Wednesday 21 August 2024

សាច់ញាតិ​មិន​ទាន់​ទទួល​ដំណឹង​អំពី​យុវជន​សង្គម ៦នាក់ ដែល​នគរបាល​ចាប់​ខ្លួន

 

ដោយ សុជីវី
2024.08.20

សាច់ញាតិ​មិន​ទាន់​ទទួល​ដំណឹង​អំពី​យុវជន​សង្គម ៦នាក់ ដែល​នគរបាល​ចាប់​ខ្លួន  
យុវជន ដែល​សាច់ញាតិ​ទន្ទឹង​រង់ចាំដំណឹង ក្រោយ​ពេល​អាជ្ញាធរ​ចាប់ខ្លួន។
រូប៖ ហ្វេសប៊ុកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ

គិត​ត្រឹម​ថ្ងៃ​ទី២០ ខែសីហា យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ និង​យុវជន​ម្នាក់​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ខាង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ នៅតែ​មិន​ទាន់​ទទួល​បាន​ដំណឹង​នៅ​ឡើយ។ ពួក​គាត់​ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នេះ​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​មាន​ចេតនា​លាក់បាំង​ព័ត៌មាន។

យុវជន និង​សាច់ញាតិ​លើក​ឡើង​ថា រយៈ​ពេល ២ថ្ងៃ​មក​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ផ្ដល់​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ៥នាក់ និង​បុគ្គលិក​ម្នាក់​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា YRDP នៅ​ឡើយ​ទេ ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​សាច់ញាតិ​បារម្ភ​ថា សមត្ថកិច្ច​នឹង​ដាក់​បន្ទុក​ទៅ​លើ​ពួក​គាត់​បន្ថែម​ទៀត។

គូ​ដណ្ដឹង​របស់​កញ្ញា រៀម ស្រីពេជ្ររតនា គឺ លោក ហ៊ន លីហ្សា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែសីហា ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ថា អាជ្ញាធរ​យក​កញ្ញា រៀម ស្រីពេជ្ររតនា ទៅ​ឃុំ​ខ្លួន នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ។ លោក​យល់​ថា ការណ៍ ដែល​អាជ្ញាធរ​លាក់បាំង​ព័ត៌មាន​មិន​ឱ្យ​សាច់ញាតិ​ដឹង​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ និង​គំរាម​កំហែង​ដល់​កញ្ញា រៀម ស្រីពេជ្ររតនា។

 

ទន្ទឹម​គ្នា​នេះ​ដែរ ម្ដាយ​របស់​អ្នកស្រី សាក់ កន្និការ គឺ​លោកស្រី ភិន សុវណ្ណនី បាន​បង្ហោះ​សារ​នៅ​លើ​គណនីហ្វេសប៊ុករបស់ខ្លួន នៅ​ថ្ងៃ​ទី២០ ខែសីហា ថា លោកស្រី​បាត់​កូន​ស្រី តាំង​ពី​យប់​ថ្ងៃ​ទី១៨ ខែសីហា បន្ទាប់​ពី​កូនស្រី​លោក​ស្រី​ចេញ​ពី​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ដំណឹង​ពី​កូនស្រី​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​ការងារ និង​មិត្តភ័ក្ដិ​របស់​អ្នកស្រី សាក់ កន្និការ ឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នកស្រី និង​បាន​បញ្ជូន​អ្នកស្រី​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ប៉ុន្តែ មិន​ទាន់​បាន​ដឹង​អំពី​ការ​ឃាត់​ខ្លួន​នេះ ក្នុង​មូលហេតុ​អ្វី​ឡើយ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចុះ​ទៅ​បិទ​ផ្ទះ ដែល​ជា​ទីស្នាក់ការ​របស់​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ចាប់​ខ្លួន​យុវជន​ចំនួន ៤នាក់។ បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី១៩ ខែសីហា អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចំនួន ២នាក់​បន្ថែម​ទៀត។ ប៉ុន្តែ យុវជន​ម្នាក់ គឺ​កញ្ញា ឡាច ធីណា ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ ក្រោយ​ពេល​កញ្ញា​យល់ព្រម​ថត​វីដេអូ​តាម​ការ​បង្ខំ​របស់​សមត្ថកិច្ច ដោយ​អាន​លិខិត​សុំ​ទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​និយាយ​ទម្លាក់​កំហុស​ទៅ​លើ​មេ​បក្ស​ប្រឆាំង រួម​ទាំង​មេ​ដឹកនាំ និង​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​​​​ថា ជា​អ្នក​ញុះញង់​ឱ្យ​កញ្ញា​ចូលរួម​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល។ ចំណែក​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចំនួន ៥នាក់​ទៀត ដែល​មិន​ព្រម​ធ្វើតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មសមត្ថកិច្ចបង្ខំនោះ រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា សើន ស្រីម៉ៃ កញ្ញា កាត់ ស៊ីណាត លោក ធី ថន និង​កញ្ញា នឿន ស្រីណែត។ ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំ​យុវជន​ទាំង ៥នាក់ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នេះ គឺ​ក្រោយ​ពេល​ពួក​គាត់ បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​រឿង​អយុត្តិធម៌​សង្គម និង​បង្ហាញ​ការ​ឈឺ​ចាប់ ដែល​យុវជន​សង្គម​ផ្សេង​ទៀត ដែល​ជា​មិត្តភ័ក្ដិ​របស់​ពួក​គាត់ ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌។ ពួក​គាត់​មិន​បង្ហាញ​អំពី​គម្រោង​ចូលរួម​ធ្វើ​បាតុកម្ម ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​រឿងCLV-DTA នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ជា​បន្ត​បន្ទាប់​នេះ គឺ​ស្រប​ពេល​ដែល​លោ​​​​​​​​​​​​​​​​​ក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កម្លាំង​នៅ​ទូទាំង​ប្រទេស ត្រៀម​បង្ក្រាប​អ្នក ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)

ព្រះតេជព្រះគុណ ធូ វ៉ាឃីម ដែល​ទើប​តែ​ត្រូវ​បាន​សមត្ថកិច្ច បង្ខំឱ្យចុះកិច្ចសន្យា ២លើក​បញ្ឈប់​ចូលរួម និង​និយាយ​ពី​បញ្ហា​សង្គម​ជាតិ​នោះ មាន​ថេរ​ដីកា​ថា ការ​ចាប់​ក្រុម​យុវជន​ដោយមិនបញ្ជាក់​អំពី​មូលហេតុ​ឱ្យ​សាធារណជន​បាន​ដឹង គឺ​ជា​ទង្វើ​ខុស​ពី​នីតិវិធី​ច្បាប់ ពីព្រោះ​ក្នុង​រយៈ​ពេល ៤៨ម៉ោង ក្រុម​គ្រួសារ​គួរតែ​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នោះ។ ព្រះអង្គ​ចាត់​ទុក​ការ​ចាប់​យុវជន ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​សង្គម​យក​ទៅ​ឃុំ គឺ​ជា​ទង្វើ​អមនុស្សធម៌ និង​ឃោរឃៅ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែសីហា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឱ្យវិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​បញ្ជូន​ខ្លួន​ក្រុម​យុវជន​ទៅ​ឃុំ​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ ហើយ​លោក​គ្មាន​ពេល​តាមដាន​រឿង​យុវជន​ទាំង​នេះ​ទេ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​បញ្ជាក់​អំពី​ទី​កន្លែង​ឃុំ​ខ្លួន និង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ឱ្យ​ក្រុម​គ្រួសារ​បាន​ដឹង ពីព្រោះ​ការ​លាក់បាំង​ព័ត៌មាន​នេះគឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​បុគ្គល។ លោក​បន្ត​ថា ការ​លាក់បាំង​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ ពីព្រោះ​តែ​ការ​អនុវត្ត​ច្បាប់​ខ្វះ​តម្លាភាព។

អ្នកឃ្លាំមើល​យល់​ថា ការ​ចាប់​ខ្លួន​យុវជន​សង្គម​ទាំង​នេះ គឺ​ជា​ល្បិច​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​ដាក់​សម្ពាធ​ឱ្យ​យុវជនទាំងនោះនិយាយ​វាយ​ប្រហារ និង​ទម្លាក់​កំហុស​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ថា ជា​អ្នក​ញុះញង់​ឱ្យ​ពួក​គាត់​ចេញ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជា​ដើម។

សាច់ញាតិ និង​យុវជន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ក្រុម​យុវជន​សង្គម​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​សកម្មភាព​របស់​ក្រុម​យុវជន​ទាំង​នោះ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ៕

No comments: