2024.05.22
![លោក ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបចលនាបដិវត្តន៍ពណ៌ ទាំងដែលកម្ពុជាគ្មានសញ្ញាបដិវត្តន៍ពណ៌ លោក ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបចលនាបដិវត្តន៍ពណ៌ ទាំងដែលកម្ពុជាគ្មានសញ្ញាបដិវត្តន៍ពណ៌](https://www.rfa.org/khmer/news/politics/hun-sen-orders-armed-forces-to-crack-down-on-color-revolution-amid-cambodia-has-no-sign-of-color-revolution-05222024100540.html/@@images/206381ff-5b73-4c7a-ac96-a792624ba32a.jpeg)
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងនគរបាលជាតិ និងទាហានបង្ក្រាបរាល់បុគ្គល ឬក្រុមដែលហ៊ានធ្វើបដិវត្តន៍ពណ៌។ មន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការថ្លែងសារនេះគឺជាការគំរាមកំហែងពលរដ្ឋនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយកម្ពុជាក៏គ្មានអ្នកធ្វើបដិវត្តន៍ពណ៌នោះដែរ។
ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន នៅទី២២ ខែឧសភា បានថ្លែង ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ថា បុគ្គលឬក្រុមមួយចំនួននឹងអាចប្រើប្រាស់វិធីសាស្ត្របដិវត្តពណ៌ដែលអាចធ្វើឱ្យកម្ពុជាមានសង្គ្រាម ឬឈានដល់មានអំពើប្រល័យពូជសាសន៍ឡើងវិញ។
អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់បាន កាន់អំណាចនៅកម្ពុជាជិត៤០ឆ្នាំមុនប្រគល់អំណាចទៅឱ្យកូនប្រុសគ្រប់គ្រងបន្តរូបនេះបញ្ជាទៅកាន់កងកម្លាំងប្រដាប់អាវុធឱ្យបង្ក្រាបរាល់ក្រុម ឬបុគ្គល ដែលលោកចាត់ទុកថាជាអ្នកធ្វើបដិវត្តពណ៌ ដើម្បីការពារសន្តិភាព។ លោក ថា គន្លឹះរបស់បដិវត្តពណ៌ គឺជាការបំបែកអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលដែលធ្លាប់កើតឡើងម្ដងរួចទៅហើយកាលពីឆ្នាំ២០១៣។
លោក ហ៊ុន សែន៖ «នេះគឺជាទីបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងគោក រដ្ឋមន្ត្រីការពារជាតិ អគ្គបញ្ជាការ ចាំឱ្យច្បាស់ មេប៉ូលិស ចាំឱ្យច្បាស់ អព្យាក្រឹត្យបានតែរវាងបក្ស និងបក្ស បើយើងជំពាក់ការពារឱ្យបក្សនយោបាយណាត្រូវតែការពារបក្សនយោបាយដទៃដូចគ្នា ប៉ុន្តែរវាងបក្សនយោបាយ និងរដ្ឋាភិបាលអត់មានអព្យាក្រឹត្យទេសុំទោស ហែងចេញមកចង់ផ្ដួលរំលំដាក់ហែងក្រវាត់ចោល និយាយឱ្យច្បាស់តែម្ដង»។
នេះមិនមែនជាលើកទីមួយទេដែលអតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន បានចេញបញ្ជាឱ្យអ្នកក្រោមបង្គាប់របស់លោកបង្ក្រាបទៅលើក្រុមពលរដ្ឋក្រោមហេតុផលធ្វើបដិវត្តន៍ពណ៌ បើទោះបីជានៅកម្ពុជាគ្មានសញ្ញានៃការធ្វើបដិវត្តន៍ក្តី។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ដែលកំពុងជាប់បណ្ដឹងនៅតុលាការដោយសារតែការពារធនធានធម្មជាតិកត់សម្គាល់ថា កន្លងមកពលរដ្ឋដែលជាអ្នករងគ្រោះដីធ្លី អ្នកធ្វើការងារសង្គម ឬសកម្មជនបរិស្ថានបែរជាត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ពួកគាត់ជាអ្នកធ្វើបដិវត្តន៍ពណ៌ទៅវិញ។ លោកថាការចោទប្រកាន់ពលរដ្ឋខ្មែរ ដោយគ្រាន់តែពួកគាត់ជាអ្នកនយោបាយប្រឆាំង ឬអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល ថា ជាអ្នកធ្វើបដិវត្តន៍ពណ៌នោះ គឺវាហាក់ស្រដៀងនឹងមេដឹកនាំកាលពីសម័យខ្មែរក្រហមដែរដែលតែងបានចោទប្រកាន់ពលរដ្ឋខ្លួនជាខ្មាំងទោះជាពលរដ្ឋមិនបានប្រព្រឹត្តកំហុសអ្វីក៏ដោយ។
លោក លី ចាន់ដារ៉ាវុត៖ «យើងមានកាលពីសម័យខ្មែរក្រហម មេដឹកនាំខ្មែរក្រហមតែងតែចោទប្រកាន់ប្រជាជនថា ស៊ីអាយអេ (CIA) ខេហ្សីប៊ី (KGB) អ្នកនេះថា គិញយួន គិញស៊ីរូងផ្ទៃក្នុងអីជាដើម ហើយទីបំផុតទៅយើងសម្លាប់គ្នា ហើយនៅលើផ្នូររបស់យើងសុទ្ធតែខ្មែរឆ្អឹងខ្មោចខ្មែរ ខ្មែរស្លាប់អស់ពាក់កណ្ដាលប្រទេស ហ្នឹងដោយសារតែយើងលាបពណ៌គ្នា»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា កម្ពុជាមិនមានអ្នកធ្វើសកម្មភាពបដិវត្តន៍ពណ៌ ឬផ្ដួលរំលំរដ្ឋាភិបាលអ្វីនោះទេ ខណៈលោកយល់ថា ការលើកឡើងនេះគឺជាសារគំរាមកំហែងរបស់អ្នកនយោបាយនៅមុនការបោះឆ្នោតប៉ុណ្ណោះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវឱ្យអ្នកនយោបាយងាកមករួបរួមគ្នា និងធ្វើឱ្យបរិយាកាសនយោបាយល្អប្រសើរនៅមុនការបោះឆ្នោត។
លោក យី សុខសាន្ត៖ «យើងមើលស្ថានភាពនៅស្រុកយើងឱ្យតែជិតបោះឆ្នោតអីហ្នឹងតែងតែមានវោហារសាស្ត្រនៃការគំរាមកំហែងជារឿយៗ ពីសំណាក់អ្នកនយោបាយ អាហ្នឹងដែលធ្វើឱ្យប្រទេសកម្ពុជាយើងហាក់ដូចជាមិនមានសេរីភាពក្នុងការចូលរួមនយោបាយហាក់នៅមានកម្រិត»។
លោក ហ៊ុន សែន ដែលធ្លាប់ប្រកាសចង់ធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិត កំពុងទទួលបានជោគជ័យក្នុងការផ្ទេរដំណែងសំខាន់ៗទៅឱ្យកូនៗនិងសែស្រឡាយរបស់លោក រួមមាន កូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រី និងមិនយូរប៉ុន្មានថែមទាំងបានលើកលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែកកូនប្រុសលោកម្នាក់ទៀតគឺ លោក ហ៊ុន ម៉ានិត ក៏ត្រូវបានដំឡើងតំណែងថ្មីមួយទៀត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ខណៈដែលកូនប្រុសពៅដែលទើបនឹងទទួលបានដំណែងជារដ្ឋមន្ត្រីមុខងារសាធារណៈ ក៏ត្រូវបានតែងតាំងឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីផងដែរ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ហាក់នៅតែព្រួយបារម្ភពីការការពារអំណាចត្រកូលហ៊ុនរបស់លោក ដោយជារឿយៗលោកតែងចោទក្រុមអ្នកនយោបាយប្រឆាំង និងអ្នកមានមតិផ្ទុយ ជាក្រុមបដិវត្តន៍ពណ៌ និងចាប់ពួកគេដាក់ពន្ធនាគារទាំងបំពានច្បាប់៕
No comments:
Post a Comment