Thursday 24 October 2024

កម្ពុជា​ស្នើ​ឱ្យ​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន


ដោយ សេក បណ្ឌិត
2024.10.23

កម្ពុជា​ស្នើ​ឱ្យ​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក្នុង​ជំនួប​នៅរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១៥ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ភាព​ស្អិតល្មួត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន​បច្ចុប្បន្ន​ថា កំពុង​ទាញ​ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​បង្ក​ការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​អនុញ្ញាត​ឱ្យ​ប្រទេស​កុម្មុយនិស្ត​ចិន បង្ក្រាប​សំឡេង​ពលរដ្ឋ​ខ្លួន​ឯង។ ប្រតិកម្ម​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ បាន​ស្នើ​សុំ​ភាគី​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន តាមរយៈ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជា​មួយ​គ្នា។

អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​អាច​នឹង​កាន់​តែ​រួម​តូច​ចង្អៀត និង​ប្រឈម​ការ​ចាប់​ចង​ពី​សំណាក់​រដ្ឋាភិបាល​ត្រកូល ហ៊ុន កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ភាគី​កម្ពុជា​ស្នើ​សុំ​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់ តាមរយៈ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជា​មួយ​គ្នា។

ទោះ​ជា​យ៉ាង​ណា អ្នកឃ្លាំមើល​រិះគន់​ថា ការ​អនុវត្ត​បែប​នេះ​គឺ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​ផ្ដល់​តម្លៃ​ដល់​សេរីភាព​បញ្ចេញ​មតិ និង​សំឡេង​អ្នក​រិះគន់។

 

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ថា ការ​ស្នើ​របស់​លោក វង្ស ពិសេន ឱ្យ​ភាគី​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​នោះ គឺ​កំពុង​រំលោភ​បំពាន​តួនាទី និង​កាតព្វកិច្ច ដែល​កំណត់​ប្រកាន់​ជំហរ​ឯករាជ្យ ការពារ​ពលរដ្ឋ និង​បូរណភាព​ទឹកដី​ខ្មែរ។ លោក​សង្កត់​ធ្ងន់​ថា ការ​ប្រកាស​បែប​នេះ គឺ​បង្ហាញ​អំពី​ការ​ដឹកនាំ​ចូលចិត្ត​ប្រើ​កម្លាំង​បង្ក្រាប​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

លោក សេង វណ្ណលី៖ «ក្នុង​នាម​ជា​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​នេះ​ត្រូវ​ឈរ​លើ​ឯករាជ្យ​មិន​គ្របដណ្ដប់​ទៅ​លើ​និន្នាការ​នយោបាយ​ហើយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការ​ការពារ​បូរណភាព​ទឹក​ដី និង​ប្រជាពលរដ្ឋ។ ដូច្នេះ​ការ​ស្នើ​សុំ​នេះ ហាក់​ដូចជា​ស្រប​នឹង​បន្ទាត់​នយោបាយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចាត់​ទុក​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ មតិ​ផ្ទុយ​ថា ជា​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ។ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ឈរ​ឡើង​មូលដ្ឋាន​លទ្ធិ​ប្រជាធិបតេយ្យ​សំដៅ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ម៉េច​មាន​ការ​កែលំអ ការ​រិះគន់​ប្រកប​ដោយ​ស្ថាបនា។ រដ្ឋាភិបាល ក៏​ដូចជា​លោក​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ខ្លួនឯង​គួរតែ​ស្វែងយល់​អំពី​កាតព្វកិច្ច និង​តួនាទី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​អំណាច ដើម្បី​ទៅ​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ មិន​ត្រឹម​តែ​ក្នុង​ស្រុក ហើយ​ក៏​ដូចជា​ក្រៅ​បរទេស​ដែរ»

ប្រតិកម្ម​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន ស្នើ​ដល់​ភាគី​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​ដែល​លោក​ហៅ​ថា ពួក​ប្រឆាំង​ជ្រុល​និយម តាមរយៈ​ការ​ផ្ដល់​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជា​ថ្នូរ​មក​វិញ​លោក​បញ្ជាក់​ប្រាប់​ភាគី​ចិន​ថា កម្ពុជា​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ចំពោះ «គោល​នយោបាយ​ចិន​តែមួយ»។

