Monday 28 October 2024

សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ


ដោយ ច័ន្ទ ដារ៉ូ
2024.10.28

សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សកម្មជនបក្សប្រឆាំង​អះអាង​ថា ពួកគាត់​ធ្លាប់​បង្ខំចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច គឺ​ដើម្បី​រក្សាសុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ជាពិសេស​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​ក្រោម​ការ​បញ្ជា​ពី​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាងណា សកម្មជន​មួយ​ចំនួន​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បាន​ចាកចេញ​ពី​បក្ស​នេះ​វិញ ក្រោយ​ចុះចូល​បានមួយ​រយៈពេល។ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​បង្ខំចិត្ត​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​រត់​ចេញ​មក​បក្ស​ប្រឆាំង​វិញ?

មន្រ្តី និង​សកម្មជន​បក្ស​ប្រឆាំងមួយ​ចំនួន​បាន​ចេញ​វីដេអូ​សុំទោស លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោយ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង ឬ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ឬ​បញ្ចៀស​ការចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ក្រោយ​មក​ អ្នកខ្លះ​ក៏​រត់​ចេញ​ពី​គណបក្ស​កាន់អំណាច​វិញ ក្រោយ​អ្នកទាំងនោះ​គេច​ខ្លួន​រួចផុត​ពី​កណ្តាប់​ដៃ​របស់​លោក ហ៊ុន សែន ដោយសារតែ​ពួកគេ មិនអាច​បម្រើ​មហិច្ឆតា​របស់​មេដឹកនាំផ្តាច់ការ​ដែល​ផ្ទុយ​ពី​ឧត្តមគិត។

 

អតីត​អនុប្រធាន​ក្រុមការងារ​គណបក្សភ្លើងទៀន​ខេត្តព្រះសីហនុ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ជប៉ុន​លោក គង់ ជិ ប្រាប់​វិទ្យុអាស៊ីសេរី​ថា អំឡុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ជាង ១០នាក់ ក្នុង​នោះ​រួមទាំង​រូប​លោក បាន​ទទួល​លិខិត​គំរាម​ចាប់ខ្លួន ស្របពេល​សកម្មជន​មួយចំនួន​មាន​ឈ្មោះ​ក្នុង​លិខិត​ដែរ រួមមាន លោក អេង ស្រួយ លោក លី រី អ្នកស្រី វង រុន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ចំណែក​រូបលោក​ត្រូវ​បាន​អាជ្ញាធរ និង​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជាតាម​គំរាម​ពី​ផលវិបាក​ផ្សេងៗ​រហូត​លោក​បង្ខំចិត្ត​ធ្វើ​លិខិត​ចុះចូល​ដោះទាល់​មួយគ្រា​ដើម្បី​រួចផុត​ពី​ការ​ចាប់​ខ្លួន។

លោក គង់ ជិ «ការចុះចូល​កន្លងមក គឺ​ជា​ការបង្ខិតបង្ខំ ការគំរាមកំហែង​ពីគ្រប់​រូបភា​ពលើ​រូបខ្ញុំ បើសិន​មិន​មាន​ការបង្ខំ​ដល់​ខ្ញុំ​ទេ​គឺ​ខ្ញុំ​អត់​ចុះចូល​ទេ ហើយ​បើ​ខ្ញុំ​ចង់​ចូល​ជាមួយ​បក្សប្រជាជន​កម្ពុជា​នោះ​វិញ គឺ​ខ្ញុំ​មិន​ទៅ​ចំណាយ​ពេលវេលា ​ថវិកា​ធ្វើ​សកម្មភាព​គណបក្សប្រឆាំង​ដូច​ពេលនេះ​ទេ​បាទ»។

លោក គង់ ជិ បច្ចុប្បន​ជា​អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។ លោក​ឱ្យដឹង​ថា​ក្រោយ​ការ​បោះឆ្នោតរួច​ហើយ លោក និង​គ្រួសារ​បាន​បង្ខំចិត្ត​រត់ភៀសខ្លួន​ទៅ​ប្រទេស​ជប៉ុន កាល​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​គេច​ចេញពី​ការ​តាមធ្វើ​ទុក្ខបុកម្នេញ។ លោក​បញ្ជាក់​ថា​ការណ៍​ដែល​លោក​ប្រកាស​ចុះចូល​ជាមួយ​លោក ហ៊ុន សែន គឺ​ដើម្បី​រក្សា​​សន្តិសុខ​សុវត្ថិភាព ដោយ​ពុំ​បាន​កើត​ចេញ​ពី​ឆន្ទៈ​ពិត ឬ​ស្រឡាញ់​តួនាទី​អ្វី​នោះ​ឡើយ។ លោក​ចាត់ទុក​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន នេះ​ថា​ជា​ឧបាយកល​ស្មោកគ្រោក​ក្នុង​ទិសដៅ​កម្ទេច​កម្លាំង​គណបក្សប្រឆាំង ហើយ​លោក​ប្តេជ្ញា​តស៊ូ​ជាមួយ​អ្នកប្រជាធិបតេយ្យ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅពេល​ខាងមុខ។

លោក គង់ ជិ«ប្រទេសកម្ពុជា​មាន​ប្រជាធិបតេយ្យ និង​សន្តិភាព​ក្លែងក្លាយ ខ្ញុំទៅ​ដល់​ប្រទេសជប៉ុន គឺ​រដ្ឋាភិបាល​របស់​គេ​អត់ដែល​​បង្ខិតបង្ខំពលរដ្ឋឯង​ឱ្យ​ទៅ​គាំទ្រ​អ្នកណា ចាប់​វាយ​ខ្នោះ​អី​នោះទេ។ រដ្ឋាបាល​កម្ពុជា​វិញ​ថា​គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ តែ​ជាក់ស្តែង​គឺ​អត់​មាន​ទេ គឺ​ក្លែងក្លាយ បោកប្រាស់ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែរ​មួយខ្ញុំ​ ថ្កោលទោស​ចំពោះ​រដ្ឋាភិបាលកម្ពុជា​តែងតែ​ធ្វើទុក្ខបុកម្នេញ បង្ខិតបង្ខំ​លើ​ពលរដ្ឋខ្មែរ»។

ស្រដៀងគ្នានេះដែរ អតីត​អ្នកទោសមនសិការ លោក គង់ រ៉ៃយ៉ា ដែល​ចូលរួម​ជាមួយ​គណបក្សប្រជាជនកម្ពុជា ហើយ​ក៏​បាន​លាឈប់​ពី​តំណែង​វិញ ក្រោយ​លោក​ភៀសខ្លួន​ដល់​ប្រទេសថៃ ធ្លាប់​និយាយ​នៅ​ក្នុង​វេទិកា​វិទ្យុអាស៊ីសេរី​ថា ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន ម្នាក់​ជា​អ្នក​បញ្ចុះបញ្ចូល​ផង និង​គំរាម​យក​គុកច្រវ៉ាក់​ផង​ បង្ខំ​ឱ្យ​លោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្សកាន់អំណាច។ លោកបន្ត​ថា ពេលនោះ​លោក​បារម្ភ​ពី​សុវត្ថិភាព ពីព្រោះ​ក្រុមការងារ​របស់​លោក​នៅ​រាជធានីភ្នំពេញ​មួយចំនួន​ត្រូវបាន​អាជ្ញាធ​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​ការតវ៉ា​ប្រឆាំង​នឹង គ.ជ.ប ដែល​មិន​អនុញ្ញាត​ឱ្យ​បក្សភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​កាល​ពី​ខែកក្កដា​ ឆ្នាំ២០២៣។

លោក គង់ រ៉ៃយ៉ា ឱ្យដឹង​ថា លោក​ទទួល​បាន​តួនាទី​ជាទីប្រឹក្សា​នៅ​ក្រសួង​អប់រំ និង​ទទួល​បាន​លុយ​មួយកញ្ចប់​សមល្មម​អាច​យកទៅ​ទិញ​ឡាន​មួយ​គ្រឿង​បាន ក្រោយ​លោក​ចូល​ជួប​ថតរូប​ជាមួយ​លោក ហ៊ុន សែន។ លោក​បញ្ជាក់​ថា ការសម្រេច​ចិត្ត​របស់​លោក​កន្លងមក គឺ​លោក​ធ្វើឡើង​ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​មួយពេល​ដោយ​មិន​ក្បត់​អ្នកប្រជាធិបតេយ្យ​ទេ។

លោក គង់ រ៉ៃយ៉ា៖ «ខ្ញុំ​មិន​អាច​បង្ខំចិត្ត​ធ្វើការងារ​ ដែល​ខ្ញុំ​មិន​ពេញចិត្ត​ឡើយ ហើយ​ដូចខ្ញុំ​លើកឡើង​ពី​មុន​អ៊ីចឹង គោលដៅ​សំខាន់​បំផុត គឺ​ខ្ញុំ​ធ្វើ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខ្ញុំ​ចូល​ទៅ​គណបក្សប្រជាជន​ពុំ​មាន​គោលដៅ​បម្រើ​ផលប្រយោជន៍​ឱ្យ​គណបក្សប្រជាជន​ទេ បើទោះបី​ជា​ខ្ញុំ​គោរព​សិទ្ធិសេរីភាព​នយោបាយ​របស់​បងប្អូន​ដទៃទៀត​ក៏ដោយ»។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្សកាន់អំណាច​ទទួល​យក​សមាជិកភាព​មកពី​គណបក្សប្រឆាំង​ដោយសារ​ការ​យោគយល់​ដើម្បី​ជួយ​ឱ្យ​ពួកគេ​រួចផុត​ពី​សំណាញ់​ច្បាប់ដែល​លោក​អះអាង​ថា មន្រ្តីបក្ស​របស់​លោក​មិន​បាន​ធ្វើ​សកម្មភាព ដើរ​សូកប៉ាន់ទិញ​ទឹកចិត្ត​ទេ។ លោក សុខ ឥសាន បាន​ចោទ​អ្នក​ដែល​ធ្វើ​លិខិត​សារភាពកំហុស និង​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្សកាន់អំណាច ហើយរត់​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​វិញ ថា ជា​ការចុះចូល​មិន​ស្មោះត្រង់ ហើយ​លោក​ព្រមាន​​អ្នកទាំងនោះ​នឹង​ប្រឈម​វិធានការ​ផ្លូវ​ច្បាប់​ថែមទៀត។

ក្រៅពី​ការលួងលោម ទិញ​ទឹកចិត្ត ផ្តល់តួនាទី មុខតំណែង ឋានៈ និង​បុណ្យសក្តិ​នោះ រដ្ឋាភិបាល​ឪកូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​គុកច្រវ៉ាក់ ឬ​ការ​លើកលែង​ទោស​ធ្វើ​ជា​មធ្យោបាយ ដើម្បី​បង្ខំ និង​កែប្រែ​ផ្នត់គំនិត​មនុស្ស​ដែល​មាន​ទំនោរ​ប្រឆាំង ឱ្យ​ងាកមក​គាំទ្រ​គណបក្ស​ប្រកាន់​អំណាច​វិញ។ រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ត្រកូល ''ហ៊ុន'' មិនត្រឹម​តែ​ធ្វើទុកបុកម្នេញ ​ចាប់ខ្លួន​អ្នករិះគន់ និង​អ្នកប្រឆាំង​យកទៅ​ធ្វើបាប​ក្នុង​គុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើបាប​សមាជិក​គ្រួសារ​របស់ពួកគាត់​ថែមទៀត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អ្នកទាំង​នោះ បញ្ឈប់​ការ​តស៊ូ​មតិ និង​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច។ ឧទាហរណ៍​ដូចជា​ករណី​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន​លោក ហៃ វណ្ណា ជាដើម។

ទោះបីជា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ប្រើអំណាច​គាប់សង្កត់​បែប​នេះ​ក្តី បច្ចុប្បន្ន​មាន​អ្នកទោស​មនសិការ​ជិត ១០០នាក់​កំពុង​ជាប់​ឃុំ ដោយ​ភាគច្រើន​ពួកគាត់​នៅតែ​រក្សា​ជំហររឹងមាំ​ដោយ​សុខចិត្ត​បន្ត​ជាប់​ពន្ធនាគារ រីឯ​អ្នកខ្លះទៀត​សុខចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដោយ​មិន​ចុះញម​ឡើយ។

ប្រពន្ធ​សកម្មជន​គណបក្សសង្គ្រោះជាតិ​ដែល​កំពុង​ជាប់ឃុំ​ពន្ធនាគារ​ព្រៃស​លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្តីលោកស្រី​ជាប់​ពន្ធនាគារ​ជិត ៣ឆ្នាំ​ទាំង​អយុត្តិធម៌ ប៉ុន្តែ​ប្តីលោកស្រី​មិន​ព្រម​ធ្វើ​លិខិត​សុំទោស​ដោយ​នៅតែ​បន្ត​រក្សា​ឆន្ទៈ​នយោបាយ រឹងមាំ​ជាមួយ​បក្សជំទាស់​ដដែល។ លោកស្រី ទៀង ចិន្តា កោត​សរសើរ​ទឹកចិត្ត​របស់​ប្តី​ដែល​លះបង់​សេចក្តីសុខ ស៊ូទ្រាំ​លំបាក​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បុព្វហេតុ​ការពារ​យុត្តិធម៌ រក្សា​ភាព​ស្មោះត្រង់ បើទោះបី​ជា​មន្រ្តីបក្ស​កាន់អំណាច និង​មន្រ្តី​ពន្ធនាគារ​ព្យាយាម​បញ្ជុះបញ្ចូល សន្យា ថា នឹង​ដោះលែង ផ្តល់​ប្រាក់ខែ និង​តូនាទី​ក្នុង​ស្ថាប័ន​រដ្ឋ​ជាង​១០ដង​មកហើយ​ក្តី។ លោកស្រី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញដោយ​គ្មាន​លក្ខខណ្ឌ​ដោះដូរ។

លោកស្រី ទៀង ចិន្តា« ប្តី​ខ្ញុំ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ចង់​បាន​សិទ្ធិសេរីភាព​ដោយ​មិន​មាន​ការ​សុំទោស ឬ​ចុះចូលគេ​ទេ ពីព្រោះ​គាត់​ចង់​បាន​សេរីភាព​ដោយ​យុត្តិធម៌»។

ជុំវិញ​រឿង​នេះ មន្រ្តី​សិទ្ធិមនុស្ស​លើកឡើង​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​ពេញលេញ​ ក្នុង​ការគាំទ្រ​គណបក្សនយោបាយ​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ដោយ​មិន​មាន​ការបង្ខិតបង្ខំ​ក្រោម​រូបភាព​គាបសង្កត់​នោះ​ឡើយ។ ប៉ុន្តែ​បើសិន​មាន​ករណី​គំរាមកំហែង​ឱ្យ​សារភាព​កំហុស ឬ​ប្រកាស​ចុះចូល​គណបក្ស​កាន់អំណាច​នោះ​ជា​ទង្វើ​ខុស​ច្បាប់ និង​បំពាន​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សម្គាល់​ថា រូបភាព​ដែល​សកម្មជន​នយោបាយ​បក្ស​ជំទាស់ និង​សកម្មជន​សង្គម ធ្វើ​វីដេអូ​សុំទោស ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាចកន្លង​មក​កើតឡើង​នៅ​ក្រោយពេល​អ្នកទាំងនោះ​ទទួល​រង​សម្ពាធ​ផ្សេងៗ ដូចជា​ការចោទ​ប្រកាន់​តាម​ប្រព័ន្ធតុលាការ និង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ លោកយល់​ថា បើ​ការសារភាព​កំហុស​ក្នុង​កាលៈទេសៈ​និយាយ​យក​រួចខ្លួន ​ដោយសារ​រង​សម្ពាធ ការ​គំរាមកំហែង​នោះ ពុំ​មែន​កើត​ចេញ​ទឹក​ចិត្ត​ពិត​ទេ។ ម្យ៉ាងទៀត​លោក​បញ្ជាក់​ថា គោលការណ៍​ច្បាប់​ចាត់ទុក​រាល់​ចម្លើយ​សារភាព​ទាំងឡាយ​ដែល​ទទួល​បាន​ពី​ការ​ដាក់​ទណ្ឌកម្ម ការ​បង្ខិតបង្ខំ​គឺ​មិនអាច​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ផ្លូវ​ច្បាប់​បាន​ដែរ។

លោក នី សុខា«សិទ្ធិនយោបាយ​គឺ​បុគ្គលម្នាក់​ៗ​មិន​ត្រូវ​ទទួល​រង​ការបំភិតបំភ័យ ការ​គំរាមកំហែង ឬ​ការសម្លុត​តាម​រូបភាព ឬរហូត​ដល់​មាន​ការរើសអើងនៅ​ក្នុង​រូបភាព​ណាមួយ​ទេ។ បើសិន​មាន​ការគំរាមកំហែង ការបំភិតបំភ័យ ការរើសអើង​ក្រោម​រូបភាព​នយោបាយ អាហ្នឹង​ជា​រឿង​មួយ​ដែល​មាន​ការរំលោភ​លើ​សិទ្ធិ​នយោបាយ រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស ហើយ​ក៏​ដូចជា​រំលោភ​លើ​គោលការណ៍​ច្បាប់​យើង​ផង​ដែរ»។

កន្លង​មក អ្នក​នយោបាយ​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច លោក ហ៊ុន សែន បាន​ព្យាយាម​ប្រើប្រាស់​ឱ្យពួកគេ​អូសទាញ​មន្ត្រី​បក្សប្រឆាំង និង​បង្ក្រាប​អ្នកណា​ដែល​នៅតែ​មិន​ព្រម​ចុះចូល ជាមួយ​បក្សកាន់អំណាច ក្រោយមក​អ្នកខ្លះ​ក៏​បាត់​មុខ​ពី​ឆាកនយោបាយ និង​បាត់បង់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​អ្នកខ្លះ​មាន​តែ​ឋានៈ​តែ​គ្មាន​កន្លែង​ធ្វើការ ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​លោក ហ៊ុន សែន បោះបង់​ចោល​នៅពេល​អស់​តម្លៃ​ជាដើម។

កាល​ពាក់កណ្តាល​ឆ្នាំ២០២៣ លោក ហ៊ុន សែន បាន​ចេញ​សារ​ព្រមាន​មន្ត្រីបក្សប្រឆាំង​ដែល​មក​ចុះចូល ជាមួយ​គណបក្សកាន់អំណាច​ថា បើ​ហ៊ាន​ក្បត់​លោក​នឹង​ប្រឈម​វិធានការ​ផ្លូវ​ច្បាប់​គ្រប់​ពេល ដូចជា​ការសើរើ​លើ​បទល្មើស​ចាស់ ឬ​សំណុំ​រឿង​ដែល​មិន​ទាន់​បាន​លើកលែង​ទោស។

លោក ហ៊ុន សែន«បើ​អ្នក​ឯង​គ្រាន់តែ​បោកប្រាស់​ខ្ញុំ​ ក៏​អ្នក​ឯង​អត់​រួច​ដែរ ក្នុង​ចំណោម​សំណុំរឿង​ប្រាំ​លើកលែង​បាន​តែ​មួយ​សល់​បួន​ទៀត ហើយ​ឥឡូវ​លើកលែង​ហើយ យើង​ដក​ដីកា​ចាប់​ខ្លួន​ ហើយ​ទុក​សំណុំ​រឿង​មួយ​កន្លែង ធ្វើ​មិន​ដឹង​មិន​លឺ ប៉ុន្តែ​បើ​អ្នក​ឯង​ហ៊ាន​ក្បត់​ជាមួយ​ការ​សន្យា​ជាមួយ​ខ្ញុំ ហើយ​ពេល​ហ្នឹង​អ្នក​ឯង​អត់​នៅ​ក្រៅ​ប្រទេស​ទៀត​ទេ អ្នក​ឯង​ចូល​មក​ក្នុង​ស្រុក​ហើយ អ៊ីចឹង​ទេ អ្នកឯងក៏​ចេញ​ទៅក្រៅ​វិញ​អត់​រួច​ដែរ »។

ពាក់ព័ន្ធរឿងនេះ ប្រធាន​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក នី សុខា ផ្តល់​យោបល់​ដល់​អ្នក​នយោបាយ​គួរ​ប្រកាន់​ជំហរមាំ អត់ធ្មត់​ឱ្យ​បាន​ខ្ពស់ ពីព្រោះ​ការចេញ​លិខិត​សុំទោស ឬ​ប្តូរជំហរ​នយោបាយ​មិន​បាន​ត្រឹមត្រូវ​នឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស គុណ​តម្លៃ​នយោបាយ​របស់​ខ្លួន និង​បាត់​ការគាំទ្រ​ពី​ពលរដ្ឋ​នៅ​ថ្ងៃ​អនាគត។ លោក​ចង់ឃើញ​​អ្នកនយោបាយ​ប្រគួតប្រជែង​គ្នា​ដោយ​សុច្ចរិតភាព សេចក្តី​ថ្លៃថ្នូរ ដើម្បី​ធានា​ឱ្យ​សង្គម​មាន​យុត្តិធម៌ ប្រជាធិបតេយ្យ និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា៕

1 comment:

Anonymous said...

Some of the coward opposition members who are so weak must elevate their courage to face this Yuon's slave Hun Sen.
You and your relative will die one day, whereas Cambodia cannot die.