Khmer Circle:
The message from these ruling officials to their children - which the latter often love to repeat - is 'we do, so we take'. In this way the norms and culture of corruption are self-sustained, nurtured and perpetuated from one generation to the next. Criticise or contrast their wealth and opulence to the dispossessed and destitute living off the streets - including minors and other vulnerable groups like the disabled and elderly - and one could be labelled a 'Communist' or something worse even though these people owe everything – power, wealth and status – to their Communist roots.
Indeed, most of these officials, including the one pictured
here, received their education in the former Soviet Union or Soviet Bloc.
^^^
2024.10.29
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរស្នើរដ្ឋាភិបាលត្រូវផ្ដល់ឯកសារព័ត៌មាននៃគម្រោងចំណាយ នៅមុនពេលដាក់ជូនរដ្ឋសភាអនុម័ត ដើម្បីផ្ដល់ឱកាសដល់មជ្ឈដ្ឋានពាក់ព័ន្ធនឹងថវិកា លើកមតិយោបល់ជាមូលដ្ឋាន សម្រាប់ឱ្យសមាជិកសភាតវ៉ា ក្នុងគោលដៅកែលម្អការចំណាយរបស់រដ្ឋឱ្យត្រឹមត្រូវតាមសេចក្ដីត្រូវការ។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា តាមបទពិសោធន៍ កាលលោកនៅជាតំណាងរាស្ត្រ និងអតីតជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ លោកទទួលបានឯកសារគម្រោងថវិកាជាតិក្នុងអំឡុងខែតុលា ដែលមានពេលពិនិត្យលើការចំណាយ មុននឹងពិភាក្សាអនុម័តនៅសភា។
លោកថា សម្រាប់កម្ពុជាលោកតែងតែចាប់អារម្មណ៍លើការចំណាយក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យសង្គមកិច្ច ហើយច្បាប់ថវិកាជាតិ ទាមទារឱ្យមានការផ្ដល់យោបល់ពីអង្គការសង្គមស៊ីវិល និងក្រុមអ្នកដែលយល់ដឹងអំពីស្ថានភាពពលរដ្ឋនៅមូលដ្ឋាន ទាក់ទងនឹងវិស័យទាំងនេះ ដើម្បីឱ្យឆ្លើយតបនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកសម្ដែងការបារម្ភពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរដ្ឋាភិបាល និងសភាបានធ្វើ ដោយលោកកត់សម្គាល់ថា រាល់គម្រោងចំណាយរបស់រដ្ឋាភិបាល មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយឡើយ។ លោកថា ការធ្វើច្បាប់ថវិការបស់ប្រទេសកម្ពុជា មិនផ្ដល់ឱកាសឱ្យស្ថាប័នថ្នាក់មូលដ្ឋានធ្វើសំណើទេ គឺច្រើនតែធ្វើពីថ្នាក់ជាតិទៅ។ ដូច្នេះ មិនអាចធ្វើឱ្យការចំណាយអនុវត្តចំតាមសេចក្ដីត្រូវការរបស់ប្រទេសជាតិទេ។
លោក សុន ឆ័យ៖ «ក្រោយៗ មកនេះ ខ្ញុំមិនបានដឹងច្បាស់លាស់អំពីចំណាយលម្អិតទេ។ ប៉ុន្តែ ព័ត៌មានថា នឹងផ្សព្វផ្សាយថវិកាជាតិ សម្រាប់បម្រើសកម្មភាពវិមជ្ឈការ ជាពិសេស សម្រាប់ថ្នាក់ឃុំសង្កាត់ ដើម្បីឱ្យមានលទ្ធភាពធ្វើការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ជាមួយពលរដ្ឋ។ វាជាការព្រួយបារម្ភ ព្រោះកន្លងទៅនេះ យើងឭព័ត៌មានថា អាចនឹងមានការកាត់ការចំណាយនៅតាមមូលដ្ឋានឃុំសង្កាត់នោះ មានចំនួនជាច្រើន ដែលអាចនឹងប៉ះពាល់ទៅដល់ការជួយទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៩.៣០០លានដុល្លារ (៣៧.៩៥០.៣៨៥លានរៀល)។ គម្រោងចំណាយឆ្នាំ២០២៥ នេះ កើនលើសការចំណាយក្នុងឆ្នាំ២០២៤ ចំនួន ៤០០លានដុល្លារដែលគម្រោងចំណាយរបស់រដ្ឋាភិបាលឆ្នាំ២០២៤ មានប្រមាណ ៨.៩០០លានដុល្លារ (៣៧.១១០.៤០៤លានរៀល)។
យ៉ាងណា គម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៥ នៅតិចជាងការចំណាយកាលពីឆ្នាំ២០២៣ ចំនួន ៣០០លានដុល្លារ ដែលកាលពីឆ្នាំ២០២៣ រដ្ឋាភិបាលចាយថវិកាប្រមាណ ៩.៦០០លានដុល្លារ (៣៩.២០៦.២០៥លានរៀល)។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលាថា ចំណាយចរន្តនៅឆ្នាំ២០២៥ ដូចជា ការចំណាយលើប្រាក់ខែមន្ត្រីរាជការ និងផ្នែកប្រតិបត្តិរដ្ឋបាលនៅស្ថាប័នរដ្ឋជាដើម មានកំណើនតិចតួច តែកើនច្រើនលើចំណាយមូលធន ដែលរដ្ឋាភិបាលមានគម្រោងបង្កើនការវិនិយោគហេដ្ឋារចនាសម្ពន្ធសាធារណៈ។
លោក ប៉ិច ពិសី៖ «មកដល់ពេលនេះ យើងមិនទាន់បានទទួលសេចក្ដីព្រាងច្បាប់សង្ខេបទេ។ អ៊ីចឹងយើងពិបាកក្នុងការវិភាគខ្ទង់ចំណាយថវិកាលម្អិត ដោយសារតែមកដល់នេះ យើងមិនទទួលការផ្សព្វផ្សាយជាសាធារណៈឱ្យពលរដ្ឋដឹងអំពីសេចក្ដីសង្ខេបសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ទេ។ កន្លងមកយើងរដ្ឋាភិបាលចែកចាយ តែឆ្នាំនេះ មានការពន្យារពេល។ យើងចាំមើលប្រហែលអាទិត្យក្រោយក្រែងរដ្ឋាភិបាលអាចធ្វើការផ្សព្វផ្សាយ»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា ក្រសួងនឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
លោក មាស សុខសេនសាន៖ «យើងនឹងមានតួលេខលម្អិតនៅពេលទៅសភា»។
ប្រធានកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលលោក ម៉ារ សុផល ស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ឱ្យបានលឿន ដើម្បីឱ្យអ្នកពាក់ព័ន្ធមានឱកាសផ្ដល់យោបល់កែលម្អ។
លោក ម៉ារ សុផល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា បញ្ហាសេដ្ឋកិច្ច បានធ្វើឱ្យការប្រមូលពន្ធធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគ និងការបែងចែកថវិកាថ្នាក់ក្រោមជាតិមួយចំនួន។
លោកថា៖ «ស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការផ្សព្វផ្សាយឱ្យបានលឿន ប្រសិនបើទុកពេលយូរ ឱ្យខាងសាធារណជន អង្គការសង្គមស៊ីវិល មានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យនិងផ្ដល់យោបល់ធាតុចូល ទៅដល់តំណាងរាស្ត្រក្នុងការជជែកពិភាក្សា អនុម័តជាការល្អ ហើយធ្វើម៉េចធានាការអនុវត្តចាយវាយថវិកាប្រកបដោយតម្លាភាពនិងគណនេយ្យភាព មិនមានភាពមិនប្រក្រតីជៀសវាងអំពើពុករលួយផ្សេងៗ»។
គណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល លើកឡើងថា ការលាក់បាំងការចំណាយលម្អិត នៃគម្រោងថវិកាជាតិ គឺជាប្រព័ន្ធនយោបាយ ដែលបង្ហាញពីភាពមិនច្បាស់លាស់ក្នុងការចំណាយរបស់រដ្ឋាភិបាល ហើយករណីបែបនេះ ជាការឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៃការដឹកនាំសេដ្ឋកិច្ច ដែលមិនអាចធានារកចំណូលឱ្យគ្រប់ការចំណាយ និងរុញប្រទេសឱ្យធ្លាក់ចុះ នូវអំពើបក្ខពួកនិយមនិងពុករលួយក្នុងប្រព័ន្ធគ្រប់គ្រងថវិកាជាតិ៕
No comments:
Post a Comment