លោក វង្ស ពិសេន ស្នើ​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​អនុប្រធាន​នយោបាយ កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​គឺ​លោក ជូ គួរពីវ (ZHU Guobioa) ដែល​ដឹកនាំ​កង​កម្លាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២១ ខែ​តុលា។ គេហទំព័រ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​ក្រៅ​ពី​កិច្ច​ពិភាក្សា​លើ​ការ​បង្ក្រាប​សំឡេង​អ្នក​រិះគន់ កម្ពុជា​បាន​ស្នើ​ឱ្យ​ចិន​ជួយ​ពង្រឹង​សមត្ថភាព​កងយោធពលខេមរភូមិន្ទ​ដែរ។ ភាគី​ទាំងពីរ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ជាដើម។

វិទ្យុ​អាស៊ីសេរី​អាច​ទាក់ទង លោក វង្ស ពិសេន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែតុលា។ ចំណែក អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយ​អ្នក​ទទួល​ទូរស័ព្ទ​អះអាង​ជា​ជំនួយ​ការ​ប្រាប់​ថា អ្នកស្រី​កំពុង​ជាប់​ប្រជុំ។

ចំណែក អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ស្នើ​របស់​លោក វង្ស ពិសេន ឱ្យ​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​ប្រឆាំង​នេះ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដឹកនាំ​ប្រទេស​កាន់​តែ​ផ្ដាច់ការ។ លោក​បារម្ភ​អំពី​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​កាន់​តែ​រួម​តូច​ចង្អៀត ដោយសារ​តែ​ការ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​នេះ ចិន​អាច​មាន​បច្ចេកទេស និង​ជំនាញ​ខ្ពស់​ដោយសារ​តែ​ជា​ប្រទេស​មិន​សូវ​ខ្វល់​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក អ៊ុំ សំអាន៖ «នៅ​ពេល​កម្ពុជា​ពឹង​ពាក់​ឱ្យ​ចិន​ជួយ​បង្ក្រាប​សំឡេង​ប្រឆាំង​នៅ​កម្ពុជា​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​បាន​រក្សា​ឯករាជ្យ​ភាព​ និង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​នោះ​ទេ​គឺ កម្ពុជា​បាន​ទុក​ចិន​ជា​ចៅហ្វាយ​របស់​ខ្លួន ជា​បង​ធំ​ដែល​ជួយ​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​នៅ​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ការពារ​ប្រជាពលរដ្ឋ ត្រូវ​ការពារ​ទឹកដី មិនមែន​ត្រូវ​ការពារ​បុគ្គល ឬ​ការពារ​អំណាច​ផ្ដាច់ការ​តពូជ​របស់​ត្រកូល ហ៊ុន អ៊ីចឹង​ទេ។ នៅ​ពេល​កងទ័ព​មិន​បាន​រក្សា​អព្យាក្រឹត្យ​របស់​ខ្លួន​គឺ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ទំនុក​ចិត្ត»

ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចាប់​យក​ចិន​ធ្វើ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​ដើម្បី​ស្នើ​ឱ្យ​ជួយ​គាំទ្រ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ជំនួយ និង​ប្រាក់​កម្ចី ជាដើម ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កាន់​តែ​ផ្ដាច់ការ។ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជានិច្ចកាល​តែង​ហៅ​សំឡេង​អ្នក​រិះគន់ និង​អ្នកមាន​និន្នាការ​ផ្ទុយ​ពី​ការ​ដឹកនាំ​របស់​ខ្លួន​ថា ជា​ក្រុម​ប្រឆាំង​ជ្រុល​និយម និង​ប្រើប្រាស់​គ្រប់​វិធី​ក្ដៅ​បង្ក្រាប​បំបិទ​មាត់​ពួកគេ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ទោះ​ជា​យ៉ាងណា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឪ​កូន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តាម​របៀប​នេះ​រង​ការ​រិះគន់ និង​ថ្កោល​ទោស​ជា​បន្តបន្ទាប់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ។

អ្នក​ឃ្លាំមើល​លើកឡើង​ថា ជំហរ​កម្ពុជា​បន្ត​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត និង​ពឹង​ពាក់​ឱ្យ​ចិន​ជួយ​បង្ក្រាប​សំឡេង​អ្នក​រិះគន់​​តាមរយៈ​ផ្ដល់​ព័ត៌មាន​ឱ្យ​គ្នា​នេះ នឹង​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ជាតិ​ឡើយ ប៉ុន្តែ​នឹង​នាំ​ឱ្យ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ។ ពួកគាត់​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​ប្រកាន់​គោល​ជំហរ​ឯករាជ្យ​ដឹកនាំ​ប្រទេស​ឱ្យ​ស្រប​តាម​ច្បាប់ ដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ និង​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល៕

1 comment:

Anonymous said...

Khmer Tveu Keut !!

LeuKeu's disease is contagious - spread from father fucker Hun Sen to son of a bitch Hun Manet.