2024.07.20
កងកម្លាំងសង្គ្រោះនៃក្រសួងការពារជាតិ នៅមិនទាន់រកឃើញតម្រុយពីឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញក្នុងទឹកដីខេត្តកោះកុង និងខេត្តពោធិ៍សាត់ នៅឡើយ ដោយសារលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផល។ អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរជួលអ្នកជំនាញឱ្យធ្វើប្រតិបត្តិការរុករក ព្រោះគ្រោះថ្នាក់នេះបង្ហាញឱ្យឃើញពីកម្សោយនៃកងទ័ពអាកាសកម្ពុជា។
មកដល់ពេលនេះ មានរយៈពេល៨ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រ ហ្សីណាញ (Z-9) បានបាត់ដំណឹងការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលហាត់ហ្វឹកហ្វឺន កាលពីថ្ងៃទី១២ ខែកក្កដា។
ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកក្កដា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាកងកម្លាំងរុករក និងសង្គ្រោះ នៅមិនទាន់រកឃើញពីតម្រុយឧទ្ធម្ភាគចក្រហ្សីណាញ (Z-9) លេខ MH912 ដែលបាត់ការទាក់ទងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង នោះទេ ដោយសារកត្តាអាកាសធាតុ បង្កជាឧបសគ្គក្នុងប្រតិបត្តិការ។ ក្រសួងអះអាងថា អគ្គបញ្ជាការកងទ័ពជើងគោក នៃយោធភូមិភាគទី៥ នឹងនៅតែបន្តការរុករករហូតដល់ទទួលបានជោគជ័យ។
ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស Z-9 លេខ MH912ធ្វើឡើងដោយចែកចេញជាពីរក្រុម គឺមួយក្រុមរុករកតាមផ្លូវគោក ដោយការចូលព្រៃ និងឡើងភ្នំ។ ចំណែកមួយក្រុមទៀត គឺជិះឧទ្ធម្ភាគចក្រស្វែងរកពីលើអាកាស។ តាមការបង្ហោះសារលើបណ្ដាញសង្គមរបស់កងកម្លាំងដែលចុះប្រតិបត្តិការរុករក ឱ្យដឹងថា កងកម្លាំងបាននាំគ្នារកមើលនៅគ្រប់ច្រកល្ហកតាមបណ្ដាភ្នំ ជ្រោះជ្រលង ដែលអាចទៅដល់បាន ប៉ុន្តែបេសកកម្មតាមផ្លូវអាកាសភាគច្រើនជួបបញ្ហាភ្លៀងធ្លាក់ និងមានអ័ព្ទច្រើនរួមទាំងខ្យល់កន្ត្រាក់។
ផែនការហោះហើរ របស់កងទ័ពជើងអាកាស នៃក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ឧទ្ធម្ភាគចក្រ Z9 បានបាត់ទំនាក់ទំនង បន្ទាប់ពីហោះហើរហ្វឹកហ្វឺនផ្លូវឆ្ងាយ។ តាមផែនការហ្វឹកហ្វឺន ដោយហោះចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតំបន់ថ្មដា រួចបន្តហោះទៅកាន់ខេត្តពោធិ៍សាត់ និងចុងក្រោយត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្នុងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ចំណែកក្រុមហោះហើរនោះ ដែលបាត់ខ្លួនទៅជាមួយឧទ្ធម្ភាគចក្រ មានប្រធានក្រុម ឈ្មោះ ស៊ុន ផ្លា និងអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ។
ទាក់ទិននឹងរឿងនេះ ប្រពន្ធរបស់អាកាសយានិក លោក ខេង ឆៃយុទ្ធ គឺលោកស្រី ឆែម កល្យាណ បានបង្ហោះសារនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ ដោយបួងសួងតាមផ្នែកជំនឿសូមឱ្យរកឃើញប្ដីលោកស្រី និងមនុស្សម្នាក់ទៀត ឱ្យបានឆាប់រហ័ស។
ក្រោយមានដំណឹងធ្លាក់ឧទ្ធម្ភាគចក្រនេះ ក្រុមហ៊ុនហោះហើររបស់ឯកជនជាច្រើន បានចេញមុខចង់ចូលរួមក្នុងប្រតិបត្តិការរុករកនេះ ប៉ុន្តែក្រសួងការពារជាតិនៅថ្ងៃទី១៤ ខែកក្កដា បានចេញលិខិតបញ្ជាក់ថា កិច្ចការនេះទុកលទ្ធភាពឱ្យរដ្ឋជាអ្នកជួយសង្គ្រោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងប្រពន្ធរបស់អាកាសយានិក ខេង ឆៃយុទ្ធ គឺលោកស្រី ឆែម កល្យាណ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២០ ខែកក្កដា។
ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ករណីបាត់ដំណឹងឧទ្ធម្ភាគចក្រ នៅខេត្តពោធិ៍សាត់ នេះ បានបង្ហាញឱ្យឃើញ ពីកម្សោយផ្នែកបច្ចេកទេសហោះហើរ និងការរុករក របស់ទាហានជើងអាកាសនៃក្រសួងការពារជាតិ ពិសេសការខ្វះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។ លោកលើកឡើងថា ករណីនេះ ថ្នាក់ដឹកនាំគួរតែសហការគ្នា ខាងផ្នែកបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ និងរកជំនួយពីក្រុមអ្នកជំនាញរុករក ដូចករណី ការជួយសង្គ្រោះកូនក្មេងថៃ ទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់ក្នុងរូងភ្នំ នៅខេត្តឈៀងរ៉ៃ (Chiang Rai) ប្រទេសថៃ កាលពីឆ្នាំ២០១៨ ដែរ។
លោក ម៉ែន ណាត៖ «តែកម្ពុជា យើងមើលទៅយន្តហោះបាត់ទាំងមូល ស្រាវជ្រាវល្មមៗ ហើយអត់ឃើញនាយករដ្ឋមន្ត្រីណា ទៅដុតដៃដុតជើង ហើយផ្សព្វផ្សាយ និយាយរឿងហ្នឹងឱ្យម៉ត់ចត់អីទេ។ ឃើញតែដើរសែលហ្វីហ្នឹង ហើយសម្ដែងអ៊ីចឹង ហើយដល់ពេលរឿងមនុស្សបាត់ខ្លួន បាត់ក៏បាត់ទៅ។ វាដូចល្មមៗ អត់យកចិត្តទុកដាក់។ សោកស្ដាយទីមួយ យើងចូលរួមរំលែកការលំបាក ការឈឺចាប់របស់ក្រុមគ្រួសារ ដែលធ្លាក់យន្តហោះ ឬបាត់យន្តហោះនោះ»។
ឧទ្ធម្ភាគចក្រប្រភេទ Z9 នេះ ជាយន្តហោះផលិតនៅប្រទេសចិន(China) ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ចាទិញចំនួន ១២គ្រឿង ហើយត្រូវបានប្រគល់ជូនទៅកងទ័ពជើងអាកាសកម្ពុជា កាលពីឆ្នាំ២០១៣។ ការបញ្ជាទិញនេះ ធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខ្ចីប្រាក់ពីចិន ចំនួនជិត ២០០លានដុល្លារ(១៩៥,៥) ដើម្បីទិញឧទ្ធម្ភាគចក្រនេះ។
គេហទំព័ររបស់សាជីវកម្មផលិតយន្តហោះហាប៊ីន (Harbin Aircraft Industry Group) ឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទហ្សីណាញ( Z-9) ជាប្រភេទឧទ្ធម្ភាគចក្រធម្មតា និងផលិតឡើងក្រោមច្បាប់អនុញ្ញាតរបស់សាជីវកម្មផលិតយន្តហោះហាប៊ីន (Harbin Aircraft) របស់ប្រទេសចិន ដែលចម្លងលំនាំតាមឧទ្ធម្ភាគចក្ររបស់អឺរ៉ុប(Europe) ប្រភេទ អេរ៉ូកុបទ័រ ដូហ្វីន (Eurocopter Dauphin) ដែលផលិតនៅប្រទេសបារាំង(France) ហើយឧទ្ធម្ភាគចក្រនេះ ឃើញមានប្រើក្នុងជួរកងទ័ពរំដោះប្រជាជនចិន និងកងទ័ពប៉ាគីស្ថាន (Pakistan)។
កាលពីខែកក្កដា ឆ្នាំ២០១៤ ឧទ្ធម្ភាគចក្រធុន Z9 មួយគ្រឿង បានធ្លាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សចំនួន៤នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ក្នុងពេលកំពុងហោះហើរហ្វឹកហាត់នេះផងដែរ៕
No comments:
Post a Comment