Monday 21 October 2024

អ្នកភូមិ​ចោទ​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា ឃុបឃិត​​ចាប់​គោយន្ត​ពលរដ្ឋ បង្ខំ​​​ប្រគល់​ដី​ឱ្យ​​ក្រុមហ៊ុន

 

ដោយ ជីវិតា
2024.10.21

អ្នកភូមិ​ចោទ​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា ឃុបឃិត​​ចាប់​គោយន្ត​ពលរដ្ឋ បង្ខំ​​​ប្រគល់​ដី​ឱ្យ​​ក្រុមហ៊ុន  
អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ ហៅ​ពលរដ្ឋ​មក​ធ្វើ​កិច្ចសន្យា ប្រគល់​ដី​ឱ្យ​ទៅ​ខាង​ក្រុមហ៊ុន ស្ថិត​នៅ​ភូមិ​បុស្ស ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤។

អ្នកភូមិ​ចោទ​តំណាង​ក្រុមហ៊ុន​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ឈ្មោះ ហេង ហ្វូ (Hengfu Group Sugar Industry) នៅ​ខេត្តព្រះវិហារ​ថា បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ដើរ​គំរាម និង​ចាប់​គោយន្ត​ពលរដ្ឋ​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ជា​ថ្នូរ​ឱ្យ​ពលរដ្ឋ​ព្រម​ផ្ដិតមេដៃ ប្រគល់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន។ មន្ត្រី​សង្គម​ស៊ីវិល​ថា ទង្វើ​របស់​ក្រុមហ៊ុន​ចិន ធ្វើ​មក​លើ ជនជាតិ​ដើម​ភាគតិច​កួយ ដោយ​ហិង្សា និង​គំរាមកំហែង នេះ​គឺ​ជា​អំពើ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ កោះហៅ​ភាគី​ទាំងពីរ មក​ដោះស្រាយ​ដោយ​សន្តិវិធី។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​បុស្ស ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ចោទ​តំណាង​ក្រុមហ៊ុន​ចិន ម្នាក់​ឈ្មោះ ឈៀង គង់នៅ ថា បាន​ប្រើប្រាស់​អំពើ​ហិង្សា​គំរាមកំហែង​ចាប់​ចង​ពលរដ្ឋ មិន​ឱ្យ​អាស្រ័យ​ផល លើ​ដី​ពួកគាត់។

ជនជាតិភាគតិច​កួយ រស់នៅ​ភូមិ​បុស្ស ឃុំ​ម្លូព្រៃពីរ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​តុលា ថា នៅ​ថ្ងៃទី​១៩ ខែ​តុលា គោយន្ត របស់​លោក​ចំនួន ១​គ្រឿង និង​គោយន្ត អ្នកភូមិ ២​គ្រឿង​ទៀត ត្រូវ​បាន​បក្ខពួក លោក ឈៀង គង់នៅ ជាច្រើន​នាក់ សហការ​ជាមួយ​កម្លាំង​ទាហាន​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង ចុះ​មក​ដកហូត​គោយន្ត​ពលរដ្ឋ យក​ទៅ​ទុក​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន អំឡុង​ពេល​ដែល ពួកគាត់​កំពុងតែ​ដក​ដំឡូង​មី ស្ថិតនៅ​លើ​ដី​ដែល​កំពុង​មាន​វិវាទ។

 

លោក​បន្ថែម​ថា ការ​ដកហូត​គោយន្ត ពី​សំណាក់​បក្ខពួក​លោក ឈៀង គង់នៅ នេះ ដោយសារតែ មាន​ពលរដ្ឋ​ជាច្រើន​រស់នៅ​ភូមិ​បុស្ស ឃុំ​ម្លូព្រៃពីរ មិន​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន។ ក្រោយ​មក តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​តាមរយៈ​មេឃុំ​ម្លូព្រៃ លោក កាន់ សុវណ្ណគា ឱ្យ​ប្រាប់​ម្ចាស់​គោយន្ត​ថា ប្រសិនបើ​ចង់បាន​គោយន្ត​នោះ​មក​វិញ ត្រូវធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ឱ្យទៅ​ខាង​ក្រុមហ៊ុន ទើប​អាច​ទទួល​យក​គោយន្ត​ទៅវិញ​បាន។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ដើម្បី​ឱ្យ​ខាង​ក្រុមហ៊ុន ប្រគល់​គោយន្ត និង​បញ្ឈប់ ការ​រំខាន​មក​លើ​ពលរដ្ឋ​ទៀត។ លោក​ថា ជាច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន បាន​រំលោភ​យក​ដី​ពួកគាត់​អស់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​លំបាក​ធ្លាក់​ក្នុង​ជីវភាព​ភាព​ក្រីក្រ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ក្ស័យធន​ជាង ៣​ឆ្នាំ​មក​ហើយ គួរតែ​ប្រគល់​ដី​ទាំងនោះ ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ឡើងវិញ។

«ខ្ញុំ​ស្មើ​សុំ​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​។ បើ​មិន​ដោះស្រាយ​ខ្ញុំ​ជួប​ការ​លំបាក ព្រោះ​ខ្ញុំ ខ្វះខាត ខ្ញុំ​ក្រីក្រ ណាមួយ​ជំពាក់ អង្គការ​(​ធនាគារ​)​។ ដី​មួយ​ហិកតារ ពីរ​ហិកតារ ធ្វើ​ដើម្បី​ចិញ្ចឹម​គ្រួសារ»

នៅ​ថ្ងៃទី​១៣ ខែ​តុលា អភិបាល​រង​ខេត្ត លោក ឃឹម បញ្ញា បាន​ដឹកនាំ​អាជ្ញាធរ​ភូមិ​ឃុំ និង​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ ចុះ​ជួប​ពលរដ្ឋ​មកពី​ភូមិ​បុស្ស និង​ភូមិ​ប្រើសក្អក ជាង​១០០​នាក់ នៅ​លើ​ដី​ដែល​មាន​ជម្លោះ ស្ថិតនៅ​ភូមិ​ប្រើស​ក្អក នៅ​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប។ ក្នុង​ជំនួប​នោះ អភិបាល​រង​ខេត្ត លោក ឃឹម បញ្ញា និង​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ បាន​គំរាម​ឱ្យ​ពលរដ្ឋ ធ្វើ​កិច្ចសន្យា ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ដោយ​ថា ដី​នោះ គឺ​ជា​ដី​របស់​ក្រុមហ៊ុន។

ទោះជា​យ៉ាងណា នៅក្នុង​ជំនួប​នោះ មាន​ពលរដ្ឋ ចំនួន​តិច​តូច​ប៉ុណ្ណោះ ព្រម​ធ្វើ​កិច្ចសន្យា។ ពលរដ្ឋ​ឱ្យ​ដឹង​ថា សម្រាប់​អ្នកភូមិ​ដែល​មិន​ព្រម​ធ្វើ​កិច្ចសន្យា​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ដើរ​គំរាមកំហែង​ពលរដ្ឋ​នៅ​តាម​ផ្ទះ និង​បិទ​សិទ្ធិ ពួកគាត់ មិន​ឱ្យទៅ​ប្រមូល​ផល​ស្រូវ និង​ដំឡូង​មី នៅ​លើ​ដី​ដែល​បាន​ដាំ​ដុះ​រួចហើយ។ ចំណែក​ពលរដ្ឋ​ណា​ទៅ​ប្រមូល​ផល​នឹង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី និង​អភិបាលស្រុក​ឆែប លោក ឡង់ សុបិន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២០ ខែ​តុលា។ ចំណែក មេឃុំ​ម្លូព្រៃ​ពីរ លោក កាន់ សុវណ្ណគា និង​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ ក៏​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ដដែល ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ មេភូមិ​បុស្ស ឃុំ​ម្លូព្រៃ​ពីរ លោក ណាម សិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​តុលា​ថា ករណី​ក្រុមហ៊ុន​ដកហូត​គោយន្ត ពលរដ្ឋ​ចំនួន​៣​គ្រឿង លោក​ពុំ​បាន​ដឹង​រឿង​នោះ​ទេ ហើយ​លោក​ក៏​គ្មាន​លទ្ធភាព​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ដែរ។ លោក​បន្ត​ថា កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជា​ច្រើនដង​ហើយ ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា ប្រគល់​ដី​ទៅ​ក្រុមហ៊ុន​វិញ ប៉ុន្តែ ពលរដ្ឋ​ខ្លះ​នៅ​តែ​មិន​ព្រម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ជា​បន្តបន្ទាប់។

លោក ណាម សិត៖ «ខ្ញុំ​ក៏​មិនដឹង​ថា ម៉េច​ទេ ធម្មតា យើង​កូន​អ្នកស្រុក​ស្រែ យើង​តែងតែ​ត្រូវ​ការ​អាស្រ័យ​ផល ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​បើ​ឱ្យ​ខ្ញុំ​និយាយ ខ្ញុំ​មិន​ចេះ អារកាត់​យ៉ាងម៉េច​ទេ​។ បើ​តាម​កិច្ចសន្យា យើង​អាស្រ័យ​ផល​ឆ្នាំនេះ យើង​ធ្វើ​បាន ហើយ​នៅ​ឆ្នាំ​ក្រោយ​គេ​មិន​ឱ្យ​ធ្វើ ដូច​ថា មាន​ក្រុមហ៊ុន​គេ​ជំនួស​ធ្វើ។ គេ​ធ្វើ​កិច្ចសន្យា អ៊ីចឹង​ឯង»

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ សង្កេត​ឃើញ​ថា វិវាទ​ដីធ្លី រវាង​ក្រុមហ៊ុន​ចិន ហេង ហ្វូ និង​ជនជាតិ ដើម​ភាគតិច​កួយ នៅ​ខេត្តព្រះវិហារ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ។ លោក​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ក្ស័យធន​មក ឃើញ​មាន​បុគ្គល​ឈ្មោះ ឈាង គង់នៅ ចេញមុខ​អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន។ លោក​បន្ត​ថា បុគ្គល​រូប​នេះ តែងតែ គំរាមកំហែង​ពលរដ្ឋ និង​ប្រើ​អំពើ​ហិង្សា រួម​នឹង​ប្ដឹង​ពលរដ្ឋ​ជាច្រើន​រូប ទៅ​តុលាការ​ជា​ហូរហែ។

លោក​បន្ត​ថា ករណី​នេះ អភិបាល​ខេត្ត ព្រះវិហារ លោក គីម រិទ្ធី និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ដឹង ឮ​ហើយ​ដែរ ក៏ប៉ុន្តែ ការ​ដោះស្រាយ​កន្លង​ទៅ ភាគី​ក្រុមហ៊ុន​តែងតែ​ឈ្នះ ចំណែក​ពលរដ្ឋ​ជា​អ្នក​ចាញ់​។ រីឯ​ក្រុមហ៊ុន និង​អាជ្ញាធរ តែងតែ​បង្ខំ ឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត​។ លោក​បន្ត​ថា បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ ឈរ​លើ​ភាព​យុត្តិធម៌ បើ​ពុំដូច្នោះ អំពើ​ហិង្សា រឿង​វិវាទ​ដីធ្លី​នេះ នៅតែ​បន្ត​កើត​មាន ហើយ​អ្នក​ដែល​រងគ្រោះ​គឺ​ពលរដ្ឋ។

លោក ប៉ឹក សោភ័ណ៖ «ដាក់​លក្ខខណ្ឌ ប្រគល់​ដី​ឱ្យទៅ​បុគ្គល ឈៀង គង់នៅ ហើយមួយ​ចំណែក​ទៀត ស្រូវ​ដែល​ច្រូត​យក​ផល​ហ្នឹង ត្រូវ​បែងចែក​ទៅ​ឱ្យ​ពួកគេ​ដែរ​។ អ៊ីចឹង​នេះ​គឺជា​ការ​សម្លុត គំរាមកំហែង ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ហើយ​ទៅ​ឆក់​យកផល​ប្រយោជន៍​ពី​ពួកគាត់។ អ៊ីចឹង​មានតែអាជ្ញាធរគួរតែ​ទៅ​ពិនិត្យ​មើល បញ្ហា​ទាំងអស់​នឹង ដើម្បី​កុំឱ្យ​បុគ្គល​ម្នាក់​ហ្នឹង គាត់​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត​ទៀត»

ចាប់តាំងពី​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ស្ករអំពៅ​ចិន ឈ្មោះ ហេង ហ្វូ បាន​ផ្អាក​ដំណើរ​ការ​ដាំ​ដើម​អំពៅ ដោយ​ទុក​ឱ្យ​ដី​ទំនេរ ក្រោយ​មក​ជនជាតិ​ភាគ​តិច​កួយ​រស់នៅ​ទីនោះ​បាន​ចាប់ផ្ដើម​អាស្រ័យ​ផល​ធ្វើ​ស្រូវ​និង​ដាំ​ដំឡូង​ឡើងវិញ បាន​ជាង​៣​ឆ្នាំ ដោយ​គ្មាន​ការ​រារាំង​ពី​សំណាក់​ក្រុមហ៊ុន​នោះ​ទេ។

ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ ស្រាប់​តែ​មាន បុគ្គល ឈ្មោះ ឈៀង គង់នៅ អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន ហើយ​បាន​ឈូស​ឆាយ ដំណាំ​ពលរដ្ឋ និង​គំរាម​ប្ដឹងផ្ដល់​ពលរដ្ឋ​ទៅ​តុលាការ ដោយ​ចោទ​ពលរដ្ឋ​ថា អាស្រ័យ​ផល​លើ​ដី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់។ ចំណែក អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ចេញមុខ​ការពារ​ភាគី​ក្រុមហ៊ុន ហើយ​បណ្ដោយ​ឱ្យ​បក្ខពួក​លោក ឈៀង គង់នៅ ប្រើ​អំពើ​ហិង្សា មក​លើ​ពលរដ្ឋ​ជា​ញឹកញាប់។ ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ឱ្យ​បាន​ឆាប់ បើ​ពុំ​ដូច្នេះ​ទេ ពលរដ្ឋ​នឹង​គ្មាន​ដី​អាស្រ័យ​នោះ​ឡើយ៕

No comments: