2024.05.21
![ជនជាតិដើមព្នង ៥ភូមិ នៅមណ្ឌលគិរី តវ៉ាទាមទារដីធ្លីអាស្រ័យផលដែលអាជ្ញាធរដកហូតទាំងស្រុង ជនជាតិដើមព្នង ៥ភូមិ នៅមណ្ឌលគិរី តវ៉ាទាមទារដីធ្លីអាស្រ័យផលដែលអាជ្ញាធរដកហូតទាំងស្រុង](https://www.rfa.org/khmer/news/land/pnong-indigenous-people-from-5-villages-in-mondulkiri-protest-to-demand-their-land-that-authorities-confiscated-05212024083453.html/@@images/ab9a1b5f-da8f-4430-9869-99101039d30c.jpeg)
ជនជាតិដើមភាគតិចព្នងជាង ២រយនាក់ (២២៥)រស់នៅភូមិចំនួន ៥ ភូមិ ក្នុងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ឧសភា បន្តតវ៉ាជាថ្មីទៀត មិនសុខចិត្តនឹងទង្វើរបស់អាជ្ញាធរ ដែលដកហូតដីស្រែចម្ការ និងដីអាស្រ័យផល របស់ពួកគាត់ទាំងស្រុង ដោយលើកហេតុផលថាដីទាំងនោះឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
ជនជាតិដើមភាគតិចព្នងរស់នៅភូមិពូចា ឡាំមេះ ពូលុ ពូទិល និងភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ប្តូរជីវិតនឹងមិនព្រមប្រគល់ដីស្រែចម្ការកេរឪពុកម្ដាយទំហំជាង ៥ពាន់ហិកតារ (៥.៥៤៨) ជូនអាជ្ញាធររដ្ឋវិញនោះឡើយ។
អ្នកភូមិទាំងនោះ ស្នើឱ្យអាជ្ញាធរសិក្សាពីស្ថានភាពដីដាំដុះជាក់ស្តែង ដើម្បីកាត់ឆ្វៀលប្រគល់ជូនសហគមន៍ប្រើប្រាស់ ចិញ្ចឹមជីវិតក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។
តំណាងពលរដ្ឋ លោក ប្រ៉ប ទុច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ឧសភា ថា អ្នកភូមិនឹងគ្មានដីដាំដុះ ចិញ្ចឹមជីវិតទៀតទេ ប្រសិនបើអាជ្ញាធរនៅតែមិនព្រមប្រគល់ដីឱ្យពួកគាត់ដាំដុះបែបប្រពៃណីជាយូរមកហើយ ។
លោកថា ដីដែលអាជ្ញាធរដកហូត មានដំណាំកៅស៊ូ ដំណាំកាហ្វេ ស្វាយចន្ទី ស្រូវ និងដំឡូងមី ដែលពួកគាត់ទទួលផលជាច្រើនឆ្នាំមកហើយ។ រីឯដីនៅតំបន់ខ្លះទៀត អ្នកភូមិដាំដុះជាបន្តបន្ទាប់តាំងពីឆ្នាំ ១៩៨០ និងមុនឆ្នាំ ១៩៧៩។
លោកបញ្ជាក់ថា អាជ្ញាធរខេត្តបានអនុញ្ញាតឱ្យពួកគាត់ អាចដាំដុះ លើដីទាំងនោះបាន ក៏ប៉ុន្តែនៅពេលណាដែលរដ្ឋត្រូវការ ពលរដ្ឋត្រូវប្រគល់ជូនរដ្ឋវិញ៖
លោក ប្រ៉ប ទុច៖ «បើគេមិនដោះស្រាយដីចម្ការយើងហ្នឹង យើងសុខចិត្តឱ្យគេសម្លាប់តាមចម្ការរៀងខ្លួន។ អត់មានដី មានតែងាប់ហ្នឹងហើយ ពលរដ្ឋអត់មានដីធ្វើចម្ការ »។
ក្នុងពេលតវ៉ានៅខាងមុខសាលាស្រុកពេជ្រាដា ជនជាតិដើមភាគតិចម្នាក់ បានអានលិខិតបដិសេធ សំណើដាំដុះបណ្ដោះអាសន្ន លើដីដែលពួកគាត់ធ្លាប់បង្កបង្កើនផលកន្លងទៅ របស់រដ្ឋបាលខេត្តមណ្ឌលគិរី។
![H0521-RFAThumbnail-Pnong-LandConflictdigenous.jpg H0521-RFAThumbnail-Pnong-LandConflictdigenous.jpg](https://www.rfa.org/khmer/news/land/pnong-indigenous-people-from-5-villages-in-mondulkiri-protest-to-demand-their-land-that-authorities-confiscated-05212024083453.html/h0521-rfathumbnail-pnong-landconflictdigenous.jpg/@@images/e013043a-ef3d-44ba-84a3-7682605fd53c.jpeg)
