Wednesday 21 August 2024

លោក ហ៊ុន ម៉ាណែត ដឹកនាំមួយឆ្នាំនេះ«មិនបានបម្រើតាមតម្រូវការពលរដ្ឋឡើយ ក្រៅតែចាំបង្ក្រាបអ្នករិះគន់»


ដោយ ប្រាជ្ញ ចេវ
2024.08.20

លោក ហ៊ុន ម៉ាណែត ដឹកនាំមួយឆ្នាំនេះ«មិនបានបម្រើតាមតម្រូវការពលរដ្ឋឡើយ ក្រៅតែចាំបង្ក្រាបអ្នករិះគន់»  
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ដៃជាមួយសមាជិកសភា នៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតគាំទ្រប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី។
រូប៖ AFP

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា ក្រោម​ការ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត រយៈពេល​មួយ​ឆ្នាំ​មក​នេះ មិន​បាន​បង្ហាញ​សមិទ្ធផល​ដែល​អាច​កត់​សម្គាល់​បាន​ទេ ហើយ​លោក ហ៊ុន ម៉ាណែត ថែម​ទាំង​បង្ក្រាប​ទៅ​លើ​សំឡេង​រិះគន់​ទៅ​វិញ។ ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​នេះ  ក្រោយ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាលរៀបចំសិន្និសីទកាសែត​បង្ហាញពី​លទ្ធផល​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេលមួយឆ្នាំ

មន្ត្រី​គណបក្ស​ប្រឆាំង​ និង​អ្នក​វិភាគ​នយោបាយ​ មើល​ឃើញ​ថា រយៈ​ពេល​១​ឆ្នាំ ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ជំនួស​ឪពុក គឺ​លោក ហ៊ុន សែន​ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ ប្រសើរ​ឡើង​ទេ ខណៈ​អយុត្តិធម៌ ការ​គំរាម​នយោបាយ និង​សេដ្ឋកិច្ច​កាន់​តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ទៅ​វិញ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំប្រទេសអូស្ត្រាលី (Australia) លោក អ៊ិន ហេមរ៉ា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​១៩ ខែ​សីហា ថា អ្នក​វិនិយោគជា​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​កៀរគរ​របស់​លោក​ ហ៊ុន ម៉ាណែត ​នោះ​ទេ​ គឺ​ដោយសារ​ពួកគេ​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​បែប​ក្រុមគ្រួសារ​បក្សពួកនិយម​ និង​អំពើ​ពុករលួយ​។ លោក​ថា ដោយសារ​តែ​សេដ្ឋកិច្ច​ខ្មែរ​មិន​រីក​ចម្រើន​នោះ​ហើយ ទើប​មាន​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បន្ត​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន​ និង​​បង្ខំ​ចិត្ត​បែក​ពី​គ្រួសារ​។

 

លោក អ៊ិន ហេមរ៉ា បន្ថែម​ថា ​លោក ហ៊ុន ម៉ាណែត​ គឺ​ដូច​គ្នា​នឹង​ឪពុក​របស់​​លោក​ដែរ ដោយបន្ត​ធ្វើ​ទុក​បុក​ម្នេញ​​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ និង​លោក​បន្ត​ដឹក​នាំ​ប្រទេស​ងាក​ទៅ​រក​ប្រទេស​ចិន​ និង​វៀតណាម​ខ្លាំង

លោក អ៊ិន ហេមរ៉ា «ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​មាន​ន័យ​ថា ​ទី​មួយ​ យើង​ចង់​បាន​អ្នក​វិនិយោគ​ ហើយ​យើង​ធ្វើ​ម៉េចស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ឧទាហរណ៍​ប្រសិន​ជា​គាត់​មាន​បំណង​ចង់​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​ការ​ងារ​នៅ​ប្រទេស​ហ្នឹង​ធ្វើ​ម៉េច​គាត់​ត្រូវ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ហើយ​ដើម្បី​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ គាត់​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ផ្ទុយ​»

ការ​លើក​ឡើងនេះ ​ស្រប​ពេល​​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី២២ ខែ​សីហា ខាង​មុខ​នេះ

អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី១៩ សីហា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើកឡើង​ពី​សមិទ្ធផល​រយៈ​ពេល ១ឆ្នាំ របស់​រាជរដ្ឋាភិបាល និងដំណើរ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា អួត​សរសើរ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មួយ​ឆ្នាំ​មក​នេះ បាន​សម្រេច​ជោគជ័យ​គ្រប់​វិស័យ ជា​ពិសេស​ការ​ថែ​រក្សា​បាន​នូវ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សមិទ្ធផល​លេច​ធ្លោ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ការពារ​នូវ​អធិបតេយ្យ​ភាព​ជាដើម

លោក ប៉ែន បូណា «យើង​ធ្លាប់​លឺ​សម្ដេច​តេជោ​ ក៏​ដូច​ជា​​សម្ដេច​ធិបតី​​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​​ កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​ជា​មួយ​​ជំនួយ​បរទេស​ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​ដាច់​ខាក​ កម្ពុជា​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​អនុញ្ញាត​​ឱ្យ​បាត់​ដី​សូម្បី​មួយ​មីលីម៉ែត្រ​ នេះ​ជា​ការ​អះអាង​ជា​ឡារិក​»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ  មន្ត្រី​បក្ស​ប្រឆាំង អ្នក​ឃ្លាំមើល និង​ពលរដ្ឋ​មួយ​ចំនួន​ វាយ​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ថា តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​មក​កាន់​តំណែង អយុត្តិធម៌​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ជីវភាព​ពលរដ្ឋ​តូចតាច កាន់​តែ​ពិបាក​ និង​ជំពាក់បំណុល​ធនាគារ​វ័ណ្ឌក​ស្ទើរ​គ្រប់​គ្រួសារ។ ចំពោះ​វិស័យ​នយោបាយ​វិញ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពុំ​មានភាព​ល្អ​ប្រសើរ​ឡើយ​ ដោយសារ​ថា មាន​អ្នក​ទោស​នយោបាយ កាន់​តែ​ច្រើន​ឡើង ហើយ​ការ​គំរាម​កំហែង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ដែរ។ ចំពោះ​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​វិញ ពួកគាត់​ មើល​ឃើញ​ថា​ការ​កាប់​ព្រៃ​ឈើ ការ​លក់​ទ្រព្យ​សម្បត្តិ​ជាតិ និង​ទ្រព្យ​សម្បត្តិ​រាស្រ្ត ឲ្យ​ទៅ​ក្រុមហ៊ុន​ និង​ជនបរទេស​ មាន​កាន់​តែ​ច្រើន​ឡើង ខណៈ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​គ្រឿងញៀន ​នៅ​តែ​កើន​ឥត​ឈប់។ ជា​ពិសេស​ថ្មី​ៗនេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត​ រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​រឿង​បង្ក្រាប​ពលរដ្ឋ​ដែល​ឈឺឆ្អាល​បញ្ហា​ទឹកដី

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ការ​ដឹក​នាំ​ខុស​ពី​ឪពុក​លោក​នោះ​ទេ​ ជាក់​ស្ដែង​លោក​ ហ៊ុន ម៉ាណែត មិន​ទទួល​យក​មតិ​របស់​ពលរដ្ឋ​​ដែល​បាន​រិះគន់​ ឬ​ស្នើសុំ​នោះ​ឡើយ។ ម៉្យាង​ទៀត​ លោក​ ហ៊ុន ម៉ាណែត​ ដូច​គ្នា​នឹង​ឪពុក​របស់​លោក​ ​គឺ​ការ​បង្ក្រាប​​ទៅ​លើ​អ្នក​រិះគន់ និង​មន្ត្រី​បក្ស​ប្រឆាំង

លោក គឹម សុខ «វិស័យ​សាធារណៈ​របស់​ក្រុម​លោក​ ហ៊ុន ម៉ាណែត មិន​បាន​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​​ត្រឹមត្រូវ​ទេ​ ក៏​ប៉ុន្តែ​វិធានការ​របស់​រដ្ឋបាល​របស់​លោក​ ហ៊ុន ម៉ាណែត ​ចាំ​ខ្ទប់​មាត់​ និង​សិទ្ធិ​សេរីភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា​​ដែល​ប្រតិកម្ម​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ទៅ​វិញ​»

អ្នក​ឃ្លាំ​មើល​សង្គម​ និង​ពលរដ្ឋ​សោក​ស្ដាយ​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បន្ត​ដឹក​នាំ​ផ្ដាច់ការ​ដូច​ឪពុក​របស់​លោក​ ដែល​សកម្មជន​បក្ស​ប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមាណ​ ​៦០នាក់​បន្ត​ជាប់​ពន្ធនាគារ ខណៈ​យុវជន និង​ពលរដ្ឋ​ប្រមាណ​២០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោយ​រិះគន់​លើ​បណ្ដាញ​សង្គម​ ថា​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ ជុំវិញ​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ (CLV)៕ 

No comments: