2024.10.23
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់ភាពស្អិតល្មួតនៃទំនាក់ទំនងកម្ពុជា-ចិនបច្ចុប្បន្នថា កំពុងទាញឱ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន អនុវត្តផ្ទុយពីគោលការណ៍ច្បាប់ និងបង្កការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរ ដោយសារអនុញ្ញាតឱ្យប្រទេសកុម្មុយនិស្តចិន បង្ក្រាបសំឡេងពលរដ្ឋខ្លួនឯង។ ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើសុំភាគីចិនជួយបង្ក្រាបសំឡេងអ្នករិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន តាមរយៈការផ្លាស់ប្ដូរព័ត៌មានជាមួយគ្នា។
អ្នកឃ្លាំមើលព្រួយបារម្ភថា សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាលអាចនឹងកាន់តែរួមតូចចង្អៀត និងប្រឈមការចាប់ចងពីសំណាក់រដ្ឋាភិបាលត្រកូល ហ៊ុន កាន់តែខ្លាំងបន្ទាប់ពីភាគីកម្ពុជាស្នើសុំឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) ជួយបង្ក្រាបសំឡេងអ្នករិះគន់ តាមរយៈការផ្លាស់ប្ដូរព័ត៌មានជាមួយគ្នា។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា ការអនុវត្តបែបនេះគឺផ្ទុយពីគោលការណ៍ច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់សេរីភាពបញ្ចេញមតិ និងសំឡេងអ្នករិះគន់។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែតុលា ថា ការស្នើរបស់លោក វង្ស ពិសេន ឱ្យភាគីចិនជួយបង្ក្រាបសំឡេងអ្នករិះគន់នោះ គឺកំពុងរំលោភបំពានតួនាទី និងកាតព្វកិច្ច ដែលកំណត់ប្រកាន់ជំហរឯករាជ្យ ការពារពលរដ្ឋ និងបូរណភាពទឹកដីខ្មែរ។ លោកសង្កត់ធ្ងន់ថា ការប្រកាសបែបនេះ គឺបង្ហាញអំពីការដឹកនាំចូលចិត្តប្រើកម្លាំងបង្ក្រាបដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោក សេង វណ្ណលី៖ «ក្នុងនាមជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនេះត្រូវឈរលើឯករាជ្យមិនគ្របដណ្ដប់ទៅលើនិន្នាការនយោបាយហើយត្រូវប្រកាន់ភ្ជាប់នូវការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ដូច្នេះការស្នើសុំនេះ ហាក់ដូចជាស្របនឹងបន្ទាត់នយោបាយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោយចាត់ទុកការរិះគន់របស់ប្រជាពលរដ្ឋ មតិផ្ទុយថា ជាការរាំងស្ទះដល់ការអភិវឌ្ឍ។ ក្នុងប្រទេសប្រជាធិបតេយ្យការរិះគន់របស់ប្រជាពលរដ្ឋឈរឡើងមូលដ្ឋានលទ្ធិប្រជាធិបតេយ្យសំដៅក្នុងគោលបំណងដើម្បីធ្វើម៉េចមានការកែលំអ ការរិះគន់ប្រកបដោយស្ថាបនា។ រដ្ឋាភិបាល ក៏ដូចជាលោកអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទខ្លួនឯងគួរតែស្វែងយល់អំពីកាតព្វកិច្ច និងតួនាទីឱ្យបានច្បាស់លាស់ ដើម្បីការពារកុំឱ្យមានការប្រើប្រាស់អំណាច ដើម្បីទៅធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋដែលមានមតិផ្ទុយ មិនត្រឹមតែក្នុងស្រុក ហើយក៏ដូចជាក្រៅបរទេសដែរ»។
ប្រតិកម្មបែបនេះធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន ស្នើដល់ភាគីចិនជួយបង្ក្រាបសំឡេងអ្នករិះគន់ដែលលោកហៅថា ពួកប្រឆាំងជ្រុលនិយម តាមរយៈការផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ជាថ្នូរមកវិញលោកបញ្ជាក់ប្រាប់ភាគីចិនថា កម្ពុជានឹងប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះ «គោលនយោបាយចិនតែមួយ»។
លោក វង្ស ពិសេន ស្នើបែបនេះនៅក្នុងជំនួបជាមួយអនុប្រធាននយោបាយ កងកម្លាំងប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិនគឺលោក ជូ គួរពីវ (ZHU Guobioa) ដែលដឹកនាំកងកម្លាំងមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២១ ខែតុលា។ គេហទំព័រអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឱ្យដឹងថា ក្នុងជំនួបនេះក្រៅពីកិច្ចពិភាក្សាលើការបង្ក្រាបសំឡេងអ្នករិះគន់ កម្ពុជាបានស្នើឱ្យចិនជួយពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទដែរ។ ភាគីទាំងពីរក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរព័ត៌មានប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
វិទ្យុអាស៊ីសេរីអាចទាក់ទង លោក វង្ស ពិសេន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែតុលា។ ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា ក៏មិនអាចទាក់ទងបានដែរដោយអ្នកទទួលទូរស័ព្ទអះអាងជាជំនួយការប្រាប់ថា អ្នកស្រីកំពុងជាប់ប្រជុំ។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា ការស្នើរបស់លោក វង្ស ពិសេន ឱ្យចិនជួយបង្ក្រាបសំឡេងអ្នកប្រឆាំងនេះ គឺឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសកាន់តែផ្ដាច់ការ។ លោកបារម្ភអំពីសំឡេងអ្នកប្រជាធិបតេយ្យ និងការសម្ដែងមតិរបស់ពលរដ្ឋកាន់តែរួមតូចចង្អៀត ដោយសារតែការបង្ក្រាបសំឡេងអ្នករិះគន់នេះ ចិនអាចមានបច្ចេកទេស និងជំនាញខ្ពស់ដោយសារតែជាប្រទេសមិនសូវខ្វល់អំពីការគោរពសិទ្ធិមនុស្ស។
លោក អ៊ុំ សំអាន៖ «នៅពេលកម្ពុជាពឹងពាក់ឱ្យចិនជួយបង្ក្រាបសំឡេងប្រឆាំងនៅកម្ពុជាបង្ហាញឱ្យឃើញថា កម្ពុជាមិនបានរក្សាឯករាជ្យភាព និងអព្យាក្រឹត្យភាពរបស់ខ្លួននោះទេគឺ កម្ពុជាបានទុកចិនជាចៅហ្វាយរបស់ខ្លួន ជាបងធំដែលជួយការពារអំណាចផ្ដាច់ការរបស់ខ្លួននៅកម្ពុជា កងកម្លាំងប្រដាប់អាវុធត្រូវការពារប្រជាពលរដ្ឋ ត្រូវការពារទឹកដី មិនមែនត្រូវការពារបុគ្គល ឬការពារអំណាចផ្ដាច់ការតពូជរបស់ត្រកូល ហ៊ុន អ៊ីចឹងទេ។ នៅពេលកងទ័ពមិនបានរក្សាអព្យាក្រឹត្យរបស់ខ្លួនគឺ ធ្វើឱ្យប្រជាពលរដ្ឋអស់ទំនុកចិត្ត»។
ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាត្រូវបានគេមើលឃើញថា ចាប់យកចិនធ្វើជាខ្នងបង្អែកដ៏រឹងមាំដើម្បីស្នើឱ្យជួយគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច ជំនួយ និងប្រាក់កម្ចី ជាដើម ដើម្បីបន្តដឹកនាំប្រទេសកាន់តែផ្ដាច់ការ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជានិច្ចកាលតែងហៅសំឡេងអ្នករិះគន់ និងអ្នកមាននិន្នាការផ្ទុយពីការដឹកនាំរបស់ខ្លួនថា ជាក្រុមប្រឆាំងជ្រុលនិយម និងប្រើប្រាស់គ្រប់វិធីក្ដៅបង្ក្រាបបំបិទមាត់ពួកគេទាំងក្នុង និងក្រៅប្រទេស។ ទោះជាយ៉ាងណា ការដឹកនាំរបស់រដ្ឋាភិបាលឪកូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តាមរបៀបនេះរងការរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់ពីសហគមន៍ជាតិ និងអន្តរជាតិចំពោះការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
អ្នកឃ្លាំមើលលើកឡើងថា ជំហរកម្ពុជាបន្តបង្កើនទំនាក់ទំនងស្អិតល្មួត និងពឹងពាក់ឱ្យចិនជួយបង្ក្រាបសំឡេងអ្នករិះគន់តាមរយៈផ្ដល់ព័ត៌មានឱ្យគ្នានេះ នឹងមិនផ្ដល់ផលចំណេញអ្វីដល់ជាតិឡើយ ប៉ុន្តែនឹងនាំឱ្យមានការបែកបាក់ឯកភាពជាតិកាន់តែធ្ងន់ធ្ងរ។ ពួកគាត់បន្តជំរុញឱ្យរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យ និងប្រកាន់គោលជំហរឯករាជ្យដឹកនាំប្រទេសឱ្យស្របតាមច្បាប់ ដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេសដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យជាតិ និងផលប្រយោជន៍ជាតិទាំងមូល៕
1 comment:
Khmer Tveu Keut !!
LeuKeu's disease is contagious - spread from father fucker Hun Sen to son of a bitch Hun Manet.
Post a Comment