2024.05.24
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង (South Korea) គឺលោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗជាច្រើន។
តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជាគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថែមទៀត ដោយរំពឹងទុកថា នឹងទទួលបានការវិនិយោគពីប្រទេសកូរ៉េ ចិននិងជប៉ុនកាន់តែច្រើនសម្រាប់អនាគត។
ក៏ប៉ុន្តែអ្នកតាមដានបញ្ហាសង្គម និងនយោបាយ យល់ថាការបើកតំបន់សេដ្ឋកិច្ចពិសេសតែ មួយមុខមិនមែនជាដំណោះស្រាយយូរអង្វែងសម្រាប់សេដ្ឋកិច្ចកម្ពុជានោះទេ។
អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ លើកឡើងថាស្ថានភាពនយោបាយនៅកម្ពុជាដូចបច្ចុប្បន្ន មិនអាចបង្កើតភាពកក់ក្តៅនិងការជឿទុកចិត្ត ឱ្យក្រុមហ៊ុនធំៗមកពីរទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រទេសសេរី ចូលមកវិនិយោគបានច្រើនដូចការរំពឹងទុកទេ។
ភាពរាំងស្ទះ ដែលមិនអាចឱ្យក្រុមហ៊ុនធំៗ នៃប្រទេសសេរី ចូលមកវិនិយោគនៅកម្ពុជា គឺដោយសារតែរដ្ឋាភិបាល កំពុងគ្រប់គ្រងអំណាចប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គំរាមកំហែងទៅលើគណបក្សប្រឆាំង ព្រមទាំងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋនិងសេរីភាពសារព័ត៌មានជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសសេរី នៅមានការពិចារណាច្រើនចំពោះការមកវិនិយោគនៅកម្ពុជា។
លោកថា ក្នុងស្ថានភាពដូចបច្ចុប្បន្ន ដែលកម្ពុជាមិនអាចធានាបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺមិនអាចទាក់ទាញអ្នកវិនិយោគពីប្រទេសកូរ៉េ ជប៉ុន និងពីបណ្ដាប្រទេសសេរី ជាច្រើននៅជុំវិញពិភពលោកផង។
លោក សេក សុជាតិ៖ «ខ្ញុំយល់ថា ការអនុវត្តច្បាប់នៅកម្ពុជា នៅមិនទាន់ឆ្លើយតបតាមការចង់បានជាលក្ខណៈរួមនៅឡើយទេ ដោយសារតែមានទំនាក់ទំនង និងឥទ្ធិពលនយោបាយធ្វើឱ្យក្លាយទៅជាប្រធានបទមួយប៉ះពាល់ទៅដល់អ្នកវិនិយោគផងដែរ។ បើសិនជាកម្ពុជានៅតែបន្តមានវិបត្តិធ្ងន់ធ្ងរទាក់ទងជាមួយ និងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានផ្សេងៗ ធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាចណាស់ ពីព្រោះគាត់ខ្លាចពេលមានបញ្ហាផ្សេងៗកើតឡើង ហើយគ្មានអ្នកណាអាចជួយគាត់បាន»។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ឃើញប្រហាក់ប្រហែលគ្នា និងលោក សេក សុជាតិ ដែរថា កម្ពុជាអាចទទួលបានអ្នកវិនិយោគទុនល្អ មកពីប្រទេសលោកសេរីប្រសិនបើ កម្ពុជាចាប់ផ្ដើមបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិនិងដោះស្រាយវិបត្តិសិទ្ធិដីធ្លី របស់ប្រជាពលរដ្ឋដែលកំពុងតែកើតមានជាច្រើននោះ។
លោក ប៉ោ មករា៖ «យើងមើលប្រវត្តិប្រទេសទាំងអស់ ដូចជាជប៉ុន កូរ៉េ សិង្ហបុរីដែលតែងរកស៊ីនៅកម្ពុជា ជាពិសេសគឺជប៉ុន បានសំដៅទៅដល់សិទ្ធិខ្លាំងណាស់ សំដៅទៅដល់សិទ្ធិរស់រានមានជីវិត សិទ្ធិមានលំនៅឋានគ្រប់គ្រាន់ សិទ្ធិទទួលបានសំណងការប៉ះពាល់ពីក្រុមហ៊ុន។ យើងឃើញមានការសងបានត្រឹមត្រូវ ពលរដ្ឋអាចទទួលយកបាន។ ឧទាហរណ៍ដូចជានៅអាគារប៊ូឌីញ(Building)ដែលចាស់ទ្រុឌទ្រោម ហើយត្រូវក្រុមហ៊ុនជប៉ុនទៅអភិវឌ្ឍន៍ គឺយើងឃើញគេសងបានសមរម្យ»។
ការលើកឡើងរបស់អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយដូចនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីទាក់ទាញ អ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន ឱ្យចូលមករកស៊ីបានកាន់តែច្រើនថែមទៀតសម្រាប់អនាគត។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករខ្មែរ ក្នុងពេលធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភាថា លោកបានជួបជាមួយក្រុមហ៊ុនកូរ៉េធំៗជាច្រើន ហើយក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា។ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត រំពឹងថា កម្ពុជានឹងទទួលបានការវិនិយោគពីកូរ៉េបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកទទួលបានគម្រោងវិនិយោគដែលចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ចំនួន ១៤៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុប ប្រមាណ២ពាន់៧រយលានដុល្លារអាមេរិក។
បើទោះជាយ៉ាងណាវិទ្យុ អាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក ស៊ុន ចាន់ថុល និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី២២ ខែឧសភា ដោយសារតែទូរស័ព្ទរបស់លោកទាំងពីរមិនអាចទាក់ទងបាន។
តាមឯកសាររបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលបានអនុម័តសរុបចំនួន ៥៩ទីតាំង។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន២៩ ទីតាំង កំពុងប្រតិបត្តិការ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តព្រះសីហនុ កំពត កោះកុង ក្រចេះ ស្វាយរៀង និងបន្ទាយមានជ័យ ជាដើម។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថា ក្នុងស្ថានភាពដូចបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមហ៊ុនចាស់ៗជាច្រើន ដូចជារោងចក្រកាត់ដេរ បាត់បង់អ្នកបញ្ជាទិញ វិស័យទេសចរណ៍ធ្លាក់ចុះ និងអចលនទ្រព្យជាច្រើន មានវិបត្តិជាប់គាំងស្ទើរតែទាំងស្រុងនេះ មិនអាចឱ្យរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគទុនថ្មីៗដោយងាយនោះទេ។
លោក គឹម សុខ៖ «រដ្ឋាភិបាលអួតស្ទើរតែរាល់ខែពីគម្រោង ក៏ប៉ុន្តែភាគច្រើនគ្មានចេញជារូបរាងប្រតិបត្តិការវិនិយោគអ្វីទេ។ នៅចំពេលដែលរដ្ឋាភិបាលគ្មានទុនបំរុងសម្រាប់ជួយជ្រោមជ្រែងដល់អ្នកវិនិយោគខ្នាតតូចនៅក្នុងស្រុកផង ហើយពឹងផ្អែកទៅលើកម្ចីពីចិនតែមួយ សួរថាតើសេដ្ឋកិច្ចដ៏ខ្សោយបែបនេះ សង្ឃឹមអ្វី?»។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី បានបញ្ចេញយោបល់យ៉ាងខ្លីថា ការបើកតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញ អ្នកវិនិយោគធំៗមកពីកូរ៉េ ជប៉ុន និងចិននោះមិនមែនជាដំណោះស្រាយសម្រាប់ការលូតលាស់នៃសេដ្ឋកិច្ចយូរអង្វែងនោះទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនមានបរិយាកាសនយោបាយល្អ និងកក់ក្តៅ សម្រាប់អ្នកវិនិយោគ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចមានសក្ដានុពលគួរអោយជឿទុកចិត្តបាននោះ៕
No comments:
Post a Comment