Monday 21 October 2024

ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជនខ្មែរក្រោម


Khmer Circle

Well, that is not exactly in Hun Sen's job description which is to fulfill all of Vietnam's demands as far as dealing with these kinds of "seditious groups" like the Khmer Kroms, the Montanards, Vietnamese settlers in Cambodia and even Khmer patriots of Kampuchea Krom origins such as Thach Setha and other civil and opposition activists currently in jail or assassinated over the years.

^^^

ដោយ យន់ សាមៀន
2024.10.21


ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជនខ្មែរក្រោម 

ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមប្រមាណ១០០នាក់ បានប្រមូល​ផ្តុំគ្នានៅ​វត្ត​សាមគ្គី​រង្សី ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម ដែល​ចាប់ឃុំខ្លួន​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម ដាក់ពន្ធនាគារ និងយកញត្តិទៅដាក់នៅក្រសួងការបរទេសកម្ពូជា កាលពីថ្ងៃទី ២៤ ខែមេសា។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​ភ្នំពេញ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ សំណើ​ធ្វើ​ឡើង​មុន​ពេល​ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន តំណាង​ឲ្យ​កម្ពុជា​ដឹក​នាំ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម។

អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មជន​សិទ្ធិមនុស្ស​​​ស្វាគមន៍​គម្រោង​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​របស់​លោក ហ៊ុន សែន ប៉ុន្តែ​ពួក​គេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​សាសនា​ព្រះពុទ្ធ​របស់​អាជ្ញាធរ​វៀតណាម មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ​។ ពួកគេ​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​យល់​ច្រឡំ​ថា ​វៀតណាម​នឹង​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​ដោយសារ​តែ​កឋិន​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើក​ដំបូង ទាំង​ដែល​លោក​បាន​ដឹក​នាំ​ប្រទេស​រាប់​ទសវត្សរ៍​មក​ហើយ​ក្ដី។



សកម្មជន​សិទ្ធិ​មនុស្ស​កំពុង​រស់​នៅ​លើ​ទឹក​ដី​ខេត្ត​ ព្រះត្រពាំង ​លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ លោក​ចង់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​ហ៊ាន​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម។

លោក ថាច់ ង៉ា បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម​ ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ។ លោក​ថា សូម្បី​ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវ​សមត្ថកិច្ច​វៀតណាម​ជិះ​ម៉ូតូ ​ដេញ​តាម​ពី​ក្រោយ​បណ្ដាល​ប្រពន្ធ​លោក​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ពេល​លោក​ចង់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ សកម្មជន​ខ្មែរ​ក្រោម​ផ្សេង​ទៀត។

លោកនាយក​មន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី៤ ខែ​តុលា បាន​បង្កើត​គណៈកម្មាធិការ​រៀបចំ​អង្គ​កឋិន​ទៅ​វត្ត​ខ្មែរ​ក្រោម ដែល​មាន​សមាសភាព​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​មួយ​ចំនួន។ អតីត​នាយករដ្ឋមន្ត្រី​​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក ​និង​ប្រពន្ធ​​លោក​នឹង​ដង្ហែ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មួយ​ ទៅ​វត្ត​ខ្មែរ​ក្រោម ​នៅថ្ងៃទី៤ ខែ​វិច្ឆិកា ​ខាងមុខ​ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ផ្សេង​ទៀត​ដង្ហែ​ទៅ​ដោយ​ផ្ទាល់។ លោក ហ៊ុន សែន ថា ខ្មែរ​លើ​ ខ្មែរ​កណ្ដាល ខ្មែរ​ក្រោម ជាខ្មែរ​តែមួយ ទើប​ឈ្មោះ​អង្គ​កឋិន​ទាន​នេះ​ថា (អង្គ​កឋិនទាន ​មហា​សាមគ្គី​គ្រួសារ​ខ្មែរ) ដែល​ជនជាតិ​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ គ្រប់​គណបក្ស​នយោបាយ ​គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា។

ជុំវិញ​កឋិន​របស់​កម្ពុជា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរៈដីកា​ថា កឋិន​នេះ ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​បាន​ស្វែង​យល់​បន្ថែម​ទៀត ពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​ ក្នុង​នោះ​ រួម​មាន​ការ​រស់​នៅ ​ការ​គោរព​ប្រតិបត្តិ​សាសនា វប្បធម៌ និង​ប្រពៃណី។

ព្រះអង្គ​បន្ត​ថា ពេល​ដង្ហែ​កឋិន​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត នឹង​មាន​ឱកាស​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។

បច្ចុប្បន្ន​មាន​ព្រះអង្គ​ ៥អង្គ​ និង​សកម្មជន​ខ្មែរ​ក្រោម​ ៨នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា។ ព្រះសង្ឃ ៥អង្គ ដែល​ត្រូវ​បាន​​អាជ្ញាធរ​វៀតណាម​ខេត្ត​លង់ហោរ​ចាប់​កាល​ពី​ខែ​មីនា រួម​មាន​ព្រះចៅ​អធិការ និង​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រជុំពលមង្គលបូរី ឬ​ហៅថា វត្តទ្រនំសេក​ចំនួន ៥អង្គ​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​ពី​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់» ។ដោយឡែក​ ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ទៀត​គឺ​ព្រះភិក្ខុ គឹម សំរិន្ទ ដែល​ជា​សកម្មជន​សង្ឃ និង​ជា​អ្នក​កសាង​រូប​សំណាក​លោក​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ឧកញ៉ា សឺន គុយ ​តម្កល់​ទុក​នៅ​ផ្ទះ​ក្នុង​ខេត្ត​ព្រះត្រពាំង  ត្រូវ​បាន​គណៈសង្ឃ​ខេត្ត​ក្រោម​ឥទ្ធិពល​វៀតណាម​ ប្រកាស​មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​អ្នកបួស និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ជាង ១៤០វត្ត ​ក្នុង​ខេត្ត​ព្រះត្រពាំង​ទទួល​យក​ព្រះអង្គ​គង់​។បច្ចុប្បន្ន​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​អះអាង​ថា កម្ពុជា​នឹង​ដង្ហែ​កឋិន​ទៅ​វត្ត​ស្វាយសៀម​ថ្មី នៅ​ខេត្ត ព្រះត្រពាំង។ ខេត្ត​ព្រះត្រពាំង​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ដោយ​ទៅ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កម្ពុជា​ក្រោម៕

No comments: