Sunday 27 October 2024

អង្គការ Right Livelihood ស្នើ​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​របស់ UN ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ

 

ដោយ សេក បណ្ឌិត
2024.10.25

អង្គការ Right Livelihood ស្នើ​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​របស់ UN ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ  
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ 
 

អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែល​ធ្លាប់​ប្រគល់​ពានរង្វាន់​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​មាត់ លើ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង ១០នាក់ ដោយ​តុលាការ​ក្រុង​ភ្នំពេញ ទៅ​កាន់​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​រក​យុត្តិធម៌​ជូន​ពួក​គេ។ សង្គម​ស៊ីវិល គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ផ្ដល់​ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ថា មាន​អំណះអំណាង​ច្បាស់លាស់។

នេះ​ជា​លើក​ទី២ ហើយ ដែល​អង្គការ​ផ្ដល់​ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត (Sweden) បាន​ថ្លែងការណ៍​ទៅ​កាន់​អ្នករាយការណ៍​ពិសេស ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លើក​យក​ករណី​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស និង​ចាប់​ឃុំ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥នាក់ ដោយសារ​ពួក​គេ​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ការពារ​បរិស្ថាន។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៥៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ តុលាការ​ក្រុង​ភ្នំពេញ (Right Livelihood) អ្នកស្រី ហ្វេដូរ៉ា ប៊ែរណាដ៍ (Fédora Bernard) បាន​ស្នើ​ទៅ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យ​ជជែក​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អំពី​ករណី​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដាក់​ពន្ធនាគារ ដោយ​លោកស្រី​អះអាង​ថា មាន​ភាព​អយុត្តិធម៌។ ទន្ទឹមគ្នា​នេះ មន្ត្រី​ផ្នែក​តស៊ូ​មតិ​រូប​នេះ ក៏​បាន​ចោទ​សួរ​ទៅ​កាន់ លោក វិទិត មុនតាប៊ន អំពី​វិធី​ដោះស្រាយ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

 

អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ គួរតែ​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន ដោយ​មិន​គួរ​ទទួល​បាន​ការ​កាត់ទោស និង​ជាប់​ពន្ធនាគារ​បែបនេះ​ឡើយ។ អង្គការ​អន្តរជាតិ​មួយ​នេះ លើក​ឡើង​ទៀត​ថា អាជ្ញាធរ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ដំណើរការ​នីតិវិធី​ក្នុង​តុលាការ ដោយ​គ្មាន​ភស្តុតាង​រឹងមាំ លាយឡំ​នឹង​ភាព​មិន​ប្រក្រតី ហើយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ហិង្សា មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ ដែល​សកម្មភាព​ទាំង​នេះ បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា រដ្ឋាភិបាល​កម្ពុជា លម្អៀង​ទៅ​រក​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​បរទេស​ធំៗ ជា​ជាង​ផ្ដោត​លើ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង។

ទាក់ទិន​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោកស្រី ស៊ុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ​តុលា ថា ការ​អំពាវនាវ​របស់​អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) នឹង​បង្ហាញ​កាន់តែ​ច្បាស់​ទៅ​កាន់​ពិភពលោក ជា​ពិសេស រដ្ឋាភិបាល​កម្ពុជា​ថា សហគមន៍​អន្តរជាតិ​មិន​គាំទ្រ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ។

លោកស្រី ស៊ុន រដ្ឋា៖ «ដោយសារតែ​លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​លោកសេរី អ៊ីចឹង​លោក​ប្រាកដ​ជា​ដឹង​ពី​ការ​លើក​មុខមាត់ និង​ធ្វើ​យ៉ាងម៉េច​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ប្រទេស​លោកសេរី​បាន។ សង្ឃឹម​ថា លោក​នឹង​យក​ចំណេះដឹង ក៏​ដូច​ជា បទពិសោធន៍​ក្នុង​ការ​រស់នៅ​ប្រទេស​សេរី​ហ្នឹង យក​មក​ធ្វើការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន​ប្រើប្រាស់​របៀប​ចាស់ៗ មក​ចាប់ចង​យុវជន​ដូច្នេះ​ទេ»

កាលពី​ថ្ងៃទី៣០ ខែ​កក្កដា អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ក៏​ធ្លាប់​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ក្រុង​ភ្នំពេញ និង​លើក​យក​ការ​កាត់ទោស​ទាំង​អយុត្តិធម៌​ទៅ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៥៦ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ម្ដង​រួចមក​ហើយ។

ការ​ថ្កោលទោស​នេះ​គឺ​ក្រោយ​ពេល​ដែល តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា បាន​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០រូប ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចន្លោះ​ពី​៦ ទៅ ៨ឆ្នាំ ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ។ ក្នុង​នោះ សកម្មជន ៥នាក់ រួមមាន លោក លី ចាន់ដារ៉ាវុត, លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និង​លោក យឹម លាងហ៊ី ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ដាច់ស្រយាល​ផ្សេងៗ​គ្នា ក្រោម​មូលហេតុ​មិន​ច្បាស់លាស់។

5_Environmental_Activists_at_PP_Court_060524_Rasy_4.jpg
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ រូបខាងក្រោម​យុវជន​មាតា​ធម្មជាតិ​លើក​ពានរង្វាន់ ក្រោយ​ពេលទទួល​បាន​ពី​អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) នៅ​ប្រទេស​ស៊ុយអែត។ រូបពីពលរដ្ឋ

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២៥ ខែ​តុលា។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ផ្ដល់​ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ទៅ​កាន់​លោក វិទិត មុនតាប៊ន គឺ​មាន​អំណះអំណាង​ច្បាស់លាស់ ដោយ​ផ្អែក​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​របស់​ប្រជាពលរដ្ឋ។ បន្ថែម​ពីលើ​នេះ លោក អំ សំអាត ចាត់​ទុក​ការ​ផ្សព្វផ្សាយ​វីដេអូ របស់​សកម្មជន​មាតា​ធម្មជាតិ​នា​ពេល​កន្លង​មក គឺជា​ការ​ចែក​រំលែក​ចំណេះដឹង​ផ្នែក​បរិស្ថាន និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក អំ សំអាត៖ «បើ​ខ្ញុំ​មើល​ទៅ ការណ៍​ដែល​បន្ត​ឃុំខ្លួន​ទៅ​លើ​សកម្មជន​បរិស្ថាន​ហ្នឹង វា​ជា​ការណ៍​មួយ ដែល​មិន​ចំណេញ​សម្រាប់​កម្ពុជា​យើង​ទៅវិញ​ទេ។ ប៉ុន្តែ​ប្រសិនបើ​មាន​ការ​ដោះលែង​ទៅ​លើ​សកម្មជន​បរិស្ថាន កម្ពុជា​នឹង​ទទួល​ផល​ចំណេញ​ជាង ជាពិសេស គឺ​យើង​ឃើញ​ថា កាត់បន្ថយ​នូវ​ភាព​តានតឹង ក៏​ដូចជា​ការ​រិះគន់​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ឃុំខ្លួន​សកម្មជន​បរិស្ថាន»

កាល​ពី​ឆ្នាំ២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ ធ្លាប់​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) របស់​ប្រទេស​ស៊ុយអែត (Sweden) ចំពោះ​ភាព​ក្លាហាន​របស់​ពួក​គេ ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ តាម​រយៈ​ការ​រាយការណ៍​ពី​អាជីវកម្ម​ខ្សាច់​ខុស​ច្បាប់ អាជីវកម្ម​ជីក​រ៉ែ​មាស ដែល​គ្មាន​សុវត្ថិភាព និង​ការ​បំពុល​បរិស្ថាន​ដោយ​មនុស្ស​ជា​ដើម។ ពានរង្វាន់​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព ជា​ពានរង្វាន់​ដែល​ឱ្យ​តម្លៃ​ទៅ​លើ​សមិទ្ធផល ការ​លះបង់ និង​ការ​តស៊ូ​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សង្គម មនុស្សជាតិ និង​ពិភពលោក៕

1 comment:

Anonymous said...

These Khmer mother nature activists are our Khmer Youth's role model.
Thank You for your sacrifice to save Cambodia.