2024.05.22
![លោក ហ៊ុន សែន «នៅពីក្រោយខ្នងកូនប្រុស» ដើម្បីរក្សាការដឹកនាំកម្ពុជាទៅជារបបផ្ដាច់ការ លោក ហ៊ុន សែន «នៅពីក្រោយខ្នងកូនប្រុស» ដើម្បីរក្សាការដឹកនាំកម្ពុជាទៅជារបបផ្ដាច់ការ](https://www.rfa.org/khmer/news/politics/hun-sen-stay-behind-hun-manet-to-lead-the-country-as-dictator-05222024030927.html/@@images/ec121390-0857-4654-81fe-a488773bf072.jpeg)
ត្រកូលហ៊ុនកំពុងតែដឹកនាំកម្ពុជាឆ្ពោះទៅរករបបផ្ដាច់ការក្រោមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ។ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ផែនការកម្ទេចអ្នកដែលមិនគាំទ្រខ្លួនមិនខុសពីរបបខ្មែរក្រហមឡើយ។
កម្ពុជាក្រោមការដឹកនាំរបស់ត្រកូល ហ៊ុន បានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ផ្ដាច់មុខសម្រាប់ចាប់ចងអ្នករិះគន់ និងមន្ត្រីគណបក្សប្រឆាំង ដោយគ្មានត្រាប្រណី។
ក្រុមអ្នកតាមដានកិច្ចការនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត គ្រាន់តែជានាយករដ្ឋមន្ត្រីនិមិត្តរូបទេ តែជាក់ស្ដែងអ្នកដែលកាច់ចង្កូតការដឹកនាំកម្ពុជានៅតែលោក ហ៊ុន សែន ដដែល។ លោក ហ៊ុន សែន បានទាញកម្ពុជាទៅជារបបផ្ដាច់ការក្រោមផ្លាកប្រជាធិបតេយ្យក្លែងក្លាយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី មានប្រសាសន៍ថា រដ្ឋាភិបាលដាក់ទិសដៅសំឡេងប្រឆាំង ឬអ្នកមិនគាំទ្រខ្លួន ដើម្បីត្រួសត្រាយផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសទៅមុខដោយគ្មានឧបសគ្គ។
លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាលព្យាយាមបង្ក្រាប អាចកម្ទេចគណបក្សប្រឆាំងនៅក្នុងស្រុក។ មូលហេតុដោយសារតែអតីតនាយករដ្ឋមន្ត្រីគិតថា ជាពេលវេលាល្អ ត្រួសត្រាយផ្លូវសម្រាប់ឱ្យ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហើយឥឡូវនេះ ជាការក្ដោបក្ដាប់អំណាចទាំងស្រុង»។
រដ្ឋាភិបាលដឹកនាំប្រទេសដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធបង្ក្រាបចាប់ចងមនុស្សដាក់ពន្ធនាគារមិនថា អ្នករិះគន់អ្នកប្រឆាំង សហជីព ស្ត្រី ឬយុវជនឥតត្រាប្រណី។ ការធ្វើដូច្នេះ ដើម្បីជាស្ពានចម្លងលោក ហ៊ុន ម៉ាណែត ឱ្យឡើងកាន់អំណាចបន្ត។ ទោះបីជាពេលនេះ លោក ហ៊ុន ម៉ាណែត ក្ដោបក្ដាប់អំណាចបន្តពីលោក ហ៊ុន សែន បានជោគជ័យហើយក៏ដោយ ក៏រដ្ឋាភិបាលដឹកនាំដោយ ហ៊ុន ម៉ាណែត នេះមិនបន្ធូរដៃពីការចាប់ចងអ្នកមិនគាំទ្រខ្លួនឡើយ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត បានឡើងកាន់អំណាចមិនទាន់បានមួយឆ្នាំផង តុលាការបានចាប់ខ្លួនមនុស្សជិត ៣០នាក់ហើយ។ ករណីចាប់ខ្លួនចុងក្រោយមេដឹកនាំសហជីព លោក ម៉ម រិទ្ធី និងករណីចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិជាដើម។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីឆ្នាំ២០២២ នៅមុនពេលលោកផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត ថា លោកនឹងរកវិធី ដើម្បីកម្ចាត់ ឬកម្ទេចគណបក្សប្រឆាំង ដែលលោកចោទថា ជាក្រុមជ្រុលនិយមឱ្យអស់ពីកម្ពុជា។
លោក ហ៊ុន សែន «យើងក៏កំពុងរិះរក ដើម្បីកម្ចាត់ក្រុមនេះចោល (ក្រុមបក្សប្រឆាំង) ឱ្យអស់ពីកម្ពុជា។ និយាយឱ្យចំគឺ ក្រុមជ្រុលនិយមនៅកម្ពុជា»។
