Sunday 29 September 2024

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​នូវែលហ្សេឡង់​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង CLV-DTA និង​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ

 

ដោយ ច័ន្ទ ដារ៉ូ
2024.09.28

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​នូវែលហ្សេឡង់​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង CLV-DTA និង​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ  
 
ពលរដ្ឋ​ខ្មែរ​ចេញ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ក្នុង​ទីក្រុងវេលលីនតុន (Wellington) ប្រឆាំង CLV-DTA នៅ​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក សៅ រ៉ាស៊ី
 

តំណាង​ប្រជាពលរដ្ឋ ព្រមទាំង​ព្រះសង្ឃ​ខ្មែរ​មក​ពី​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រមាណ ៥០អង្គ និង​នាក់​បាន​ចេញ​លើក​បដា​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​នៅ​មុខ​រដ្ឋសភា​ប្រទេស​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​ដក​ខ្លួន​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​វៀតណាម (CLV-DTA) ព្រមទាំង​ស្នើ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​តាម​រយៈ​ការ​ស្ដារ​ប្រជាធិបតេយ្យ​ទើប​កម្ពុជា​អាច​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ​បាន​គង់វង្ស។

បាតុករ​ជា​ពលរដ្ឋ​ខ្មែរ​ចេញ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ក្នុង​ទីក្រុងវេលលីនតុន (Wellington) នៅ​ថ្ងៃ​ទី២៨ ខែកញ្ញា។ អ្នក​តវ៉ា​លើក​បដា​ដៃ​កាន់​ទង់​ជាតិ​ទាំង​នោះ​បញ្ជាក់​ថា បាតុកម្ម​នេះ​រៀបចំ​ឡើង​ដោយសារ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​មើល​ឃើញ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មាន​ចេតនា​មិន​ស្មោះត្រង់​ក្នុង​ការ​ដក​គម្រោង CLV-DTA កាល​ពី​ថ្មីៗ នេះ និង​បន្ត​ឃុំ​ខ្លួន​អ្នក​បញ្ចេញ​មតិ​រឿង CLV ខណៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ក្រុមហ៊ុន​វៀតណាម និង​សន្ធិសញ្ញា​ព្រំដែន ដែល​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​កន្លង​មក​នៅតែ​បន្ត​ទៀត។

 

តំណាង​បាតុករ និង​ជា​ប្រធាន​សមាគម​ខ្មែរ ខែនធឺប៊ឺរី (CANTERBURY) នៃ​ប្រទេសនូវែលហ្សេឡង់ (New Zealand ) លោក សៅ រ៉ាស៊ី ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ដោយ​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ថា ការ​ដក​កិច្ច​សហប្រតិបត្តិការ CLV ជាមួយ​ប្រទេសឡាវ និង​វៀតណាម គ្រាន់តែ​ជា​លេស​រៀបចំ​ឡើង ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ក្នុង​ការ​ចេញ​តវ៉ា​ប្រឆាំង​អំណាច​គ្រួសារ​ត្រកូល ហ៊ុន មួយ​ពេល។ ប៉ុន្តែ​លោក​ថា ជាក់ស្ដែង លោក ហ៊ុន សែន មិន​បាន​ដក​កម្ពុជា​ចេញ​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ ពីព្រោះ​កិច្ច​ព្រមព្រៀង និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បើក​ដៃ​ឱ្យ​ពលរដ្ឋ​វៀតណាម​កម្ពុជា​ក្រោម​រូបភាព​អភិវឌ្ឍន៍​នៅ​ក្នុង​គម្រោង CLV កន្លង​ទៅ គឺ​លោក ហ៊ុន សែន នៅ​រក្សា​ទុក​ដដែល។ លោក សៅ រ៉ាស៊ី ថា បញ្ហា​នេះ កម្ពុជា​នៅតែ​មាន​ហានិភ័យ​បាត់បង់​ទឹកដី​នៅ​ថ្ងៃ​ខាង​មុខ បើ​ពលរដ្ឋ​ខ្មែរ​មិន​ងើប​តវ៉ា​ប្រឆាំង​នោះ​ទេ។

ស្រដៀង​គ្នា​នេះ លោក ស៊ុន្នី គង់ ដែល​ចូលរួម​បាតុកម្ម​បាន​ឡើង​សម្តែង​ដោយ​រៀបរាប់​ថា លោក​ចូលរួម​បាតុកម្ម​នេះ ដោយសារ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ប្រទេស​ផ្ដាច់ការ ដោយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ស្លូតត្រង់ និង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ឥត​ឈប់ឈរ។ ម្យ៉ាង​ទៀត​លោក​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម​ដូច​សម័យ​អតីតកាល ស្រប​ពេល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ផ្ដាច់ការ ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់។

ក្រៅ​ពី​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​កង់បេរ៉ា (Canberra)នៅថ្ងៃទី៣០ ខែកញ្ញា។ ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ធ្វើ​បាតុកម្ម​ជា​លើក​ទី៣ នៅ​ទីលាន​ក្វាំងជូធំ នៅ​ថ្ងៃ​ទី១៣ ខែតុលា រីឯ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​មេរិក​នឹង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១៣ ខែតុលា ហើយ​នៅ​អឺរ៉ុប​វិញ នឹង​ធ្វើ​មហា​បាតុកម្ម​រំលឹក​ខួប ៣៣ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ នៅ​ក្នុង​ទីក្រុងប៉ារីស ប្រទេសបារាំង នៅ​ថ្ងៃ​ទី២៦ ខែតុលា។

វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ហេតុផល ដែល​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ CLV-DTA បន្ត​ទៀត គឺ​ជា​រឿង​ត្រឹមត្រូវ ដោយសារ​គម្រោង​ជា​ច្រើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV និង​ជន​អន្តោប្រវេសន៍​វៀតណាម​ជា​ដើម រដ្ឋាភិបាល​មិន​ទាន់​ចាត់​វិធានការ​នៅ​ឡើយ។ លោក​មើល​ឃើញ​ថា ការណ៍ ដែល​ពលរដ្ឋ​ខ្មែរ​មិន​ទុក​ចិត្ត​មក​ពី​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច​ជុំវិញ​បញ្ហា​ព្រំដែន​កន្លង​មក​គ្មាន​តម្លាភាព និង​មិន​បាន​ពិគ្រោះ​មតិ​យោបល់​ចម្រុះ​ពី​គ្រប់​ភាគី ឬ​សំឡេង​ប្រឆាំង ខណៈ​អ្នក​និយាយ​រិះគន់​ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅ​វិញ។

កាល​ពី​ពេល​ថ្មីៗ នេះ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជំនួស​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ចាប់​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ត​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ​ប្រកាស​បន្ត​គម្រោង​ធ្វើ​បាតុកម្ម ឬ​សកម្មភាព​នានា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់​រឿង​ដក​កម្ពុជា​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទាំង​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV ទាំងស្រុង ព្រមទាំង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ ព្រមទាំង​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

No comments: