Thursday 3 October 2024

ស្ថានទូត​អាមេរិក និង​ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស និង​សារព័ត៌មាន ជិត ៥០ស្ថាប័ន ទាមទារ​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​លោក ម៉ិច ដារ៉ា


ដោយ សុ ជីវី
2024.10.01

ស្ថានទូត​អាមេរិក និង​ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស និង​សារព័ត៌មាន ជិត ៥០ស្ថាប័ន ទាមទារ​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​លោក ម៉ិច ដារ៉ា  
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ដែល​កំពុង​ជាប់ឃុំ។​​​​​​​​​​
រូប៖ ហ្វេសប៊ុកលោក ម៉ិក ដារ៉ា

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស និង​សារព័ត៌មាន ជិត ៥០ស្ថាប័ន​ផ្សេង​ទៀត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដោយ​គ្មាន​លក្ខខណ្ឌ។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​លោក ម៉ិច ដារ៉ា ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​ចោទ​ប្រកាន់​លោក​អំពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី១ ខែតុលា អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​លោក ម៉ិច ដារ៉ា ដោយ​សំអាង​ថា លោក​ជា​អ្នក​តស៊ូ​មតិ ដើម្បី​សេរីភាព​បញ្ចេញ​មតិ ដែល​ជា​សិទ្ធិ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​លើ​ហ្វេសប៊ុក ស្ថានទូត​អាមេរិក​បញ្ជាក់​ថា​ខ្លួន​​ព្រួយ​បារម្ភ​ខ្លាំង ចំពោះ​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​អ្នកសារព័ត៌មាន​ដែល​មាន​ការ​គោរព​ពី​អន្តរជាតិ ដែល​ជា​អ្នក​ឈាន​មុខ​ប្រឹងប្រែង ដើម្បី​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ព្រមទាំង​បាន​ទទួល​ពានរង្វាន់ TIP Hero ពី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ឆ្នាំ ២០២៣ សម្រាប់​ការផ្សាយ​ព័ត៌មាន​របស់​លោក។ ជាមួយ​គ្នា​នេះ​សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ដាប់​​សំឡេង និង​គំនិត​ចម្រុះ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​សារព័ត៌មាន​សេរី និង​ឯករាជ្យ។

 

ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជូន លោក ម៉ិច ដារ៉ា ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល កាលពី​ល្ងាច​ថ្ងៃ​ទី១ ខែតុលា។ តុលាការ​ចោទ​លោក​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាញ​សង្គម​កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ២០២៤ តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា លោក ម៉ិច ដារ៉ា បាន​បង្ហោះ​សារ​ជាច្រើន​មាន​លក្ខណៈ​ញុះញង់ ដែល​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត​ញុះញង់ បញ្ឆេះ​កំហឹង​ឱ្យ​ពលរដ្ឋ​មាន​ការភាន់ច្រឡំ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល។ ក្នុង​នោះ​ក៏​មាន​ការ​យក​រូបភាព​ដែល​តុលាការ​ចោទ​ថា​បាន​កាត់ត​ដែល​បង្ហាញ​ពី​រមណីយដ្ឋាន​បាភ្នំ ដែល​ត្រូវ​បាន​វាយ​កម្ទេច​ចោល។

ទាក់ទង​នឹង​រឿង​នេះ​ក្រុម​អង្គការ សមាគម​ក្នុង​វិស័យ​សិទ្ធិមនុស្ស និង​សារព័ត៌មាន​ចំនួន​ជិត ៥០ស្ថាប័ន កាលពី​យប់​ថ្ងៃ​ទី១ ខែតុលា បាន​រួមគ្នា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង លោក ម៉ិច ដារ៉ា ជា​បន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ ធ្វើ​ទុក្ខបុកម្នេញ អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ទាំង​អស់។ ក្រុម​អង្គការ​សមាគម​ទាំង​នេះ​បញ្ជាក់​ទៀត​ថា ការ​ចាប់​ខ្លួន លោក ដារ៉ា ជា​ការ​ព្យាយាម​បំភិត​បំភ័យ បំបិទ​សំឡេង​លោក និង​អ្នកសារព័ត៌មាន​ដទៃ​ទៀត។ សេចក្ដីថ្លែងការណ៍

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​ការ​អ្នកសារព័ត៌មាន​ឯករាជ្យ អាច​បំពេញ​ការងារ​ដោយ​សេរី​ដូច​លោក ម៉ិច ដារ៉ា ដើម្បី​ជា​ស្ពាន​ចម្លង​នូវ​រាល់​តម្រូវ​ការ​របស់​ពលរដ្ឋ​ប្រាប់​ទៅ​រដ្ឋាភិបាល និង​ធានា​ឱ្យ​មាន​សេរីភាព​បញ្ចេញ​មតិ​ពិត​ប្រាកដ។ លោក​ថា លោក ម៉ិច ដារ៉ា ជា​អ្នក​សារព័ត៌មាន ដែល​មាន​ការ​ទទួល​ស្គាល់​ថា​បាន​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ជា​ប្រយោជន៍​មនុស្ស​ជាតិ។