លោក ហ៊ុន សែន ចោទប្រកាន់គណបក្សប្រឆាំងនេះ ហាក់មិនខុសពីក្រុមមេដឹកនាំខ្មែរក្រហមឡើយ។ ខ្មែរក្រហមច្រើនយកពាក្យ សេអ៊ីអា (CIA) ស៊ីអាយអេ) កាហ្សេបេ (KGB) ខេហ្ជីប៊ី) គិញយួន ទាហាន លន់ នល់ ឬនាយទុន ជាដើម ហើយចោទថា ជាខ្មាំង។ នរណាម្នាក់ ដែលត្រូវគេចោទដូច្នេះ គឺត្រូវកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ភ្លាម ដោយគ្មានការស៊ើបអង្កេតរកខុសត្រូវអ្វីឡើយ។ ជួនកាល ការចោទនោះ ធ្វើឡើងដោយការសងសឹក ចំពោះគំនុំគំកួនផ្ទាល់ខ្លួន ឬដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនជាដើម។
ខ្មែរក្រហមក៏បានអនុវត្តនយោបាយ «ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី» ដោយបានសម្លាប់ទាហាន និងមន្ត្រីរាជការ ព្រមទាំងបញ្ញវន្តនៃរបបមុនៗ ដើម្បីបន្សុទ្ធរបបថ្មី ដែលពួកគេថា ចេញពីវណ្ណៈកសិករ។ ខ្មែរក្រហមបានជំរុញវិស័យកសិកម្មជាធំ ក្នុងការដឹកនាំប្រទេស ដោយបង្ខំពលរដ្ឋទូទាំងប្រទេសឱ្យរស់នៅបែកខ្ញែកព្រាត់ប្រាសពីក្រុមគ្រួសារ ទៅរស់នៅតាមទីជនបទ ទៅធ្វើស្រែចម្ការ ដោយគ្មានគិតគូរអំពីមនោសញ្ចេតនា និងសុខុមាលភាពរបស់ពួកគេឡើយ។ អ្នកប្រឆាំង ឬអ្នកដែលជាប់សង្ស័យថា មាននិន្នាការផ្សេងពីអង្គការបដិវត្តន៍ ឬបក្សកុម្មុយនិស្តកម្ពុជា ត្រូវចាត់ទុកជាខ្មាំង ដែលត្រូវកម្ទេច ឬសម្លាប់ចោល ដោយគ្មានការវិនិច្ឆ័យត្រឹមត្រូវ។
សម្រាប់ការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត វិញក៏មិនខុសគ្នាប៉ុន្មានដែរ។ អ្នកមិនយល់ស្របតាមគណបក្សប្រជាជន ឬសកម្មជនគណបក្សប្រឆាំងមួយចំនួនត្រូវគេបាញ់សម្លាប់រួមមានអ្នកកាសែតមេដឹកនាំសហជីព សកម្មជនបរិស្ថានលោក ឈុត វុទ្ធី លោក ជា វិជ្ជា និងបណ្ឌិត កែម ឡី ជាដើម។ ក្រៅពីនេះអាជ្ញាធរនៅក្នុងត្រកូលហ៊ុនចាប់ដាក់គុក និងមួយចំនួនរត់ភៀសខ្លួន ព្រាត់ប្រាស់ប្រពន្ធកូន និងក្រុមគ្រួសារ ។ល។
របាយការណ៍របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក ( Freedom House) ចេញផ្សាយកាលពីឆ្នាំ២០២៣ រកឃើញថា កម្ពុជាគឺជាប្រទេសធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ ដែលរត់ភៀសខ្លួននៅក្រៅប្រទេសធ្ងន់ធ្ងរជាងគេ ក្នុងចំណោមប្រទេសនៅលើពិភពលោក ដែលរួមមាន ប្រទេសរុស្សី (Russia) ប្រទេសចិន (China) និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាដើម។
ទាក់ទងនឹងបញ្ហានេះ អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ មានប្រសាសន៍ថា របបដឹកនាំដោយឪពុកនិងកូននេះ កំពុងតែដើរលើគន្លងខ្មែរក្រហម ដើម្បីការពារអំណាច និងបក្ខពួក។
លោក គឹម សុខ៖ «យុទ្ធសាស្ត្ររបស់ខ្មែរក្រហម និងយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដូចគ្នាស្ទើរតែទាំងស្រុងខុសគ្នាតែមួយទេ គឺរបបហ៊ុន សែន ចាយលុយប្រព្រឹត្តិអំពើពុករលួយ ដើម្បីលួងចិត្តក្រុមបក្ខពួករបស់ខ្លួន ដើម្បីឱ្យការពារអំណាចខ្លួនតែប៉ុណ្ណឹង។ របបលោក ហ៊ុន សែន នេះ ជារបបខ្មែរក្រហមទីពីរ មិនអាចសង្កត់ទឹកចិត្តប្រជាពលរដ្ឋបានឡើយ»។
ទោះបីជាបែបនេះក្ដី ក្រុមអ្នកវិភាគព្យាករថា អំណាចផ្ដាច់ការរបស់ត្រកូល ហ៊ុន នេះ នឹងមិនអាចបន្តទៅមុខយូរទៀតឡើយ។ លោកបញ្ជាក់ថា ដ្បិតតែអាជ្ញាធរអាចគាបសង្កត់ពលរដ្ឋមិនអាចរើបម្រាស់បាននៅពេលនេះក្ដី តែពលរដ្ឋកំពុងតែធ្វើបាតុកម្មក្នុងចិត្តមិនពេញចិត្តទង្វើគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញរបស់ត្រកូលហ៊ុននេះទេ ដោយគេរង់ចាំតែពេលផ្ទុះតែប៉ុណ្ណោះ៕
No comments:
Post a Comment