2024.10.31
ក្រុមសិល្បករ និងក្រុមយុវជននៅខេត្តសៀមរាបបានដើរដង្ហែក្បូនទ្រង់ទ្រាយធំក្នុងពិធីស្នាមញញឹមខ្មែរលើកទី០២ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំផុសស្មារតីជាតិនិយម និងបង្ហាញពីគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា ក្នុងបំណងផ្សព្វផ្សាយពីទេសចរណ៍វប្បធម៌។
ពួកគេស្លៀកពាក់ឈុតបុរាណ បង្ហាញកាយវិការរស់រវើក រំលឹកគុណបុព្វបុរសខ្មែរ និងដើម្បីអបអរ ខួបលើកទី២០ ឆ្នាំ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី។
មនុស្សរាប់ពាន់នាក់ ភាគច្រើនជាយុវជន និងសិល្បករបានចូលរួមពិធីស្នាមញញឹមខ្មែរលើកទី០២ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត រយៈពេលពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា។
ពួកគេបានដើរក្បួនចម្រុះគ្នាតាមទម្រង់ប្រពៃណីជាតិ ដោយយុវជនខ្លះស្លៀកពាក់ប្រពៃណីរួមមាន ឈុតល្ខោនខោល ល្បុក្កតោ ឈុតព្រះមុនីឥសី មេទ័ពសម័យបុរាណ និងឈុតស្តេចសម័យអង្គរ អមដោយគ្រូអាចារ្យស្លៀកស បែបព្រហ្មញ្ញសាសនាជាដើម។ ពិធីនេះធ្វើឡើងដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរបានឃើញនូវទិដ្ឋភាពអាណាចក្រអង្គរ បំណងពញ្ញាក់អារម្មណ៍ឱ្យកូនខ្មែរដឹងគុណ បុព្វបុរសខ្មែរដែលពលីជីវិតការពារទឹកដី។
សិល្បករខ្មែរគ្រងឈុតមេទ័ពសម័យអង្គរ លោក លាង ឧត្តម ប្រាប់វិទ្យុអាស៊ីសេរីថា វត្តមានរបស់លោកដែលចូលរួមកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីស្នាដៃវប្បធម៌ខ្មែរ និងបង្ហាញពីភាពអង់អាចមេទ័ពសម័យបុរាណ ធ្វើចម្បាំងការពារប្រជានុរាស្ត្រ។
លោក លាង ឧត្តម៖ «ការស្លៀកពាក់នេះបង្ហាញពីមេទ័ពអង់អាចក្លាហាននាសម័យអង្គរ រាល់មេទ័ពទាំងអស់សុទ្ធតែមានស្នាដៃបន្សល់ទុកនៅក្នុងអង្គរវត្ត ជាពិសេសអ្នកដែលជួយថែទាំមរតកជាតិ»។
យុវជនមួយរូបទៀតគ្រងឈុតអប្សរា កញ្ញា សំអុល សុមនា យល់ថា កញ្ញាចូលរួមវិធីនេះដើម្បីផ្សព្វផ្សាយឱ្យភ្ញៀវទេសចរស្គាល់ពីវប្បធម៌ខ្មែរ ដែលមានទំនៀមទម្លាប់ល្អផូរផង់ និងថ្លៃថ្នូរ លើកមុខមាត់ជាតិខ្មែរ។ កញ្ញាអំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមគាំទ្រ និងផ្តល់តម្លៃផលិតផលខ្មែរ ព្រមទាំងសំលៀកបំពាក់ប្រពៃណីខ្មែរ។
កញ្ញា សំអុល សុមនា៖ «ចង់ឱ្យបងប្អូនខ្មែរទាំងអស់គ្នាចូលរួមលើកស្ទួយនិងគាំទ្រស្នាដៃខ្មែរយើង ដូចជាពេលមានបុណ្យទាន និងកម្មវិធីអ្វីមួយសូមឱ្យចូលរួមស្លៀកពាក់ខោអាវបូរាណឱ្យភ្ញៀវបរទេសស្គាល់ខ្មែរយើងកាន់តែច្បាស់»។
យុវជនម្នាក់ទៀត គឺកញ្ញា ឡេ លីមី និយាយថា កញ្ញាស្លៀកពាក់ឈុតប្រពៃណីមកចូលរួមវិធីនេះ ដើម្បីលើកកម្ពស់តម្លៃស្ត្រីខ្មែរបង្ហាញភ្ញៀវទេសចរឱ្យស្គាល់ពីសំលៀកបំពាក់ស្ត្រីខ្មែរកាលពីបុរាណ៖
កញ្ញា ឡេលីមី៖ «ស្នាមញញឹមគឺជាសិល្បៈមួយដែលមានភាពទាក់ទាញ ដូចជាយើងញញឹមដាក់ភ្ញៀវបរទេសទៅគេពេញចិត្ត ថា ប្រទេសកម្ពុជាពិតជារួសរាយមែន ដែលទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាបបានរួមគ្នារៀបចំកម្មវិធី «ស្នាមញញឹមខ្មែរលើកទី០២ » ក្រោមប្រធានបទ" យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍" ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវប្បធម៌ព្រមទាំងសកម្មភាពផ្សេងៗ បំណងផ្សព្វផ្សាយផលិតផលខ្មែរ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ព្រឹត្តិការណ៍នេះអាជ្ញាធរថា ដើម្បីបំផុសស្នាមញញឹមពលរដ្ឋខ្មែរតាមរយ:ការតាំងពិព័រណ៍ស្នាដៃផ្សេងៗរបស់ខ្មែរ បង្ហាញទៅកាន់ពិភពលោក ដែលជាផ្នែកមួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ រុញឱ្យវិស័យទេសចរងើបឡើងវិញ។
កម្មវិធីនេះមានការតាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ បន្លែធម្មជាតិ អនុផលព្រៃឈើ សិប្បកម្ម និងផលិតផលចម្រុះរបស់ខ្មែរជាដើម។
អាជ្ញាធរអះអាងថា ពិធីនេះមានមនុស្សចូលរួមជាង ៣ម៉ឺននាក់ (៣០.៩៧៨) ក្នុងនោះមានសិល្បករជាង ៥០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិជាង ៣ពាន់នាក់ (៣.១៧៨)។ ព្រឹត្តិការណ៍នេះមានសិល្បករល្បីៗស្លៀកពាក់ឈុតបុរាណ លេងល្បែងប្រជាប្រិយខ្មែរ រាំប្រពៃណី និងអមដោយតន្ត្រីករសម័យបុរាណជាដើម។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានថ្លែងក្នុងវិធីនោះថា កម្មវិធីនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញឱ្យកូនខ្មែរ និងភ្ញៀវទេសចរស្គាល់នូវពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរសម័យបុរាណ រហូតដល់បច្ចុប្បន្ន។
អ្នកស្រី ភៀង សកុណា៖ «យើងដឹងហើយពេលស្ដេចឡើងគ្រងរាជ សព្វថ្ងៃ យើងធ្វើមិនបានដូចពីមុនទេ! ប៉ុន្តែយើងត្រូវដឹងក្នុងនាមខ្មែរថា សម័យអង្គរមានកិត្តិសព្ទល្បីល្បាញដល់កម្រិតណា? ដូច្នេះហើយនៅក្នុងពិធីឡើងគ្រងរាជរបស់ព្រះមហាក្សត្រខ្មែរ តែងតែមាននូវវត្ថុបញ្ចក្សត្រមួយចំនួន និងកេតនភណ្ឌចាំបាច់ ក្នុងការឡើងគ្រងរាជ»។
អាជីវកលក់វត្ថុអនុស្សាវរីយ លោក មាគ ស៊ន យល់ថា វិធីនេះមានសារៈសំខាន់ណាស់ ផ្តល់ឱកាសឱ្យលោកបង្ហាញស្នាដៃច្នៃប្រឌិតផលិតផលខ្មែរ ផ្សព្វផ្សាយប្រាប់ភ្ញៀវទេសចរ។ លោកយល់ថា ព្រឹត្តិការណ៍នេះជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរឱ្យកើនឡើងវិញ។
លោក មាគ ស៊ន៖ «នេះជាឱកាសក្នុងការបើកបង្ហាញវប្បធម៌របស់យើង និងបងប្អូនគាំទ្រផលិតផលខ្មែរយើង ហើយតាមកម្មវិធីស្នាមញញឹមនេះ ក៏ឃើញមានពលរដ្ឋខ្មែរនិយមងាកមកប្រើប្រាស់ផលខ្មែរច្រើន»។
កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរពាក់ព័ន្ធបានរួមគ្នារៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជាលើកទី០១» ដើម្បីផ្សព្វផ្សាយវប្បធម៌ បំណងទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ និងដើម្បីរុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ក្នុងពេលដែលកម្ពុជាកំពុងញាំញីដោយបទឧក្រិដ្ឋធំៗមួយចំនួន ដូចជាការជួញដូរមនុស្ស ការឆបោកតាមអនឡាញ ការចាប់ជំរិត និងអំពើហិង្សាផ្សេងៗ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសញញើតមកទស្សនាប្រទេសកម្ពុជា៕
No comments:
Post a Comment