លោក អំ សំអាត៖ «អ្វី​ដែល​គាត់​ធ្វើ​គឺ​សកម្ម​នៅ​ក្នុង​វិជ្ជាជីវៈ​បែប​ឯករាជ្យ ហើយ​កន្លង​មក​គាត់​ក៏​ធ្លាប់​ធ្វើ​ការ​ជាមួយ​សារព័ត៌មាន​ឯករាជ្យ​ជាច្រើន​ផង​ដែរ ដែល​ចំណុច​នេះ​គឺ​ការងារ​របស់​គាត់​ត្រូវ​បាន​គេ​កត់​សម្គាល់។ ទី២ យើង​មើល​ឃើញ​ថា​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន បើ​សិន​ជា​អ្នកសារព័ត៌មាន​ដែល​សកម្ម​វិជ្ជាជីវៈ ឯករាជ្យ​ត្រូវ​បាន​​ចាប់​ចោទ​ប្រកាន់​ដោយសារ​តែ​ការ​បញ្ចេញមតិ​របស់​គាត់​គឺ​វា​ប៉ះពាល់​ទៅ​ដល់​សេរីភាព​សារព័ត៌មាន»

ក្រុម​កង​រាជ​អាវុធហត្ថ​បាន​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង។

លោក ភៀល រ៉ូប៊ឺតសុន (Phil Robertson) នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) ប្រាប់​សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) ថា «ការ​ការ​ចាប់​ខ្លួន​អ្នកកាសែត ដោយ​កម្លាំង​រាជ​អាវុធហត្ថ​គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ប្រតិកម្ម​រិះគន់​ពី​អ្នកសារព័ត៌មាន»

ជាមួយ​គ្នា​នេះ​ បណ្ដា​អង្គការ​អន្តរជាតិ​ការពារ​អ្នកសារព័ត៌មាន​ ក៏​ទាមទារ​ឱ្យ​ដោះលែង លោក ម៉ិច ដារ៉ា ដែរ។

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បណ្ដាញ​ការពារ​អ្នកសារព័ត៌មាន (CPJ) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​បណ្ដាញ​អ្នកកាសែត​ប្រឆាំង​អំពើ​ពុករលួយ(JAC) បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ថា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សារព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​បញ្ហា​ទាំង​នេះ​បន្ត​កើត​មាន​តាំង​ពី​ជំនាន់​នាយក​រដ្ឋមន្ត្រី​ឪពុក គឺ​លោក ហ៊ុន សែន មក​ម្ល៉េះ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ។ 

អ្នកតំណាង​ជាន់​ខ្ពស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បណ្ដាញ​ការពារ​អ្នកសារព័ត៌មាន (CPJ) លោក Shawn Crispin អំពាវនាវ​ទៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា «នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​តែ​បើក​ទំព័រ​ថ្មី​ចេញ​ពី​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​រយៈពេល​ជិត ៤០​ឆ្នាំ​របស់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន ដោយ​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​អាច​រាយការណ៍​ដោយ​សេរី​គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ»

ករណី​នេះ​ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CAMBOJA) លោក ណុប វី មាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក ម៉ិច ដារ៉ា ជា​អ្នក​សារព័ត៌មាន ដែល​គួរ​ទទួល​បាន​ការ​គោរព និង​សរសើរ មិន​ត្រូវ​ចោទ​ប្រកាន់​លោក​ដាក់​ពន្ធនាគារ​បែបនេះ​ទេ។

លោក ណុប វី៖ «ការប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​​មិន​គួរ​គប្បី​មាន​ទោស​ទេ ហើយ​បើ​សិន​ជា​ការ​អនុវត្ត​ការងារ​របស់​អ្នកសារព័ត៌មាន​​ទៅ​ទៀត​ក៏​មិន​គួរ​មាន​ទោស​ទៅ​ទៀត។ វិស័យ​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ពី​ព្រោះ​គាត់​គ្រាន់​តែ​ដើរ​តួនាទី​ក្នុង​ការ​បង្ហាញ​នូវ​អ្វី​ដែល​ជា​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​សង្គម។ មួយ​វិញ​ទៀត យើង​អាច​និយាយ​បាន​ថា​គាត់​ជា​អ្នក​ផ្លុំ​កញ្ចែ​ទៅ​ទៀត ដែល​បង្ហាញ​ពី​អ្វី​ដែល​អាច​ថា ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​អី​ជា​ដើម»

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា អ្នក​កាសែត​ស៊ើប​អង្កេត​ឯករាជ្យ​នេះ លោក យ៉ាកុប ស៊ីម (Jacob Sims) អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ផ្នែក​ទាសភាព​សម័យ​ទំនើប​បាន​ប្រាប់​សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) ដ៏​ល្បីល្បាញ​របស់​ចក្រភពអង់គ្លេស​ថា លោក​ជឿ​ថា ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា គឺ​មាន​ហេតុ​ផល​នយោបាយ និង​ជា​ការសងសឹក​ពី​ឥស្សរជន គណបក្ស​កាន់​អំណាច ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក ដោយសារ​សេចក្ដី​រាយការណ៍ របស់ ម៉ិច ដារ៉ា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រីក​ការ​យល់ដឹង​ជា​សកល អំពី​ឧស្សាហកម្ម​បោកប្រាស់​ដ៏​ធំ​នៅ​កម្ពុជា។

លោក ម៉ិច ដារ៉ា ត្រូវ​បាន​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ផ្ដល់​កិត្តិយស «ជា​វីរបុរស នៃ​របាយការណ៍​ពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)» គឺ​នៅ​មុន​ពេល​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​ឆ្នាំ២០២៤នេះ ដោយ​ចោទ​ប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ទាក់ទង​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អ៊ីនធឹណិត។

ទាំង​ក្រុម​អង្គការ​សិទ្ធិមនុស្ស ទាំង​អង្គការ​ការពារ​សិទ្ធិ​អ្នកសារព័ត៌មាន​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដ៏​ក្លាហាន​របស់​កម្ពុជា​រូប​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់។

ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន​នេះ ក្រុម​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​លេខ ១៥១ ក្នុង​ចំណោម ១៨០ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​អន្តរជាតិ នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ខ្លួន៕

No comments: