2024.05.24
ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប និងមន្ត្រីសង្គមស៊ីវិលនៅតែព្រួយបារម្ភពីវិបត្តិបរិស្ថានក្នុងតំបន់បឹងទន្លេសាប ដោយសារសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកកាន់តែរីកធំឡើង បង្កឱ្យប៉ះពាល់កន្លែងត្រីពងកូន និងជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រជាសហគមន៍នេសាទរស់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង សង្កេតឃើញថា អាជ្ញាធរមូលដ្ឋានតែងតែធ្វេសប្រហែស បណ្តែតបណ្តែតឱ្យកើតមានសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែលៗ ស្ទើរក្លាយជាទម្លាប់ទៅហើយ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតត្រី ក្នុងតំបន់បឹងទន្លេសាទ នៅថ្ងៃអនាគត។
ប្រជានេសាទរស់នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប លោកស្រី បឿន សំបូរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២៣ ឧសភាថា ដីព្រៃលិចទឹកក្នុងឃុំកំពង់ភ្លុកជាប់បឹងទន្លេសាប ល្អមើលតែពីខាងក្រៅ បន្លំភ្នែកភ្ញៀវទេសចរ ក៏ប៉ុន្តែនៅពេលដើរចូលខាងក្នុងបន្តិច ត្រង់ចំណុចភូមិគោកក្តុល រហូតទល់នឹងព្រែកកំពង់ឃ្លាំង ដីព្រៃលិចទឹកក្នុងតំបន់នោះ ត្រូវគេកាប់ទន្ទ្រានក្លាយជាវាលដាច់កន្ទុយភ្នែក ដោយមានផ្នែកខ្លះគេដុតដើមឈើកម្ទេចចោល ដើម្បីយកដីដាំសណ្តែក និងដាំដំណាំផ្សេងទៀត គ្រប់គ្រងកម្មសិទ្ធិឯកជន។
ប្រការនេះលោកស្រីថា ប៉ះពាល់ត្រីជាច្រើនប្រភេទ រស់នៅក្នុងតំបន់បឹងទន្លេសាប និងវិស័យទេសចរ។
លោកស្រី បឿន សំបូរ៖ «វាកាប់ឡើងដល់ឃ្លាំងល្វឹងល្វើយដល់ឃ្លាំង រាល់ថ្ងៃ យើងឃើញភ្លើងរាល់ថ្ងៃព្រោះឃើញភ្លើងហុយរាល់ថ្ងៃ គេកាប់ហើយគេដុត»។
ចំណែកពលរដ្ឋរស់នៅជាប់តំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង លោកស្រី ពេញ អាត សង្កេតឃើញថា ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំងនៅតែទទួលរងការកាប់បំផ្លាញបន្តិចម្តងៗ កាន់តែរួមតូចជារៀងរាល់ឆ្នាំ ដោយមិនឃើញអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ការពារឱ្យច្បាស់លាស់នៅឡើយទេ។
លោកស្រីថា អាជ្ញាធរតែងតែបណ្តែតបណ្តោយឱ្យក្រុមជនប្រព្រឹត្ត បន្តកាប់រានដីព្រៃលិចទឹកស្ទើរគ្រប់តំបន់ ដើម្បីយកដីធ្វើស្រែ។
លោក ស្រី ពេញ អាត៖ «ថាឈប់ស្កាត់ ទន្ទ្រានដីព្រៃលិចទឹកតែឃើញទប់បានតែ ១ ឆ្នាំ ទៅ ២ឆ្នាំ ឆ្នាំនេះឃើញមកវិញដដែលលើសដើម»។
ថ្មីៗនេះ អាជ្ញាធរទន្លេសាបបានផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា អាជ្ញាធរទន្លេសាប កំពុងចុះផ្ទៀងផ្ទាត់និយាមកាកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣នៅខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប។ លើសពីនេះទៀត អាជ្ញាធរបន្តពិនិត្យទីតាំងដីជាក់ស្តែងដើម្បីផ្ទៀងផ្ទាត់ទំហំដីព្រៃលិចទឹកឱ្យបានត្រឹមត្រូវចៀសវាងមានទំនាស់ផ្សេងៗ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បាននៅឡើយទេ នៅថ្ងៃទី២៣ ឧសភា។
ចំណែកឯ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីចុងខែមករា ឆ្នាំ២០២៤ ឱ្យដឹងថា មានបញ្ហាប្រឈមខ្លាំងបង្កហានិភ័យដល់បឹងទន្លេសាប គឺបញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។
លោកថា ក្រសួងបរិស្ថានកំពុងរកមធ្យោបាយធ្វើយ៉ាងណាធានាកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិសំដៅជួយដល់ប្រជាសហគមន៍នៅជុំវិញបឹងទន្លេសាបឱ្យពួកគាត់មានជីវភាពល្អប្រសើរប្រកបដោយនិរន្តរភាព។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា ដីព្រៃលិចទឹកមិនត្រឹមតែជាជម្រកត្រីពងកូន និងជាប្រភពចំណីអាហាររបស់ត្រីយ៉ាងសំខាន់ប៉ុណ្ណោះទេ ថែមទាំងជួយការពារ បឹងទន្លេសាបមិនឱ្យគោករាក់ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងជួយការពារគុណភាពទឹកទន្លេសាបជាដើម។
លោកយល់ថា ប្រសិនបើព្រៃលិចទឹកបាត់បង់ នឹងប៉ះពាល់ដល់ជីវភាពប្រជានេសាទជាច្រើនលាននាក់ ក្នុងតំបន់បឹងទន្លេសាប និងដងទន្លេមេគង្គ។
លោក លាង ប៊ុនលាភ៖ «បរិយាកាសកំពុងប្រែប្រួល អាកាសធាតុកំពុងប្រែប្រួល ហើយប្រសិនបើអាហ្នឹងមិនបានឋិតនៅ យើងទៅធ្វើឱ្យបាត់បង់ទៀត ធ្វើឱ្យការប្រែប្រួលកើនឡើងខ្លាំង ធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានលំនឹង។ វាធ្វើអីដែលធ្លាប់មានវាត្រូវបាត់បង់ វាជារឿងសំខាន់ណាស់ ក្នុងការថែរក្សាដីព្រៃលិចទឹកនេះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឱ្យរដ្ឋាភិបាលរកមធ្យោបាយការពារព្រៃលិចទឹក និងបរិស្ថានក្នុងតំបន់ទន្លេសាបឱ្យគង់វង្ស ដោយត្រូវពង្រឹង ការអនុវត្តច្បាប់ លុបបំបាត់អំពើពុករលួយ និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានទូលំទូលាយពីវិធានការ ការពារដីព្រៃលិចទឹកជាដើម៕
No comments:
Post a Comment