Khmer Circle:
Hun Sen's personal aide was probably too scared to point out that he is no longer PM?
^^^
2024.10.30
ប្រធានព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន លោកនៅតែស្រឡាញ់ឯកសណ្ឋាននាយករដ្ឋមន្ត្រី ព្រោះធ្លាប់ស្លៀកពាក់វាយូរមកហើយ ដូច្នេះលោកសុំគ្រងឯកសណ្ឋាននេះទៅចូលរួមខួប២០ឆ្នាំនៃរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា ការណ៍ដែលលោក ហ៊ុន សែន ស្លៀកពាក់ឬគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីខុសតួនាទីបែបនេះ ជាការមិនផ្ដល់តម្លៃឱ្យនាយករដ្ឋមន្ត្រីផ្លូវការមែនទែន គឺលោក ហ៊ុន ម៉ាណែត និងព្រះរាជពិធីរបស់ព្រះមហាក្សត្រ។
អ្នកសង្កេតការណ៍រិះគន់ថា លោក ហ៊ុន សែន នៅតែមិនដាច់អាល័យតួនាទីនាយករដ្ឋមន្ត្រីដោយលោកបានពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី ទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ បើទោះជាលោកអស់មុខតំណែងនេះជាង ១ឆ្នាំមកហើយក្ដី។ មន្ត្រីបក្សកាន់អំណាចថ្លែងការពារលោក ហ៊ុន សែន ថា ការគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រី មិនខុសទាស់អ្វីទេ ព្រោះលោក ហ៊ុន សែន បានប្រកាសជាសាធារណៈឱ្យដឹងជាមុនហើយ។
អ្នកសិក្សាច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា ទាំងនេះជាការបង្ហាញពីឥរិយាបថមិនឱ្យតម្លៃពិធីផ្លូវការរបស់ជាតិ នៃព្រះមហាក្សត្រ និងជាការមើលងាយមើលស្រាលទៅនឹងនាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់ខ្លួន។ លោករំលឹកថា កាលពីប៉ុន្មានឆ្នាំមុន លោក ហ៊ុន សែន បានពាក់វ៉ែនតាខ្មៅឈរថតក្នុងពិធីផ្លូវការជាមួយអង្គព្រះមហាក្សត្រ ថ្ងៃនេះ លោកពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី ទាំងដែលលោកជាប្រធានព្រឹទ្ធសភា។
លោក វ៉ន់ ចាន់ឡូត៖ «ការបង្ហាញនូវឥរិយាបថខ្លះការគោរព និងឱ្យតម្លៃទៅដល់ពិធីផ្លូវការរបស់ជាតិរបស់ព្រះមហាក្សត្រ ជាប្រធានព្រឹទ្ធសភា គួរតែនូវឯកសណ្ឋានប្រធានព្រឹទ្ធសភា ពុំគួរប្រើឯកសណ្ឋាននាយករដ្ឋមន្ត្រីទេ ហើយមួយទៀត ជាការមើលងាយមើលស្រាលទៅនឹងសមត្ថភាពកូនប្រុសរបស់ខ្លួនឯងដែលកំពុងតែកាន់តួនាទីជានាយករដ្ឋមន្ត្រី»។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែតុលា ថា លោកសុំពិធីការពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីមិនពាក់ឯកសណ្ឋានប្រធានព្រឹទ្ធសភាទេ ក្នុងការចូលរួមខួប២០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ។ អតីតនាយករដ្ឋមន្ត្រីរូបនេះលើកហេតុផលថា ព្រោះឯកសណ្ឋាននាយករដ្ឋមន្ត្រី លោកធ្លាប់ពាក់យូរឆ្នាំហើយ។
ព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៩ ខែតុលា ដែលជាថ្ងៃទី២នេះ ក៏មានការចូលរួមថ្វាយព្រះពរ ពីប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិផ្សេងទៀត។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា បើទោះជាលោក ហ៊ុន សែន ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រីក្ដី ក៏មិនខុសទាស់អីដែរ ព្រោះលោកប្រកាសជាសាធារណៈឱ្យដឹងរួចហើយ។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន លួចស្លៀកពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី ទៅចូលរួមពិធីនេះ ទើបជាការខុសឆ្គង។
លោក សុខ ឥសាន៖ «ឥឡូវបើគាត់(លោក ហ៊ុន សែន) សុំជាសាធារណៈហើយមានខុសទាស់អី កុំឱ្យតែស្លៀកចែវចូលវាំងហ្នឹងវាខុស»។
មន្ត្រីរាជការ ឬប្រមុខស្ថាប័នរបស់ជាតិ នៅពេលចូលរួមពិធីផ្លូវការរបស់ជាតិ តែងមានឯកសណ្ឋាន ស្លៀកពាក់ទៅតាមមុខដំណែង និងស្ថាប័នរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា រិះគន់ថា នេះការបង្ហាញថា លោក ហ៊ុន សែន នៅតែមិនដាច់អាល័យតួនាទីនាយករដ្ឋមន្ត្រី បើទោះកូនប្រុសរបស់ខ្លួនបានធ្វើជានាយករដ្ឋមន្ត្រីជំនួសលោកក្ដី។ លោកយល់ថា លោក ហ៊ុន សែន នៅតែដឹកនាំរដ្ឋាភិបាល នៅពីក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមិនផ្ដល់តម្លៃឱ្យលោក ហ៊ុន ម៉ាណែត។
លោក ម៉ន ផល្លា៖ «ខ្ញុំយល់ថា ពិធីការទាំងអស់នោះមិនមានអ្នកណាហ៊ានក្អកជាមួយលោក ហ៊ុន សែន ព្រោះលោក ហ៊ុន សែន គឺជាបុគ្គលដែលចិត្តឆេវឆាវហើយគាត់ធ្លាប់មានបាតដៃប្រឡាក់ឈាមផង បច្ចុប្បន្នកូនរបស់គាត់គ្រាន់តែជានិមិត្តរូបទេ តាមពិតគឺគាត់ទេដែលជាអ្នកបញ្ជានៅក្នុងក្របខ័ណ្ឌរបស់រដ្ឋាភិបាល»។
ត្បិតលោក ហ៊ុន សែន បានផ្ទេរដំណែងនាយករដ្ឋមន្ត្រី ទៅកូនរបស់លោក ជាងមួយឆ្នាំហើយក្ដី ក៏លោកនៅតែបង្ហាញសកម្មភាពលូកដៃចូលការងារនាយករដ្ឋមន្ត្រី ដូចជា ការបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបបក្សប្រឆាំង បញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋ បញ្ជាឱ្យតុលាការ ចោទប្រកាន់លើសកម្មជនសង្គម និងលូកដៃចូលជ្រៅក្នុងកិច្ចការរបស់នាយករដ្ឋមន្ត្រីជាច្រើនទៀត៕
No comments:
Post a Comment