដាលកម្ពុជាជំពាក់មិត្តដែកថែបចិនច្រើនជាងគេគឺចំនួនជាង ៤ពាន់លានដុល្លារ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មើលឃើញថា ទំនាក់ទំនងកម្ពុជាចិនសព្វថ្ងៃបង្ហាញពីភាពល្អូកល្អិនក្នុងនាមចិនជាម្ចាស់បំណុលកម្ពុជា មិនមែនជាទំនាក់ទំនងមិត្តភាពការទូតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍកម្ពុជាដោយស្មោះត្រង់ឡើយ។
លោក ម៉ែន ណាត៖ «ចិន នយោបាយក្នុងតំបន់បានការការពារពីរដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជួយជ្រោមជ្រែងគោលនយោបាយចិន ក្នុងចំណោមប្រទេសនៅអាស៊ាន ខ្មែរយើងគឺលេចមុខលេចមាត់ជាងគេក្នុងការគាំទ្រនយោបាយចិនហ្នឹង។ ប៉ុន្តែក្នុងនាមយើងជាកូនបំណុល ដើម្បីតែរក្សាអំណាចការពារពូជពង្សវង្សត្រកូលគ្រួសារលោក ហ៊ុន សែន អត់ខ្វល់អំពីផលវិបាករបស់កម្ពុជាទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតចិនប្រចាំកម្ពុជា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែឧសភា។
កម្ពុជាក្រៅពីរងការរិះគន់ថា លម្អៀងផ្នែកនយោបាយ និងពឹងដង្ហើមចិនដកស្ទើរគ្រប់វិស័យហើយនោះ កម្ពុជាក៏ជាប្រទេសមួយដែលទទួលទំនិញពីចិនយកមកលក់ច្រើនជាងគេ ចិនក៏ទទួលបានប្រយោជន៍ពីវិស័យពាណិជ្ជកម្មជាមួយកម្ពុជាច្រើនដែរ។ កាលពីឆ្នាំ២០២៣ ចិននាំចូល ផលិតផលមកលក់នៅកម្ពុជាមានតម្លៃជិត ១១ ពាន់លានដុល្លារ ចំណែកកម្ពុជាវិញនាំចេញទៅចិនបានត្រឹមតែជាង ១ ពាន់លានដុល្លារតែប៉ុណ្ណោះ។
ប្រការនេះហើយ ទើបអ្នកឃ្លាំមើលតែងជំរុញឱ្យកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយប្រទេសលោកសេរីផ្សេងទៀត ដើម្បីទទួលបានទីផ្សារនាំទំនិញចេញ និងប្រព័ន្ធអនុគ្រោះពន្ធ និងផលប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀតពីប្រទេសទាំងអស់នោះ។ ទោះជាយ៉ាងណាក្ដី ដើម្បីទទួលផលប្រយោជន៍ពីប្រទេសលោកសេរី កម្ពុជាត្រូវតែងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដែលធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕
No comments:
Post a Comment