ពួកគាត់បានថ្លែងក្នុងពេលតវ៉ាថា ទង្វើរបស់ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំណាំលៀរ លោក វុធ សារុំ បានរំលោភរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងរំលោភសិទ្ធិជនជាតិដើមភាគតិច។
ពលរដ្ឋអានលិខិត៖ «សន្យាថា នៅពេលរដ្ឋត្រូវការដកហូត ប្រគល់ឱ្យរដ្ឋវិញ ចំណុចទាំងនេះ ប្រជាសហគមន៍យើងខ្ញុំមិនអាចទទួលយកបាននោះទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាស្រុកពេជ្រាដា លោក ខាំ ផងសុជា ដើម្បីសុំការបកស្រាយរឿងនេះ បាននៅឡើយទេនៅថ្ងៃទី២១ ឧសភា ។ រីឯប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំណាំលៀរ លោក វុធ សារុំ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែអភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ បានថ្លែងប្រាប់ពលរដ្ឋក្នុងពេលតវ៉ាថា លោកនឹងទទួលយកសំណូមពររបស់ពលរដ្ឋ ដើម្បីស្នើឱ្យថ្នាក់លើដោះស្រាយបន្តទៀត ហើយលោកទទូចឱ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ ដោយរង់ចាំអាជ្ញាធរឆ្លើយតប នៅពេលក្រោយ៖
លោក វណ្ណា ម៉ាប់៖ «ស្នើសុំឱ្យចូលរួមកែតម្រូវ ពាក្យណាបងប្អូនមិនពេញចិត្ត ក្នុងនាមជាសហគមន៍តំណាងឱ្យប្រជាជន យើងមានសិទ្ធិចូលរួមតើ។ ឥលូវខ្ញុំសូមកែតិច លុបពាក្យហ្នឹងចោល និយាយអ៊ីចឹងទៅ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ថា អាជ្ញាធរគួរតែទទួលយកសំណូមពររបស់ពលរដ្ឋដោះស្រាយឱ្យបានត្រឹមត្រូវ ដោយគិតពីផលប្រយោជន៍ពលរដ្ឋជាធំ ស្របតាមច្បាប់ និងគោលការណ៍សិទ្ធិពលរដ្ឋ។
លោក ប៊ី វ៉ាន់នី៖ «ជីវភាពពួកគាត់ពឹងផ្អែកលើស្រែចម្ការ បើអាជ្ញាធរហាមឃាត់ ថា ដីខុសច្បាប់ ប្រជាជនមិនអាចទទួលយក។ កាលណាយើងកន្លងមក យើងមានមន្ត្រីបរិស្ថាន និងមានអាជ្ញាធរមូលដ្ឋាន កន្លងទៅយើងហាមឃាត់ពីដំបូងឡើង ក៏មិនមានរឿងរ៉ាវហ្នឹងដល់ថ្ងៃហ្នឹងដែរ»។
កាលពីខែមីនា កន្លងទៅ ជនជាតិដើមភាគតិចទាំងនេះ បានដាក់ញត្តិស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា អនុញ្ញាតឱ្យជនជាតិដើមភាគតិច ក្នុងឃុំប៊ូស្រា អាចប្រកបរបរធ្វើស្រែចម្ការបែបប្រពៃណីចិញ្ចឹមជីវិត ក្នុងដីសមូហភាពសហគមន៍ភូមិពូលុ និងភូមិឡាំមេះ ។
ខ្លឹមសារញត្តិបន្ថែមថា មុនឆ្នាំ ១៩៧០ ជនជាតិដើមភាគតិចព្នងតែងតែរស់នៅជាក្រុមបែបកុលសម្ព័ន្ធ មានភូមិសរុប ១៩ ភូមិ រហូតដល់ឆ្នាំ១៩៨៦ រដ្ឋាភិបាលបានបង្រួមភូមិនៅសល់ ៧ ភូមិប៉ុណ្ណោះ។ រីឯបច្ចុប្បន្នពលរដ្ឋចំនួន ៧ភូមិ ក្នុងឃុំប៊ូស្រា សរុបជាង ២ពាន់គ្រួសារមានជីវភាពពឹងផ្អែកលើដីសមូហភាពសហគមន៍ឋិតក្នុងភូមិពូលុ និងភូមិឡាំម៉េះ ក៏ប៉ុន្តែដីសមូហភាព ដែលពួកគាត់កំពុងដាំដុះចិញ្ចឹមជីវិត អាជ្ញាធរហាមឃាត់ និងដកហូតជាសម្បត្តិរដ្ឋមិនឱ្យធ្វើចម្ការ។
ពួកគាត់បន្តថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ ៣ ក្រុមហ៊ុនវិនិយោគដីរាប់ម៉ឺនហិកតារ ជុំវិញភូមិឋានពួកគាត់ ធ្វើឱ្យជនជាតិដើមភាគតិចរងភាពអយុត្តិធម៌ម្តងហើយម្តងទៀត ពីការបាត់បង់ធនធានធម្មជាតិ បាត់បង់ដីធ្លី និងមុខរបរចិញ្ចឹមជីវិតបែបប្រពៃណី៕
No comments:
Post a Comment