Monday 5 August 2024

កម្ពុជា«កាន់តែផ្ដាច់ការ»ព្រោះមេដឹកនាំបង្ខំពលរដ្ឋគាំទ្រអ្វីៗដែលជាគំនិតរបស់ខ្លួន


ដោយ មាន ឫទ្ធិ
2024.08.05

កម្ពុជា«កាន់តែផ្ដាច់ការ»ព្រោះមេដឹកនាំបង្ខំពលរដ្ឋគាំទ្រអ្វីៗដែលជាគំនិតរបស់ខ្លួន  
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន (កណ្ដាល) ប្រធានកត្តិយសគណបក្សប្រជាជនកម្ពុជាលោក ហេង សំរិន(ឆ្វេង) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត(ស្ដាំ) ចូលរួមពិធីរំឭកខួប៤៥ឆ្នាំ ការដួលរលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូប៖ AFP

ប្រជាពលរដ្ឋ ព្រួយបារម្ភ​ថា ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​របៀប​ដឹកនាំ​កាន់​តែ​ផ្ដាច់ការ​ដូច​បណ្ដា​ប្រទេស​កុម្មុយនិស្ត ព្រោះ​ក្រុម​មេដឹកនាំ​ហាក់​បង្ខំ​ឱ្យ​ពលរដ្ឋ​ស្រែក​បន្ទរ​គាំទ្រ​គំនិត​អភិវឌ្ឍន៍​របស់​ខ្លួន​ជាពិសេស​គម្រោង​ចុងក្រោយ ​គឺព្រែក​ជីក​ហ្វូណន ដែល​រដ្ឋាភិបាល​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី៥ សីហា នេះ។

រដ្ឋបាល​តាម​បណ្ដា​ខេត្ត និង​មន្ត្រី​អាជ្ញាធរ​ចាប់ផ្ដើម​រៀបចំ​ដោយ​ដាក់​ទង់ជាតិ​នៅ​ខាង​មុខ​កន្លែង​ធ្វើ​ការ​ពួកគេ និង​រម្លឹក​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​ព្រះសង្ឃ​វាយស្គរ និង​ចូល​រួម​អបអរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណន​នៅ​ថ្ងៃ​ទី៥ ខែសីហា តាម​បញ្ជា​មេ​កើយ​របស់​ខ្លួន​គឺ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ចំណែក ពលរដ្ឋ​ដែល​មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​ពី​គម្រោង​នេះ លើកឡើង​ថា ការ​សម្រេច​គាំទ្រ ឬ​មិន​គាំទ្រ​ជា​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ ហើយ​រដ្ឋាភិបាល​ក៏​មិន​គួរ​ដាក់​សម្ពាធ ឬ​បង្ខិតបង្ខំ​ក្នុង​រូបភាព​គំរាមកំហែង​ណា​មួយ​ដែរ។

 

ពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្តសៀមរាប លោក ហាន ប៊ុនហ៊ាន ថ្លែង​ថា ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណននេះ ​ហាក់​ធ្វើ​ឡើង​តក់ក្រហល់ ហើយ​រដ្ឋាភិបាល​ពុំ​បាន​បង្ហាញ​តម្លាភាព​ភាព​គ្រប់គ្រាន់​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឱ្យ​ពលរដ្ឋ​បាន​ដឹង​នៅ​ឡើយ។ បន្ថែម​ពី​នេះ លោក​ព្រួយបារម្ភ​ថា ប្រសិន​គម្រោង​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ប្រទេស​ដទៃ​នោះ កម្ពុជា​មិន​ត្រឹម​តែ​ខាតបង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​នឹង​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យ​របស់​ខ្លួន​ថែម​ទៀត។

លោក ហាន ប៊ុនហ៊ាន៖ «ហេតុអ្វី​ចាំបាច់​អី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​គាំទ្រ តើ​ថវិកា​នោះ​ជា​ថវិកា​ជាតិ​យើង ឬ​ប្រទេស​ដទៃ អ្វី​ដែល​ចំណេញ​ខ្ញុំ​គាំទ្រ អ្វី​ដែល​មិន​ចំណេញ​ច្បាស់​ជា​ទឹកភ្នែក​ហើយ។ រាល់ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ណា​មិន​គាំទ្រ​គេ​ចាត់​ទុក​មាន​និន្នាការ​ផ្សេង អត់​បាន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង​ទេ។ ទិដ្ឋភាព​ជាក់ស្ដែង ខ្ញុំ​បារម្ភ​ភ័យខ្លាច នឹក​ឃើញ​ថា យើង​មាន​ប្រវត្តិសាស្ត្រ​មាន​រួច​មក​ហើយ យើង​បាត់បង់​យ៉ាង​ច្រើន។ រដ្ឋាភិបាល​សុទ្ធ​តែ​បណ្ឌិត ហេតុអ្វី​ប្រទេស​យើង​ក្រ តើ​បណ្ឌិត​នោះ​ទៅ​ធ្វើ​ការ​ក្នុង​រដ្ឋ ធ្វើ​ការ​ស្អី​ខ្លះ បណ្ដាល​ឱ្យ​ប្រទេស​កាន់​តែ​ទន់​ទាប​អាប់ឱន​យ៉ាង​នេះ? នេះ​គ្រាន់​តែ​បណ្ឌិត​ក្នុង​ជួរ​រាជរដ្ឋាភិបាល​សព្វថ្ងៃ។ បណ្ឌិត​ច្រើន​ណាស់ ប្រជាជន​តិច​ទេ ហេតុអ្វី​ប្រទេស​យើង​ក្រ»

ចំណែក អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ លោក សាន់ ចាន់ម៉ៅ ឱ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ពលរដ្ឋ​អ្នក​រកស៊ី​បើក​ហាង​ធំៗ​មួយ​ចំនួន​បាន​រៀបចំ​ដាក់​ទង់ជាតិ​នៅ​ខាង​មុខ​កន្លែង​ធ្វើការ និង​កន្លែង​រកស៊ី​របស់​ពួកគេ។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា សកម្មភាព​ពលរដ្ឋ និង​មន្ត្រីរាជការ​មួយ​ចំនួន​អាច​ធ្វើ​ឡើង​ទាំង​បង្ខំ ដោយសារ​តែ​រង​សម្ពោធ​ពី​ក្រុម​មន្ត្រី​ថ្នាក់​លើ។

លោក សាន់ ចាន់ម៉ៅ៖ «និយាយ​ពី​ចិត្ត​យើង​នៅ​មិន​ព្រម​ទទួល​យក ប៉ុន្តែ​គេ​ទៅ​ហើយ យើង​មិន​ទៅ​ក៏​មិន​ឈ្នះ​គេ អ៊ីចឹង​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​តែ​តាម​ដំណើរ​មាន​សិទ្ធិ​អី​សម្រេច​ទៅ​លើ​រដ្ឋ​សព្វថ្ងៃ ដូច​កង្កែប​ក្នុង​អណ្ដូង មាន​សិទ្ធិ​អី? យើង​និយាយ​ខ្លាំង​គេ​ថា យើង​ក្រុម​ជ្រុលនិយម បើ​យើង​មិន​និយាយ​ថា យើង​មិន​និយាយ ដល់​ពេល​យើង​រិះគន់​ខ្លាំង​វា​ប៉ះពាល់»

នៅ​មុន​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​មន្ត្រីរាជការ សិស្ស​និស្សិត និង​កម្មករ​តាម​រោងចក្រ​សហគ្រាស​ទាំងអស់ ឈប់​សម្រាក​នៅ​ថ្ងៃ​ទី៥ ខែកក្កដា ជា​ថ្នូរ​ទាមទារ​ឱ្យ​ពលរដ្ឋ និង​មន្ត្រីរាជការ​ចូល​រួម​អបអរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​នេះ និង​អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ទូទាំង​ខេត្ត​វាយ​ស្គរ​ចំ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​គម្រោង​នេះ។ ចំណែក ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី១ សីហា ក៏​បាន​ប្រកាស​ដែរ​ថា នៅ​ថ្ងៃ​ទី៥ ខែសីហា កម្មករ​តាម​រោងចក្រ​អាច​ឈប់​សម្រាក និង​ពុំ​មាន​ការ​កាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ក្រុម​ថៅកែ​តាម​រោងចក្រ​មួយ​ចំនួន​ដូចជា ក្រុមហ៊ុន ម៉េង ដា ហ្វូតរៀ អ៊ីនដាស់ស្ទ្រីល (Meng Da Footwear Industrial) កាល​ពី​ថ្ងៃ​ទី២ សីហា ចេញ​លិខិត​ប្រកាស​ថា នៅ​ថ្ងៃទី៥ សីហា ប្រសិនបើ​កម្មករ​ណា​មិន​ចូល​កម្មវិធី​អបអរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីកហ្វូណន នឹង​មិន​បាន​ប្រាក់​ឈ្នួល​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បក​ស្រាយ​ថា រដ្ឋាភិបាល​ពុំ​បាន​ទាមទារ​ឱ្យ​មន្ត្រីរាជការ​សិស្ស​សាលា​កម្មករ​ចូល​រួម​គាំទ្រ និង​អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ទេ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការ​គាំទ្រ​ដោយ​ខ្លួនឯង។ ទោះ​ជា​បែប​នេះ​ក្ដី លោក សុខ ឥសាន ចាត់​ទុក​ថា ពលរដ្ឋ​ណា​ដែល​មិន​គាំទ្រ​គម្រោង​នេះ គឺ​ជា​ក្រុម​ប្រឆាំង​ជ្រុល​និយម និង​មិន​យល់​ពី​ស្ថានការណ៍​ក្នុង​ការ​កសាង​គម្រោង​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាតិ។

លោក សុខ ឥសាន៖ «ការ​គាំទ្រ​មាន​ទូទាំង​ប្រទេស ប៉ុន្តែ​គេ​គាំទ្រ​នៅ​ផ្ទះ​របស់​គេ​ក៏​បាន នៅ​អង្គភាព​រោងចក្រ​សហគ្រាស​របស់​គេ​ក៏​បាន​មិន​បាច់ ទៅ​គាំទ្រ​ដល់​ពិធី​បើក​ការដ្ឋាន​ឯណា។ អ៊ីចឹង​មិនមែន​មាន​ន័យ​ថា អ្នក​នៅ​ផ្ទះ​អត់​គាំទ្រ​ទេ គេ​គាំទ្រ​ជា​សតិអារម្មណ៍ ជា​មនោសញ្ចេតនា​របស់​គេ ព្រោះ​នេះ​ជា​សមិទ្ធផល​របស់​ជាតិ​ទាំង​មូល អ្នកណា​ក៏​គាំទ្រ​ដែល​ក្នុង​នាម​ជា​ខ្មែរ។ លើកលែង​តែ​ពួក​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ក្រៅ​ប្រទេស​ដែល​ប្រឆាំង​នឹង​ការដ្ឋាន​ហ្នឹង​ទេ​ដែល​មិន​គាំទ្រ​នោះ មាន​តែ​អ្នក​ដើរ​តាម​សម រស្ស៊ី ដែល​ជ្រុល​និយម​ដែល​អត់​គាំទ្រ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ មើល​ឃើញ​ថា ក្នុង​បរិបថ​សង្គម​កម្ពុជា​សព្វថ្ងៃ​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​សិទ្ធ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នោះ​ទេ ហើយ​ការ​ប្រកាស​គាំទ្រ​របស់​ពលរដ្ឋ​លើ​គម្រោង​នានា​របស់​រដ្ឋាភិបាល ភាគ​ច្រើន​កើត​ចេញ​ពី​ការ​កៀរគរ​របស់​រដ្ឋាភិបាល។ លោក​យល់​ថា ទោះបី​គម្រោង​ព្រែកជីក​ហ្វូណន​អាច​បម្រើ​ដល់​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ រដ្ឋាភិបាល​ក៏​ត្រូវតែ​គិតគូរ​ជា​ចម្បង​លើ​ផល​ប៉ះពាល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ។

លោក សេក សុជាតិ៖ «ខ្ញុំ​នៅតែ​លើក​ទឹកចិត្ត​មួយ​ថា សូម​កុំ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម ធ្វើ​ម៉េច​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​ដី​របស់​គាត់​នា​ពេល​កន្លង​មក ហើយ​ត្រូវ​តែ​ទូទាត់​សំណង​ឱ្យ​គាត់ កុំ​ធ្វើ​បាប​ពួកគាត់ កុំ​ឱ្យ​ពួកគាត់​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​សារ​តែ​ការ​អភិវឌ្ឍ ដោយ​មិន​ផ្ដល់​សំណង ទៅ​ដល់​ពួកគាត់​ជា​ម្ចាស់​ដី ជា​ម្ចាស់​ទ្រព្យ​ទាំងអស់»

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចាយ​ដើម​ទុន​ប្រមាណ ១ពាន់ ៧រយ​លាន​ដុល្លារ​លើ​គម្រោង​ព្រែកជីក​ហ្វូណន និង​គ្រោង​បញ្ចប់​គម្រោង​នេះ​នៅ​ឆ្នាំ២០២៨។ ដំបូង​ឡើយ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​លុយ​ភាគច្រើន ដើម្បី​អនុវត្ត​គម្រោង​ពី​ភាគី​ចិន ប៉ុន្តែ​នៅ​ពេល​មាន​ការ​រិះគន់ និង​ចោទ​ប្រកាន់​ពី​ភាគី​វៀតណាម​ថា គម្រោង​ព្រែកជីក​ហ្វូណន អាច​ជួយ​សម្រួល​ឱ្យ​យោធា​ចិន​ចូល​កម្ពុជា​កាន់​តែ​ជ្រៅ​នោះ រដ្ឋាភិបាល បាន​កៀរគរ​ឱ្យ​ក្រុម​ឧកញ៉ា និង​អ្នកជំនួញ​ដែល​ស្និទ្ធ​នឹង​ខ្លួន​ឱ្យ​មក​ដាក់​ទុក​ចូល​រួម​វិនិយោគ​គម្រោង​នេះ។

ទោះ​បី​ជា​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រញាប់​ប្រញាល់​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​ចំ​ថ្ងៃ​ខួប​កំណើត​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន នៅ​ថ្ងៃទី០៥ ខែសីហា ក្តី រដ្ឋាភិបាល​នៅ​មិន​ទាន់​ដោះស្រាយ​កង្វល់ និង​ហានិភ័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ដូចជា តម្លាភាព​នៃ​ចំនួន​ប្រាក់​កម្ចី​ពី​ចិន ក្រុមហ៊ុន​ដាក់​ទុន​សាងសង់ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ផែនការ​ជម្លៀស​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ចេញ​ពី​លំនៅឋាន​ជាដើម នៅ​ឡើយ​ទេ៕

No comments: