Saturday 28 September 2024

លោក ហ៊ុន សែន បង្កើន​ការ​គំរាមកំហែង​ឆ្លងដែន​លើ​អ្នក​រិះគន់


ដោយ យ៉ង ចាន់តារា
2024.09.27
rfa


លោក ហ៊ុន សែន បង្កើន​ការ​គំរាមកំហែង​ឆ្លងដែន​លើ​អ្នក​រិះគន់ 

(រូបឯកសារ) លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​ឃ្លាំមើល​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្កើន​ការ​គំរាមកំហែង​ឆ្លង​ដែន​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ​កាន់តែ​ខ្លាំង​ថា ជា​អំពើ​ផ្ដាច់ការ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ប្រធាន​ចលនា​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ផ្ញើ​សារ​ជេរ​ប្រមាថ ជាពិសេស គំរាម​បញ្ជូន​មនុស្ស​ទៅ​សម្លាប់​អ្នកស្រី​ដល់​ប្រទេស​ជប៉ុន ឬ​សម្លាប់​ចោល​នៅ​ពេល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ដើម្បី​ឱ្យ​អ្នកស្រី​ឈប់​និយាយ​រិះគន់​ការ​ដឹកនាំ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

អ្នកស្រី​ស្នើសុំ​រដ្ឋាភិបាល​ជប៉ុន និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​សិទ្ធិមនុស្ស ឱ្យ​ជួយ​ឃ្លាំមើល និង​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​អ្នកស្រី ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់។



    អ្នកស្រី វ៉ាន់ លក្ខិណា៖ «ខ្ញុំ​គិត​ថា វា​អាប់​កិត្តិយស​ប្រទេស​ជាតិ​មែនទែន នៅ​ពេល​យើង​ប្រកាស​ថា ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​យើង​មាន​រូបភាព​មិន​អាច​ទទួល​យក​បាន​ជា​ច្រើន​ក្នុង​ការ​គំរាមកំហែង​ដោយ​ពាក្យ​សម្ដី​ផ្សេង​ទៅ សកម្មភាព​ផ្សឹង​អ៊ីចឹង​ទៅ ចា៎! ដល់​ពេល​ថ្នាក់​ដឹកនាំ​ចេញ​សារ​គំរាមកំហែង​សឹង​សម្លាប់​ផ្ដាច់​ពូជ​បែប​ហ្នឹង សួរ​ថា អ្នក​វិនិយោគ​ទុន អ្នក​រកស៊ី​ធំដុំ​ឯ​ណា ដែល​គេ​ចង់​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ នៅ​ពេល​ស្រុក​ខ្មែរ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​សាហាវ​ព្រៃផ្សៃ​បែប​នេះ​នោះ»។

ក្រៅ​ពី​នេះ យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ដែល​សកម្ម​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​បណ្ដាញ​សង្គម ឬ​ចេញ​មុខ​ដឹកនាំ​បាតុករ​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) កន្លង​ទៅ ក៏​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ​កំពុង​រស់នៅ​ស្រុក​ខ្មែរ​ដែរ ក្រោយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត តាម​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​គ្រួសារ​ពួក​គាត់​នៅ​ប្រទេស​កម្ពុជា​ដើម។

កាល​ពី​ពេល​ថ្មីៗ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​ពិសេស​របស់​លោក​ជាមួយ​អាជ្ញាធរ​ថៃ​លុប​បំបាត់​ចោល​សកម្មភាព​គណបក្ស​ប្រឆាំង ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ថៃ។ ក្នុង​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ជិត២នាទី ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នោះ លោក​ក៏​បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​នោះ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​យក​មក​កម្ពុជា​វិញ ឱ្យ​ខាង​តែ​បាន ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

    លោក ហ៊ុន សែន៖ «អា ហួត ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការងារ​នេះ ហើយ​ត្រូវ​ធ្វើការ​ជាមួយ​នគរបាល​ថៃ ហើយ​ក្រុម​អាវ​ក្រហម ក៏​ត្រូវតែ​ចូលរួម ដែល​មាន​សហការ​ល្អ​ជាមួយ​យើង​ត្រូវ​ធ្វើ​សកម្មភាព​នេះ​ផង​ដែរ។ ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ដាច់​ដោយ​ឡែក​ពី​នគរបាល​ថៃ និង​កម្លាំង យើង​ផ្ទាល់ បើ​ទោះ​បី​ជា​តម្លៃ​ណា​ក៏​ដោយ​រស់ ឬ​ស្លាប់​យើង​មិន​ដឹង​ទេ តែ​ដឹង​ថា អា​មួយ​ហ្នឹង មិន​អាច​ចេញ​ទៅ​ណា មិន​ឱ្យ​ចេញ​ទៅ​ណា​បាន​ទេ។ ដូច្នេះ ត្រូវ​អនុវត្ត​វិធានការ​នេះ​ជា​បន្ទាន់ ដាច់​ខាត​មិន​ឱ្យ​អា ផន ផាន់ណា នេះ​រួច​ខ្លួន​បាន​ទេ សូម​អនុវត្ត​ភ្លាម»។

មន្រ្តី​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េងឃៀង ប្រាប់​ថា លោក ផន ផាន់ណា កំពុង​ស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ពី​សំណាក់​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក​ឱ្យ​ដឹង​ថា ចាប់​តាំង​គ្រួសារ​លោក ថាក់ស៊ីន (Thaksin) ឡើង​កាន់​អំណាច​មក លោក ហ៊ុន សែន បាន​បង្កើន​សកម្មភាព​គំរាមកំហែង និង​បញ្ជា​ឱ្យ​ដៃ​ជើង​តាម​ចាប់​ជន​ភៀស​ខ្លួន​ខ្មែរ​ដល់​ទឹក​ដី​ថៃ ដើម្បី​បំភិតបំភ័យ​អ្នក​រិះគន់ និង​រារាំង​សកម្មជន​នៅ​ទី​នោះ កុំ​ឱ្យ​ចេញ​មុខ​ប្រឆាំង​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត។

    លោក លី ម៉េងឃៀង៖ «គាត់ (ហ៊ុន សែន) បង្ហាញ​ភាព​ផ្ដាច់ការ ឃោរឃៅ​របស់​គាត់ ឬ​ហៅ​ថា សារជាតិ​ដើម ដែល​គាត់​ជា​មេ​កម្មាភិបាល​ខ្មែរក្រហម​ធ្លាប់​កាប់​សម្លាប់​មនុស្ស ធ្លាប់តែ​ចាប់​មនុស្ស​ដាក់​គុក​តាម​អំពើ​ចិត្ត អ៊ីចឹង​គាត់​បង្ហាញ​អំពើ​ឃោរឃៅ​របស់​គាត់​ត្រឡប់​មក​វិញ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា។

អ្នក​ឃ្លាំមើល ចាត់​ទុក​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ឆ្លង​ដែន​នេះ​ថា ជា​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ពួ​គាត់​ស្នើ​ដល់​មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ថា ត្រូវតែ​ធ្វើ​ការ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជា​បន្ទាន់៕

No comments: