Sunday 21 July 2024

លោក ហ៊ុន សែន «បន្តពឹងពាក់ចិនជ្រុលពេក ធ្វើឱ្យកម្ពុជាប្រឈមអស្ថិរភាពសេដ្ឋកិច្ច»


ដោយ ម៉ៅ សុធានី
2024.07.21

លោក ហ៊ុន សែន «បន្តពឹងពាក់ចិនជ្រុលពេក ធ្វើឱ្យកម្ពុជាប្រឈមអស្ថិរភាពសេដ្ឋកិច្ច»  
ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាលោក វ៉ាង វិនពីន (WANG Wenbin) ចូលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​លោក ហ៊ុន សែន ​កាល​ពី​ពេល​ថ្មី​ៗ​ បាន​ស្នើ​ឱ្យ​ចិន​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត​ បើទោះបីជា​បច្ចុប្បន្ន​កម្ពុជា​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ហើយ​ក៏​ដោយ។ ក៏​ប៉ុន្តែ ​អ្នក​វិភាគ​សង្គម​និង​នយោបាយ​យល់​ថា ​ការ​ពឹងពាក់​និង​បង្កើត​ភាព​ជិត​ស្និទ្ធ របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​ជាមួយ​និង​ចិន​ជ្រុល​ហួស​ពេក​ វា​អាច​នឹង​នាំ​វិបត្តិ​មក​ឱ្យ​កម្ពុជា​ច្រើន​ជាង​ការ​នាំ​ផល​ប្រយោជន៍​មក​ឱ្យ​ប្រទេស​ជាតិ។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ កម្ពុជា​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ​ជាមួយ​ប្រទេស​មហា​អំណាច ​ច្រើន​ជាង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ​ប្រសិន​បើ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន នៅ​តែ​មាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​ចិន ​លំអៀង​ហួសហេតុ​ពេក។

អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក ​គឹម សុខ ​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​ទំនាក់ទង​ជាមួយ​ប្រទេស​ចិន ​លើ​កិច្ចការ​នយោបាយ ​សង្គម ​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម ​មិនមែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ទេ ​ក៏ប៉ុន្តែ​ភាព​ជិតស្និទ​ជ្រុល​ពេក​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ​អាច​នាំ​មក​នូវ​វិបត្តិ​ដ៏​ច្រើន ​ជាង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា។

 

លោក ​គឹម សុខ ​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ទីតាំង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ​ប្រសិន​បើ​កម្ពុជា​លំអៀង​ទៅ​រក​ចិន​ជ្រុល​ហួសហេតុ​ពេក។

លោក ​គឹម សុខ៖ ​«រដ្ឋធម្មនុញ្ញ​កម្ពុជា ​តម្រូវ​ឱ្យ​កម្ពុជា​អព្យាក្រឹត ​ហើយ​អព្យាក្រឹត​​​ភាព​ក្នុង​ន័យ​នេះ ​គឺ​ដោយ​មាន​ការ​យល់ស្រប​ពី​មហា​អំណាច​ទាំង​អស់ ​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​មាន​ទាំង​អាមេរិក បារាំង​ អង់គ្លេស​ ​ចិន ​រុស្ស៊ី ។​ ដូច្នេះ ​កាលណា​រដ្ឋាភិបាល​កម្ពុជា ​ងាក​ទៅ​ភាគី​ណា​មួយ​ជ្រុល ​គឺ​ប្រាកដ​ជា​ធ្វើ​ឱ្យ​មាន​ទំនាស់​ក្នុង​ចំណោម​ ប្រទេស​មហា​អំណាច​ទាំង​អស់​នោះ​ លើ​បញ្ហា​ភូមិសាស្ត្រ​ របស់​ប្រទេស​កម្ពុជា​ហើយ»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ដូច​នេះ  ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក​ ហ៊ុន សែន ស្នើ​ឱ្យ​ចិន​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ គ្រប់​វិស័យ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កក្កដា ​លោក ​ហ៊ុន សែន ​បាន​ជួប​សំណេះសំណាល​​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា ​លោក ​វ៉ាង វិនពីន ​(WANG Wenbin )​ ដែល​ទើប​តែ​ចូល​កាន់​ដំណែង​ថ្មី។ ​ក្នុង​ជំនួប​នោះ ​លោក ​ហ៊ុន សែន​ បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​ គ្រប់​វិស័យ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត។

លោក ​ហ៊ុន សែន ​ថ្លែង​ថា​ បើទោះបីជា​បច្ចុប្បន្ន ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ក៏ដោយ ​ក៏​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​​គណបក្សប្រជាជន​កម្ពុជា​ ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​មិត្ត​ចិន​ទេ។

រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ ពឹងផ្អែក​ជំនួយ​និង​កម្ចី​ស្ទើរ​ទាំងស្រុង​ ពី​ប្រទេស​ចិន ​យក​មក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេដ្ឋកិច្ច ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ដឹង​គុណ​ចិន ​យ៉ាង​ជ្រាលជ្រៅ​ រហូត​ដាក់​ផ្លូវ​១​ខ្សែ​ថ្មី ​នៅ​ក្រវ៉ាត់​ក្រុង​ទី​៣ ​របស់​រាជធានី​ភ្នំពេញ​ ទៅ​ជា​ឈ្មោះ ​លោក ​ស៊ី ជិនពីង​ (Xi jinping)​ ប្រធានាធិបតី​ចិន​ទៀត​ផង។

ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុ​ប្រធាន​ទី​១ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ​ស៊ុន ចាន់ថុល ​ដែល​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ស្លាក​ឈ្មោះ​មហា​វិថី ​ស៊ី ជីនពីង​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ថា ​នេះ​គឺ​ជា​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន។

លោក ​ស៊ុន ចាន់ថុល​៖ «​ដើម្បី​ប្រសិទ្ធី​នាម​មហា​វិថី​​ឈ្មោះ ​ស៊ី ជីនពីង​ (Xi JinPiing)​នេះ ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​និង​កតញ្ញូតាធម៌​ ព្រម​ទាំង​ការ​​ដឹង​គុណ​ ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ ចំពោះ​មិត្ត​ចិន​​ដែល​បាន​ផ្ដល់​ហិរញ្ញ​ប្បទាន​​ និង​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា ​ជាពិសេស​កិច្ច​សហប្រតិបត្តិការ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​ ​ស៊ី ​ជីនពីង»។

លោក ​ស៊ុន ចាន់ថុល ​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ជំនួយ​ចិន​បាន​ធ្វើ​ឱ្យ​គម្រោង​ធំៗ​ជា​ច្រើន​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​កម្ពុជា ​ដូច​ជា៖ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​ ​​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ​ព្រលានយន្តហោះ​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ​និង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុង​បាវិត ​ដែល​កំពុង​សាងសង់ ​មន្ទីរពេទ្យ​និង​ស្ពាន​ឆ្លង​ទន្លេ​ជា​ច្រើន​ទៀត។​

លោក ​ស៊ុន ចាន់ថុល​ អះអាង​ថា ​ចិន​បាន​ឈរ​ជា​ប្រទេស​លំដាប់​ទី​១​ ក្នុង​ការ​ផ្តល់​កម្ចី​សម្បទាន​និង​ជំនួយ​សរុប​ជា​ទឹក​ប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ​សម្រាប់​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ​ ប្រវែង​សរុប​ជិត​៤​ពាន់​គីឡូម៉ែត្រ ​រួម​ទាំង​ស្ពាន​ធំៗ​សរុប​ចំនួន​១៦​ស្ពាន។

ថ្វីបើ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ពី​គុណសម្បត្តិ ​កម្ចី​និង​ជំនួយ​របស់​ចិន ​ជួយ​ដល់​ការ​អភិវឌ្ឍ​ក្តី ​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ កម្ពុជា​បាន​ជំពាក់​បំណុល​ចិន​ចំនួន​ជាង​៤​ពាន់​លាន​ដុល្លារ​ហើយ ​ក្នុង​ចំណោម​បំណុល​សរុប​ជាង​១​​ម៉ឺន​ប្រាំ​មួយ​រយ​​​​(១០.៦៦៧.២៥​0.000)​លាន​ដុល្លារ​ ដែល​កម្ពុជា​ជំពាក់​បរទេស។​

អ្នក​វិភាគ​សង្គម​យល់​ថា ​មូលហេតុ​ដែល​កម្ពុជា​ពឹង​តែ​លើ​ជំនួយ​ចិន ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ មាន​ឱកាស​តិច​ណាស់​ក្នុង​ការ​ពឹងពាក់​និង​សុំ​ជំនួយ​ពី​បស្ចឹម​ប្រទេស។

អ្នក​វិភាគ​បញ្ហា​សង្គម ​លោក​បណ្ឌិត ​មាស នី​ យល់​ថា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ពី​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន​តែ​មួយ ​គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថិរភាព​សេដ្ឋកិច្ច ​នៅ​ពេល​ណា​ដែល​ចិន​មាន​វិបត្តិ។

លោក​បណ្ឌិត ​មាស នី ​បន្ថែម​ទៀត​ថា​ ដោយសារ​តែ​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ចិន​ហួសហេតុ​ពេក ​គឺ​រដ្ឋាភិបាល​កម្ពុជា ​កំពុង​ទទួល​រង​ការ​រិះគន់​ ចំពោះ​របប​ដឹកនាំ​ដែល​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស​និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ។

លោកបណ្ឌិត​ មាស នី៖ « ​ដោយសារ​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​បញ្ហា​មិន​គោរព​សិទ្ធិ​មនុស្ស​ហើយ​និង​ប្រជាធិបតេយ្យ​ បើទោះបីជា​ចង់​មិន​ចង់​ទាំង​កម្ពុជា​ទាំង​បស្ចឹម​ប្រទេស​ហាក់​ដូច​ជា​មាន​ការ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ លើ​ការ​និយាយ​អំពី​ប្រាក់​ផ្ដល់​ជំនួយ​ធំៗ​ផ្សេងៗ​​នោះ។ ​បើទោះបីជាយ៉ាងណា​បស្ចឹម​ប្រទេស​នៅ​តែ​ជួយ​កម្ពុជា​ ប៉ុន្តែ​គ្រាន់​តែ​មិន​មាន​ចំនួន​ច្រើន ​ដូច​ជំនួយ​ចិន​ទេ​»។

ស្រដៀង​គ្នា​នេះ​ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ​លោក​ រ៉ូ  វណ្ណៈ​ យល់​ថា​ការណ៍​ដែល​កម្ពុជា ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន​ កំពុង​ធ្វើ​ឱ្យ​ព្រួយ​បារម្ភ​ទៅ​ដល់​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ពាក់ព័ន្ធ​និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ចិន​និង​សហរដ្ឋអាមេរិក។

លោក​ រ៉ូ វណ្ណៈ ​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​ ក្រុម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​និង​ពិភព​លោក ​កំពុង​តាម​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​នេះ។

លោក​ រ៉ូ វណ្ណៈ៖ «​ប្រទេស​ដែល​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់​គឺ​សហរដ្ឋអាមេរិក​ បន្ទាប់​មក​គឺ​វៀតណាម ​តែង​ឃ្លាំមើល​ការ​វិវត្តន៍​​ទៅ​លើ​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និង​ចិន ​ថា​តើ​យុគ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​ វា​អាច​គំរាម​​កំហែង​ទៅ​ដល់​សន្តិសុខ​ឬ​ក៏​ផល​ប្រយោជន៍​របស់​វៀតណាម​ ក្នុង​កម្រឹត​ណា​?»។

អ្នក​វិភាគ​ជា​ច្រើន​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា ​មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា ​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បង្កើន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន ​ដោយសារ​តែ​រដ្ឋាភិបាល​នេះ ​ត្រូវការ​ចិន​ឱ្យ​ជួយ​អភិវឌ្ឍ​ដើម្បី​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ផង​និង​ជួយ​ខាង​យុទ្ធសាស្រ្ត​នយោបាយ​ផង​ ដើម្បី​ការពារ​អំណាច​របស់​គ្រួសារ​ត្រកូល​ ហ៊ុន ​ឱ្យ​នៅ​គង់វង្ស​បាន​យូរអង្វែង៕

No comments: